Grand News Asia Close

២- ល្បែងប្រជាប្រិយខ្មែរ | ល្បែងចោលឈូង |

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី៥ ខែមេសា ឆ្នាំ២០២៣ បច្ចេកវិទ្យា & ប្លែកៗ វប្បធម៌ & ប្រវត្តិសាស្រ្ដ 115
២- ល្បែងប្រជាប្រិយខ្មែរ | ល្បែងចោលឈូង | ២- ល្បែងប្រជាប្រិយខ្មែរ | ល្បែងចោលឈូង |

ល្បែង​ឈូងឬ ល្បែងចោឈូង ជាល្បែង​មួយយ៉ាង​របស់​មនុស្ស​កម្លោះ​ក្រមុំ​ ឬ មនុស្ស​ចំណាស់​ៗ​ប្រុស​ស្រីទូទាំង​កម្ពុជរដ្ឋ គេតែង​លេង​នៅវេលា​យប់​ខែភ្លឺ​ក្នុង​រដូវ​ចូល​ឆ្នាំថ្មី (ខែចេត្រ​-ពិសាខ​)។ គេ​ចែក​គ្នា​ជា ២ ពួក​ ប្រុស​ ១ ពួក, ស្រី ១​ ពួក។ ក្នុង​ ១​ ពួកៗ មានគ្នា​ចំនួន​ពី​ ១០នាក់ ឬ ២០នាក់​ឡើងទៅ ឈរត្រៀម​ជា​ ២ ជួរ ទល់មុខ​គ្នា ឃ្លាតពី​គ្នាប្រមាណជា ៨ ឬ ១០ ម៉ែត្រ។ គេយក​ក្រមា​ឬ​កន្សែង​មក​ឆ្មូល​ឲ្យ​មូល​ចង​រឹត​ឲ្យ​តឹង​ណែន​ល្អ ទុក​ឲ្យ​មាន​កន្ទុយ​បន្តិច​ហៅ​ថា​ «ឈូង» សម្រាប់​កាន់​បោះឬ​ចោល​ទៅមក​រក​គ្នា។
សកម្មភាព​របស់​អ្នក​លេង​ដូច​រូប​៖

ឈូង​មាន​ ២ បែប៖
១-ឈូង​ច្រៀង​រាំ
២-ឈូង​លោះខ្ញុំ

១-ឈូង​ច្រៀង​រាំ មុនដំបូងពួក​ខាង​ប្រុស​បោះ​ឈូង​ទៅ​ឲ្យ​ពួក​ខាង​ស្រី​, ពួក​ខាង​ស្រី​ប្រុង​ចាប់​កុំ​ឲ្យ​ធ្លាក់​ដល់​ដី​ បើ​ធ្លាក់​ដល់​ដី គេ​ចាត់​ជា​ស្អុយ ហើយ​គេ​ផ្តើម​បោះ​ទៅឲ្យ​ខាង​ប្រុស​វិញ, ពួក​ខាង​ប្រុស​ប្រុង​ចាប់​កុំ​ឲ្យ​ធ្លាក់​ដល់​ដី​។​កាល​ចាប់​បាន​ហើយ​ ចោល​សំដៅ​ទៅ​ពួក​ខាង​ស្រី គឺ​សំដៅ​នាង​ណា​ដែល​ខ្លួន​ស្ម័គ្រ បើ​ចោល​ខុស​គេ​ចាត់​ជា​ស្អុយ​រួច​គេ​ចាប់​ផ្តើម​បោះ​ជាថ្មី​ទៀត​ បើ​ចោល​ត្រូវ​ស្រីណា​ហើយ​ ស្រី​នោះ​ច្រៀង​រាំ​យក​ឈូង​ទៅ​ជូន​ខាង​ប្រុស​ហៅថា​ច្រៀង​រាំ​ជូន​ឈូង។ របៀប​ច្រៀង​រាំ​នោះ ម្នាក់​កាន់​ឈូង​នាំ​មុខ​ ម្នាក់​ដែទទេ​រាំ​តាម​ក្រោយ​ហើយ​ច្រៀង​ជា​ទំនុក​ថា​ «ប្អូន​ចាប់​ឈូង​បាន​ ឈូង​បែក​ជា​បួន​ ព្រលឹង​ប្រុស​ស្ងួន ទទួល​ឈូង​ទៅ»។ ពួក​ស្រីៗ​ក្រៅ​ពី​នោះ​គ្រប់​គ្នា​ទទួល​ថា ​«​ឱណា​កែវ​កែវ​ពីអា ឱណា​កែវ​អឺយ អឺអឺង​អឺយ!» រួច​ហើយ​ហុច​ឈូង​នោះ​ទៅ​ឲ្យ​ប្រុសៗ​ទទួល​យក ហើយ​ក៏​ផ្តើម​បោះ​ឈូង​នោះ​ទៅ​ឲ្យ​ពួក​ខាង​ស្រី​ចាប់​វិញ។
បើពួក​ស្រី​ចាប់​ឈូង​បាន​ក៏​ចោល​ឈូង​សំដៅ​ទៅ​ពួក​ប្រុស​បើ​ចោល​ត្រូវ​ប្រុស​ណា ប្រុស​នោះ​ត្រូវ​រាំ​នាំ​ឈូង​ទៅ​ជូន​ស្រី​ ដោយ​ច្រៀង​ជា​ទំនុក​ថា​ «បង​ចាប់​ឈូង​បាន បង​បី​ត្រកង​ ព្រលឹង​មាស​បង​ ទទួល​ឈូងទៅ​» ។​ ពួក​ប្រុស​ៗ​គ្រប់​គ្នា​ទទួល​បន្ទរថា​ «ឱណាកែវ​កែវ​ពីអា ឱណាកែវ​អឺយ អឺអឺង​អឺយ !» ហើយ​ក៏ហុច​ឈូង​នោះ​ទៅ​ឲ្យ​ពួក​ស្រីៗ​ទទួល​យក​ ទើប​ផ្តើម​បោះ​តទៅ​ទៀត។
២-ឈូង​លោះ​ខ្ញុំ ដើម​ដំ​បូង​ខាង​ប្រុស​គេ​ផ្តើម​ច្រៀង​ ១ ទំនុក​ជា​មុន​។ ឯទំនុក​ច្រៀង​ឈូង​មាន​ច្រើន​បែប​ប្លែកៗ​ទៅតាម​ប្រាជ្ញា​របស់​អ្នក​នាំ​ច្រៀង​និង​តាម​ស្រុក។ ទីនេះស្រង់​យក​តែទំនុក​ធម្មតា​ដែល​អ្នក​លេង​ឈូង​គ្រប់​ស្រុក​គេ​តែង​ច្រៀង​គ្រប់​គ្នា​ថា៖ «បង​បោះ​ឈូង​ទៅ អូន​អើយ​កំពស់​ចុង​ដូង (ស្ទួន) ក្រមុំ​ឈរ​ច្រូង អូន​អើយ​ទទួល​ឈូង​បង» ឬថា «​បង​បោះ​ឈូង​ទៅ ឈូង​បែក​ជា​បួន ស្រី​ណា​មាន​ខ្លួន ទទួល​ឈូង​បង» ។ល។ ច្រៀង​ហើយ​គេ​ស្រែក​ប្រាប់​ថា​«ឈូង​អើយ ឈូង!» ហើយ​អ្នក​ផ្តើម​ទំនុក​ក៏បោះ​ឈូង​ទៅ​លើ​ពួក​ស្រីៗ​ ឲ្យ​ពួក​ស្រីៗ​ចាប់​។​ខាង​ស្រី​ចាប់​ឈូង​បាន​ គេ​ចោល​សំដៅ​ទៅ​រក​ប្រុស​ណា​ដែល​ត្រូវ​ចិត្ត​​ បើ​ចោល​ទៅ​ត្រូវ​ប្រុស​ណា​គេ​ទៅ​ចាប់​យក​ប្រុស​នោះមក​ទុក​ខាង​ពួកគេ។​ បើ​ចោល​មិន​ត្រូវ​ទេ​ ខាង​ប្រុស​គេ​ចាប់​ឈូង​នោះ​ចោល​សំដៅ​មក​រក​ស្រី​ណា​ដែល​គេ​ស្ម័គ្រ បើ​ខាង​ប្រុស​ចោល​មក​ត្រូវ​ខាង​ស្រី​ហើយ ប្រុស​ម្នាក់​ដែល​ស្រី​ចាប់​យក​ទៅ​លើក​មុន​នោះ ត្រូវ​បាន​រួច​ខ្លួន បើ​ប្រុស​​ចោល​មិន​ត្រូ​វ​ស្រី​វិញ​ទេ​ ប្រុស​ម្នាក់​នោះ​ត្រូវ​ខាង​ស្រីដដែល។ បើ​ខាង​ណា​ប៉ិន​ប្រសប់​គេ​ចោល​យក​ខាង​ម្ខាង​ទាល់​តែ​អស់។ កាល​ណា​អស់​គ្នា​ហើយ​គេ​ផ្តើម​លេង​សា​ជា​ថ្មី ដោយ​ឲ្យ​ខាង​ស្រី​បោះ​ឈូង​ទៅ​ឲ្យ​ខាង​ប្រុស​មុន​វិញ។ មុន​នឹង​ស្រីៗ​បោះ​ឈូងទៅ​ឲ្យ​ប្រុស​គេស្រែក​ច្រៀង​ថា «អូនបោះ​ឈូង​ទៅ បង​អើយ កំពស់​ចុង​ស្លា ប្រុស​ឈរ​ត្រៀប​ត្រា បងអើយ​ទទួល​ឈូង​ប្អូន» ។ល។ ច្រៀង​ហើយ​គេ​ស្រែក​ថា «ឈូង​អឺយ ឈូង !» ហើយ​គេ​បោះ​ឈូង​ទៅ​លើ​ពួក​ប្រុសៗ។
ឯ​ខាង​ប្រុស​បើ​គេចាប់​ឈូង​ខាង​ស្រី​បាន​ហើយ​ គេ​ចោល​ឈូង​នោះ​សំដៅ​ទៅ​ស្រី​ៗ កាល​ត្រូវ​លើ​ស្រីណា​ម្នាក់​គេ​ចាប់​យក​ស្រីនោះ​មក​ទុកខាង​គេ។ បើ​ខាង​ណា​អស់​មនុស្ស​ គេ​ចែក​គ្នា​លេង​សា​ជា​ថ្មី។
មនុស្ស​ដែល​គេ​ចាប់​បាន​នោះ​ជួន​កាល​គេ​ចងមុខ​ឲ្យ​ជិត លែង​ឲ្យ​រត់​ទៅ​កាន់​ទី​ផ្សេងៗ ជា​ការ​កំសាន្តសប្បាយ។
របៀប​លេង​បែបទី​២ នេះជួន​កាល​អ្នក​លេង​ គេច្រូត​កាត់មិន​បាច់​ច្រៀង​ ស្រាប់​តែ​ចោល​តែ​ម្តង​ក៏​មាន។
ល្បែង​នេះ​រាប់​ចូល​ក្នុង​ពួកការហាត់​ភ្នែក​ឲ្យ​វៃ​ហាត់​ដែ​ឲ្យ​ត្រង់​ផង​ ជា​ការ​កំសាន្ត​សប្បាយ ដោយ​មាន​ការ​រាំ​ច្រៀង​លាយ​ជាមួយ​ផង។

ដក​ស្រង់​ចេញពី​សៀវ​ភៅ «ល្បែងប្រជាប្រិយខ្មែរ» បោះពុម្ភ​លើក​ដំបូងដោយ ពុទ្ធ​សាសនបណ្ឌិត្យ ឆ្នាំ១៩៦៤។

អត្ថបទទាក់ទង