Grand News Asia Close

១៣- ​​​ល្បែង​​ប្រជាប្រិយ​​ខ្មែរ | ល្បែងសី​ |

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី៥ ខែមេសា ឆ្នាំ២០២៣ បច្ចេកវិទ្យា & ប្លែកៗ វប្បធម៌ & ប្រវត្តិសាស្រ្ដ 699
១៣- ​​​ល្បែង​​ប្រជាប្រិយ​​ខ្មែរ | ល្បែងសី​ | ១៣- ​​​ល្បែង​​ប្រជាប្រិយ​​ខ្មែរ | ល្បែងសី​ |

ល្បែងសី ជាល្បែងមួយយ៉ាងសម្រាប់មនុស្សប្រុស កម្លោះៗ ឫចំណាស់ៗគេលេងនៅទីវាល នាពេលថ្ងៃត្រជាក់ នៅរដូវរំហើយ ឫនៅពេលបុណ្យទានផ្សេងៗនាទីវត្តអារាម ។

សីមាន ៣យ៉ាង គឺ ៖
ក. សីមីលោង
ខ. សីដក់
គ. សីពែន

សីទាំង៣យ៉ាង មានប្រដាប់សម្រាប់លេង និងរបៀបលេងប្លែកពីគ្នាដូចរៀបរាប់ទៅនេះ៖

ក. សីមីលោង ៖ វត្ថុដែលគេយកមកធ្វើសីនេះ គឺគេយកបន្ទោះផ្តៅ ឫរពាក់ មកចាក់ជាក្រឡាភ្នែកក្រួច ឲ្យមានសណ្ឋានមូលប្រមាណប៉ុនត្រឡោកដូងធុនតូច ហើយគេនាំគ្នាទាត់លេង ។

អ្នកលេងសីមីលោងគេបបួលគ្នាចំនួន ៤ ឫ ៥នាក់ ដែលស្ម័គ្រមកឈរដំកង់ជារង្វង់មូលធំ ឫតូច តាមចំនួនមនុស្សតិចច្រើន ។ ពេលគេលេងគេចែកជាគូៗអ្នកណាគូនឹងអ្នកណា ត្រូវឈរទល់មុខអ្នកនោះ ។ មុនដំបូង អ្នកលេងម្នាក់ដែលមានសីនៅនឹងដៃ ក៏តាំងផ្តើមបោះសីទៅឲ្យគូរបស់ខ្លួន គូនោះក៏ទទួលដោយទាត់នឹងខ្នងជើង លុះទាត់ហើយសីក៏អណ្តែតឡើងយ៉ាងខ្ពស់ ហើយធ្លាក់មកវិញ ពេលធ្លាក់នោះជួនក៏ចំអ្នកទាត់នោះវិញ ជួនក៏ចំអ្នកដទៃ ហើយអ្នកដែលសីធ្លាក់មកចំក៏ទទួលទាត់ឡើងភ្លាម ។ ចំណែកអ្នកឯទៀតៗគេត្រៀមខ្លួនចាំដោយសំឡឹងប្រុងប្រយ័ត្នភ្នែកជានិច្ច បម្រុងតែនឹងទាត់នៅពេលសីធ្លាក់មកចំខ្លួន ។ ម្នាក់ៗដែលសីធ្លាក់មកចំខ្លួន គេតែងស្ទុះទៅទាត់បញ្ជូនទៅឲ្យគូរបស់គេ ប៉ុន្តែជួនក៏បានទៅចំគូរបស់ខ្លួន ជួនក៏ធ្លាក់ទៅចំគូរបស់អ្នកដទៃ ម្ល៉ោះហើយគេដណ្តើមគ្នាទាត់តែរៀងខ្លូន ។

ខ. សីដក់ ៖ គេធ្វើដោយបន្ទោះផ្តៅ ឫរពាក់ ឲ្យមានសណ្ឋានដូចសីមីលោងដែរ ប្លែកតែសីដក់គេធ្វើឲ្យមានទំហំនិងមានក្រឡាធំជាងសីមីលោងបន្តិច ។ សីដក់មានរបៀបលេងស្រដៀងសីមីលោងដែរ ប្លែកតែសីមីលោងគេទាត់ដោយខ្នងជើង ឯសីដក់ គេគះដោយកែងដៃ ដោយក្បាលជង្គង់ ដោយស្មា និងដោយក្បាល ។

គ. សីពែន ៖ គេធ្វើដោយស្លាបសត្វ និងស្បែក ឫស្រកាត្រី គឺដាក់ៀស្បែក ឫស្រកាត្រី ៣ទៅ៤ជាន់ ចៀរជាសណ្ឋានមូលចោះចំកណ្តាល ជាប្រហោង ហើយយកស្លាបសត្វ ៤ទៅ៥ ដែលខ្លីៗល្មមមកជ្រំឲ្យស្មើ រួចស៊កគល់ស្លាបនោះក្នុងរន្ធស្បែក ឫស្រកាត្រីនោះឲ្យចេញមកបន្តិចហើយបត់ទៅខាងៗ ចងដោយខ្សែលួសឆ្មារភ្ជាប់ទៅនឹងស្បែកឫស្រកាត្រីនោះ ការពារមិនឲ្យរបូត រួចគេយកទៅទាត់ ។

របៀបលេងសីពែន គេបបួលគ្នាអោយបានចំនួនតាំងពី ២នាក់ឡើងទៅ មកឈរដំកង់ជារង្វង់មូល ទល់មុខគ្នាជាគូៗ គឺអ្នកណាគូនងអ្នកណាត្រូវឈរទល់មុខគ្នានឹងអ្នកនោះ ។ កាលណាឈរស្រួលបួលហើយម្នាក់ដែលកាន់សីនៅដៃក៏បោះសីទៅឲ្យម្នាក់ទៀតដែលជាគូរបស់គេ គូនោះក៏ទទួលទាត់ដោយបាតជើង គឺគេលើជើងឡើងហើយរលាស់បត់ត្រង់កជើងឲ្យបាតជើងខ្វេឡើងលើ ដូចគេអង្គុយពែនទើបគេហៅថា “ សីពែន ” ។ ពេលទាត់គេទាត់តម្រង់ឲ្យចំសីៗក៏អណ្តែតឡើងហើយធ្លាក់ចុះមកវិញ បើធ្លាក់មកចំអ្នកណា អ្នកនោះគេនឹងទាត់បន្តឡើងទៀត បើធ្លាក់មកចំអ្នកដដែលវិញ អ្នកនោះក៏ទទួលទាត់វិញដែរ ។ បើសីធ្លាក់មកចំអ្នកណាហើយ អ្នកនោះទទួលទាត់មិនត្រូវ ឫក៏សីនោះធ្លាក់ឆ្ងាយអំពីអ្នកលេងទាំងអស់គ្នា នាំឲ្យអ្នកលេងរត់ទៅទទួលទាត់មិនទាន់សីក៏ធ្លាក់ដល់ដី បើធ្លាក់ក្បែរកន្លែងអ្នកណាជាងគេ អ្នកនោះគេរើសបោះទៅឲ្យគូរបស់គេដើម្បីឲ្យទាត់តទៅទៀត ។ ពេលដែលសីធ្លាក់មកម្តងៗ ទាំងអស់គ្នាតែងតែសំឡឹងមើលទៅសីគ្រប់គ្នាក្រែងធ្លាក់មកចំខ្លួន ជួនក៏ទាំង២នាក់នឹកត្រូវគ្នា គឺអ្នកម្នាក់នឹកថា សីធ្លាក់មកចំខ្លួន ម្នាក់ទៀតក៏ថាចំខ្លួនដែរនាំគ្នាស្ទុះទៅទាត់ដណ្តើមគ្នាក៏មាន ។

ម្នាក់ៗដែលសីធ្លាក់មកចំខ្លួនហើយ តែងតែមានចិត្តនឹកថា នឹងទាត់បង្វែរទៅឲ្យគូរបស់ខ្លួនៗ តែជួនកាលក៏បានសម្រេច ជួនកាលក៏មិនបានសម្រេចដែរ ដោយសីនោះមិនទៅចំដូចបំណង ។

សីពែននេះ គេទាត់ ឫគះបានតែបាតជើង ផ្នែកគោល កែងជើង កែងដៃ ក្បាលជង្គង់ ក្បាល ស្មា ប្រហែលសីដក់ដែរ តែគេហាមផ្តាច់មិនឲ្យទាត់ដោយខ្នងជើង ឫទះដោយាបាតដៃឡើយ ។

ល្បែងសីទាំង៣មុខនេះ បើអ្នកលេងសុទ្ធតែប៉ិនប្រសប់ ក្នុងពេលទាត់មួយលើកៗ ដីមិនសូវធ្លាក់ដល់ដីទេ យូរៗទើបមានធ្លាក់ដល់ដីម្តង ។

ល្បែងសីជាកីឡាដ៏ប្រសើរមួយរបស់ខ្មែរតាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្នកាលនេះ ក៏នៅតែមានតម្លៃនៅឡើយ ហើយជាកីឡាហាត់ប្រាណមួយយ៉ាងខាងកាយសម្បទា ប្រហែលនឹងកីឡាបាល់ទាតដែរ ៕

ដោយ៖ ត្រយ៉ង

អត្ថបទទាក់ទង