Grand News Asia Close

ប្រវត្តិ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសៅរ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ចំណេះដឹងទូទៅ វប្បធម៌ & ប្រវត្តិសាស្រ្ដ 941
ប្រវត្តិ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ប្រវត្តិ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក

បុណ្យអុំទូក គឺជាពិធីបុណ្យ​ជាតិដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ដែលកំណត់យក ជាថ្ងៃឈប់សំរាករបស់ពលរដ្ឋកម្ពុជាចំនួន ៣ថ្ងៃ ដែលគិតចាប់ពី អំឡុងខែវិច្ឆិកា និងពេលខ្លះធ្លាក់មកនៅចុងខែតុលា ដែលរាប់តាមប្រតិទិន នៃឆ្នាំចន្ទគតិ ។

បុណ្យអុំទូក ត្រូវបានគេឱ្យនិយមន័យថា ជាបុណ្យសន្តៈរដូវ (រដូវរំហើយ) ឬ ទិវាវិស្សមកាល (Seasonal Holidays) ដែលស្រដៀងគ្នាទៅនិង ពិធីបុណ្យសែនព្រះខែ (អង់គ្លេស: Moon Festival) នៃបណ្ដាលប្រទេសមួយចំនួនដូចជា ៖ វៀតណាម ចិន តៃវ៉ាន់ កូរ៉េខាងត្បូង និង ជប៉ុន ជាដើមដែលត្រូវបានគេហៅថា “ពិធីបុណ្យ ពាក់កណ្តាលរដូវស្លឹកឈើជ្រុះ” (អង់គ្លេស: The Mid-Autumn Festival)

៣ថ្ងៃ នៃពិធីបុណ្យអុំទូក

ពិធីបុណ្យអុំទូក មានរយៈពេល ៣ថ្ងៃ ដោយថ្ងៃទី១ ជាថ្ងៃបើកកិច្ចប្រណាំងទូក​ ស្ថាប័នព្រះមហាក្ស័ត្រ ត្រូវរៀបចំទូកព្រះទីនាំងនឹមរាជ្យ ចំនួន២ ដាក់ឲ្យទន្ទឹមគ្នា ដើម្បីធ្វើជាទីព្រ័ត ដោយកំណត់យកម៉ោង ១១:០០ នាទីព្រឹក ជាកិច្ចចាប់ផ្ដើមប្រណាំងទូក ដែលមានទូកប្រណាំងរាប់រយ មកពី២៥ ខេត្តក្រុង ទូទាំងប្រទេសកម្ពុជា មកប្រណាំងប្រជែងដើម្បីទទួលបានជ័យលាភីនេះ លុះក្រោយពេលដែលកម្មវិធីប្រណាំងទូកប្រព្រឹត្តទៅដល់បញ្ចប់នាពេលល្ងាច គេមានការបណ្ដែតប្រទីបធំៗនៅម៉ោង ៦:០០ នាទីល្ងាច ដែលមានប្រទីបតំណាងឲ្យស្ថាប័នជាតិ ទាំង ៣០ ចូលរួម ដើម្បីបួងសួងសុំសេចក្ដីសុខពី “ព្រះម៉ែគង្គា” (អង់គ្លេស: Goddess Ganga) និង សូមពរជ័យពីពពួកនាគ និង ថ្ងៃទី២ ក្រោយបញ្ចប់ការបណ្ដែតប្រទីប វេលាម៉ោង ៩:០០ នាទីយប់គេមានរៀបចំកិច្ចពិធី អកអំបុក រហូតដល់ វេលាម៉ោង ១២:០០ រំលងអាធ្រាត្រ ជាកិច្ចសំពះព្រះខែ ពលរដ្ឋ​ជាច្រើនរយនាក់ និងដើរជាមួយនិងចង្កៀងគោមចំរុះពណ៌របស់ពួកគេ ដើម្បីបង្អួតគ្នា ក្រោមពន្លឺព្រះច័ន្ទពេញវង់ដ៏ស្រស់ស្អាត ថ្ងៃទី៣ ចុងក្រោយ ពិធីប្រណាំងទូកនិងបញ្ចប់នៅម៉ោង ៥:០០ នាទីល្ងាច ជាមួយនិងកិច្ចពិធីកាត់ខ្សែរព្រ័ត្យ ទូកប្រណាំងទាំងអស់ និងត្រូវយកមកដង្ហែរឡើងវិញដើម្បីកាត់ខ្សែរព្រ័ត្យ បិទបញ្ចប់ពិធីបុណ្យអុំទូក ។

ពិធីបណ្ដែតប្រទីប

Bondet Bratib or Lantern floating of Cambodia.

ពិធីបណ្ដែតប្រទីប ឬ បណ្ដែតគោម ជាកិច្ចពិធីមួយដែលមានក្នុងឯកសារមហាបុរសខ្មែរ ឆ្នាំ ១៩២៨ ផែនដី ព្រះចន្ទរាជា គ.សករាជ ១៥២២ ក្រោយព្រះអង្គឈ្នះសង្គ្រាមស្ដេចកន នាបន្ទាយចតុមុខ ព្រះអង្គបានប្រារព្ធពិធីនេះឡើង ដើម្បីដឹងគុណដល់ព្រះម៉ែគង្គា (Goddess Ganga) ម្ដាយនៃការបង្កើតប្រភពទឹក (Mother of water source creation) ដើម្បីជាកិច្ចសុំខមាលទោសផង និង បន់ស្រន់សូមកុំឱ្យមានទឹកជំនន់នៅតំបន់នេះទៀត ។[៣] “ព្រះម៉ែគង្គា” ដែលមានព្រះហស្ថ (ដៃ) កាន់ផ្កាឈូក និង ក្អមទឹក មានយាន្តជំនិះ ជាសត្វទឹក មកករ ត្រីរាជ ក្រពើ អណ្តើក .ល។ គង្គា មកពីពាក្យ ទន្លេនៅឥណ្ឌាឈ្មោះថា កាំងកា (Ganga river) ជាទន្លេ ពិសិដ្ឋ នៃ គ្រប់ជំនឿសាសនាទាំងអស់នៅ ឥណ្ឌា ជាពិសេស ពួកហិណ្ឌូ ទោះបី ពុំមានទន្លេ (Ganga) នៅខ្មែរ តែព្រះម៉ែគង្គា នៅតែជាព្រះម៉ែថែរក្សាទឹកទាំងអស់ដូចជា សមុទ្រ ទន្លេ ស្ទឹង ព្រែក បឹង ដែលជាប្រភពទឹកនៃការចិញ្ចឹបបីបាច់ដល់មនុស្សសត្វទាំងពួង និង ការហូរនាំនូវដីល្បាប់និង ភោគផលត្រីជាដើម ។ ខ្មែរក៏មានទន្លេដពិសិដ្ឋមួយដែរ ដែលមានលក្ខណះជា ជ័យភូមិហិណ្ឌូ គឺ ទន្លេសាប ការស្រលាញ់ និង គោរពនូវធម្មជាតិ ជាមាតា និងថែរក្សា មាតាខ្លួន ប្រកបដោយ ការដឹងគុណ និង ខមាលទោស ប្រជាជនខ្មែរតែងតែ ធ្វើនូវកូនប្រទីបតូចៗបណ្ដែត ដើម្បីជាការដឹងគុណដល់ព្រះម៉ែគង្គាផង និងដើម្បីជាការបួងសួងផង ដែល​បាន​ផ្ដល់​នូវ​សេចក្ដី​សុខ​សប្បាយ​ ភោគ​ផល​ក្នុង​ការ​នេសាទត្រី ដែលជារបរ​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ ។[៤]

អត្ថន័យផ្សេងទៀត

Buddhist Lantern floating of Cambodia, Dedicated to Bodhisattva

ពិធីបណ្ដែតប្រទីប របស់កម្ពុជាដូចគ្នាទៅនិងពិធីបុណ្យគោម នៃបណ្ដាលប្រទេសមួយចំនួនដូចជា៖​ វៀតណាម ចិន តៃវ៉ាន់ កូរ៉េខាងត្បូង ឡាវ ជប៉ុន និងដូចគ្នា ទៅនិង ពិធី “Ganga puja” or “Ganga Dussehra​” របស់ឥណ្ឌា ដែលប្រារព្ធដើម្បីដឹងគុណដល់ព្រះម៉ែគង្គា ឬ (Goddess Ganga) ដែលធ្វើឡើងជារៀងរាល់ឆ្នាំ​។ ការបណ្ដែតប្រទីបរបស់កម្ពុជា ក្នុងអត្ថន័យផ្សេងទៀត របស់ពុទ្ធសាសនិកកម្ពុជា គឺជាការឧទ្ទិសដល់ ពុទ្ធសាសនាដែលមានរៀបរាប់ក្នុងគម្ពីរ ទាថាវង្ស ភាសាបាលីមានចែងថា ព្រះចង្កូមកែវទាំង៤ នៃព្រះសម្មាសម្ពុទ្ធ បានប្រតិស្ថាននៅទីទាំង៤ គឺ៖

នៅ ត្រៃត្រឹង្សសួគ៌ (Trāyastriṃśa)​ ឋានសួគ៌នៃទេវតាទាំង ៣៣ពួក
នៅ ពិភពនាគ (Naga World)​
នៅ កាន្ធី (Kandy) ស្រីលង្កា
នៅ ទន្តៈបុរី (Dantapuri) ឥណ្ឌា

ភាណវារៈបាលី ត្រង់ពុទ្ធនមក្កាគាថា មានចែងថា ស្នាមព្រះបាទ ព្រះសម្មាសម្ពុទ្ធប្រតិស្ថាននៅទីតាំង ៥ គឺៈ

ទី១ – នៅសុវណ្ណមាលិកបរពត
ទី២ – នៅសុវណ្ណបរពត
ទី៣ – នៅសុមនកូដបរពត
ទី៤ – នៅយោនកបុរី
ទី៥ – នៅស្ទឹងនម្មទា

ពាក្យសរសើរព្រះបាទ “យស្សបាទេ” ទាំងបាលី ទាំងសម្រាយមានចែងថា ព្រះបាទនៃព្រះសម្មាសម្ពុទ្ធប្រតិស្ថាននៅទីតាំង ៥ដូចក្នុងភាណរៈដែរ ។ ដោយហេតុមានគម្ពីរដីការជាប្រភពយ៉ាងនេះ បានជាពុទ្ធបរិស័ទខេមរជាតិតែងធ្វើពិធីបណ្តែតប្រទីប នៅយប់ពេញបូណ៌មីខែអស្សុជ ដែលក្រោយមកគេប្រារព្ធពិធីបណ្តែតប្រទីបនៅយប់ ១៤-១៥កើត និង ១រោជ ខែកត្តិក បូជាចំពោះចង្កូមកែវនៅពិភពនាគព្រះពុទ្ធបាទនៅស្ទឹងនម្មទា និងនៅទីឯទៀតដូចពោលខាងលើ ហើយដោយជឿថា ជាការកុសលយ៉ាងធំបានផលយ៉ាងប្រសើរដើម្បីសុខចំរើន រុងរឿងដល់ខ្លួន ដល់ប្រជាជន និងដល់ប្រទេសជាតិ ។[៥]

បណ្ដែតប្រទីប ខុសគ្នាពី លយកន្ទោង

Cambodia Loy Bratib mural art of Angkor period record from Chinese Ambassador Zhou Daguan 1296 AD.

យោងតាមវចនានុក្រម របស់សម្ដេចសង្ឃរាជ ជួន ណាត​ បោះពុម្ពផ្សាយ​ជាផ្លូវការណ៍ ឆ្នាំ ១៩៩៣ ពាក្យ ប្រទីប ( ន. ) ( សំ., បា. ) (បទីប) គោម, ចង្កៀង ។ ខ្មែរ​យើង​ហៅ​តែ​ចង្កៀង​តូច​ៗ​ដែល​ឥត​កែវ​លំផូង : អុជ​ប្រទីប, ពន្លឺ​ប្រទីប​ប្លុង​ៗ ។ ប្រដាប់​ធ្វើ​ជា​គ្រោង ឬ​ជា​រូប​ផ្សេង​ៗ ដាក់​លើ​ទូក​លាត​ឬ​លើ​ក្បូន អុជ​បំភ្លឺ​ព្រោងព្រាត​បណ្ដែត​លើ​ទឹក : បណ្ដែត​ប្រទីប ។ – ប្រទីប​ជ្វាលា ប្រទីប​ច្រើន​ដែល​ដាក់​រាយ​ជា​ជួរ​ជា​សង្កាត់​នៅ​ស៊ុម​ឬ​នៅ​ប្រទាស​បញ្ឈរ អុជ​ភ្លឺ​រុងរឿង​ក្នុង​ការ​ធ្វើ​បុណ្យ​ជាដើម (ម. ព. ជ្វាលា>ជ្វាលា ផង) ។[៦] លយប្រទីប គឺជាការបណ្ដែតគោម (Floating Lantern) ដោយមិនមានកែវលំផូង ដែលខុសពីការ លយកន្ទោង ទាំងស្រុង ដោយប្រការយល់ខុស របស់ពលរដ្ឋ​កម្ពុជា​មួយចំនួន ដែលទទួលរងនូវវប្បធម៌ ពីប្រទេសដ៏ទៃ តែងនាំវប្បធម៌របស់កម្ពុជាច្របល់ និង ជាតិសាសន៍ដទៃ ម្ដងហើយម្ដងទៀត សូមពលរដ្ឋកម្ពុជាមួយចំនួនបោះបង់នូវប្រការយល់ច្រឡំនេះ ។​

ដូចនេះ​ ការធ្វើប្រទីប ពីក្រដាស ហើយរលាយនូវរយៈពេលឆាប់រហ័ស មិនមានការប៉ះពាល់ទៅដល់បរិស្ថានទឹកនោះទេ ពលរដ្ឋ​កម្ពុជាមួយចំនួន គួរងាកមកធ្វើកូនប្រទីបអំពីក្រដាសវិញ ។​

យោងតាមកំណត់ត្រា របស់លោក ចូវតាក្វាន់ (អង់គ្លេស: Zhou Daguan) មកដល់ចក្រភពអង្គរក្នុងឆ្នាំ ១២៩៦ នៃគ.សរាជ លោកបានកត់ត្រា ពិធីបណ្ដែតគោមរបស់កម្ពុជា ថាអ្នកស្រុកទីនេះ គេ​យក​ខែទី១០ របស់​ចិន​​ធ្វើ​ជាខែទី១១ ហើយខែនោះ​មាន​ឈ្មោះថា (កក្ដិក) នៅពីមុខវាំងគេសង់វេទិការ​មួយ​ យ៉ាងធំ ​ដែល​អាចដាក់​បាន​មនុស្ស​មួយ​ពាន់នាក់​ ហើយគេចងប្រទីបជ្វាលា ​និង​ផ្កាផ្ញីជាដើម លំអនៅលើក្បូននោះ ដូចនេះពិធីលយប្រទីប ឬ បណ្ដែតគោម (Floating Lantern) មានតាំងពីសម័យអង្គរមកម៉្លេះ ។[៧] [៨]

ជនជាតិកម្ពុជា តែងតែធ្វើកិច្ចពិធី អណ្តែត​ប្រទីប​ដល់​ព្រះម៉ែគង្គា និង ការចេញវស្សា ក្នុងអំឡុងខែវិច្ឆិកាដើម្បីជាកិច្ចបូជា ដល់ព្រះចង្កូមកែវ របស់ព្រះពុទ្ធបរមគ្រូ និងជាការដឹងព្រះគុណ ដល់ព្រះម៉ែគង្គា ក្នុងការផ្ដល់នូវប្រភពទឹកសម្រាប់ការប្រើប្រាស ​រីឯប្រទីបផ្កាឈូកតំណាងឱ្យកំណើតរបស់ព្រះម៉ែគង្គា ដោយសារតែព្រះបាតជើងរបស់ព្រះវិស្ណុ បានឈានប៉ះនឹងស្រទាប់មេឃា ហើយបង្កើតបានជាដំណក់ទឹកលើកដំបូងដែលធ្លាក់មកជាដួងកែវជីវិត ឃើញដូចនេះ ព្រះព្រហ្ម ក៏យកដួងកែវជីវិតនេះមករក្សាទុកក្នុងស្រទាប់ផ្កាឈូក ហើយបានផ្តល់កំណើតដល់គង្គា។[៩]

លយកន្ទោង មិនមែនជាប្រទីប

Bondet Bratib different Loy Krathong, Floating the same meanning but Floating Diffrent Culture Style.

ក្រុមបុរាណាចារ្យ មិនខ្វល់ថាអស់លោកយកប្រភពស្រពិចស្រពិលណាមួយមកទេ ការលយកន្ទោងស្លឹកក្នុងកិច្ចពិធីចេញព្រះវស្សា និង ក្នុងកិច្ចពិធីបុណ្យអុំទូក មិនមែនជាប្រពៃណីទំនៀមទម្លាប់ខ្មែរឡើយ នៅក្នុងកំណត់ត្រាប្រទេសចិន កម្ពុជាបានបង្កើតបណ្ណាល័យសម្រាប់រក្សាទុកនៅសៀវភៅ មានតាំងពី ស.វទី៧ មកម្ល៉េះនៃអាណាចក្រចេនឡា ដូចនេះប្រាកដណាស់ ការបណ្ដែតគោមមិនធ្វើពីស្លឹករុក្ខជាតិដូចបណ្ឌិតជំនាន់ក្រោយនឹកឃើញនោះទេ យើងក្រឡេកទៅមើលការបង្កើតក្រដាស ត្រូវបានរកឃើញនៅប្រទេសចិន ក្នុងអំឡុងស.វទី៥ នៃគ.សករាជ ដូចនេះរយៈពេល ២០០ឆ្នាំ នៃការដោះដូរទំនេញរវាងចិន និង កម្ពុជា ពិតណាស់ឥទ្ធិពលនៃការផ្លាសប្ដូរវប្បធម៌ក៏និងកើតមានដូចគ្នា សូមធ្វើការច្រានចោលទាំងស្រុងរាល់ជនទាំងឡាយណាដែលយក ការលយកន្ទោងស្លឹក របស់ជាតិសាសន៍ដ៏ទៃមកច្របល់ក្នុងវប្បធម៌ទំនៀមទម្លាប់ខ្មែរ ក្រុមបុរាណាចារ្យសូមលើកទឹកចិត្តឱ្យមានការបណ្ដែតគោមជំនួសឱ្យការលយកន្ទោង ។ តើអ្នកដឹងទេ កន្ទោងបាយសី ជនជាតិខ្មែរបុរាណតែងតែកាច់ថ្វាយដល់ព្រះពោធិសត្វ (Bodhisattva) និងបានយកទៅដាក់នៅលើជើងពានផ្សេងៗ ក្នុងកិច្ចពិធីសែនព្រះខែ ជនជាតិខ្មែរមួយចំនួនដែលមានការយល់ខុស តែងយកទំនៀមសាសន៍ដ៏ទៃ នៃការយកកន្ទោងស្លឹកមកបណ្ដែតច្របល់និង ពិធីបណ្ដែតប្រទីបរបស់ខ្មែរម្ដងហើយម្ដងទៀត សូមបញ្ឈប់រាល់ទង្វើរទាំងឡាយណា ដែលឈានដល់ការបំផ្លាញ វប្បធម៌ទំនៀមទម្លាប់ជាតិកម្ពុជា ដូនតាខ្មែរបានប្រឹងប្រែងបែងចែកនូវវប្បធម៌រវាងជាតិសាសន៍ខ្មែរ និង ជាតិសាសន៍សៀម ឱ្យខុសប្លែកពីរចនាបថគ្នា ដែហៅថាស្តាយ (Style) ដែលមានន័យថា វប្បធម៌ស្រដៀងគ្នា តែមិនដូចគ្នាឡើយ ដើម្បីសម្គាល់នូវអត្តសញ្ញាណវប្បធម៌ជាតិរបស់ខ្លួន ផ្ទុយទៅវិញជនអគតិមួយចំនួន បានព្យាយាមយកវប្បធម៌កម្ពុជាទៅច្របល់បញ្ចូលគ្នាជាមួយជាតិសាសន៍ដទៃម្ដងហើយម្ដងទៀត តាមការយល់ឃើញដ៏ល្ងិតល្ងង់របស់ពួកគេ បញ្ចាក់ ខ្មែរពីបុរាណតែងតែបណ្ដែតប្រទីប ឬ បណ្ដែតគោម ដែលធ្វើអំពីក្រដាសឈើស្មាច់ជាមួយ និង បន្ទះឬស្សី ឬ ដើមចេក ។

ការចូលរួម

Cambodia Bondet Bratib at Takeo Province.

ការបណ្ដែតប្រទីប ឬ បណ្ដែតគោម របស់ប្រជាជនខ្មែរគឺបានមកពីជំនឿសាសនាចំនួនពីរ គឺ ព្រហ្មញ្ញសាសនា និង ពុទ្ធសាសនា ដែលមានជាទេវកថាតំណាលក្នុងក្រាំងគម្ពីរផងដែរ ប៉ុន្តែជាអកុសលប្រទេសកម្ពុជាបានជួបប្រទះនិងសង្គ្រាមផ្ទៃក្នុងអស់រយៈពេល ២៨ ឆ្នាំ ដែលរាប់ចាប់តាំងពីសម័យខ្មែរក្រហម ឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៩៨ ដែលធ្វើឱ្យកំណត់ត្រាមួយចំនួនធំត្រូវបានបាត់បង់ នៅសល់តែការនិទានតគ្នា ពីចាស់ព្រឹទ្ធាចារ្យដែលរស់រានមានជីវិតប៉ុនណោះ ដែលបាននិទានបន្តគ្នាពីមួយជំនាន់ទៅមួយជំនាន់ ។ បើទោះជាខ្មែរបុរាណបានទទួលយក ឥទ្ធិពលសាសនាព្រហ្មញ្ញមកយ៉ាងណាក្ដី ក៏អ្នកប្រាជ្ញខ្មែរបុរាណបានធ្វើការប្រែសម្រួលនៅទេវកថាទាំងអស់នោះឱ្យទៅជាបែបផែនរបស់ខ្មែរផងដែរ ដែលហៅ (Version Khmer) កំណើតរបស់ព្រះម៉ែគង្គា នៅក្នុងទេវកថា របស់ព្រហ្មញ្ញសាសនា ដែលកម្ពុជាបាននិទានខុសប្លែកពីឥណ្ឌាមួយចំនួនផងដែរ ។ ទេវៈកថាកម្ពុជា មានតំណាលពី ស្ដេចស្វាមួយឈ្មោះ ពាលី បានវាយដណ្ដើមឋានសួគ៌របស់ព្រះឥន្ទ្រ ដូចនេះហើយ ទើបទេវតា ទាំងអស់បានសុំយាង ព្រះនរាយណ៍ ឱ្យមកជួយ ដោយ ព្រះនរាយណ៍ បានក្រឡាខ្លួននិមិត្មកាយជាសមណៈព្រាហ្មណ៍ ដែលមានរូបរាងទាបកន្តឿ ឈ្មោះ វាមន និងបានទៅសុំដី ៣ជំហ៊ាន ពីស្ដេចស្វាឈ្មោះ ពាលី ស្ដេចស្វាពាលី ដោយសេចក្ដីអំនួត នោះក៏យល់ព្រម ក្រោយមក វាមន បានពង្រីកកាយខ្ពស់ធំឡើងៗ មួយជំហ៊ានឈានយកឋានបាតាល់ របស់ស្វាពាលី ជំហ៊ានទី២ ឈានយកឋានសួគ៌ ក៏ប៉ះនិងស្រទាប់មេឃា បង្កើតបានជាតំណក់ទឹកមួយធ្លាក់ចុះមក ដែលមានជាដួងកែវជីវិត ព្រះព្រហ្ម ឃើញដូចនេះ បានយកទឹកនៃដួងកែវជីវិតនេះទៅរក្សាទុកក្នុងស្រទាប់ផ្កាឈូក ហើយបានផ្ដល់ជាកំណើតដល់នាងគង្គា ។ ចំណែកឯស្វាពាលីដែលដឹងថា សមណៈព្រាហ្មណ៍ គឺជាព្រះនរាយណ៍ ទើបពាលី សុំទូលបាតជើងព្រះនរាយណ៍នៃជំហ៊ានទី៣ ជាការដឹងខុស និងសូមឱ្យព្រះនរាយណ៍អភ័យទោសដល់រូបគេ ។ តំណាលទេវកថា វគ្គទី២ តំណាលពីស្ដេចនាគ ឈ្មោះវីរៈតា បានខឹងនិងមនុស្សលោក ថាខ្លួនជាអ្នកបង្អុលទឹកភ្លៀងចុះមកសោះប៉ុន្តែបែរជាមនុស្សលោកទៅគោរពបន់ស្រន់ សែនព្រេនដល់ពួកទេវតាទៅវិញ ដោយសេចក្ដីខឹង ស្ដេចនាគវីរៈតា មិនបង្អុលទឹកភ្លៀងដល់មនុស្សលោកនោះទេ ជម្ពូទ្វីបមនុស្សលោក បានកើតការរាំងស្ងួតជាបន្តបន្ទាប់ មនុស្សលោកចាប់ផ្ដើមអស់ជំនឿលើទេវតា ។ ព្រះឥន្ទ្រដោយសេចក្ដីព្រួយបារម្ភ ខ្លាចមនុស្សលោក បាត់ជំនឿលើទេវតា ក៏បានទៅសុំឱ្យ អទិទេពនៃអង្គព្រះព្រហ្មជួយ ព្រះព្រហ្មក៏បង្គាប់ឱ្យនាងគង្គា (Goddess Ganga) បង្អុលទឹកដល់មនុស្សលោក ។ នាងគង្គា បានចាប់ច្បូតសសៃសក់របស់ខ្លួនទម្លាក់ទឹកដល់មនុស្សលោក ក្នុងការទម្លាក់ទឹកនេះសសៃសក់របស់នាងមួយសសៃ បានដាច់ធ្លាក់ចុះមកហើយក្លាយជាសត្វទឹកដ៏ខ្លាំងក្លាមួយ ដែលមានឈ្មោះថា សត្វមករ សត្វនេះគ្មានអង្គទេវៈណាអាចបង្ក្រាបវាបានឡើយ ដោយមិនចង់ឃើញ ជម្ពូទ្វីបមនុស្សលោក កើតមាននៅមហន្តរាយ នាងគង្គាបានប្រកាសប្រាប់អស់ទេវៈទាំងពួងថា រាល់នរណាម្នាក់អាចបង្ក្រាបសត្វនេះបានទ្រង់និងរៀបអភិសេកជាមួយនិងអង្គទេពនោះ ។ ដោយគ្មានទេវៈណាអាចបង្ក្រាប សត្វមករនោះបាន ទើបអង្គព្រះឥសូរ យាងចុះមកបង្ក្រាបសត្វនោះរហូតទទួលបានជោគជ័យ ហើយបានរៀបអភិសេកនិងនាងគង្គា ហើយជាចុងក្រោយស្ដេចនាគ វីរៈតា បានប្រយុទ្ធគ្នាជាមួយនិង ព្រះឥន្ទ្រ ហើយព្រះឥន្ទ្របានប្រើនៅអំណាចកាំរន្ទះរបស់ខ្លួនយកឈ្នះស្ដេចនាគវីរៈតា ហើយបរិវារនាគទាំងអស់ត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់ ព្រះឥន្ទ្រ ។ និទានទេវៈកថានេះបានបង្កើតឱ្យមានជាទំនៀមទម្លាប់នៃការបណ្ដែតប្រទីបនៅក្នុងតំបន់នៃសហគមរស់នៅក្នុងសង្គមកម្ពុជាមកដល់សព្វថ្ងៃនេះ ។[១០]

ពិធីអកអំបុក

ប្រវត្តិពិធី អកអំបុក ប្រវត្តិនេះមានមកយូលង់ណាស់មកហើយ ដែលគេជឿថា ក្នុងរាជ ព្រះបរមរាជាទី២ ក្នុងឆ្នាំ (១៥៦៨ នៃ គ.ស) ដែលកើតឡើងតាមរយៈព្រះសុបិន របស់ព្រះអង្គ ដែលព្រះអង្គ សុបិន ឃើញព្រះឥន្ទ្រ (Indra) ប្រយុទ្ធគ្នាជាមួយពួកបីសាច (Demon) នៅក្នុងបន្ទាយលង្វែក ហើយទ្រង់ឃើញ ព្រះឥន្ទ្រ បានចោលកាំរស្មីរន្ទះសម្លាប់ពួកបីសាចនោះ ភ្លាមនោះសម្លេងរន្ទះ បានបាញ់បន្លឺឡើង ធ្វើឲ្យទ្រង់ភ្ញាក់ឡើង លុះព្រឹកឡើងទ្រង់ចាត់ឲ្យមន្ត្រីហែរហមទៅមើលដីបរិវេណជុំវិញក្នុងបន្ទាយលង្វែក ក៏ប្រទះឃើញដីមួយកន្លែងមានស្នាមរន្ទះបាញ់ពិតមែននោះ ព្រះរាជាទ្រង់ ក៏បាននាំព្រះមហេសី ស្រីស្នំ ក្រុមការ រួមទាំងញាតិវង្ស ព្រាហ្មបរោហិត មន្រ្តីសេនាបតី ទាំងអស់ ធ្វើពិធីសែនក្រុងពាលី បួងសួងដល់ទេវតាទាំង ៨ទិស អស់រយៈពេល ៣ថ្ងៃ។ ។ ហើយទ្រង់បានបញ្ជារឲនាមុឺនសេនាសាងសង់វត្តមួយដើម្បីបូជាដល់ព្រះឥន្ទ្រ ដែលមានឈ្មោះថា វត្តព្រះឥន្ទ្រ (Indra Pagoda) ក្នុងខេត្តកំពង់ឆ្នាំង ហើយក្រោយមកបានប្ដូរឈ្មោះមក វត្តព្រះឥន្ទ្រទេពវិញ ដោយការសាងរូបបដិមាព្រះពុទ្ធដែលមាននៅក្នុងខេត្តកំពង់ឆ្នាំងសព្វថ្ងៃនេះ ។[១១] ពេលសាងសង់វត្តនេះបញ្ចប់ទ្រង់រៀបចំឲ្យមានកិច្ចពិធី ដាលអំបុក នេះឡើង គេ​ត្រូវ​ចាត់តាំង​អ្នក​ដាល់​ដោយមាន​កម្លាំង​ត្រៀម​ជំនួយ៤ ឬ៥នាក់ អ្នក​លីង​ដែល​អាចមាន២ឬ៣នាក់ ក្នុងមួយក្រុម។ គេ​ចាត់តាំង​អ្នកដើរ​ប្រមូល​ត្បាល់​អង្រែ ដើររក​អំបែង​ធ្វើ​ឈើ​ឆ្កៀស​ត្រៀម​ទុកជាមុន​ឲ្យ​ស្រេច។ ធម្មតា​បុណ្យ​មហា​អំបុក គេ​ត្រូវមាន​ត្បាល់​ពី ៣០ ទៅ ៥០ ដើម្បី​ញ៉ាំង​ពិធី​នេះ​ឲ្យ​មាន​ភាព​ឧឡា​រិ​ក។ ដូច្នេះ គេ​ក៨ត្រៀម​មនុស្ស ៣០ ឬ ៥០ ក្រុម​ដើម្បី​ចូលរួម​ក្នុង​ពិធី​នេះដែរ។

នៅ​ថ្ងៃបុណ្យ​សម្ភារៈ​គ្រប់​ប្រភេទ​ដែល​ត្រូវការ​ចាំបាច់​ក្នុង​ពិធី ត្រូវបាន​ដឹកជញ្ជូន​យកទៅដាក់​ឯ​វត្ត​ជាស្រេច​តាំងពី​ថ្ងៃរសៀល​ម្ល៉េះ។ នៅពេល​ព្រលប់​ប្រមាណ​ម៉ោង ៦ កន្លះ អ្នកចាត់ចែង​បុណ្យ​បាន​បង្គាប់​ឲ្យ​ក្រុម​ដាល់អំបុកនីមួយៗ តម្រៀប​ត្បាល់ ចង្ក្រាន​ជា​ជួរ​យ៉ាង​ត្រង់ ហើយ​វែង នៅតាម​ចំនួន​ត្បាល់​ដែល​អាចមាន។ ដំបូង​ឡើង​អ្នក​បញ្ជាការ បាន​បង្គាប់​ឲ្យ​គ្រប់​ក្រុម​បង្កាត់ភ្លើង ដាំ​អំបែង​ឲ្យ​បាន​ក្ដៅស្មើៗគ្នា​មុន​ចាប់ផ្ដើម​ពិធី។ នៅពេល​ពិធី​មហា​អំបុក​ចាប់ផ្ដើម​សកម្មភាព​គេ​សន្មតគ្នា​យក​សំឡេង​គង​ជា​សញ្ញា​បញ្ជា។ លុះ​ឃើញថា អំបែង​គ្រប់​ក្រុម​មានកំ​ដៅ​ល្មម​ហើយ គេ​នោះ​គង​មួយ​អន្លូង​ជាស​ញ្ញា ប្រាប់​ឲ្យ​ចាក់​ស្រូវ​ទៅក្នុង​អំបែង។ អ្នក​លីង​បាន​វាស​វី​ឈើ​លីង​ទៅលើ​គ្រាប់ស្រូវ​ក្នុង​អំបែង​ទៅតាម​បច្ចេកទេស ឬ​បទពិសោធន៍​របស់ខ្លួន។ លុះ​ប៉ាន់ស្មាន​ដឹងថា ស្រូវ​លីង​នោះ​ឆ្អិន (ដោយ​គ្រាប់ស្រូវ​ចាប់​ផ្ទុះ​ប្រែសៗ ជា​បន្ត​បន្តា​ប់) ហើយ​នោះ​ស្នូរ​គង​អន្លូង​ទី​ពីរបាន​បន្លឺ​ឡើងជា​សញ្ញា​ប្រាប់ថា ឲ្យ​អ្នក​លីង​លើក​អំបែង​ចាក់​ស្រូវ​លីង​ឆ្អិន​ល្មម​នោះ​ទៅក្នុង​ត្បាល់ ព្រម​គ្នា បន្ទាប់ពីនោះ​ភ្លាម​ស្នូរ​អង្រែ​បាន​បញ្ចេញ​សន្ធឹក​យ៉ាង​កក្រើក​ដី។

អ្នក​ដាល់អំបុក​ គ្រប់​ក្រុម​បាន​បុក​និង​ឆ្កៀស​យ៉ាង​ញាប់ដៃ ដើម្បី​លៃ​យ៉ាងណា​ឲ្យ​អំបុក​របស់ខ្លួន​មានគុណ​ភាពល្អ។ នៅពេលនេះ ទស្សនិកជន​រាប់ពាន់នាក់​មកឈរ​ចោមរោម​មើល​ទស្សនីយភាព​នេះ​យ៉ាង​សប្បាយ​ព្រឺព្រួច ដោយ​ឃើញ​ត្បាល់​អំបែង ចង្ក្រាន​តម្រៀប​គ្នា​យ៉ាង​ត្រង់ ដោយ​ឃើញ​ចង្កៀងគោម ឬ​ចង្កៀងម៉ាំងសុង​ជះ​ពន្លឺ​ព្រោងព្រាត ដើម្បី​បំភ្លឺ​អ្នក​ដល់​អំបុក និង​ទស្សនិកជន។ គេ​រំភើប​រីករាយ​ដោយ​ឃើញ​ចលនា​ស្ត្រី​អ្នក​ដល់​អំបុក មាន​រូបរាង​ស្អាតបាត ប្រដាប់​ដោយ​សម្លៀកបំពាក់​សម្រាប់​ថ្ងៃបុណ្យ​ធ្វើ​កាយវិការ​លើក​អង្រែ​បុក​អំបុក​យ៉ាង​ទន់ភ្លន់។ មិនយូរប៉ុន្មាន ស្នូរ​គង​ទី៣បានធ្វើ​ឡើង (មូង) ជា​សញ្ញា​ប្រាប់​ឲ្យ​អ្នក​ដាល់អំបុក​កាយ​អំបុក​ដាក់​កញ្ជើ។ រួច​សំឡេង​គង ក៏បាន​បន្លឺ​ជាស​ញ្ញា​ប្រាប់​ឲ្យ​អ្នក​ដាល់អំបុក​កាយ​អំបុក​ដាក់​កញ្ជើ។ រួច​សំឡេង​គង ក៏បាន​បន្លឺ​ជាស​ញ្ញា​ឲ្យ​ចាក់​ស្រូវ​ទៅក្នុង​អំបែង ដើម្បី​លីង​ជា​បន្តទៀត។ សកម្មភាព​នេះ ប្រព្រឹត្តឡើង​ក្នុង​ចលនាដដែលៗទាល់តែ​អស់​ស្រូវ​មួយ​តៅ ទើប​បញ្ជាការ​ដាល់អំបុក​ជា​សមូហភាព​នេះ។ គេ​អាច​ប៉ាន់ស្មាន​បាន​ថា តាំងពី​ពេល​ចាប់ផ្ដើម​រហូតដល់​ពេល​បញ្ចប់​នៃ​ពិធី​ដាល់អំបុក អាចមាន​ថេរៈវេលា​ពី៤ ទៅ ៥ ម៉ោង។ អ្នកផង​ធ្លាប់​បានដឹងហើយថា ពិធី​អកអំបុក​ត្រូវ​ប្រព្រឹត្តធ្វើ​នៅពេលព្រះ​ខែរៈត្រ​ង់ ឬ ពេលដែល​ព្រះ​ចន្ទ​គោចរ​មក​ចំ​ពីលើ​ក្បាល។ ដូច្នេះ នៅពេល​ដាល់អំបុក​បាន​ចប់​ហើយ គេ​ចាត់ចែង​អុំ​អំបុក​ជាបន្ទាន់ ដោយ​គេ​បាន​ត្រៀម​ចង្អេរ៣ឬ៤ ក្នុងមួយក្រុមៗ សម្រាប់​អុំ​អំបុក​ឲ្យ​បាន​ឆាប់​ទាន់ពេលវេលា​ដែល​លោក​អាចារ្យ​បានគ្រោង​ទុក​ក្នុង​កម្មវិធី។ លោក​អាចារ្យ បាន​ប្រកូក​ប្រកាស​ឲ្យប្រុសៗ កម្លោះៗចូលមក​អកអំបុក​នៅ​តាម​តុ តាម​ក្រុម​ដែល​បាន​តម្រៀ​ម​គ្នា​ហូរហែ​ជា​ជួរ បំភ្លឺ​ដោយ​ចង្កៀងគោម គួរ​ឲ្យ​សប្បាយរីករាយ។ ស្រី​ម្នាក់​ចាប់​សក់​បុរស​ភ្ងើយ ហើយ​បង្គាប់​ឲ្យ​ប្រុស​នោះ​ហាមាត់​ឲ្យ​ធំ។ ស្រី​ម្នាក់ទៀត​ក្ដាប់​អំបុក ហើយ​បង្ហូរ​អំបុក ទៅក្នុង​មាត់​ប្រុស​នោះ។ គេ​បង្អក​ដូច្នេះ ម្ដង​ហើយ​ម្ដងទៀត ដោយ​សួរថា “ពេញ​ឬ​នៅ? “ អ្នក​ត្រូវគេ​បង្អក មិនទាន់​ឆ្លើយ​ស្រួលបួល​ផង ក៏​ត្រូវគេ​បង្អក​បន្ថែមទៀត ទាល់តែ​ឆ្លើយ​ចេញមក​ទាំង​ឡុលៗ មិន​ច្បាស់​ថា ពេញ​ហើយ។ បន្ទាប់ពី​បង្អក​អំបុក​ហើយ គេ​បង្អក​ចេញ​ទៀត ដោយ​ចាប់​ញាត់​ឲ្យ​តែ​ខាង​ឈ្នះ​ដៃ។ ប្រុស​អ្នក​អកអំបុក មើល​ពី​ខាងក្រៅ ហាក់ដូច​បានទទួល​នូវ​ទា​រុក​ណ​កម្ម​មួយ ព្រោះ​ត្រូវគេ​បង្អក​អំបុក​ពេញមាត់​ហើយ ត្រូវគេ​ញាត់​ចេក​ទាំងមូល​ថែមទៀត ធ្វើ​ឲ្យ​មាត់​គេ​ពេញ​ហួស​ពី​ចេញ គឺ​ដល់​ថ្នាក់ «ហៀរ»។ និយាយ​ក៏​មិន​រួច ទំពារ​ក៏​មិនកើត​យ៉ាង​នេះហើយ​នៅ​ត្រូវគេ​គក់​ខ្នង​ឮសូ «ឌិប» ដោយ​សួរថា «ពេញ​ឬ​នៅ?» ។ លុះ​ឆ្លើយ​ដោយ​មិន​ច្បាស់​ថា «ពេញ​ហើយ» ស្រីៗ ក៏​សួរ​ទៀតថា ឆ្នាំក្រោយ​ភ្លៀង​ល្អ ឬទេ ? ឬ​សួរ​សង្ខេប​ខ្លី​ថា “ភ្លៀង​ឬ​មិន​ភ្លៀង” អក​ឆ្លើយ​មិន​ច្បាស់«ឡុល»ថា «ភ្លៀង!» ។ ក្រុម​ណា​ក៏​អក​តាម​របៀបនេះ គឺស្រីៗបង្អក​អំបុកប្រុសៗ ។ ព្រមជាមួយ​ចលនា​អកអំបុក​ជា​ទ្រង់ទ្រាយ​ធំ ដូច​មហា​អំបុក​ដែរ​នេះ គេ​ឃើញ​សកម្មភាព​មួយ គឺ, កសិករ​ខ្មែរ​នៅ​ស្រុកស្រែ បាន​ឱកាស​ជួបគ្នា ក​ម្លោះ​ជួប​ក្រមុំ។ គេ​បាន​សម្ដែង​ការស្និទ្ធស្នាល​ជាមួយគ្នា តាម​ការអនុគ្រោះ​របស់​ប្រពៃណី នៅក្រោម​ក្រសែភ្នែកចាស់ៗ ជា​ឱ​ពុក​ម្ដាយ​របស់​ក​ម្លោះ និង​ក្រមុំ។ អត្ថន័យ​ម្យ៉ាងទៀត គឺ​ក្នុង​ពិធី​មហា​អំបុក អកអំបុក​នេះ ទាំងអស់គ្នា​បានបង្ហាញ​អំពី​សាមគ្គីភាព​ជិតស្និទ្ធ​ក្រោម​ការដឹកនាំ​របស់​បញ្ជា​ការ​ម្នាក់ គឺ​ចាស់​ស្រុក។ អ្នកអនុវត្ត​គោរព​បទបញ្ជា​របស់​មេ​កោយ​យ៉ាង​សស្រាក់សស្រាំ ធ្វើ​ឲ្យ​ពិធី​នេះ​ទទួលបាន​ជោគជ័យ។ ពេល​អកអំបុក​ទៀតសោត គេ​ឃើញ​អំបុកពេញៗកញ្ជើ ចេក​គ្រប់មុខ​រៀបចំ​ពោរ​ពាស​លើ​តុ។ គេ​ឃើញ​ម្យ៉ាងទៀត នៅពេល​បង្អក និង​ពេល​អកអំបុក​នឹង​ចេក​កំពប់ ធ្លាក់​រពោង​របា​យមក​លើដី ជាការ​បកស្រាយ​នូវ​ភាពសម្បូរ​ហូរហៀរ​រប​ស់​ស្រុកទេស​ពី​បុរាណ។


ពិធីសំពះព្រះខែ

The Jataka, Vol. III,. by H.T. Francis and R.A. Neil, (1897), Khmer According to the Buddhist scriptures Version Sovannsam Jataka Pali 1938 The Legend of The Moon Rabbit Sasa-Bondit.

តាមគម្ពីរ ពុទ្ធសាសនា សុវណ្ណសាមជាតក (ភាសាបាលី) ក្នុងកាល​កន្លងទៅហើយ ព្រះបាទព្រហ្មទត្តសោយ​រាជ្យក្នុង​ក្រុង​ពារាណសី​ មានតំណាលនិទានថា កាល​នោះ​ព្រះសម្ពុទ្ធបរមគ្រូ ទ្រង់សោយព្រះជាតិជាសត្វ​ទន្សាយ នៅអាស្រ័យ​ក្នុងដងព្រៃមួយ ក្នុងព្រៃនោះមាន ស្វា១ ចចក១ ភេ១ ជា​សំឡាញ់​​នឹង​គ្នា ​បាននៅរួមជាមួយនឹងទន្សាយ សុទ្ធតែជាបណ្ឌិត​សត្វ គឺសត្វ​ដែលមានចំណេះដឹង ​តែងនាំគ្នាស្វែងរកអាហារតាមគោចរស្ថានរៀងៗខ្លួន ដល់ពេល​ល្ងាច​ទើប​មកជួបជុំគ្នា ។ ចំណែកសៈសៈបណ្ឌិតគឺ (ទន្សាយ) តែងពន្យល់​ធម៌ដល់​សត្វទាំង​បីថា៖ អ្នករាល់គ្នាត្រូវធ្វើទាន រក្សាសីល ធ្វើឧបោសថកម្មកុំបីខាន ។​* នែ ! សំឡាញ់ស្អែកនេះជាថ្ងៃឧបោសថ អ្នក​ទាំង​អស់គ្នា​ត្រូវរក្សា​ឧបោសថ​ហើយឱ្យ​ទាន​ផង ​ព្រោះ​ការ​រក្សា​​សីល​​ហើយ​​ឱ្យទាន ​​តែង​បាន​​ផល​ច្រើន ទៅអនាគតជាតិ ។ សត្វ​ទាំងបីនោះ​ព្រម​ទទួល​ធ្វើតាម និង បានត្រាច់ចរណ៍ រកអាហារទៅតាមសណ្ឋានរៀងៗខ្លួន (សត្វភេ រកបាន​ត្រីថ្ពិនងាប់ស្រាប់ ​៧ក្បាល) (សត្វចចក រកបានសាច់ ​ទន្សងទើបតែស្លាប់មួយក្បាល) (សត្វស្វា រកបានផ្លែស្វាយមួយផ្លែ) ចំណេកឯ សៈសៈបណ្ឌិត (ទន្សាយ រកមិនអាហារសោះ) វេលានោះដែរ សក្កៈទេវរាជ នៃឋានទេវតា ឬ ព្រះឥន្ទ្រ (Indra) បានក្រឡាខ្លួនជាពួក សមណៈព្រាហ្មណ៍ នៃសាសនាហិណ្ឌូ ហៅថា ឥន្ទ្រព្រាហ្មណ៍ ចុះមកសាកល្បង ការបំពេញបរមីសីលនៃសត្វទាំងបួន ដោយល្បងជាការសុំអហារ នៃទាន​ ភេ ចចក ស្វា បានឲ្យអាហាររបស់ខ្លួន រៀងៗខ្លួន ប៉ុន្តែ សៈសៈបណ្ឌិត (ទន្សាយ) គឺមិនមានអាហារជាប់ខ្លួននោះទេ ឥន្ទ្រព្រាហ្មណ៍ បានសុំអាហារ សៈសៈបណ្ឌិត (ទន្សាយ) ជាច្រើនលើក ហើយពោលថា ៖ ម្នាទន្សាយ អង្គអត្មា មិនធ្វើ​បាណាតិបាតា នោះទេ​ “បាណាតិបាតា ប្រែថា ការមិនសម្លាប់សត្វ ឬ ប្រមាថជីវិតអ្នកដទៃ” ទន្សាយ តបថា ចូរម្នាលព្រាហ្មណ៍ទៅរក​អុសបង្កាត់​ភ្លើង​ហើយមក​ប្រាប់​ដល់ខ្ញុំចុះ ខ្ញុំនិង​លោត​​ ទម្លាក់​ខ្លួនត្រង់កណ្តាល​រ​ងើកភ្លើងនោះ ​បើសាច់ខ្ញុំ​ឆ្អិនល្មម​ហើយ​ សូម​ម្នាលព្រាហ្មណ៍ពិសាហើយធ្វើសមណៈធម៌ចុះ ។ វេលានោះឥន្ទ​ព្រាហ្មណ៍បានបង្កាត់ភ្លើង ​ឆេះសន្ធោរ​សន្ធៅ​ ហើយមកប្រាប់ដល់​ទន្សាយបណ្ឌិត ទន្សាយបណ្ឌិត ក៏លោតទៅជិត​គំនរភ្លើង​នោះហើយពោលថា៖ ទានរមែងដោយសចៈ បើទានដែលករុណាឲ្យនោះមិនបរិសុទ្ធ ការបំពេញបរមីក៏គ្មានន័យនោះដែរ ​ពោលចប់ សៈសៈបណ្ឌិត (ទន្សាយ) ក៏​​រលាស់​ខ្លួនបីដងហើយ ក៏លោតទៅក្នុងគំនរភ្លើង​ដោយ​ចិត្ត​រីករាយ​​និងជ្រះថ្លា ប៉ុន្តែគំនរភ្លើងនោះមិនកក្ដៅឆេះរោមបណ្ឌិត ទន្សាយឡើយ ក្រោយមកឥន្ទ្រព្រាហ្មណ៍ បានក្រឡាខ្លួនជា ព្រះឥន្ទ្រវិញ ហើយពោលថា ទានដែលជ្រះថ្លាគឺជាគុណដ៏ប្រពៃ ព្រះឥន្ទ្រ ក៏ហោះពរនាំយក ម្នាលទន្សាយបណ្ឌិត ទៅមណ្ឌល ព្រះច័ន្ទ រួចអធិដ្ឋានសូមឲ្យរូបទន្សាយមានដិតជាប់នៅក្នុងដួងព្រះច័ន្ទ ការធ្វើទានបរិសុទ្ធដែលជាគុណតម្លៃរបស់អ្នក​ចូរតាំង​រូបអ្នក នៅអស់​មួយ​​កប្ប កុំឱ្យ​រលុបបាត់នៅក្នុងដែនភទ្ទកប្បនេះឡើយ ដូចនេះហើយយើងតែងសង្កេតឃើញរូបទន្សាយមានដក់ជាប់ក្នុងព្រះច័ន្ទ ។​ ឯសត្វទាំង ៤ ក៏នាំគ្នារក្សាសុចរិតធម៌ ដរាបដល់អស់អាយុ បានទៅកើតក្នុង​ទេវលោក​ទាំងអស់គ្នា ជាតកនេះព្រះសាស្តាទ្រង់ត្រាស់ថា ៖

ភេក្នុងកាលនោះ គឺ ព្រះអានន្ទ (Ānanda)
ចចក គឺ ព្រះមហាមោគ្គល្លាន​ (Maudgalyayana)
ស្វា គឺ ព្រះសារីបុត្រ (Śāriputra)
ព្រាហ្មណ៍ គឺ ព្រះឥន្ទ្រ (Indra)
ទន្សាយបណ្ឌិត គឺ អង្គ​ព្រះតថាគត (Tathāgata) ​

ចាប់ពីពេលនោះមក ព្រេងនិទានដ៏មានអត្ថន័យនេះ បានដក់ជាប់នៅក្នុងផ្នត់គំនិត ខ្មែរពុទ្ធសាសនិក មកដល់បច្ចុប្បន្ន ហើយបានផ្សារភ្ជាប់ទៅនិងជំនឿ សែនព្រេន សំពះព្រះខែ សូមពរពីពួកទេវតា ទាំង ៨ទិស ដើម្បីថែរក្សាសេចក្ដីសុខចម្រើនដល់ពលរដ្ឋជារៀងរាល់ឆ្នាំ ។


នារីរាំនៅលើក្បាលទូក

Dancing on the racing boats Origin in the 16th century

នារីរាំនៅលើក្បាលទូក ដែលមានក្នុងឯកសារមហាបុរសខ្មែរ ឆ្នាំ ១៩២៨ ផែនដី ព្រះស្រីជេដ្ឋា​ ឬ ហ្លួងព្រះស្ដេចកន គ.សរាជ ១៥១៦ ព្រះស្ដេចកនតាំងពិធីប្រណាំងទូក មាននារីរាំក្បាលទូកបង្អួតកងទ័ពជើងទឹក ទៅកាន់ ព្រះចន្ទរាជា នារាជធានី​ទួលបាសាន ខេត្តកំពង់ចាម​ ។ នារីរាំនៅលើក្បាលទូក មានវត្តមានមកជាច្រើនឆ្នាំមកហើយ ត្រូវបានពលរដ្ឋគ្រប់រូបជឿថា តំណាងឲ្យដួងវិញាណនៃអ្នកថែរក្សាទូក ឬហៅថា ជំនាងទូក ដែលអាចជាវិញាណ ស្ត្រី ឬ បុរស ដែលមកថែរក្សាទូក តាមការអុចធូបសែនព្រេនអញ្ជើញហៅ មុនពេលក្រុមកីឡាករ យកទូកប្រណាំងរបស់ពួកគេមកប្រណាំងជាផ្លូវការណ៍ ក្នុងព្រះរាជពិធីបុណ្យអុំទូក ទំនៀមយកស្ត្រីមករាំនៅលើក្បាលទូកនេះ បានបន្តក្នុងផ្នត់គំនិតពលរដ្ឋខ្មែរមកដល់សព្វថ្ងៃនេះ ។ សិល្បៈនៃការាំនៅលើក្បាលទូក ក៏មានវត្តមាន បុរសផងដែរ ដែលតំណាងឲ្យអ្នកដឹកនាំទូក ដែលមានជាសម្រែកបញ្ជាក់ប្រាប់ ឲ្យក្រុមរបស់ខ្លួន ប្រតិបត្តិការណ៍ព្រមគ្នាៗ ដោយស្វាហាប់ និង ស្រុះគ្នាដើម្បីឈានទៅដល់ទីគោលដៅរបស់ពួកគេ។ ទូកប្រណាំងទាំងអស់តែងតែមាននៅរូបគំនូរ ភ្នែកទូក ដែលធ្វើឲ្យទូកហាក់ដូច ជាមានជីវិត តំណាងឲ្យ សត្វនាគ ផុសអណ្ដែតនៅលើផ្ទៃទឹកដូច្នោះដែរ។


ប្រវត្តិបុណ្យអុំទូក

Bayon temple Sculpture depicts a naval battle between Khmer and Champa on the Tonle Sap Lake 12th century.

បុណ្យអុំទូក ត្រូវបានគេតំណាលថា ជាពិធីបុណ្យរំលឹកដល់ការដឹងគុណ ចំពោះកងទ័ពជើងទឹករបស់កម្ពុជា ដែលបានពលីជីវិតបូជាចំពោះទឹកដីក្នុងចម្បាំងខ្មែរ-ចាម នាស.វទី​១២ ក្នុងរាជ ព្រះបាទ ​ជ័យវរ្ម័នទី៧ ក្នុងរវាងឆ្នាំ ១១៧៧ ដល់ឆ្នាំ ១១៨១ នៃគ.សករាជ ។ រីរៈភាពនៃកងទ័ពជើងទឹករបស់កម្ពុជានេះហើយ ដែលត្រូវបានគេជឿថា ព្រះបាទជ័យវរ្ម័នទី៧ បានប្រារព្ធពិធី ប្រណាំងទូកនេះឡើង ដែលមានកងទ័ពទូកជាច្រើនក្រាសក្រែល ចូលរួម នេះបើយោងតាមចម្លាក់នា ប្រាសាទបាយ័ន និង ប្រាសាទបន្ទាយឆ្មារ ដែលពណនាអំពី​ព្រឹត្តិការណ៍​នៃចម្បាំងនេះ ។​[១៦] [១៧] ពិធីប្រណាំងទូក នេះទៀតសោតមានកត់ត្រាក្នុងឯកសារមហាបុរសខ្មែរ ឆ្នាំ ១៩២៨ ផែនដីព្រះស្រីជេដ្ឋា និង ផែនដីព្រះចន្ទរាជា នាស.វទី១៦ (16th century) ចេញផ្សាយដោយ​ព្រះរាជបណ្ណាល័យជាតិ​កម្ពុជា ដោយអំណះអំណាងខាងលើនេះ ទើបមាននូវកិច្ចពិធីប្រណាំងទូកនេះឡើង ក្នុងខែកក្ដិក មានរយៈពេល ៣ ថ្ងៃ ដែលបានចាត់ចូលក្នុងពិធីបុណ្យអុំទូកនេះឯង ជារៀងរាល់ឆ្នាំ ប្រជាជនខ្មែរ មកពីបណ្ដាលខេត្តក្រុងនានា បាននាំទូកមកសំចត តាមដងទន្លេនាម្ដុំមុខព្រះបរមរាជវាំង ដើម្បីត្រៀម​ខ្លួនចូលរួមប្រកួតប្រណាំង ដើម្បីប្រជែងយកជ័យលាភី ពីកម្មវិធីប្រកួតដ៏អស្ចារ្យនេះ ទូកដែលពលរដ្ឋយកមកប្រណាំងនេះ វាមិនត្រឹមតែជាការបង្ហាញផ្នែកមួយនៃវប្បធម៌ប្រពៃណី និង ជំនឿនោះទេ ទៀតសោត វាបានបង្ហាញជាប្រភេទកីឡាប្រណាំងទូក ទៅកាន់សកលលោកផងដែរ ។


បុណ្យអុំទូក ក្នុងកំណត់ត្រាបារាំង

French Record Courses de canoë au Cambodge, illustration gravée d’époque. Magasin Pittoresque 1873.

ពិធីបុណ្យអុំទូករបស់កម្ពុជាត្រូវបាន Record ជាលើកដំបូងក្នុងរាជព្រះបាទ នរោត្ដម ពីសំណាក់ក្រុមវិទូបារាំង ក្នុងឆ្នាំ ១៨៧៣ នេះបើយោងតាមឯកសាររបស់បារាំង (Magasin Pittoresque 1873) នៅដើមឆ្នាំ ១៨៨៧ រូបភាពនៃទូកប្រណាំងរបស់កម្ពុជាបានបង្ហាញខ្លួននៅក្នុងការបោះពុម្ពផ្សាយរបស់បារាំងជាបន្តបន្ទាប់ក្នុងទស្សនាវដ្តី “Le Magasin Pittoresque” ហើយនៅឆ្នាំ ១៨៩០ ទស្សនាវដ្តីរដ្ឋាភិបាលបារាំង “Les Colonies Francaises” បានពណ៌នាក្នុងទំព័រជាច្រើនអំពីអត្ថន័យនៃពិធីបុណ្យអុំទូក ទស្សនាវដ្ដី​នោះ​បាន​សរសេរ​ថា​៖ “ការ​ប្រារព្ធ​ពិធី​នេះ ដែល​ពិត​ជា​ ពាក់ព័ន្ធ​នឹង​បាតុភូត​ក្នុង​ស្រុក​ដែល​ប្រហែល​ជា​កើត​ឡើង​នៅ​កន្លែង​ណា​ផ្សេង​ទៀត​” ។

បុណ្យអុំទូក នៃកំណត់ត្រាកម្ពុជា

យោងតាមឯកសារ កំណត់ត្រា “​ល្បែងប្រណាំងទូក” របស់ក្រុមជំនុំទំនៀមទម្លាប់ខ្មែរ លេខ១៩.០០៤ និពន្ធដោយលោក “ថាច់ប៉េន” ហៅប៉ាង ជាអាចារ្យនៅពុទ្ធសនបណ្ឌិត្យរង ខេត្តឃ្លាំង កម្ពុជា​ក្រោម មានចែងថា ៖ សម័យលង្វែក (ព.សករាជ ២០៧២ ត្រូវនិង គ.សករាជ ១៥២៨) ព្រះបាទ អង្គចន្ទ ទី១ នៃអាណាចក្រលង្វែក ទ្រង់តាំងពញ្ញាតាត ងារជាស្និទ្ធភូបាល ជាស្ដេចត្រាញ់នៅកម្ពុជាក្រោម មានឋានៈជាចៅហ្វាយ ខេត្តបាសាក់ នាស្រុកបាសាក់ ​ឲ្យត្រៀមទ័ពខ្មែរជើងទឹកដើម្បីច្បាំងជាមួយ និង ទ័ពយួនជើងទឹក ដែលបានចូលមកលុកលុយ ខេត្តព្រះត្រពាំង (បច្ចុប្បន្នវៀតណាមហៅ ត្រាវិញ) ដឹកនាំដោយ ស្ដេចត្រាញ់យួននាម ម៉ាក ដាងដុង (Mạc Đăng Dung of Đại Việt) នៃអាណាចក្រដាយវៀត ។

ពញ្ញាតាត បានចាត់របៀបរៀបចំការពារស្រុក ដូចមានរៀបរាប់ខាងក្រោមនេះ ៖ ទាហាន​ជើងទឹក ចែកចេញជា ៣ក្រុម

ក្រុម​ទី​១ ហៅ​ទ័ព​ស្រួច ហាត់​ច្បាំង និង​ទូក​ដែល​មាន​ទ្រង់ទ្រាយ​ដូច​ទូក​ប្រណាំង​សព្វថ្ងៃ ដែលហៅថាទូក ង ។​
ក្រុម​ទី​២ ហៅ​ទ័ព​ជំនួយ ហាត់​ច្បាំង និង​ទូក​ចែវ​ពីរ​ជួរ​ដែល​មាន​ទ្រង់ទ្រាយ​ដូច​ទូក​ប្រណាំង​សព្វថ្ងៃ ដែលហៅថា ទូកមួង .
ក្រុម​ទី​៣ ហៅ​ទ័ព​បាសាក់ គឺ​ទូក​ធំ​មាន​ដំបូល​មាន​ចែវ មាន​ក្ដោង​មាន​ទ្រង់ទ្រាយ​ដូចជា​ទូក​បាសាក់ ដែលហៅ​ថា ទូក​ប៉ុកចាយ ហើយទូក​រាង​ស្ដួច​វែង​មាន​ដំបូល​តែ​មួយ​កាត់​ខាង​មុខ ឥត​ជញ្ជាំង ដែលជា​ទូក​ដាក់​ស្បៀង​អាហារ​សម្រាប់​កងទ័ព ។

របៀបបង្ហាត់ច្បាំង “តាមទំនៀមស្តេចក្រាញ់កម្ពុជាក្រោម” ស្រេចលើមន្រ្តី ៤ទិស “ចតុស្តម្ភ” ដែលនៅក្នុងឱវាទស្និទ្ធិភូបាលស្តេចត្រាញ់គ្រប់ជំពូក ដែលបញ្ញតិច្បាប់សម្រាប់ស្រុក ។ល។ កំណត់ថ្ងៃពេញបូណ៌មីខែកត្តិក រដូវអកអំបុកនោះ មន្ត្រីទាំង ៤ទិស ត្រូវកេណ្ឌទាហានទាំងជើងទឹក ជើងគោក “សមយុទ្ធ” ១ថ្ងៃ ១យប់ រាល់ឆ្នាំ ។ ចំណែកទាហានជើងទឹកឲ្យទៅប្រឡងឫទ្ធី ឯទន្លេពាមកន្ថោក្នុងខេត្តឃ្លាំង ត្បិតទីនោះជាទីប្រជុំទឹក គ្រប់ខេត្តទៅមកបានស្រួល ។ តាមសៀវភៅ និងឯកសារ ជាប្រភពទាំងពីរខាងលើនេះ អាចសន្និដ្ឋានបានថា ប្រទេសកម្ពុជាសម័យបុរាណ ជាប្រទេសមានកងទ័ពជើងទឹកយ៉ាងខ្លាំងពូកែ និងមានពិធីហ្វឹកហ្វឺន ពីធីសមយុទ្ធកងទ័ពនេះ ជាប្រពៃណីជាប់រៀងរាល់ថ្ងៃ ហើយអាចសន្និដ្ឋានថា ប្រទេសកម្ពុជាធ្វើពិធីនេះរៀងរហូតមក គឺជាប់តំណមកពីសមយុទ្ធក្នុងសម័យបុរាណនេះឯង ។​


ពិធីកាត់ព្រ័ត្យ បិទបញ្ចប់ពិធីបុណ្យអុំទូក

Cambodia royal sword use in Bon Om Touk Closing Ceremony.

ពិធីកាត់ព្រ័ត្យ ប្រារព្ធឡើងនាថ្ងៃចុងក្រោយ នៃពិធីបុណ្យអុំទូក ជាពេលដែលទូកប្រណាំងទាំងអស់បានស្វែងរកឃើញម្ចាស់ជ័យលាភីលេខ ១ ដែលត្រូវបានអង្គព្រះមហាក្សត្រនៃកម្ពុជា ប្រសិទ្ធី​នាមថាជា “ស្ដេចទូក” ។ មុននិងធ្វើពិធីកាត់ព្រ័ត្យ គេត្រូវធ្វើពីធីអញ្ជើញព្រះខ័នជ័យជាមុនសិន ដោយ ព្រះព្រហ្មជ័យ ជាឆ្មាំយាម ព្រះខ័ន​ជ័យ ត្រូវយកព្រះខ័នជ័យ មកវេទិកាដំណាក់ផែ ព្រះខ័ន​ជ័យ អាចយាងចេញពីព្រះបរមរាជវាំង បានតែម្ដងគត់ ក្នុងការចូលរួមពិធីបុណ្យអុំទូក នៃកិច្ចពិធីកាត់ព្រ័ត្យ ។ ព្រះព្រហ្ម​រាជ និងប្រកាសថា សូមអញ្ជើញ “កាំបិតព្រះស្ដេច” រួចយកទៅថ្វាយជាដាវអជ្ញាសឹក ទៅអង្គព្រះមហាក្សត្រ ដើម្បីលើកជាកិច្ចកាត់ជ័យព្រ័ត្យ ក្នុងព្រះនិមិត្តសញ្ញានេះត្រូវបានហៅថា “ព្រះខ័ន​ជ័យ​ស្រុក របស់ព្រះរាជា នៃព្រះនគរ (The Victorous Sword of The Vassal King of Preah Nokor) ព្រះព្រហ្ម​រាជ និងប្រកាសដល់បារមីទេវតា និង ពួកនាគទាំងឡាយ នៃព្រះនគរ (ទូកប្រណាំងទាំងអស់ ដែលតំណាងជាសត្វនាគ) ចូលអុំកាត់ព្រ័ត្យ បិទ​បញ្ចប់ពិធីបុណអុំទូក ម្ចាស់ជ័យលាភីលេខ ១ ដែលជាស្ដេចទូក ដែលអុំនៅខាងមុខគេ ដំរៀបជាក្បួនកងទ័ពជើងទឹក ត្រូវពាំនាំយកព្រះខ័នរាជជាតំណាងយកទៅកាត់ទីជ័យព្រ័ត្យ ដើម្បីបិទបញ្ចប់ពិធីបុណ្យអុំទូក ។​


ចំណាត់ថ្នាក់ប្រណាំងទូក (២០០៥ – បច្ចុប្បន្ន)

ចំណាត់ថ្នាក់នៃការប្រណាំងទូក ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និង សំពះព្រះខែ ដែលផ្ទុកចំណុះចន្លោះចាប់ ៦០ ឡើងទៅដល់ ក្រោមចំណុះ ៨០ ទូកដែលទទួលជ័យលាភី ពីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទូកដែលជាប់ចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស ត្រូវបានប្រសិទ្ធនាមហៅថា “ស្ដេចទូក” ។


ប្រវត្តិសត្វមករ

សត្វម្ករ ឫមករៈ រូបចំលាក់លើផ្ទាំងសីលាប្រាសាទបុរណ្យ

មករ​ជា​ពាក្យ​សំស្ក្រឹត​ ដែល​មាន​ន័យ​ថា នាគ​សមុទ្រ ឬ សត្វ​ទឹក​ចម្លែក ។ ពាក្យ​នេះ​ជា​ពាក្យ​ដើម​នៃ​ពាក្យ ‘mugger’ ( गुंडा ) ក្នុង​ភាសា​ហិណ្ឌី។ ភាសា​ហិណ្ឌី ហៅក្រពើ​ថា मकर (មករ ឬ មករៈ)។ មានតំណាលថា មានអសុរៈមួយនាម វរៈត្រា (Vritra) ដែលជាអសុរៈ ដែលគ្រប់គ្រងលើពពួកនាគ បានទប់ទឹកទាំងអស់មិនឲ្យបង្អុរមកឋានមនុស្ស ដោយធ្វើឲ្យមានការកើតគ្រោះរាំងស្ងួតពាសពេញតំបន់ មនុស្សម្នាចាប់ផ្ដើមបួងសួងសុំឲ្យ ពួកទេវៈជួយ រំពេចនោះទេវតាស្រីមួយអង្គ ប្រកបដោយកិរិយាល្អស្អាត បានរំសាយសក់ចុះមកបង្កើតជាប្រភពទឹក នៅតំបន់នោះ មនុស្សម្នាសប្បាយចិត្តជាខ្លាំងក៏ប្រសិដ្ឋនាមទ្រង់ថា “ព្រះម៉ែគង្គា” (Goddess Ganga) ពេលនោះព្រះកេសារ (សក់) មួយសរសៃរបស់ព្រះនាងគង្គា បានធ្លាក់​មកដល់​ឋាន​មនុស្ស ក៏បានក្លាយជាសត្វមករ ហើយខ្លាំងជាងអ្វីៗទាំងអស់នៅលើលោក វាក៏បានលេប​​រាល់​សព្វសត្វ ទាំងពួងដែលវាជួបប្រទះ មិនថាមនុស្ស្ រាជសីហ៍ ឬ ពស់នាគរាជ ឡើយ ។ ដោយនៅឋានកណ្តាលគ្មានអ្នកណាអាចបង្ក្រាបសត្វមករនេះបាន ព្រះឥសូរ ឬ ព្រះសីវៈ (Shiva) ក៏ចុះមកតទល់ជាមួយមករ ដោយមានការសន្យាពីព្រះនាងគង្គាថា បើ​ព្រះឥសូរ​អាចចាប់សត្វមករ នោះបាន ទ្រង់នឹងរៀបអភិសេកជាមួយ។ ព្រះឥសូរក៏បានចុះមកតទល់ជាមួយនឹងមករ​អស់រយៈ​ពេលជាច្រើនថ្ងៃនៅតែមិនដឹងឈ្នះចាញ់។ ព្រះនាងគង្គាក៏បានប្រាប់ព្រះឥសូរ ថាបើព្រះអង្គចង់បង្ក្រាបមករ​បាន លុះត្រាតែព្រះអង្គលើកទូលព្រះបង្គំមកដាក់លើបាតដៃរបស់ព្រះអង្គ ហើយព្រះនាងគង្គារ បានប្រើកេសាររបស់ខ្លួនទម្លាក់ទៅក្នុងទឹក ដើម្បីស្រូបទាញយកទឹកទាំងអស់ចេញ រួចទុកឲ្យតែមករ​នោះឲ្យនៅលើគោក មករដែលជាសត្វទឹក ក៏ប្រែមកជាជើងរាជសី ព្រះឥសូរ ក៏ប្រើមហាទម្ងន់ អង្គុយសង្កត់ពីលើសត្វមករ មករមិនអាចទ្រាំនិងទម្ងន់ដែលសង្កត់របស់ព្រះឥសូរបាន មករ ក៏សុខចិត្តចុះចាញ់ព្រះឥសូរ ដោយអនុភាពកាចសាហាវ របស់សត្វមករ ព្រះឥសូរក៏ជប់ត្រង់មាត់សត្វមករ ឲ្យទៅជាប្រមោយសត្វដំរី សត្វមករ ក៏សន្យាថា និងខ្ជាក់រាល់សព្វសត្វ​ទាំងពួង​​នោះ​ចេញ​មកវិញ ហើយព្រះឥសូរ ក៏បានយកសត្វមករធ្វើជាយាន្តជំនិះចាប់ពីពេលនោះមក ហើយសត្វមករក្នុងទម្រង់ប្រមោយដំរី ក៏ត្រូវបានគេប្រសិទ្ធនាមថា គជសី ដែលមានរូបរាង្គស្រដៀងគ្នាទៅនិង រាជសី ដែលជាស្តេចតោ ជាអ្នកការពារ ព្រះរាជាណាចក្រកម្ពុជាបានធ្វើយកមកធ្វើជានិមិត្តរូប បាវចនាជាតិ នៃព្រះរាជាណាចក្រកម្ពុជា​ ។ ការប្រណាំងទូកនាគអាចត្រូវបានគេមើលឃើញថាជាការបង្ហាញឡើងវិញនូវនិមិត្តរូបទាំងនេះ ដែលជា ការប្រយុទ្ធគ្នានៃនិទាន ទេវកថា ផងដែរ ។


ឈ្មោះ និង វេយ្យាករណ៍

ឈ្មោះផ្លូវការណ៍ នៃពិធីបុណ្យអុំទូក ត្រូវបានសរសេរថា៖
ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និង សំពះព្រះខែ ដែលរៀបរៀងទៅតាមកម្មវិធីប្រារព្ធ និងការប្រើប្រាសនូវវេយ្យករណ៍ខ្មែរ ពិធីបុណ្យថែមពាក្យ “ព្រះរាជ” ដោយមានន័យថា ពិធីបុណ្យដែលបង្កើតឡើងដោយអង្គព្រះមហាក្សត្រ ហើយត្រូវបានចូលរួមដោយព្រះមហាក្សត្រផ្ទាល់ ។ ពាក្យបុណ្យអុំទូក ហេតុអ្វីមិនប្រើពាក្យ បុណ្យប្រណាំងទូក ពីព្រោះពាក្យបុណ្យ បានបញ្ចាក់ន័យឱ្យពាក្យ អុំទូក ដោយមានន័យថា ការអុំទូកមិនថា អុំលឿន ឬ អុំយឺត អ្នកអុំទូកទាំងអស់បានស្ថិតក្នុងកម្មពិធីបុណ្យដែលកំពុងប្រារព្ធ ។ បន្ទាប់មកពាក្យ “បណ្ដែតប្រទីប” ហេតុអ្វីក្រុមបុរាណាចារ្យ មិនប្រើពាក្យ លយប្រទីប បណ្ដែតកន្ទោង ឬ លយកន្ទោង ពីព្រោះពាក្យ (លយ) គឺជាកម្ចីពាក្យសៀម ដែលមិនមែនជាពាក្យផ្លូវការណ៍របស់ខ្មែរនោះទេ ហើយពាក្យ “កន្ទោង” គឺសំដៅលើស្លឹករុក្ខជាតិ ដែលគេធ្វើជាចានសម្រាប់ដាក់នូវសំណែនចង្អាប បណ្ដែតឱ្យពពួកខ្មោចព្រាយបីសាចប៉ុនណោះ ដោយមានបញ្ចាក់នៅក្នុងវចនានុក្រមជាតិ របស់សម្ដេចសង្ឃរាជ្យ ជួនណាត រីឯពាក្យ ប្រទីប មានន័យស្មើនិងពាក្យ គោម ។ បន្ទាប់មកពាក្យ “អកអំបុក” ត្រូវបានដាក់នៅកណ្ដាល បន្ទាប់ពីពិធីបណ្ដែតប្រទីប ត្រូវបានបញ្ចប់នៅម៉ោង 7ល្ងាច ហើយកម្មពិធីអកអំបុកត្រូវបានចាប់ផ្ដើមប្រារព្ធនៅម៉ោង 8យប់ រហូតដល់ពេលវេលា ចូលដល់ម៉ោង 12 រំលងអាធ្រាត ទើបប្រជាជននៃកម្ពុជា ធ្វើការអុចធូបបន់ស្រន់សំពះព្រះខែ ជាការបញ្ចប់ ។ ដូចនេះហើយទើបពាក្យផ្លូវការណ៍នៃពិធីបុណ្យអុំទូកត្រូវសរសេរថា “ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និង សំពះព្រះខែ” ចំណែកឯពាក្យដែលអ្នកមួយចំនួនប្រើខុសនោះ គឺពាក្យ ពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និង អកអំបុក ឬ ប្រើពាក្យទាំងនេះឆ្លាសគ្នាយ៉ាងណាដែលផ្ទុយនិងការពន្យល់ពាក្យវេយ្យករណ៍ខ្មែរខាងលើនេះ គឺសុទ្ធសឹងតែជាអ្នកយល់ខុសពីវេយ្យាករណ៍ភាសាខ្មែរទាំងស្រុង ។

សូមមើល ការប្រើពាក្យ “អកអំបុក សំពះព្រះខែ” ដោយសាស្ត្រាចារ្យ អាំងជូលាន (2018) សំពះព្រះខែ, Publisher: សកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៃមជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌ វិទ្យាសាស្ត្រ , Website: www.yosothor.org ។
សូមកុំយកឈ្មោះបុណ្យជាតិ ដែលមានពាក្យក្នុងការប្រើវេយ្យករណ៍ត្រឹមត្រូវយក ទៅសរសេរឡូកឡំតាមការយល់ឃើញរបស់អស់លោកអ្នក សូមអរគុណ ។


ចំណារពន្យល់

នេះជាចម្លាក់ នៃការថ្វាយដង្វាយស្រូវអង្ករ ជារង្វាស់តៅ ទៅកាន់ក្សត្រីយ៍ នាប្រាសាទបាយ័ន (English: This is a sculpture of offering rice as a measure of tao to the queen of Bayon temple)

ពិធីលយកន្ទោង ដែលបងប្អូនខ្មែរមួយចំនួនយល់ច្រឡំទៅ និងចម្លាក់លិបនាប្រាសាទបាយ័ន ដែលបង្ហាញជាតឹកតាងនៃការលយប្រទីបនាសម័យអង្គរ គឺមិនត្រឹមត្រូវនោះទេ ប្រាសាទបាយ័ន សាងសង់ឧទ្ទិសឱ្យពុទ្ធសាសនា មហាយាន មិនមែនឧទ្ទិសឱ្យខាងសាសនាហិណ្ឌូឡើយ តើគេអាចទាញសេចក្ដីនោះ ថាជាពិធីនៃសាសនាហិណ្ឌូបានដោយរបៀបណា ជាពិសេសថាបន់ស្រន់ថ្វាយ ទេវៈស្រី ព្រះម៉ែគង្គា ខាងហិណ្ឌូសាសនាទៅទៀត តើសំអាងលើអ្វី ? តើប្រវត្តិវិទូរអន្តរជាតិណាខ្លះទទួលស្គាល់ថា ចម្លាក់លិបនាប្រាសាទបាយ័នមួយផ្ទាំងនេះជាពិធីលយកន្ទោង ?

ការបកស្រាយ ចំពោះក្មេងៗវប្បធម៌មួយចំនួននៅកម្ពុជា ពួកគេតែងនាំយកកិច្ចពិធីលយកន្ទោងរបស់ជាតិសាសន៍ដ៏ទៃ ដែលធ្វើពីស្លឹកចេកយកមកច្របល់និង កិច្ចពិធីលយប្រទីប ម្ដងហើយម្ដងទៀត ទាំងកម្ពុជាមិនមានកំណត់ត្រាច្បាស់លាស់ទាល់តែសោះ ហើយគ្មានប្រវត្តិវិទូរខ្មែរណាមួយធ្វើការកត់ត្រាពន្យល់ក្នុងក្រាំងសៀវភៅសោះឡើយ សូម្បីតែភាសាអង់គ្លេស ឬ បារាំង ដែលក្រុមបុរាណាចរ្យខំស្វែងរកតាមប្រភពបណ្ណាល័យអន្តរជាតិធំៗ ក៏គ្មានការកត់ត្រាពីការលយកន្ទោងក្នុងពិធីបុណ្យអុំទូក ឬ កិច្ចពិធីចេញព្រះវស្សានោះទេ ក្រុមបុរាណាចារ្យ បានធ្វើការសាកសួរចាស់ព្រឹទ្ធាចារ្យ នៅទូទាំងប្រទេសកម្ពុជា ចាប់ពីព្រះជន្ម៧០ ដល់ព្រះជន្ម៩០ អំពីកិច្ចលយកន្ទោង ក្នុងការចេញវស្សា និង បុណ្យអុំទូក ក្នុងទ.វទី៦០ ចម្លើយដែលក្រុមបុរាណាចារ្យទទួលបាន គឺមិនមានទាល់តែសោះ សេចក្ដីអំពាវនាវ សូមបញ្ឈប់ការបកស្រាយវប្បធម៌ខ្មែរតាមអំពើចិត្តរបស់អ្នក ដោយមិនមានប្រភពច្បាស់លាស់ ។

ទាំងព្រះសង្ឃមួយចំនួន ទាំងក្រុមក្មេងវប្បធម៌មួយចំនួន ដែលមានការយល់ដឹងតិចតួច បានបង្កើតកិច្ចបង្ហោះគោម តាមអំពើចិត្តរបស់ខ្លួន ខុសកាល ខុសវេលា មិនយល់ដឹងអំពី ខ្យល់ជំនោរ ទិសដៅខ្យល់ស្ងួត គិតជា អុីដ្រូហ្សែន និង អុកស៊ីហ្សែន ដែលនាំឱ្យគោមដែលបង្ហោះអាចនិងធ្លាក់មកវិញ ជាមួយនិងចំហេះភ្លើងនាំឱ្យកើតមានហានិភ័យ បង្ករជាភ្លើងឆេះផ្ទះ និង ភ្លើងឆេះព្រៃ ដែលបុរាណាចរ្យ ហាមប្រាម មិនឱ្យមានការបង្ហោះគោមផ្ដេះផ្ដាស រាប់ចាប់ពីខែចេញវស្សា រហូតដល់ខែចេត្រ ចូលឆ្នាំ ។ កិច្ចបង្ហោះគោមបូជាពុទ្ធសាសនា អាចប្រារព្ធទៅបាននៅអំឡុងខែពិសាខ នៃខែទី៥ នៃកិច្ចពិធីបុណ្យវិសាខបូជាប៉ុនណោះ ។

យូរៗទៅ ទៅជាពួកក្មេងវប្បធម៌មួយចំនួន ទៅជាចេះពន្យល់ពាក្យខ្មែរដោយចិត្តឯង ទាញពាក្យ កន្ទោង និង ប្រទីប ដែលមានន័យខុសគ្នា មកច្របល់បញ្ចូលគ្នា ដើរពន្យល់វប្បធម៌ខ្មែរប៉ាតណាប៉ាតណីនៅលើបណ្ដាញសង្គម គ្មានការទទួលស្គាល់ដោយក្រុមសាស្ត្រាចារ្យខ្មែរ និង មិនមានសូម្បីតែការចេញផ្សាយ អំពីអត្ថន័យ ដូចគ្នា ដោយវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិតសភាកម្ពុជា ។

អ្វីដែលធ្វើឱ្យក្រុមបុរាណាចារ្យ ឈឺក្បាលនិងបងប្អូនខ្មែរមួយចំនួនដែលកាន់កន្ទោងយកមកបណ្ដែតច្របល់និងពិធីបុណ្យអុំទូក និង ចេញវស្សា ខុសរដ្ឋប្បវេណីនៃទំនៀមខ្មែរទាំងស្រុង ហើយពួកគាត់ផុសទាំងមិនដឹងខ្យល់លើបណ្ដាញសង្គមថា មកលយប្រទីប ។ នៅក្នុងកំណត់ត្រា នៃកិច្ចពិធីលយប្រទីប មានការពន្យល់នៅក្នុងព្រះរាជទ្វាទសមាស នៃក្រុមជំនុំទំនៀមទម្លាប់ខ្មែរ ឆ្នាំ ១៩៦៦ ដែលមានភាពខុសគ្នាទាំងស្រុង ទៅនិងពិធីលយកន្ទោង ដោយបែបនេះហើយ សូមអំពាវនាវ បងប្អូនខ្មែរមួយចំនួនបញ្ឈប់ការលយកន្ទោង ក្នុងពិធីចេញព្រះវស្សា និង ពិធីបុណ្យអុំទូក ។

ប្រភព៖ wikipedia


ឯកសារយោង[កែប្រែ]

  1.  Franklin E. Huffman, Im Proum (1988) Intermediate Cambodian Reader, Publisher: SEAP Publications p.499 ISBN: 087727522X
  2.  Rungsin Kānphim (1981) Khmer Culture of Family, Publisher: Original from the University of Michigan p.96 illustrations (some color) ; 26 cm, OCLC Number: 54221527
  3.  Eng Suth (1969) Mohaboros Khmer Documents Volume 1-2, Publisher: Institut Français du Cambodge Bibliothèque Numérique Culturethèque.
  4.  Professor Pich Sal (1966) The 12-Month Royal Ceremony, Publisher: Officer of the Khmer Traditional Church of the Buddhist Academy of Cambodia, Original from University of California, Berkeley p.76
  5.  ប្រវត្តិ​បុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ អកអំបុក​ (2002) Publisher: Buddhist institute of ministry of cult and religion and elibrary of Cambodia p.12
  6.  Choun Nath (1993) Khmer Dictionary: ប្រទីប, Publisher: KHMER-ENGLISH-KHMER DICTIONARIES By dictionary.tovnah.com
  7.  លីធាម តេង (1991) កំណត់ហេតុរបស់ ជីវតាក្វាន់ : អំពីប្រពៃណីនៃអ្នកស្រុកចេនឡា បោះពុម្ពលើកទី 3 ភ្នំពេញ : រស្មីបដិវត្ត
  8.  Daguan Zhou (1991) The Customs of Cambodia, Publisher: Siam Society, 2001 Original from the University of Michigan p.147 ISBN: 9748298515
  9.  Munīsobhǎṇ (Sekh Nāṅ) (Braḥ Grū.) (1950) Sāsanā sākal lok, Volumes 1-2, Publisher: Roṅ Bumb khmaer, Original from the University of Michigan.
  10.  Lawrence Johnstone Burpee (1964) Canadian Geographical Journal, Volumes 68-69, Contributors: Royal Canadian Geographical Society, Canadian Geographical Society, Publisher: Royal Canadian Geographical Society., Original from the University of Michigan
  11.  Cambodia. Krasuaṅ Ghosanākār nẏṅ Vappadharm (1990) Prajum rẏan breṅ Khmaer, Volume 9, Publisher: Krum Jaṃnuṃ Taṃniam Daṃnlâp Khmae, Buddha Sāsanapaṇdity, Original from University of California, Berkeley
  12.  Professor Miech Pon (1999) Documentary on Khmer Traditions and Customs Part 3, Contributor: Hun Neang, Publisher: Officer of the Khmer Traditional Church of the Buddhist Academy of Cambodia p. 391
  13.  H.T. Francis and R.A. Neil (1897) SASA-JĀTAKA No. 316., Publisher: Ashgate Publishing Limited, Farnham 2010, Website: Sacred-texts.com
  14.  Cambodia. Krasuan Ghosanākār nyn Vappadharm (1990) Collection of Khmer legends, Volume 9, Publisher: Buddha Sāsanapaṇdity, Original from University of California, Berkeley
  15.  Eng Suth (1991) Mohaboros Khmer Documents Volume 1-7, Publisher: Member of the Committee on History and Culture p.78
  16.  Cambodia. Authority for the Protection and Management of Angkor and the Region of Siem Reap. Dept. of Culture and Monuments, Cambodia. Authority for the Protection and Management of Angkor and the Region of Siem Reap, Friends of Khmer Culture (2004) Udaya, Issue 5, Publisher: Department of Culture and Monuments, Authority for the Protection and Management of the Region of Angkor/Siem Reap, Original from the University of Michigan.
  17.  ប្រវត្តិ​បុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ អកអំបុក​ (2002) Publisher: Buddhist institute of ministry of cult and religion and elibrary of Cambodia p.12
  18.  Heinrich-Böll-Stiftung (1999) 2e Congrès national de la recherche socio-culturelle sur le Cambodge, 3-5, Publisher: Sākalvidyālăy Bhūmin Bhnaṃ Ben, Original from University of California, Berkeley p.381
  19.  Courses de canoë au Cambodge, illustration gravée d’époque. Magasin Pittoresque (1873) Contributeur: Panther Media GmbH / Alamy Banque D’Images, www.alamyimages.fr
  20.  Michelle Vachon (2014) Boats Flying, The Cambodia Daily © All rights reserved
  21.  Chab Pin (1969) The 12-Month Royal Ceremony-Volume 3 Khmer Tradition Church of the Buddhist Academy of Cambodia p.174
  22.  Chab Pin (1958) Khmer tradition, Publisher: Cambodian Buddhist Academy of Khmer Tradition Church , Unesco p.985 ISBN: 9924923200
  23.  គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ
  24.  Khmer Tradition Church Academy (1963) Collection of Cambodia legends Volume 1, Publisher: Cambodia Buddhist Academy, Original from the University of Michigan
  25.  RUPP (1999) 2e Congrès national de la recherche socio-culturelle sur le Cambodge, 3-5 Février 1999, Publisher: Royal University of Phnom Penh, Original from University of California, Berkeley p.381

អត្ថបទទាក់ទង