Grand News Asia Close

ចំណេះដឹងទូទៅ៖ កសិកម្មកើតឡើងដំបូងនៅឯណាខ្លះ និងចាប់ពីពេលណាមក?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី១៩ ខែធ្នូ ឆ្នាំ២០២៣ ចំណេះដឹងទូទៅ វប្បធម៌ & ប្រវត្តិសាស្រ្ដ 21032
ចំណេះដឹងទូទៅ៖ កសិកម្មកើតឡើងដំបូងនៅឯណាខ្លះ និងចាប់ពីពេលណាមក? ចំណេះដឹងទូទៅ៖ កសិកម្មកើតឡើងដំបូងនៅឯណាខ្លះ និងចាប់ពីពេលណាមក?

(ភ្នំពេញ)៖ កសិកម្ម គឺជាវិស័យទ្រទ្រង់ដ៏សំខាន់សម្រាប់ជីវភាពរស់នៅ របស់មនុស្សតាំងពីបុរាណកាលមក ដែលវាត្រូវបានអភិវឌ្ឍន៍នៅក្នុងតំបន់ផ្សេង ជុំវិញពិភពលោក ទៅតាមពេលវេលាផ្សេងៗគ្នា។ តើអ្នកដឹងទេថា កសិកម្មបានចាប់ផ្ដើមដំបូងគេនៅទីណាខ្លះ និងចាប់ពីពេលណាមក?

កសិកម្មបានចាប់ផ្ដើមឡើងដំបូងនៅប្រហែល ១៣០០០-១០០០០ ឆ្នាំមុន ដោយប្រជាជននៅតំបន់មជ្ឈិមបូព៌ាបានចាប់ផ្ដើមចេះដាំគ្រាប់ធុញ្ញជាតិ ព្រមទាំងរុក្ខជាតិហូបផ្លែផ្សេងទៀតសម្រាប់ចិញ្ចឹមជីវិតប្រចាំថ្ងៃ។ ពួកគេក៏ចាប់ផ្ដើមចិញ្ចឹមសត្វពពែ និងចៀមដើម្បីយកសាច់ និងយករោមច្នៃជាសម្លៀកបំពាក់ រហូតដល់ពួកគេចេះផ្សាំសត្វពាហនៈ សម្រាប់ជាកម្លាំងអូសទាញក្នុងការប្រកបរបរកសិកម្មនោះផងដែរ។

រហូតដល់ប្រមាណ ១១០០០ ឆ្នាំមុន ប្រជាជននៅពិភពឥណ្ឌាបានចាប់ផ្ដើមធ្វើកសិកម្មក្នុងទម្រង់ស្រដៀងទៅនឹងពួកមេសូប៉ូតាមី នៅតំបន់មជ្ឈិមបូព៌ា។

វាក៏បានបន្តសាយភាយទៅដល់ប្រជាជននៅពិភពអេហ្ស៉ីប នៅប្រមាណ ១០០០០ ឆ្នាំមុន។ ស្របពេលជាមួយគ្នានោះ ប្រជាជននៅទ្វីបអាមេរិកខាងត្បូង ពិសេសនៅត្រង់ប្រទេសម៉ិកស៉ិកបច្ចុប្បន្ន ក៏បានរៀនដាំរុក្ខជាតិគ្រាប់ និងរុក្ខជាតិហូបផ្លែនានា ដើម្បីធ្វើជាអាហារបរិភោគផងដែរ។

កសិកម្មនៅក្នុងពិភពចិនបុរាណ គឺបានចាប់ផ្ដើមឡើងនៅប្រមាណ ៧៧០០ ឆ្នាំមុន។ រហូតដល់ប្រមាណ ៣៥០០-៤០០០ ឆ្នាំមុន ទើបប្រជាជនចិនបុរាណចាប់ផ្ដើមចេះធ្វើវារីវប្បកម្មដំបូងគេ ដោយមានការចិញ្ចឹមត្រី និងដាំរុក្ខជាតិនានាដែលអាស្រ័យនឹងទឹក។

លុះដល់ប្រមាណ ៦០០០ ឆ្នាំមុន កសិកម្មក៏បានបន្តសាយភាយទៅដល់ទ្វីបអឺរ៉ុប ពិសេសគឺនៅក្នុងពិភពក្រិកបុរាណ។

រីឯនៅតំបន់អាស៉ីអាគ្នេយ៍យើងនេះវិញ មនុស្សបានចាប់ផ្ដើមដាំដំណាំស្រូវ ដើម្បីយកមកចម្អិនឱ្យក្លាយជាបាយសម្រាប់បរិភោគប្រចាំថ្ងៃ ដែលវាបានកើតឡើងនៅប្រមាណ ៥៥០០ ឆ្នាំមុនគ្រិស្ដសករាជ។

យូរៗទៅ ប្រជាជននៅតាមតំបន់ទាំងនោះក៏បានវិវឌ្ឍពីការងារកសិកម្មតូចតាចមកជារបរកសិកម្មធំៗ ដោយពួកគេបានបង្កើតឱ្យមានកសិដ្ឋានដាំដំណាំ និងចិញ្ចឹមសត្វជាដើម ដើម្បីផ្គត់ផ្គង់ទៅដល់គ្រួសារដទៃទៀត ឬដោះដូរយកវត្ថុអ្វីផ្សេងមកវិញ។

ជាការពិតណាស់ ការបង្កើតកសិដ្ឋាន គឺជាការត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍសង្គមសម័យទំនើប។ មនុស្សសម័យបុរេប្រវត្តិបានចាប់ផ្ដើមផលិតស្បៀងគ្រប់គ្រាន់ ដើម្បីផ្ដត់ផ្គង់ភូមិដ្ឋានធំៗ ហើយភូមិកសិដ្ឋានធំៗទាំងនោះ ក្រោយមក ក៏បានអភិវឌ្ឍទៅជាទីក្រុងដំបូង ពោលគឺកើតមានមុនរបបរាជានិយមនៅលើពិភពលោកយើងនេះទៅទៀត៕ ប្រភព៖ Fresh News

អត្ថបទទាក់ទង