Grand News Asia Close

១៤- ល្បែងប្រជាប្រិយខ្មែរ | ល្បែង​ទាញព្រ័ត្រ |

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី៥ ខែមេសា ឆ្នាំ២០២៣ បច្ចេកវិទ្យា & ប្លែកៗ វប្បធម៌ & ប្រវត្តិសាស្រ្ដ 303
១៤- ល្បែងប្រជាប្រិយខ្មែរ | ល្បែង​ទាញព្រ័ត្រ | ១៤- ល្បែងប្រជាប្រិយខ្មែរ | ល្បែង​ទាញព្រ័ត្រ |

ល្បែង​ទាញព្រ័ត្រ ជា​ល្បែង​លេង​កំសាន្ត​របស់​យុវជនខ្មែរ​ទាំង​បុរស ទាំង​ស្ត្រី ក​ម្លោះ ក្រមុំ ។ ល្បែង​នេះ គេ​លេង​ដោយ​ប្រើ​កម្លាំង​កាយ​ជា​មូលហេតុ ហើយ​គេ​លេង​តែ​នៅ ​រដូវចូលឆ្នាំ​ខ្មែរ គឺ​ខែ​ចែ​ត្រ​-​ពិសាខ ប៉ុណ្ណោះ ។ គេ​ច្រើន​និយម​លេង​ក្នុង​វត្ត​អារាម ក្នុង
​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ ព្រោះ​វត្ត​មាន​ទីវាល​ធំ​ទូលាយ ងាយ​ដល់​ការលេង​ល្បែង​នេះតែ​ អាច​លេង​នៅ​តាម​ភូមិ​ក៏បាន បើ​ប្រសិន​ជា​ភូមិ​នេះ​មាន​មនុស្ស​នៅ​ផ្ដុំ​គ្នាច្រើន ហើយ​ មាន​ទីវាល​ល្មម​លេង​កើត ។ ល្បែង​នេះ​គេ​ច្រើន​លេង​នៅ​ពេល​ថ្ងៃ តែបើ​ប្រសិន​ជាមាន ​ចង្កៀង​យ៉ាង​ភ្លឺ ឬ​ពន្លឺ​ព្រះ​ចន្ទ​ភ្លឺ​ថ្លា​ល្អ គេ​អាច​លេង​នៅពេល​យប់​ក៏​បាន ។

សមាសភាព​នៃ​អ្នកលេង ល្បែង​នេះ គេ​ចែក​មនុស្ស​អ្នកលេង​ជា ២ ក្រុម ម្ខាងៗ យ៉ាង តិច​ត្រឹម ៥ នាក់ ឬ ១០ នាក់​ឡើងទៅ​តាម​ដែល​គេ​រក​គ្នា​បាន​ប៉ុន្មាន ក៏​លេង​ប៉ុណ្ណោះ តែ​តាម​ទម្លាប់​អ្នកស្រុក​បើ​មាន​មនុស្ស​ស្រី​ចូល​លេង​ផង គេ​ឲ្យ​ស្រីៗ​នៅ​ម្ខាង ប្រុសៗ ​នៅ​ម្ខាង ហើយ​គេ​យល់ថា ភេទ​ស្រី​តែង​មាន​កម្លាំង​ខ្សោយ​ជាង​បុរស គេ​តែង​ដាក់​ខាង ​ស្រី​ឲ្យមាន​ចំនួន​ច្រើន​លើ​សខាង​ប្រុស យ៉ាងតិច​ត្រឹម ២ នាក់​ជា​ដរាប គឺ​បើ​ខាង​ប្រុស
៨ នាក់ គេ​ដាក់​ខាង​ស្រី ១០ នាក់ ។​

​​គ្រឿង​ប្រដាប់​សម្រាប់​លេង គេ​យក​ខ្សែព្រ័ត្រ​ធ្វើ​ពី​ស្បែក​គោ ស្បែក​ក្របី​ធ្វើ​ជា​ព្រ័ត្រ ឬ ​គេ​យក​ពួរ​ធ្វើ​ដូង​ជា​ព្រ័ត្រ សម្រាប់​ទាញ ប្រវែង​យ៉ាងខ្លី​ពី ២០ ហត្ថ​ឡើងទៅ ទំហំ​ប៉ុនកដៃ​ក្មេង ហើយ​និង​យក​សម្កោរ ឬ​គង​ម៉ង ឬក៏​រគាំង ១ សម្រាប់​ទះ ឬ​សម្រាប់​វាយ នៅ​ពេល​ដែល​ទាញ​ដំបូង ។​

សកម្មភាព​នៃ​អ្នកលេង ដូច​ក្នុង​រូបភាព​នេះ​:

​​របៀប​លេង មុនដំបូង គេ​រើស​រក​ប្រុស​ម្នាក់ ស្រី​ម្នាក់ មាន​មាឌធំ​មាំ ស្មា​គាង កម្លាំង​ ច្រើន ឲ្យ​ជា​អ្នក​ឈរ​កាន់​ចុង​ព្រ័ត្រ គឺ​ប្រុស​កាន់​ចុង​ម្ខាង ស្រី​កាន់​ចុង​ម្ខាង ហើយ​ឲ្យ​ប្រុស​ម្នាក់​ស្រី​ម្នាក់​ទៀត​មាន​មាឌ​ធំ មាន​កម្លាំង ឈរ​កណ្ដាល​ព្រ័ត្រ ត្រង់​កន្លែង​ដែល​ពួក​ទាំង ២ ឈរ សម្រាប់​នៃ​ពួក​ខ្លួន​ឲ្យ​ខំ​ទាញ​តែ​រៀងខ្លួន ឯ​មនុស្ស​មាឌតូចៗ​ស្គមៗ ​កម្លាំង​ខ្សោយៗ គេ​ឲ្យ​ឈរ​កណ្ដាល​គេ ។ លុះ​រៀបចំ​រួចហើយ​,​គេ​ឲ្យ​មនុស្ស​ប្រុស​ម្នាក់ ​កាន់​សម្ភោរ ឬ​គង​ម៉ង ឬក៏រ​គាំង​ឈរ​ត្រង់​កណ្ដាល​ទី ជិត​អ្នក​ទាំង​ពីរ​ដែល​កាន់​ខ្សែ​ឈរ ​ប្រទល់​មុខ​គ្នា​នោះ​ផ្ដើមស្រែកឡើងថា យក្សអរ !! ឬយ៉ាងខ្លាំងៗ ធ្វើសំឡេងវែងៗ រលាក់រលៃកយ៉ាងគ្រលួច ។ ហើយអ្នកប្រុងទាញព្រ័ត្រទាំងប៉ុនា្មនជួយស្រែក​ទទួល
​ឡើងព្រមគ្នាថា ហ៊ោវ៉ឺៗ ៣ ដង ទាញប្រុងយកជ័យជំនះតែរៀងខ្លួន ។ ក្នុងពេលពួក ​អ្នកទាញព្រ័ត្រ កំពុងតែខំប្រឹងទាញ អ្នកកាន់សម្ភោរ ឬគងម៉ង់ គេចេះតែបញ្ជើតសម្ភោរ ឬគងម៉ង់ ឬក៏រគាំងរឿយៗឮសូរតាក់ទឹងៗ ឬម៉ូងៗម៉ឺងៗជាដរាប ទាល់តែឃើញចាញ់ ឃើញឈ្នះម្ខាងៗទើបឈប់បញ្ជើត ។

ពេលលេងម្ដងៗ អស់ថេរវេលាពី ៥-៦ នាទី ១០ នាទី ឡើងទៅ ទើបឃើញឈ្នះឃើញ ​ចាញ់ម្ខាងៗ ។កាលដឹងថា ខាងណាឈ្នះខាងណាចាញ់ហើយ គេចាប់ផ្ដើមលេងសារ ជា​​​ថ្មីតទៅទៀត ដរាបដល់ហត់តែរៀងៗខ្លួនទើបឈប់ ។

ល្បែងនេះ ចាក់ទុកជាការហាត់កម្លាំង ហាត់ប្រាណ​ឲ្យរាងកាយមានកម្លាំងមានសុខ ​ភាពល្អ ៕


ឯកសារ ក្រុមជំនុំទំនៀមទម្លាប់ខ្មែរ

អត្ថបទទាក់ទង