១២- ល្បែងប្រជាប្រិយខ្មែរ | ល្បែងគោះត្រឡោក |
ល្បែងគោះត្រឡោក ជាល្បែងមួយយ៉ាងដែលមនុស្សប្រុសជំទង់ៗឬចំណាស់ៗដែលគេលេងក្នុងពេលណាក៏បាន តែគេច្រើនតែលេងក្នុងពេលលើកជំនូន-ស៊ីស្លា ឬមង្គលការកូន គឺពេលហែកូនប្រុសទៅជូនជំនូន ឬទៅចូលរោងនៅផ្ទះខាងស្រី ក្នុងពេលនោះ គេតែងរកអ្នកចេះគោះត្រឡោក មកលេងជាកម្សាន្ត។
មនុស្សអ្នកលេងមានតែម្នាក់ទេ ។ មុននឹងលេង គេយកត្រឡោកល្អៗ២ ទំហំប៉ុនគ្នា មកកាន់នៅដៃស្ដាំ ១ ដៃឆ្វេង ១ ហើយគេអង្គុយ ឬឈរ គោះប្រជល់គ្នាតាមចង្វាក់ មាន ៧ គឺ:
ទី១ គោះលើក្បាល
ទី២ គោះខាងមុខ
ទី៣ គោះខាងក្រោមឃ្លៀកស្ដាំ
ទី៤ គោះខាងក្រោមឃ្លៀកឆ្វេង
ទី៥ គោះខាងក្រោមជើងស្ដាំ
ទី៦ គោះខាងក្រោមជើងឆ្វេង
ទី៧ គោះខាងក្រោយខ្នង
សកម្មភាពរបស់អ្នកគោះបែបអង្គុយ ដូចក្នុងរូបភាពនេះ:
លុះគោះគ្រប់ ៧ ថ្នាក់ហើយ គេចាប់គោះពីទី ១ សាជាថ្មីឡើងទៀត តាមលំដាប់ហូរហែទៅ ។ បើគោះបែបឈរ គេគោះបណ្ដើរ ច្រៀងបណ្ដើរតាមបទ ឬទំនុកដែលគេចេះ ។ នៅពេលហែកូនកំលោះទៅជូនជំនូន ឬទៅចូលរោងការ ឬនាំកូនក្រមុំចុះពីផ្ទះទៅចូលរោងខាងប្រុស គេតែងគោះបែបឈរ គឺអ្នកគោះត្រឡោក គេឈររេរាំធ្វើជាស្ទាក់មុខកូនកម្លោះ មិនឲ្យឡើងទៅលើផ្ទះខាងស្រី ឬកូនក្រមុំមិនឲ្យចូលទៅរោងខាងប្រុស ។ បើម្ដាយឪពុកនៃសាមីខ្លួនទាំងសងខាងអាណិតគ្នា កុំឲ្យឈរយូរពេក ខ្លាចនឿយហត់ ឬខ្មាស់គេ គេយកវត្ថុអ្វីមួយមានស្រានិងសាច់ក្លែម ឬប្រាក់ជាដើមតាមសមគួរ សូមអ្នកគោះត្រឡោកនោះ បើអ្នកគោះគេសុខចិត្តព្រមបើកឱ្យទៅ ទើបចូលទៅបាន ។
ល្បែងនេះ ជាល្បែងមួយយ៉ាង នាំឱ្យអ្នកទស្សនាកើតសេចក្ដីរីករាយ ហើយជាល្បែងដែលរាប់ចូលក្នុងការហាត់ប្រាណ នាំឱ្យដៃកើតសាច់ដុំ និងឱ្យដៃរហ័សរហួន ៕