Grand News Asia Close

៩- ល្បែងប្រជាប្រិយខ្មែរ | ល្បែងបិទ​ពួន​​ |

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី៥ ខែមេសា ឆ្នាំ២០២៣ បច្ចេកវិទ្យា & ប្លែកៗ វប្បធម៌ & ប្រវត្តិសាស្រ្ដ 235
៩- ល្បែងប្រជាប្រិយខ្មែរ | ល្បែងបិទ​ពួន​​ | ៩- ល្បែងប្រជាប្រិយខ្មែរ | ល្បែងបិទ​ពួន​​ |

ល្បែងបិទពួន ជាល្បែងម៉្យាងដែលពួកកុមារាកុមារីជំទង់ៗ តែងលេង​កម្សាន្ដសប្បាយ​នៅ​ពេលរាត្រី ខែភ្លឺ ល្បែងនេះគេលេងគ្មានកំណត់ខែណា ឬរដូវណាទេ នៅខែណា រដូវណាក៏បាន ឱ្យតែ​មានពេលលំហែ ហើយគ្មានកំណត់ចំនួនមនុស្សឡើយ ។ វិធានការនៃការលេងនេះ គឺពួក​ម្ខាង​អ្នកពួន ពួកម្ខាងទៀតអ្នកដើររក កាលរកឃើញគេដញចាបពួន ដើម្បីញៀច (មួលស្លឹកត្រចៀក) ។

សកម្មភាពរបស់អ្នកលេង ដូចរូបភាពនេះ៖

របៀបលេង មុខដំបូង គេបបួលកុមារាកុមារីដែលមានអាយុប្រមាណស្របាលៗគ្នា ឱ្យបានច្រើន​ប្រមាណ ៥ឬ ១០ នាក់ឡើងទៅ ស្រេចតែមានគ្នាតិចឬច្រើន ចែកជាពីរផ្នែកស្មើគ្នា ស្រីម្ខាង​ប្រុស​ម្ខាង ឬលាយចម្រុះគ្នា ទាំងស្រីទាំងប្រុស ឬក៏សុទ្ធតែប្រុស សុទ្ធតែស្រីក៏បាន ។ គេកំណត់​កន្លែង​​ណាមួយ ដែលមានភាពដ៏ស្រឡះ ឱ្យ ឈ្មោះថា “ទី” ហើយគេឱ្យពួកម្ខាងទៅពួន​នៅ​ទី​ដទៃ គឺត្រូវពួនរបៀបណាកុំឲ្យពួកម្ខាងទៀតរកឃើញបានដោយ ងាយ ពួកម្ខាងទៀត​ឈរ​ធ្មេច​ភ្នែក​ឬបិទភ្នែកនៅក្នុងទី​។​

ត្រណមរបស់ពួកនេះ នៅត្រង់ធ្មេចភ្នែក គឺគេសន្យាគ្នាថា អ្នកណា​លួច​មើលពួកគេអ្នកពួន ឱ្យដឹងថាគេពួនត្រង់នេះត្រង់នោះ នឹងត្រូវស្អុយភ្នែក ។ ចំនួន ២-៣ នាទី ទើបពួក អ្នកនៅក្នុងទីបើភ្នែកឡើងស្រែកថា “ បើកគ្របបាយ កំចាយរក អ្នកមិនមក អញរក​ឃើញ ” ហើយក៏ចាត់ម្នាក់ រើសរកអ្នកណាមានមាឌធំបន្តិច ក្នុងបណ្តាពួកអ្នកនៅចាំទីនោះ ឲ្យ​នៅ​ចាំ​ទីការពារ កុំឲ្យពួកអ្នកទៅពួនរត់មកចូលទី បាន សល់ប៉ុន្មានឲ្យដើររកគ្រប់ទី​កន្លែង​ដែល​​កំបាំងៗ ។ បើអ្នកណាមួយឃើញអ្នកពួកណាម្នាក់ក៏នាំគ្នាដេញចាប់ ញៀប បើដេញ​ចាប់​ញៀច​បាន ឈ្មោះថា ស្អុយ បើមិនបាន អ្នកពួននោះរត់ចូលទីបាន ឈ្មោះថាបបានរួចខ្លួន មិនត្រូវ​ដេញ​ញៀចគេទេ ប៉ុន្តែពួកអ្នកនោះ បើចូលទី ហើយត្រូវស្រែកឱ្យខ្លាំងៗថា “ចូលទី” បើមិនស្រែក​ទេ​គេ​មាន អំណាចញៀចបានទៀត ។

លុះអ្នកដើររក រកឃើញពួកអ្នកពួនអស់ហើយ ឬបើមិនទាន់​ឃើញអស់គេខំដើររកឲ្យ ទាល់តែបានឃើញ ទោះបីញៀចបាន ឬក៏មិនបានក៏ដោយ មកជួបជុំ​ហើយ គេក៏និយាយប្រាប់អ្នកទាំងអស់គ្នា (ទាំងពីរផ្នែក) ថា ពួកគេញៀច​បានប៉ុណ្ណានាក់តាម​ដែល​គេញៀចបាន រូចហើយពួកអ្នកនៅចាំទីមុននោះទៅពួន វិញ ឯពួកអ្នកមុនត្រូវនៅចាំក្នុងទី ហើយដើររកគេ ផ្លាស់ប្តួរគ្នាតែរបៀបនេះរហូតដល់ពេលឈប់លេង ។

ក្នុងការផ្លាស់ប្តួរគ្នានេះ គឺទៅពួនម្តងមួយផ្នែក រូចហើយបើពួកខាងម្ខាងញៀចគេបាន ៣-៤ នាក់ ដល់ពួក ម្ខាងទៀតញៀចគេវិញបានតែ ២-៣នាក់ ពួកនោះឈ្មោះថាចាញ់គេ ។

តាមរបៀបអ្នកស្រុកខ្លះ គេលេងប្លែកពីនេះបន្តិច គឺគេប្រមូលអ្នកស្ម័គ្រលេង​ទាំងប៉ុន្មាន​មកឈរដំកង់ ហើយ ម្នាក់ផ្តើមសូត្រថា “ត្រៃត្រក ត្រៃត្រេង” ឬថា “កាច់ស្លឹក​ឫស្សី សំដីល្ង ខែចែត្រពេញបូណ៌លោកឱ្យលោកលេងពួន លេងខែណា លេងខែដូងព្រះ កាច់សន្ទះ​មហា​ទង់ដែង អញ្ចែងអញ្ចាច់ អញ្ចែងចង្វាក់ អអ៊ឺតអន្ទង អំពងអំពួន ប្រពន្ធ ចៅហ្វាយ” ។ ក្នុងការសូត្រពាក្យទាំងនេះ គេចង្អុលបណ្តើរទៅចំខ្លួនមនុស្សម្នាក់ៗ គឺមួយមាត់ចង្អុលម្នាក់ៗ បើអស់ ចំទៅលើរូបអ្នកណា អ្នកនោះត្រូវរត់ទៅរកកន្លែងពួន រូចធ្វើដូចមុនទៀតរហូត​ដល់​សល់​តែម្នាក់ក្រោយគេ ទុកជា អ្នកនៅចាំទី ។ កាលណាអ្នកពួកស្រែកថា “រូច” អ្នកចាំទីដើរតាមរក​ញៀច បើញៀចបាននរណាមួយ ត្រូវប្តូរអ្នកនោះ មកចាំទីម្តង ឯអ្នកចាំទីមុនត្រឡប់ទៅពួនវិញ ។ តែញៀចម្តងបានតែមួយនាក់ទេ ទោះជាគេពួននៅជិតគ្នាក៏ដោយ ហើយបើខុសពីត្រណម​នេះ​គេ​ទុកជាស្អុយ គេរៀបចំលេងសាជាថ្មីម្តងទៀត ធ្វើតែយ៉ាងនេះបន្តៗទៅ ។ ប្រសិនជា យូរពេល​ហើយនរណា​មួយគេខ្ជិលពួន អាចរត់គេចពីភ្នែកអ្នកចាំទីមកអង្គុយត្រង់ទីក៏បាន ចាំគេញៀច​បាន​​នរណា ថ្មីទៀត សឹមទៅពួនម្តងទៀត ។ កាលណាអ្នកណា​ម្នាក់ចង់ឈប់លេងត្រូវស្រែក​ឲ្យ​រហ័សថា “ បើកបាយក្រហាយ ទឹក អ្នកណាមិនមកឈ ប់លេង ” បើគេស្រែកដូច្នេះរួច អ្នក​ចាំទីគ្មានសិទ្ធិញៀចគេទៀតទេ ។

ល្បែងនេះ ជាល្បែងអាចចាត់ចូលក្នុងពួកកីឡាហាត់ប្រាណបាន ត្រង់ការរត់ ការស្ទុះ ការលោត ការដេញ៕

អត្ថបទទាក់ទង