ប្រវត្តិ និង ទំនៀមបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ (មានវីដេអូ)
មនុស្សគ្រប់ជាតិសាសន៍ តែងប្រារព្ធពិធីចូលឆ្នាំថី្មដែលជាប្រពៃណីរបស់ប្រជាជាតិរៀងៗ ខ្លួន។ គ្រាន់តែគេនិយមកំណត់ពេលវេលានៃ ការរៀបចំបុណ្យនេះបែ្លកៗគ្នាស្របទៅតាមជំនឿទំនៀមទម្លាប់និងប្រពៃណី របស់គេប៉ុណ្ណោះ។ ជនជាតិខែ្មរយើង ក៏មានប្រវតិ្តធ្វើបុណ្យចូលឆ្នាំតាំងពីបុរាណកាលជារៀងរាល់ឆ្នាំ រហូតមក យើងបានប្រទះឃើញឯកសារជាច្រើន ដែលនិយាយពីពិធីបុណ្យចូលឆ្នាំនិងឧស្សាហ៍ បានស្តាប់ការនិទានរឿងរបស់ចាស់ទុំជាច្រើន។
១- ពេលវេលាចូលឆ្នាំខ្មែរ
២- ទិដ្ឋភាពបុណ្យចូលឆ្នាំខ្មែរ
៣- ជំនឿទេវតាឆ្នាំថ្មី
៤- ទំនៀមចូលឆ្នាំ
៥- វាលុកចេតិយ
៦- រួមអានិសង្ស
៧- អានិសង្សវាលុកចេតិយ
៨- ផ្សឹកវាលុកចេតិយ
៩- ល្បែងប្រជាប្រិយខ្មែរ
១០- របាំប្រពៃណីខ្មែរ
ពិធីបុណ្យនេះ ដែលមាននិទានជាលំដាប់ដូចតទៅ៖
១- ពេលវេលាចូលឆ្នាំខ្មែរ
កាលដើមឡើយខ្មែរយើងប្រារព្ធធ្វើបុណ្យចូលឆ្នាំខ្មែរក្នុងខែមិគសិរ ព្រោះគេកំណត់យកខែនេះជាដើមឆ្នាំ។
នាសម័យពីព្រេងនាយឆ្នាំនីមួយៗ ចែកជាបីរដូវគឺ ហេមន្តរដូវ គិម្ហរដូវ និងវស្សានរដូវ។ បុរាណលោកគិត
– ហេមន្តរដូវ = រដូវត្រជាក់ចាត់ទុកជារដូវដើមឆ្នាំ ប្រៀបបានដឹងពេលព្រឹកដែលផុតពីរាត្រីគឺជាដើមថ្ងៃ។
– គិម្ហរដូវ = រដូវក្ដៅត្រូវសន្មតទុកជាកណ្ដាលឆ្នាំប្រៀបដូចជាពេលថ្ងៃត្រង់។
– វស្សានរដូវ = ជារដូវមេឃមីរងងឹតមានភ្លៀងផ្គរត្រូវទុកជាចុងឆ្នាំប្រៀបបាន នឹងពេលព្រលប់។
ចំណេរកាលក្រោយមក គ្រាដែលបុព្វបុរសខ្មែរយើង អនុលោមប្រើចុល្លសករាជ ជាសំខាន់នោះមិនដឹងជាប្រើនៅក្នុងរដូវកាល នៃព្រះរាជាមួយព្រះអង្គ ទើបកាលចូលឆ្នាំថ្មីមានការប្រែប្រួលហើយកំណត់យកខែចេត្រ ជាខែដើមឆ្នាំវិញ ព្រោះបុព្វបុរសយើងយល់ថាស្ថិតនៅក្នុងខែមិគសិរ នេះប្រជានុរាស្ត្រ កសិករខ្មែរយើងជាប់រវល់មមាញឹកក្នុងបេសកកម្មមានការរៀប ចំធ្វើស្រែចម្ការជាដើម។ ទើបលោកកំណត់យកពេលចូលឆ្នាំមកធ្វើនៅក្នុងកំលុងខែ ចេត្រវិញ ពីព្រោះថា ខែចេត្រកិច្ចការច្រូតកាត់បោកបែនរបស់ប្រជាកសិករបានចប់សព្វគ្រប់ហើយ បណ្ដាប្រជាពលរដ្ឋខ្មែរ យើងមានពេលទំនេរមានឱកាស ដើម្បីធ្វើបុណ្យទានតាមធនធានរបស់ខ្លួនមាន។ ម្យ៉ាងទៀតបានកម្សាន្តសប្បាយតាមសេចក្ដីប្រាថ្នាការកំណត់នេះក៏ជាប់ជាប្រពៃណីរហូតមកដល់សព្វថ្ងៃនេះ។
២- ទិដ្ឋភាពបុណ្យចូលឆ្នាំខ្មែរ
បុណ្យចូលឆ្នាំខ្មែរជាព្រឹត្តិការណ៍យ៉ាងធំមួយក្នុងទឹកចិត្ត និងជីវភាពខ្មែរមុនពេលបុណ្យចូលឆ្នាំមកដល់ គេនាំគ្នារៀបចំបោសសម្អាត តុបតែងផ្ទះសម្បែងសម្អាតទីធ្លាវត្តអារាម ផ្លូវថ្នល់ ចេតិយ រមណីយដ្ឋាន សង់រានទេវតា បុកអង្កររកឧសដងទឹក ត្រៀម សម្លៀកបំពាក់ថ្មីៗ ។ល។ ឲ្យហើយស្រេច។
ពេលចូលឆ្នាំ ជាពេលជម្រះឧបទ្រពចង្រៃ នៃឆ្នាំចាស់ ឲ្យជ្រះស្រឡះដើម្បីទទួលឆ្នាំថ្មី ទេវតាថ្មី ក្នុងក្ដីសោមនស្សក្សេមក្សាន្ត និងសុភមង្គល។ ឆ្នាំថ្មីមកដល់ ស្នូរស្គ រគាំងសំឡេងធម៌ពរជ័យ លាន់ឮ រន្ទឺអឺងកង ចេញពីវត្តអារាម និងពីភូមិប្រជាជន ព្រោះវត្តខ្លះនៅឆ្ងាយពីភូមិគេរៀបចំកន្លែងមួយក្នុងភូមិរបស់គេ រួចនិមន្តព្រះសង្ឃមក ។ ភ្លើងទៀនឆេះព្រោងព្រាត ផ្សែងធូបហុយចេញពីគ្រប់រានទេវតាតាមដងផ្លូវមុខផ្ទះសំបែងវត្តអារាម។ ចាស់ទុំ ក្រមុំ កំលោះក្មេងក្មាងតូចធំប្រដាប់ប្រដាដោយសម្លៀកបំពាក់ស្អាតៗ ចេញមកទទួលទេវតាឆ្នាំថ្មី។ ម្នាក់ៗមានទឹកមុខរីករាយស្រស់ស្រាយ រំភើបក្រៃលែង ក្រមុំ – កំលោះ ក្មេងៗសប្បាយក្អាកក្អាយជាងគេ ព្រោះជាឱកាសក៏ពិសេសបំផុតសម្រាប់ពួកគេចូលឆ្នាំថ្មីកម្សាន្តលេងល្បែងប្រជាប្រិយជាមួយគ្នាដោយគ្មានចាស់ទុំណាម្នាក់ឃាំងឃាត់អ្វីឡើយ។
ពេលព្រលប់គេនាំគ្នាទៅស្ដាប់ធម៌អាថ៌ ជាការផ្ដុំនូវកុសលសម្រាប់ជីវិតជាតិនេះនិងជាតិខាងមុខរួចក៏មកប្រមូលផ្ដុំគ្នាលេងល្បែងប្រជាប្រិយផ្សេងៗ តាមចំណង់ចំណូលចិត្ត។ គេនាំគ្នាលេងល្បែង ចាប់កូនខ្លែង លាក់កន្សែង ក្រុងកូនមាន់ ទាញព្រ័ត្រ ឬច្រៀង ចម្រៀងប្រពៃណី ឬលេងស្ដេចចង់ ចោលឈូង បោះអង្គញ់ លោតអន្ទាក់ រាំវង់ ។ល។ យ៉ាងសប្បាយរីករាយ។ ទោះបីយ៉ាងណាគេពុំភ្លេចរៀបចំចង្ហាន់ទៅប្រគេនដល់ព្រះសង្ឃ ដើម្បីបង្សុកូលឧទ្ទឹសកុសលជូនបុព្វការីជន ញាតិសន្ដាន ដែលបានចែកឋានទៅកាន់បរលោកហើយនោះទេ។ គេនាំគ្នាជញ្ជូនដីដាក់វត្ត ពូនភ្នំខ្សាច់ រែកទឹកស្រង់ព្រះពុទ្ធរូប ព្រះសង្ឃចាស់ៗ ព្រឹទ្ធាចារ្យ ពេលត្រឡប់ដល់ផ្ទះវិញគេអញ្ជើញ មាតាបិតា ចាស់ទុំ មកផ្ងូតទឹកហើយជូនសម្លៀកបំពាក់ថ្មីៗ នំចំណីដើម្បីជាកិច្ចតបស្នងសងគុណចំពោះបុព្វការីជន របស់គេជា។ ទម្លាប់ដល់ថ្ងៃឆ្លងបុណ្យ គេពិនិត្យឃើញតាមក្រោមម្លប់ឈើធំៗ មានលេងល្បែងប្រជាប្រិយផ្សេងៗ តាមចំណង់ចំណូលចិត្តរៀងៗខ្លួន អ្នកខ្លះទៀតគេនាំគ្នាទៅទស្សនាកម្សាន្ត ប្រាសាទបុរាណ និងរមណីយដ្ឋាន គោរពបូជាវត្ថុស័ក្តិសិទ្ធិភ្ជាប់បរិយាកាសរីករាយនេះទៅ នឹងបរិយាកាសសម័យពីព្រេងនាយ ដ៏រុងរឿង តាមតំបន់ជាច្រើនយ៉ាងសន្ធឹកសន្ធាប់។
នៅក្នុងពេលចូលឆ្នាំម្ដងៗ ពួកគេមិនមែនសប្បាយត្រឹមតែ រយៈពេល៣ថ្ងៃប៉ុណ្ណោះទេគេចាប់លេងសប្បាយរបៀបនេះមុន និងក្រោយថ្ងៃចូលឆ្នាំប៉ុន្មានថ្ងៃទៀតផង ហើយគេនាំគ្នាធ្វើបុណ្យកុសល ឲ្យអស់ចិត្តសប្បាយដើម្បីអបអរសាទរចំពោះជីវិតថ្មីរបស់គេ ដែលបានហែលឆ្លងកាត់ឧបសគ្គ ទទួលជោគជ័យក្នុងរយៈពេលឆ្នាំចាស់កន្លងទៅ និងដើម្បីត្រៀមចាំទទួលភារកិច្ចថ្មី ត្រៀមចាំរដូវសាបព្រោះ ដកស្ទូង ត្រៀមចាំទឹកភ្លៀង ដែលនឹងបង្អុរចុះមក នា ដើមវស្សានរដូវ នៃឆ្នាំថ្មីដ៏ខ្លីខាងមុខ។
៣- ជំនឿទេវតាឆ្នាំថ្មី
ពាក្យថា«សង្ក្រាន្ត»គឺជាចន្លោះពេលវេលា នៃដំណើរដាច់ឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី ដែលមានការទាក់ទងយ៉ាងជិតស្និត ជាមួយនិងរាសីចក្រទាំង៧ ក្នុងសង្រ្គាន្ត។ សូត្រនិទានថា ក្នុងដើមភទ្ទកប្បនេះមានបុរសម្នាក់ឈ្មោះ ធម្មបាល ជាអ្នកប្រាជ្ញចេះចប់ត្រៃវេទ ។ ឳពុក ធម្មបាល បានសាងសង់ប្រាសាទមួយ នៅក្រោមដើមជ្រៃ នៅច្រាំងទន្លេ ដែលមានហ្វូងសត្វរស់នៅជាច្រើន ធម្មបាលកុមារមានសមត្ថភាពពិសេស អាចនិយាយ និងស្តាប់ភាសាសត្វទៀតផង។ ខណៈនេះហើយដែលធ្វើឱ្យគាត់ ក្លាយជាមនុស្សម្នាក់ ដែលមានតួនាទីក្នុងការចាត់ចែងពិធីបុណ្យសម្រាប់ប្រជាជនទាំងអស់។ ធម្មបាល តែងសម្ដែងមង្គលដល់មនុស្សផងទាំងពួង។ ក្នុងការលេចឮ ដល់មេដឹកនាំសាសនាដ៏ទៃទៀត ដែលសម័យនោះគេគោរពបូជាមហាព្រហ្ម។ មហាព្រហ្មបានជ្រាបថា ធម្មបាលកុមារ ជាអ្នកប្រាជ្ញក៏បានដាក់ប្រស្នា៣ខ ទៅ ធម្មបាល ហើយសន្យាថា ប្រសិនបើធម្មបាលដោះស្រាយប្រស្នានេះរួច កបិលមហាព្រហ្មនឹងកាត់ព្រះសិរសរបស់ខ្លួន បូជាធម្មបាល តែបើធម្មបាលដោះស្រាយប្រស្នាមិនរួចទេត្រូវកាត់ក្បាលបូជាមហាព្រហ្មវិញ។
ធម្មបាលសុំបង្អង់៧ថ្ងៃសិន ដើម្បីគិតប្រស្នាប៉ុន្តែ៦ថ្ងៃកន្លងផុតទៅ ហើយនៅតែគិតមិនឃើញសោះ។ ធម្មបាលក៏សម្រេចចិត្តរត់គេចពី កបិលមហាព្រហ្ម ដោយបណ្តោយតាមវាសនា ដោយភាពអស់កំលាំង និងនឿយហត់ពេកធម្មបាលកុមារ បានទៅសម្រាកក្រោមដើមត្នោត ដែលជាលំនៅនៃសត្វឥន្ទ្រីមួយគូរ។ ជាភ័ព្វសំណាងធម្មបាលបានឮសត្វឥន្ទ្រី ញី ឈ្មោល និយាយគ្នា៖
ញី– តើព្រឹកស្អែកនេះយើងបានអីឆី?
ឈ្មោល– យើងឆីសាច់ធម្មបាលកុមារ ព្រោះត្រូវកបិលមហាព្រហ្មកាត់ក ដោយដោះប្រស្នាមិនរួច។
ញី– ប្រស្នានោះដូចម្ដេច?
ឈ្មោល- ប្រស្នាទី១ វេលាព្រឹកសិរីសួស្តីស្ថិតនៅត្រង់ណា? ត្រូវឆ្លើយថាសិរីសួស្តីពេលព្រឹកស្ថិតនៅមុខ ដូច្នេះមនុស្សទាំងឡាយត្រូវយកទឹកលាងមុខ។ ប្រស្នាទី២ ថ្ងៃត្រង់សិរីសួស្តីស្ថិតនៅត្រង់ណា? ត្រូវឆ្លើយថាសិរីសួស្តីស្ថិតនៅដើមទ្រូង ដូច្នេះមនុស្សត្រូវលាងទ្រូង ឬយកទឹកមកស្រឡាបលើទ្រូង។ ប្រស្នាទី៣ ពេលយប់សិរីសួស្តីស្ថិតនៅត្រង់ណា? ឆ្លើយថាសិរីសួស្តីស្ថិតនៅជើង ដូច្នេះមនុស្សត្រូវលាងជើង។
ហេតុនេះពាក្យពេចន៍ទាំងប៉ុន្មានរបស់សត្វឥន្ទ្រីទាំងពីរក៏បានជាពន្លឹក ដល់ធម្មបាល ក្នុងការដោះស្រាយប្រស្នា កបិលមហាព្រហ្ម រួចចៀសផុតពីមរណៈ។ កបិលមហាព្រហ្ម សុខចិត្តចុះចាញ់ដោយកាត់ព្រះសិរសាបូជាចំពោះធម្មបាល។ មុននឹងកាត់ព្រះសិរសា កបិលមហាព្រហ្ម បានត្រាស់ហៅទេពធីតាទាំង៧អង្គ ដែលជាបុត្រី របស់ខ្លួន ដោយឆ្តាំថា ព្រះសិរ របស់កបិលមហាព្រហ្ម មិនអាចដាក់ក្នុងភពទាំងបី ណាមួយបានទេ បើដាក់លើដី ដីនិងឆេះ បើបោះទៅក្នុងអាកាស នឹងបង្កឱ្យមានភាពរាំងស្ងួតគ្មានភ្លៀង បើសិនបោះចូលសមុទ្រ សមុទ្រនិងរីងស្ងួត ។ ទើបកបិលមហាព្រហ្ម ឱ្យបុត្រីទាំង៧ យកជើងពានមកតម្កល់ ព្រះសិរសា ដោយប្រគល់ឱ្យ ទៅបុត្រីទី១ ព្រះនាម ទុង្សា ទេវី ដែលជាបុត្រីច្បង ហើយព្រះនាងបានកំដរសិរសាបិតាដាក់លើជើងពាន រួចធ្វើពិធីប្រទាក់សិនជុំវិញភ្នំព្រះសុមេរុអស់រយៈពេល ៦០នាទី រក្សាជើងពានយ៉ាងគោរពនៅលើព្រះហស្ថស្តាំ ហើយបន្តទៅ ប្រតិស្ឋានទុកនៅក្នុងមណ្ឌលភ្នំកៃលាស។
លុះដល់គម្រប់មួយឆ្នាំសង្ក្រាន្តថ្មីចូលមកដល់ ទើបនាងធីតាទាំង៧អង្គ ផ្លាស់វេនគ្នាដង្ហែព្រះសិរសា កបិលមហាព្រហ្ម ប្រទក្សិណភ្នំព្រះសុមេរុជារៀងរាល់ឆ្នាំ។
ឈ្មោះទេពធីតាមហាសង្រ្កាន្ត និង គ្រឿងអាភរណៈ
ថ្ងៃ | ទេពធីតាមហាសង្រ្កាន | គ្រឿងអាភរណៈ |
ថ្ងៃអាទិត្យ | ព្រះនាង ទុង្សាទេវី | សៀតផ្កាទទឹម គ្រឿងប្រដាប់បទុមរាគ ភក្សាហារផ្លែឧទុម្ពរ អាវុធស្តាំកងចក្រ ឆ្វេងសង្ខ័ពាហានៈគ្រុឌ ។ |
ថ្ងៃចន្ទ័ | ព្រះនាង គោរាគទេវី | សៀតផ្កាអង្គាបុស្ស គ្រឿងប្រដាប់មុក្តា ភក្សាហារប្រេង អាវុធស្តាំព្រះខ័ន អាវុធឆ្វេងឈើច្រត់ ពាហនៈ ខ្លា ។ |
ថ្ងៃអង្គារ | ព្រះនាង រាគ្យសាទេវី | សៀតផ្កាឈូក គ្រឿងប្រដាប់មោរ៉ា ភក្សាហារលោហិត អាវុធស្តាំត្រីសូល៍ អាវុធឆេ្វងធ្នូ ពាហនៈអស្សតរ ។ |
ថ្ងៃពុធ | ព្រះនាង មណ្ឌាទេវី | សៀតផ្កាចំប៉ា គឿ្រងប្រដាប់ពិទូរ្យ ភក្សាហារទឹកដោះសប្បិ អាវុធស្តាំម្ជុល អាវុធឆ្វេងឈើច្រត់ ពាហនៈ លា។ |
ថ្ងៃព្រហស្បតិ៍ | ព្រះនាង កិរិណីទេវី | សៀតផ្កាមណ្ឌា គ្រឿងប្រដាប់មរកត ភក្សាហារសណ្តែក ល្ង អាវុធស្តាំកង្វេរ អាវុធឆ្វេងកាំភ្លើង ពាហនៈដំរី ។ |
ថ្ងៃសុក្រ | ព្រះនាង កិមិរាទេវី | សៀតផ្កាចង្កុលណី គ្រឿងប្រដាប់បុស្សរាគ័ម ភក្សាហារចេកណាំវ៉ា អាវុធស្តាំ ព្រះខ័ន ឆេ្វងពិណ ពាហនៈក្របី ។ |
ថ្ងៃសៅរ៍ | ព្រះនាង មហោទរា | សៀតផ្កាត្រកៀត គ្រឿងប្រដាប់នីលរត័ន៍ ភក្សាហារសាច់ទ្រាយ អាវុធស្តាំ កងចក្រ ឆេ្វងត្រីសូល៍ ពាហនៈក្ងោក ។ |
ដោយមានជំនឿបែបនេះហើយ ទើបខ្មែរយើងបានរៀបចំពីបូជាទេវតាដែលត្រូវដង្ហែព្រះសិរសា កបិលមហាព្រហ្ម និងត្រូវអភិបាលពិភពលោករាល់ឆ្នាំចូលមកដល់មិនដែលអាក់ខានឡើយ។
៤- ទំនៀមចូលឆ្នាំ
ទំនៀមពិធីចូលឆ្នាំប្រព្រឹត្តទៅចំនួន ៣ថ្ងៃ។ ថ្ងៃដំបូងជាថ្ងៃ មហាសង្ក្រាន្ត ថ្ងៃទី២ ជាថ្ងៃ វារៈវ័នបត ថ្ងៃទី៣ ជាថ្ងៃវារៈឡើងស័ក។ ឯការកំណត់ខែ ថ្ងៃ ម៉ោង នាទី ដែលឆ្នាំចាស់ត្រូវផុតកំណត់ ហើយទេព្តាឆ្នាំថ្មីត្រូវចុះមកទទួលតំណែងពីទេព្តាឆ្នាំចាស់នោះ គេអាចដឹងបានយ៉ាងទៀងទាត់ ដោយអាស្រ័យតាមក្បួនហោរាសាស្ត្របែបបុរាណ គឺក្បួនមហាសង្ក្រាន្ត នេះឯង។
តើថ្ងៃចូលឆ្នាំថ្មី របស់ខ្មែរយើងត្រូវលើខែណា ? ថ្ងៃណា ? ចាប់ពីត្រឹមសម័យក្រុងនគរធំឡើងទៅខ្មែរយើងប្រើចន្ទគតិ (ដំណើរព្រះចន្ទ) ទើបកំនត់យកខែមិគសិរ ជាខែចូលឆ្នាំ ហើយជាខែទី១ ខែកត្តិក ជាខែទី១២ ។ លុះក្រោយមកទើបគេនិយមប្រើសុរិយគតិ (ដំណើរព្រះអាទិត្យ) ជាសំខាន់វិញហើយ កំណត់ ចូលឆ្នាំក្នុងខែចែត្រ (ខែទី៥) ដែលជាឆ្នាំកំនត់ព្រះអាទិត្យចូលកាន់មេរាសី ហើយថ្ងៃចូលឆ្នាំ រមែងត្រូវលើថ្ងៃទី១៣ នៃខែមេសា (ចេត្រ) រៀងរាល់ឆ្នាំ ប៉ុន្តែយូរៗទៅមានភ្លាត់ម្តងៗ ចូលឆ្នាំក្នុងថ្ងៃទី១៤ ក៏មានខ្លះដែរ ។ មហាសង្ក្រាន្តដែលប្រើរបៀបគន់គូរតាមសុរិយគតិមានឈ្មោះថា «សាមញ្ញសង្ក្រាន្ត» (ព្រះអាទិត្យដើរត្រង់ពីលើក្បាលជាសង្ក្រាន្ត)។ មហាសង្ក្រាន្តដែលប្រើរបៀបគន់គូរតាមចន្ទគតិហៅថា «អាយន្តសង្ក្រាន្ត» (ពេលដែលព្រះអាទិត្យដើរបញ្ឈៀងមិនត្រង់ពីលើ) ។ គេនៅប្រើចន្ទគតិអែបគ្នា នឹងសុរិយគតិដែរ ព្រោះចន្ទគតិមានទំនាក់ទំនងនឹងពុទ្ធប្បញ្ញត្តិច្រើន ។ ចំនែកឯថ្ងៃចូលឆ្នាំតាមចន្ទគតិមិនបានទៀងទាត់ជាថ្ងៃណាមួយទេ ជួនកាលចូលឆ្នាំក្នុងវេលាខ្នើត ជួនកាលទៀតក្នុងវេលារនោចទៅវិញ ។ ប៉ុន្តែនៅក្នុងរវាង១ខែគឺមិនមុនថ្ងៃ ៤កើត ខែចេត្រ និងមិនហួសថ្ងៃ ៤កើត ខែពិសាខទេ ដូចនេះសង្ក្រាន្តខ្លះធ្លាក់ទៅក្នុងខែពិសាខក៏មាន ។
ចំពោះពិធីផ្សេងៗខ្មែរយើងមានរៀបចំតាមប្រពៃណីដូចតទៅ នៅពេលមុនចូលឆ្នាំគេនាំគ្នាប្រុងប្រៀប រកស្បៀងអាហារសំអាតផ្ទះសំបែង រែកទឹកដាក់ពាង រកអុសទុកកាត់សំលៀកបំពាក់ថ្មីៗជាដើម ។
ថ្ងៃចូលឆ្នាំមកដល់គេរៀបគ្រឿងសក្ការៈបូជាសំរាប់ទទួលទេវតាថ្មីមាន : បាយសីមួយគូ ស្លាធម៌១គូ ធូប៥ ទៀន៥ ទឹកអប់១គូ ផ្កាភ្ញី លាជ ទឹកមួយផ្តិល និងភេសជ្ជៈនំនែក ផ្លែឈើគ្រប់មុខ។ ចំនែកផ្ទះសំបែងគេតុបតែងរំលេចដោយអំពូលអគ្គីសនីខ្សែតូចៗចំរុះពណ៌ រឺចង្កៀងគោម គ្រប់ពណ៌សំរាប់ទទួលទេព្តាថ្មី។ លុះដល់វេលាកំណត់ទេព្តាថ្មីចុះមកហើយ គេនាំកូនចៅអង្គុយជុំគ្នា នៅជិតកន្លែងរៀបគ្រឿងសក្ការៈនោះ ហើយអុជទៀន ធូបបាញ់ទឹកអប់ បន់ស្រន់សុំសេចក្តីសុខចំរើនគ្រប់ប្រការពីទេព្តាថ្មី ។ ចំពោះគ្រឿងសក្ការៈ និងក្រយាស្ងោយដាក់ថ្វាយទេព្តោនាះ គេនិយមតំរូវតាមចិត្តទេវតាដែលនឹងត្រូវចុះក្នុងឆ្នាំនីមួយៗ។
ឧទាហរណ៍ : បើទេវតាដែលត្រូវចុះមកនោះសោយល្ង សណ្តែក គេដាក់សណ្តែក ល្ង ថ្វាយ…ឯពិធី ៣ថ្ងៃនៃថ្ងៃចូលឆ្នាំនោះគឺ :
ថ្ងៃទី១ : គេយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្ត ។ ពេលល្ងាចគេនាំគ្នាជញ្ជូនខ្សាច់សាងវាលុកចេតិយនៅជុំវិញព្រះវិហារ រឺនៅជុំវិញដើមពោធិ៍ណាមួយនៅក្នុងវត្តនោះ ។ នៅពេលព្រលប់គេប្រគេនភេសជ្ជៈដល់ព្រះសង្ឃ និមន្តលោកចំរើន ព្រះបរិត្ត និងសំដែងធម្មទេសនា ។
ថ្ងៃទី២ : កូនចៅជូនសំលៀកបំពាក់ នំចំណី លុយកាក់ដល់អ្នកមានគុណ មានឪពុកម្តាយ ជីដូនជីតាជាដើម ។ ជួនកាលគេធ្វើទាន ដល់មនុស្សបំរើ រឺអ្នកក្រីក្រទៀតផង ។ ពេលរសៀលគេនាំគ្នាទៅពូនភ្នំខ្សាច់ទៀត ហើយសូត្រធម៌អធិដ្ឋានភ្នំខ្សាច់ដែលគេសន្មត់ទុកដូចជាចូឡាមណី ចេតិយ ហើយនិមន្តព្រះសង្ឃបង្សុកូលចេតិយបញ្ជូនមគ្គផលដល់វិញ្ញាណក្ខន្ធបង ឬ ប្អូនដែលបានស្លាប់ទៅ ។
ថ្ងៃទី៣ : ពេលព្រឹកនិមន្តព្រះសង្ឃឆ្លងភ្នំខ្សាច់ ។ ពេលល្ងាចនិមន្តព្រះសង្ឃស្រង់ទឹក និងស្រង់ព្រះពុទ្ធរូប (តាមការនិយមនៃស្រុកខ្លះ) ។ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ គេនាំគ្នាលេងល្បែងប្រជាប្រិយកំសាន្ដសប្បាយជាច្រើន ដូចជាលេង បោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង ចាប់កូនខ្លែងជាដើម និងមានរបាំត្រុដិ (ច្រើនមាននៅខេត្តបាត់ដំបង និង សៀមរាប) ជាពិសេសទៀតគឺរាំវង់តែអាស្រ័យទៅតាមការនិយមចូលចិត្តរបស់មនុស្ស ម្នាក់ៗ គឺខ្លះនិយមនាំគ្នាដើរកំសាន្ដបន្ត ខ្លះនិយមធ្វើបុណ្យទានតាមវត្តអារាម។
៥- វាលុកចេតិយ
ពាក្យសាមញ្ញហៅថា «ពូនភ្នំខ្សាច់» ។ ការពូនភ្នំនេះគឺគេយកខ្សាច់សុទ្ធមកចាក់នៅកណ្តាលទីធ្លា ដែលគេ បានកំណត់ រួចពូនអោយចេញជារាងចេតិយបែរមុខទៅទិសខាងកើត ហើយគេសន្មត់ហៅថា «វាលុកចេតិយ» គឺតំណាងអោយព្រះចូឡាមណីចេតិយ ដែលសាងសំរាប់បញ្ចុះព្រះកេសា និងព្រះចង្កូមកែវនៃព្រះពុទ្ធបរមគ្រូ ។ ការពូនភ្នំនេះ បច្ចុប្បន្នតំបន់ខ្លះ គេនិយមពូនភ្នំអង្ករនៅសាលាឆាន់ ឬ ក្នុងព្រះវិហារផងដែរ។ ភ្នំខ្សាច់ដែលគេពូនមិនមានកំណត់ថា ត្រូវមានខ្នាតតូចខ្ពស់ទាបប៉ុណ្ណាទេ គឺប្រព្រឹត្តទៅតាមការពេញចិត្តរបស់អ្នកស្អាង។ ប៉ុន្តែចាំបាច់ត្រូវមានភ្នំមួយនៅកណ្តាល ហើយត្រូវមានភ្នំតូចៗ ៤ ព័ទ្ធជុំវិញគ្រប់ទិសតូចទាំង ៤ ។ នៅជុំវិញភ្នំគេមានធ្វើរាជវត័ តុបតែងលំអស្លឹកដូង ស្លឹករំសែជាបួនជ្រុងមានទ្វារ ចេញចូលតាមទិសធំទាំង ៤ ។ នៅជុំវិញរាជវ័តគេមានរៀបរានទេវតាគ្រប់ទិសទាំង ៨។ នៅលើរានទេវតានិមួយៗគេរៀបស្លាធម៌មួយគូបាយសីមួយថ្នាក់ មួយគូ ទៀន៥ ធូប៥ ផ្កាភ្ញី និងអុជទៀនធូបថ្វាយ ។ នៅពីមុខភ្នំខ្សាច់ក្រៅរាជវត័ គេរៀបរានធំៗបីទៀត សំរាប់ថ្វាយព្រះយមរាជ ស្ថិតនៅកណ្តាលខាងឆ្វេងរានព្រះយមរាជ គឺរានព្រះពុទ្ធគុណ និងខាងស្តាំគឺរានព្រះពិស្ណុការរានធំទាំងបីនេះ គឺគេរៀបគ្រឿងសក្ការៈបូជាដូចរានទេវតាដែរ តែបាយសីខ្ពស់រហូតដល់ ៩ថ្នាក់ និងមានដាក់សំលៀកបំពាក់ឆ្វេងស្តាំ ហើយមានដាក់ក្រយាថ្វាយសោយទៀតផង។ ការសាងវាលុកចេតិយនេះ ដោយគេសំគាល់ថា នឹងបានជាផល្លានិសង្សវិសេសវិសាលណាស់ ដូចមានសំដែងក្នុងរឿង «អានិសង្សវាលុកចេតិយ» មហាសំការសូត្រ ។
៦- រួមអានិសង្ស
ព្រះបរមសាស្តាទ្រង់បានសំដែងអំពីអានិសង្ស ដែលបានកសាងបុណ្យកុសល ក្នុងឱកាសដាច់ ឆ្នាំចាស់ ចូលឆ្នាំថ្មី ដោយពិស្តារអ្នកដែលបាន ផ្ងូតទឹកអោយមាតាបិតាគ្រូឧបជ្ឈាយ៍ អាចារ្យ រឺព្រះសង្ឃក្នុងឱកាស សង្ក្រាន្តនោះ រមែងជាស្តេចម្ចាស់ផែនដីមាន រិទ្ធិដ៏មហិមាសំបូរដោយ រតនៈ៧ប្រការ ដេរដាសដោយពពួកនាងនារីសឹងមានរូបឆោមដ៏ល្អនិងសំបូរដោយចតុរង្គសេនា ជាអ្នក បាននូវសេចក្តីសុខគ្រប់យ៉ាង ។ អ្នកដែលបានលែងសត្វតិរច្ឆាន ដូចយ៉ាង មាន់ ទន្សោង បក្សី ត្រី អណ្តើក (ជាដើម) ដោយអំណាចដែលបានលែងសត្វអម្បាលនោះអ្នកនោះរមែងជា អ្នកមានអាយុយឺនយូរ ជាអ្នកមានសុខច្រើនឥតមានរោគភ័យមកបៀតបៀនក្នុងកាលទាំងពួង ប្រកបតែសេចក្តីសុខ។ ដោយផល្លានិសង្សដែលបានស្រង់ព្រះសង្ឃ អ្នកនោះទោះទៅកើតក្នុង ភពណាៗក្តី រមែងមានរូបឆោមល្អជាទីជ្រះថ្លាដល់អ្នកបានឃើញ ជាអ្នកមានសម្បុរកាយផូរផង់ ជាទី គាប់ចិត្តជាទីគួរអោយមើល ជាអ្នកមានប្រាជ្ញាស្រួច ជាអ្នកក្លាហាន ជាអ្នកទ្រទ្រង់នូវព្រះ សូត្រ និងព្រះវិន័យ ជាអ្នកទ្រទ្រង់និងចេះចប់នូវព្រះបិដក ជាអ្នកមានអាយុយឺន យូររាល់ៗជាតិ ជាអ្នកមានបុត្រ ភរិយានូវគណាញាតិសុទ្ធតែជាអ្នកឧត្តមថ្លៃថ្លា។ ទាំងនេះជាអានិសង្សផ្ងូតទឹក ក្នុងពេលចូលឆ្នាំ។ ដោយប្រការដូច្នេះហើយបានជានៅឱកាសចូលឆ្នាំ មនុស្សទាំងឡាយតែង នាំគ្នាដោះលែងសត្វផ្សេងៗតែងនាំគ្នាធ្វើបុណ្យផ្សេងៗ..ដើម្បីបានទទួលនូវអានិសង្សទាំងនោះ ។
៧- អានិសង្សវាលុកចេតិ
អំពីមហាសំការសូត្រនៅមានរឿងទៀតហៅថា «អានិសង្សវាលុកចេតិយ» ជារឿងដែលគេ តែងជាភាសាខ្មែរមកយូរ ហើយមានចំនួន ១ខ្សែសំដែងអំពីការសាងវាលុកចេតិយថាមានផល្លា និសង្សជាអនេកប្បការវេលាឆ្លង វាលុកចេតិយគេច្រើន យករឿងនេះទេសន៍ ។ ក្នុងរឿង អានិសង្សវាលុកចេតិយនោះនាំនិទាន ៣ រឿងមកប្រកបជាឧទាហរណ៍គឺ :
– និទានទី១ ដំនាលពីព្រះពោធិសត្វ នាមបារិកជាអ្នកឈ្មួញសំពៅនាសម័យមួយបាវិកបើក សំពៅទៅជួញបានប្រទះឃើញផ្នូកខ្សាច់សល្អនៅតាមឆ្នេរសមុទ្រ ក៏បបួលពួកពាណិជ ដែលទៅជួញ ជាមួយគ្នាបើកសំពៅឆៀងចូលចតនៅទៀប ផ្នូកខ្សាច់នោះ ហើយនាំគ្នាក ជាវាលុកចេតិយឧទ្ទិសជាតំណាងចូឡាមណីចេតិយដែលបញ្ចុះព្រះចង្កូមកែវរបស់ព្រះពុទ្ធ អំពីបុណ្យសឹងបុរាណសឹងប្រតិស្ឋាននៅឋានត្រៃត្រិង្សទេវលោកស្រេចហើយពួកពាណិជ ទាំងនោះក៏បេះយកផ្កាឈើមកបូជា ដើរប្រទក្សិណ ៣ជុំ ហើយនាំគ្នាចុះសំពៅបើកចេញ ទៅជួញតទៅទៀត ។ បាវិកពោធិសត្វ និង ពួកឈ្មួញអម្បាលនោះ លុះរំលាយខន្ធទៅ ហើយ បានទៅកើតជាទេវបុត្រនៅឋានសួគ៌ជាច្រើនជាតិលុះច្យុតពីសួគ៌ក៏កើតក្នុងមនុស្ស លោកបានជាស្តេចឯរាជ្យជាច្រើនជាតិ និងត្រារាប់ពុំបានឡើយក្នុងទីបំផុតបារិក ពោធិសត្វ ក៏បានត្រាស់ជាព្រះពុទ្ធដោយ អំនាចផល្លានិសង្ស ដែលបានវាលុកចេតិយ ។
– និទានទី២ ដំណាលពីនាយនេសាទ១ នាក់ (មិនប្រាកដឈ្មោះ) ថានាយនេសាទនោះ ធ្វើតែបាបសំលាប់សត្វបរិភោគតាំងពីតូចរហូតដល់ចាស់ មិនដែលបានធ្វើបុណ្យដល់ ម្តងសោះ ។ នាថ្ងៃមួយមានភិក្ខុសង្ឃ ១រូបនឹកអាណិតនាយនេសាទខ្លាំងណាស់ក៏គិតរក ឧបាយអោយបានសាងបុណ្យកុសលខ្លះ លុះគិតដូច្នេះលោកក៏ឃ្លុំចីវរកាន់យកនូវបាត្រ ដើរទៅរង់ចាំផ្លូវនាយនេសាទ ថ្ងៃនោះវេលាព្រឹកនាយនេសាទលីលំពែង ១ និងពុនបាយ ១កញ្ចប់ចេញទៅព្រៃដើម្បីស្វែងរកសត្វមកចិញ្ចឹមជីវិតដូចកាលសព្វដង។ ដំបូងនាយ នេសាទប្រកែកដាច់ខាតថា មិនព្រមប្រគេន តែភិក្ខុនោះចេះ តែទទូចសុំ អត់មិនបានក៏ រំលែក បាយ ១ពំនូតប្រគេន ។ ក្រោយមក កាលនាយនេសាទរំលាយខន្ធស្លាប់ទៅ ត្រូវ ពួកយម បាលឬយមភូបាលយកខ្លួនទៅសួរយកចំលើយអំពីរឿងកាលនៅមនុស្សលោក នោះបាន ធ្វើបុណ្យខ្លះដែរឬទេ ? នាយនេសាទតបថា មិន បានធ្វើបុណ្យអ្វី ធ្វើតែបាបតាំង ពីតូចមក ។ ពួកយមបាលក៏នាំគ្នាចាប់បោះទៅក្នុងរណ្តៅភ្លើងនរកតែមិនឆេះ ត្រឡប់ជាខ្ទាតចេញមកវិញ យមបាលនឹកឆ្ងល់ ក៏សួរបញ្ជាក់ថែមទៀត ទទួលនាយនេសាទក្រឡេក ទៅឃើញអណ្តាតភ្លើងមានសំប្បុរដូចចីវរលោកសង្ឃ ក៏នឹកឃើញដល់ទានដែលខ្លួន បានធ្វើទើប ឆ្លើយថា កាលនៅមនុស្សលោកបានធ្វើទានបាយមួយពំនូតដល់ភិក្ខុ ១រូប ដែរ ។ ពួកយម ភូបាលប្រាប់ថា បើដូច្នេះអ្នកអែងត្រូវទៅកើតអែឋានសួគ៌មួយអាទិត្យ លុះដល់ថ្ងៃទី៨ យើង នឹងយកខ្លួនមកអោយទទួល ទោសនៅឋាននរកនេះវិញ ។ ក្នុងមួយរំពេចនោះ វិញ្ញាណរបស់នាយនេសាទ ក៏បានទៅកើតឯឋានសួគ៌ឈ្មោះថា អន្នំលោកង្សិ ន៍ទេវបុត្រ មានទំហំ ១២យោជន៍បរិបូរណ៍ទៅដោយសម្បត្តិ និងស្រីទេពកញ្ញាបំរើត្រៀបត្រាមាន នាងសុវណ្ណឱរ៉ៃជាទេពី។ អន្នំ លោកង្សិនីទេវបុត្រសោយសម្បត្តិមកបាន ៦ថ្ងៃនឹកឃើញ ដល់បន្តាំយមបាល ក៏កើតសេចក្តីទុក្ខទោមនស្សពន់ប្រមាណ ហើយចូលទៅដេក នាង សុវណ្ណឱរ៉ៃឃើញដូច្នេះ ក៏ចូលទៅសួរអន្នំលោកង្សិនីទេវបុត្រក៏រ៉ាយរឿងប្រាប់តាំងអំពី ដើមរហូតដល់ចប់។ នាងសុវណ្ណឱរ៉ៃលួងលោមថា បើដូច្នោះ សូមព្រះអង្គកុំជាទុក្ខ ទោមនស្សឡើយ ត្បិតព្រះពុទ្ធសំដែងថា «ទោះអ្នកណាធ្វើបាប អម្បាលម៉ានក្តីបើចង់ អោយរួចអំពីកម្មពៀរដែលខ្លួនធ្វើហើយ គប្បីសាងវាលុកចេតិយធ្វើបុណ្យឆ្លងហើយនឹង រួចអំពីកម្មពៀរនោះហោង» ហេតុនេះសូមព្រះអង្គធ្វើតាមព្រះពុទ្ធបន្ទូលនេះចុះទៀងជា ដោះ រួចចាកកម្មពៀរជាមិនខាន ។
អន្នំលោកង្សិនីទេវបុត្របានលឺដូច្នោះ ក៏សោមនស្សទើបចាត់ការសាងវាលុកចេតិយនិងធ្វើ បុណ្យឆ្លងហើយស្រេចក្នុងរវាង ៧ថ្ងៃនោះឯង ។ លុះដល់ថ្ងៃទី៨ វេលាព្រឹកព្រហាមពួកយម បាលក៏ទៅដល់ស្រែកហៅរកខ្លួនអន្នំលោកង្សិនីទេវបុត្រអោយចេញមក គ្រានោះអន្នំលោក ង្សិនីទេវបុត្រគេចមុខចេញ នាងសុវណ្ណឱរ៉ៃចេញមកទទួល។ និយាយជាសំនួរ តបយមបាលថា យើងមិនព្រមបើកអោយស្វាមីយើងទៅទេ ព្រោះស្វាមីយើងបានសាងវាលុកចេតិយនិងធ្វើ បុណ្យឆ្លងរួចហើយ បាបកម្មទាំងពួងក៏ជ្រះអស់អំពីខ្លួនហើយ តែបើនៅតែត្រូវការយកខ្លួនទៅ ធ្វើទោស ក៏ចូររាប់ខ្សាច់ ១ពែងនេះ បើរាប់អស់ទើបយកទៅបាន។ យមបាលតបថា មិនសល់ ក្រអ្វី ទេការរាប់ខ្សាច់ ១ពែងប៉ុណ្ណោះ ហើយនាំគ្នារាប់តាំងពីព្រឹករហូតដល់ថ្ងៃត្រង់ គ្រាប់ខ្សាច់ ដែល យកចេញអំពីពែងរាប់ដាក់ទៅខាងក្រៅទៅជាគំនរយ៉ាងធំកំពស់ស្មើចុងត្នោត តែឯគ្រាប់ ខ្សាច់ក្នុងពែងគង់នៅដដែលគ្មានស្រកស្រុតទៅណាសោះ ពួកយមបាលទាល់ចំណេះនឹងរាប់ ហើយ ក៏នាំគ្នាត្រលប់ទៅយមលោកវិញ ។
ចំណែកអន្នំលោកង្សិនីទេវបុត្របាន នៅសោយសម្បត្តិក្នុងទេវលោកអស់កាលអង្វែងតមកទៀត មិនបានទៅសោយទុក្ខក្នុងនរក ដូចដែលយមបាលកំនត់ទុកនោះទេ ។ ទាំងនេះក៏ដោយអំនាច ផល្លានិសង្សដែលបានសាងវាលុកចេតិយ និងធ្វើបុណ្យឆ្លងដូចពោលហើយ។
– និទានទី៣ ដំនាលកាលពីរឿងចៅកំជិលខ្សាច់ ថាមានក្មេង ១នាក់ចេះតែទៅកភ្នំខ្សាច់ នោះរាល់ៗថ្ងៃ ប្រឡាក់ទៅដោយដីខ្សាច់ព្រលូសតែរាល់ថ្ងៃ ទាល់តែគេហៅថា«ចៅកំជិល ខ្សាច់» ។ នាថ្ងៃមួយ ព្រះឥន្ទ្របើកទិព្វចក្ខុមើលឃើញចៅកំជិលខ្សាច់ពូនភ្នំដូច្នោះ ក៏ចាត់ អោយនាងទេពធីតា ១អង្គចុះមកធ្វើ ជាប្រពន្ធចៅកំជិលខ្សាច់។ ដំបូងចៅកំជិលខ្សាច់ ប្រកែកមិនព្រមយកដោយថ្លែងថា ខ្លួននៅក្មេងណាស់មិនទាន់ចេះរកស៊ីចិញ្ចឹម នាងទេព ធីតាទើបទៅរកម្តាយអាពុកចៅកំជិលខ្សាច់ ថ្លែងប្រាប់ថា ខ្លួនជាទេពធីតា ព្រះឥន្ទ្រប្រើ អោយចុះមកធ្វើជាប្រពន្ធចៅកំ ជិលខ្សាច់។ មាតាបិតាឃើញនាងទេពធីតា ក៏ពេញចិត្ត ដោយនាងមានរូបឆោមល្អ ទើបសំណេះសំណាលលួងលោមចៅកំជិលខ្សាច់ ទាល់តែ ព្រម យក ។ ចៅកំជិលខ្សាច់តាំងពីបាននាងទេពធីតាជាប្រពន្ធហើយ ខ្លួនប្រាណក៏ស្អាត បាត ផូរផង់ ល្អជាងពីមុនមកឆ្ងាយ ណាស់ដោយនាងទេពធីតាជួយថែសំអាតទាំង សមរម្យគ្នា នឹងប្រពន្ធនោះណាស់ ទាល់តែល្បីកេរ្តិ៍ឈ្មោះទៅថា ចៅកំជិលខ្សាច់បាននាង ទេពធីតាជាភរិយាល្អសមគ្នាណាស់ ។ គ្រានោះពួកមន្ត្រីសេនាបតីជាដើម ក៏បានទៅ ពិនិត្យមើល ឃើញដូចពាក្យគេដំណាល ។ ទទួលវេលានោះស្តេចម្ចាស់ផែនដីសុគត គ្មាន អ្នកទទួល រាជសម្បត្តិគ្រប់គ្រងផែនដី គេគិតឃើញថា ចៅកំជិលខ្សាច់សមគួរជាព្រះរាជា ម្ចាស់ផែន ដី ក្រោយនោះគេក៏ធ្វើការផ្សងបុស្បុករកអ្នកមានបុណ្យធ្វើជាម្ចាស់ផែនដី បុស្បុកក៏ទៅត្រូវ លើចៅកំ ជិលខ្សាច់ គេទើបនាំគ្នាអញ្ជើញទៅអោយសោយរាជ្យ ព្រម ទាំងនាងទេព ធីតា។ ផលដែលជាទិដ្ឋធម្មវេទនីយ ដូច្នេះលោកថាបាន ដោយហេតុដែល បានពូនភ្នំខ្សាច់ នោះឯង។កាលកើតមានរឿងសំដែងអំពីអានិសង្ស នៃការស្អាងវាលុក ចេតិយដូច្នេះហើយ ខ្មែរយើងបានដឹងរឿងទាំងនេះហើយ ក៏កើតសេចក្តីជឿនិងជ្រះថ្លា ទើបបាននាំគ្នាស្អាង វាលុកចេតិយជាប់ជាប្រវេណីដរាបមក ដល់បច្ចុប្បន្នកាល ។
១ បំបួសភ្នំ លោកអាចារ្យសូត្រធម៌ អធិដ្ឋាន វាលុកចេតិយអោយតំនាងព្រះចូឡាមណី ចេតិយ រួចយកកំណាត់សប្រវែងប្រមាណមួយម៉ែត្រកន្លះទៅពានាពាក់ឆៀង ព្រះចេតិយ ដែលតាមសម្តីអ្នកស្រុកហៅថា «បំបួសភ្នំ» ។ ក្នុងអោកាសនោះដែរព្រះសង្ឃសូត្រធម៌ ចំរើនព្រះបរិត្ត នៅសាលាធម្មដោយបន្តអំបោះមកដល់ភ្នំទាំងអស់។ ភ្នំដែលបានឡើងជា អង្គចេតិយហើយ អ្នកណាមួយទៅជាន់ រំលងឬរំលាយមុនគេផ្សឹកទុកត្រូវទទួលបាប ។
៨- ផ្សឹកវាលុកចេតិយ
ក្រោយពីការធ្វើកិច្ចសព្វគ្រប់ហើយ លោកអាចារ្យសូត្របួងសួង និងថ្វាយគ្រឿងសក្ការៈដល់ អស់ទេវតា ព្រះយមរាជ ដែលតែងតែត្រួតត្រាមើលការខុសត្រូវដល់មនុស្សលោក ដើម្បីសុំ ខមាទោសចំពោះអំពើខុសឆ្គងទាំងឡាយកន្លងមក ដោយការអនុគ្រោះ សុំអោយផ្តាច់កម្មផ្តាច់ ពៀរ និងសុំសេចក្តីសុខចំរើនតរៀងទៅ ។ បន្ទាប់លោកអាចារ្យបានឧទ្ទិសកុសលជូនដល់អ្នក ដែល ចែកឋានទៅមានមាតាបិតាជីដូន ជីតាព្រមទាំងញតិមិត្តទាំងអស់ផង។ ថ្ងៃបន្ទាប់ ពុទ្ធបរិស័ទមកជួបជុំគ្នា លោកអាចារ្យចាប់ដំនើរ ការថ្វាយបង្គំព្រះសមាទានសីលនៅធម្មសាលា ។ បន្ទាប់មកគេនាំគ្នារាប់បាត្របន្តហូរហែ ទាល់តែអស់អ្នកដែលមានសទ្ធា។ នៅពេលបញ្ចប់ ការរាប់បាត្រគេបានកាន់ទៀន ធូប ផ្កាគ្រប់ ដៃទៅកាន់ភ្នំខ្សាច់។ អាចារ្យចាប់ផ្តើមពិធីនៅចំពោះ ភ្នំខ្សាច់ ដូចកាលពីល្ងាចម្តងទៀត ។ ជាមួយគ្នានេះដែរព្រះសង្ឃសូត្រពុទ្ធមន្តប្រសិទ្ធិពរជ័យសិរីមង្គលនៅធម្មសាលា។ អាចារ្យបាន បន្តពិធីនៅខាងក្រៅ មុខភ្នំ គឺឆ្លងបុណ្យ ហើយធ្វើកិច្ចផ្សឹកភ្នំវិញដោយពោលថា : «ឥមំវាលុក ចេតិយំ បច្ចក្ខាមិ» ប្រែថា : «ខ្ញុំផ្សឹកឥឡូវនេះនូវវាលុកចេតិយនេះចេញ» គឺលែងប្រកាន់ថាជា ចេតិយទៀតហើយអ្នកណារំលាយក៏គ្មានបាបដែរ ។ គេនាំគ្នាចូលធម្មសាលាដើម្បីវេរភត្ត ប្រ គេនព្រះសង្ឃឆាន់ត្រង់ ។ ពេលរសៀលគេជួបជុំគ្នាដើម្បីនមស្សការថ្វាយបង្គំព្រះនិង អារាធនា ព្រះសង្ឃសំដែងធម្មទេស នា។ កម្មវិធីជាបន្តគេនាំគ្នាសំអាតព្រះពុទ្ធរូប ហើយបាចផ្កាបាញ់ទឹកអប់ «ស្រង់ព្រះ»។ នេះជាពិធីតាមបែបសាសនា ៕
៩- ល្បែងប្រជាប្រិយខ្មែរ
១០- របាំប្រពៃណីខ្មែរ
វីដេអូ ផ្សេងពាក់ព័ន្ធនិងទិដ្ឋភាពបុណ្យចូលឆ្នាំព្រពៃណីជាតិខ្មែរ