Grand News Asia Close

៦- ល្បែងប្រជាប្រិយខ្មែរ | ល្បែងឱបត្រឡាច ឬ បេះឪឡឹក |

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី៥ ខែមេសា ឆ្នាំ២០២៣ បច្ចេកវិទ្យា & ប្លែកៗ វប្បធម៌ & ប្រវត្តិសាស្រ្ដ 407
៦- ល្បែងប្រជាប្រិយខ្មែរ | ល្បែងឱបត្រឡាច ឬ បេះឪឡឹក | ៦- ល្បែងប្រជាប្រិយខ្មែរ | ល្បែងឱបត្រឡាច ឬ បេះឪឡឹក |

ល្បែង​ខ្មែរ​មាន​ច្រើន​បែប​ល្បែង​ខ្លះ​គេ​លេង​តែ​ក្នុង​ពេល​ថ្ងៃ ល្បែង​ខ្លះ​គេ​លេង​តែ​ក្នុង​ពេល​យប់​ខែ​ភ្លឺ​ ល្បែង​ខ្លះ​គេ​លេង​តែ​ក្នុង​ពេល​បុណ្យ​មាន​បុណ្យ​ចូល​ឆ្នាំ​ជា​ដើម​ ល្បែង​ខ្លះ​គេ​លេង​មិន​កំណត់​ពេល ។
ល្បែង​ដែល​លេង​តែ​ក្នុង​ពេល​យប់​ខែ​ភ្លឺ​ហើយ​មិន​ចាំ​បាច់​មាន​បុណ្យ​ទាន​អ្វី​នោះ​ មាន​ ល្បែង​ឱប​ត្រឡាច​ ឬ​ បេះ​ឪឡឹក​ ជាដើម ។
ល្បែង​នេះ​ជា​ល្បែង​កំសាន្ត​សប្បាយ​របស់​ពួក​កុមារា​កុមារី​នៅ​គ្រប់​និគមជនបទ​នៃ​ប្រទេស​កម្ពុជា​ ។
សកម្មភាព​របស់​អ្នក​លេង​ដូចរូបភាព​នេះ ៖

របៀប​លេង​ មុន​ដំបូង​ពួក​កុមារ​ប្រុស​ស្រី ស្រុះ​ស្រួល​ចិត្ត​បបួល​គ្នា​ឲ្យ​មាន​ចំនួន​ច្រើន​រួច​ហើយ​គេ​ចាត់​ម្នាក់​ឲ្យ​ធ្វើ​ម្ចាស់​ត្រឡាច​ ឬឪឡឹក​ទាំង​អស់ ម្នាក់​ទៀត​ឲ្យ​ធ្វើ​អ្នក​ទិញ សល់​ប៉ុន្មាន​គេ​ឲ្យ​ធ្វើ​ត្រឡាច​ ឬ​ឪឡឹក​ទាំង​អស់ ហើយអ្នក​លេង​ទាំង​អស់​នោះ​គេ​សំដៅ​ទៅ​រក​គល់​ឈើ​ ឬដង្គត់​អ្វី​មួយ​ ឲ្យ​តែ​មាន​ទំហំ​ល្មម​​ឱប​បាន​, ដោយ​ហោច​ទៅ​សសរ​ផ្ទះ​ក៏​បាន​ដែរ​ ឲ្យ​តែ​ជា​ទី​វាល​ស្រ​ឡះ​ល្អ ។ កាល​បាន​កន្លែង​ស្រួល​បួល​ហើយ, ក្មេង​ម្នាក់​ជា​ទី ១ ក្នុង​បណ្តា​ក្មេង​ដែល​គេ​ឲ្យ​ធ្វើ​ត្រឡាច​ឬឪឡឹក​នោះ​ អង្គុយ​ឱប​ដើម​ឈើ​ ឬ​សសរ​នោះ​ទាំង​ជើង​ទាំង​ដៃ, ក្មេង​ម្នាក់​ទៀត​ជា​ទី ២ អង្គុយ​ឱប​ចង្កេះ​យក​ជើង​ទាំង​ពីរ​ដាក់​លើ​ភ្លៅ​ក្មេង​ទី ១, ក្មេង​ទី ៣ យក​ដៃ​នឹង​ជើង​ឱប​ក្មេង​ទី ២ ដូច​ក្មេង​ទី ២ ឱប​ក្មេង​ទី​ ១ ដែរ​ ឯ​ក្មេង​ដទៃ​ទៀត​​ក៏​បន្ត​គ្នា​រហូត​ទាល់​តែ​អស់​ពួក​ក្មេង​ដែល​ត្រូវ​ធ្វើ​ត្រ​ឡាច​ឬ​ឪ​ឡឹក ។ ឯ​ក្មេង​ម្នាក់​ដែល​គេ​ឲ្យ​ធ្វើ​ជា​ម្ចាស់​ត្រ​ឡាច​ឬ​ឪ​ឡឹក​ឈរ​ធ្វើ​ព្រ​ងើយ​ដើរ​រេ​រា​ៗ ក្បែរ​ក្មេង​ជា​ត្រឡាច​ឬ​ឪឡឹក​ទាំង​នោះ​ ហើយ​ក្មេង​ម្នាក់​ទៀត​ ដែល​គេ​ឲ្យ​ធ្វើ​ជា​អ្នក​ទិញ​មក​សួរ​ត​ថ្លៃ​អ្នក​លក់​បី​ដូច​ជា​គេ​ទិញ​ធម្មតា​។ ត​ថ្លៃ​គ្នា​ក៏​ដើរ​យក​ដៃ​គោះ​ខ្នង​ក្មេង​ដែល​អង្គុយ​ឱប​គ្នា​នោះ​ ។ គោះ​បណ្តើរ​សួរ​បណ្តើរ​ថា​ ខ្ចី​ឬទុំ​? ។ អ្នក​បន្ត​ៗ​ពី​ដើម​ទៅ​ចេះ​តែ​ឆ្លើយ​ថា​ខ្ចី​ៗ លុះ​ដល់​អ្នក​ចុង​ផ្លែ​បំផុត​ទើប​ឆ្លើយ​ថា​ទុំ រួច​អ្នក​ទិញ​ក៏​បេះ​យក​អ្នក​ដែល​នៅ​ចុង​គេ​បំផុត​នោះ​ទៅ​ ដោយ​ខំ ប្រឹង​ទាញ​មែន​ទែន ព្រោះ​អ្នក​អង្គុយ​ឱប​គ្នា​គេ​ខំ​រឹបឱប​ចំ​កោង​ខ្នង​តែ​រៀង​ខ្លួន​តាំង​ពី​អ្នក​ខាង​ចុង​រហូត​អ្នក​ខាង​គល់​រេ​ចុះ​រេ​ឡើង​ ដោយ​អ្នក​បេះ​ប្រឹង​ទាញ​ខ្លាំង​ពេក​ ។ អ្នក​បេះ​ក៏​បេះ​ប្រ​លះ​បាន​មួយ​ម្ត​ង​ដរាប​ដល់​អស់​មនុស្ស​ជួន​កាល​ក៏​បេះ​បាន​២-៣-៤ នាក់​ តាម​ដែល​អ្នក​ខាង​ដើម​ឱប​ជាប់​ ឬ​មិន​ជាប់​ បេះ​បាន​ប៉ុន្មាន​យក​ដាក់​១ ដុំ, ​បើ​អ្នក​ទិញ​បេះ​មិន​បាន​ ដោយ​កម្លាំង​ខ្សោយ​ជាង​គេ​នោះ​ ក៏​រើ​លេង​សា​ជា​ថ្មី​ម្តង​ទៀត​។ ឯ​អ្នក​លក់​អ្នកទិញ​ត្រឡាច​ទៅ​ធ្វើ​ជា​អ្នក​ឱប​ហើយ​អ្នក​ឱប​មុន​ក៏​ប្តូរ​ទៅ​ធ្វើ​ជា​អ្នក​លក់​អ្នក​ទិញ​វិញ ។ គេ​ធ្វើ​ដោយ​របៀប​នេះ​រហូត​ដល់​ពេល​ឈប់​លេង ។
ល្បែង​នេះ​ជា​កី​ឡា​របស់​ខ្មែរ​សម័យ​បុរាណ​ សម្រាប់​ហាត់​ដៃ​ហាត់​ជើង​ឲ្យ​មាន​កម្លាំង​ពលំ​មាំ​មួន ឲ្យ​មាន​សាច់​ដុំ​ល្អ មាន​សុខភាព​ស្រួល​បួល ។

ដក​ស្រង់​ចេញពី​សៀវ​ភៅ «ល្បែងប្រជាប្រិយខ្មែរ» បោះពុម្ភ​លើក​ដំបូងដោយ ពុទ្ធ​សាសនបណ្ឌិត្យ ឆ្នាំ១៩៦៤។

អត្ថបទទាក់ទង