Grand News Asia Close

ចាប់តាំងពី​ការប្រើប្រាស់​កាស​រហូត​ក្លាយទៅ​ជា​ក្រដាសប្រាក់៖ ប្រវត្តិខ្លីៗនៃ​រូបិយវត្ថុ​កម្ពុជា

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០២៤ ចំណេះដឹងទូទៅ វប្បធម៌ & ប្រវត្តិសាស្រ្ដ 451
ចាប់តាំងពី​ការប្រើប្រាស់​កាស​រហូត​ក្លាយទៅ​ជា​ក្រដាសប្រាក់៖ ប្រវត្តិខ្លីៗនៃ​រូបិយវត្ថុ​កម្ពុជា ចាប់តាំងពី​ការប្រើប្រាស់​កាស​រហូត​ក្លាយទៅ​ជា​ក្រដាសប្រាក់៖ ប្រវត្តិខ្លីៗនៃ​រូបិយវត្ថុ​កម្ពុជា

រូបិយវត្ថុ មិន​ថា​នៅក្នុង​ទម្រង់​ជា​ថ្ម​និង​លោហធាតុ​មានតម្លៃ ឬ​ជា​ក្រដាសប្រាក់​នោះទេ គឺ​តែងតែ​នាំឱ្យមាន​ការផ្លាស់ប្តូរ​នៅក្នុង​ប្រវត្តិសាស្ត្រ​សេដ្ឋកិច្ច​របស់​ប្រទេសមួយ ដោយ​ផ្តល់​ការរក្សា​តម្លៃ​ជា​សកល​ដែល​ទទួលស្គាល់​ដោយ​ប្រជាជន​និង​ពាណិជ្ជករ។

ដោយ​មិនអាច​ប្រកែក​បាន កម្ពុជា​គឺជា​ប្រទេស​ដែលមាន​អរិយធម៌​ចំណាស់​ជាងគេ មាន​ប្រវត្តិ​រូបិយវត្ថុ​ដ៏​យូរលង់​ពោរពេញ​ទៅដោយ​ភាពមិន​នឹងនរ បើ​ធៀប​នឹង​ប្រាក់រៀល​បច្ចុប្បន្ន​ដែលជា​រូបិយវត្ថុ​ជាតិ​មាន​ស្ថិរភាព។

ឯកសារ​ប្រវត្តិសាស្ត្រ​បាន​បង្ហាញថា ប្រជាជន​ខ្មែរ​តាំងពី​បុរាណកាល​បាន​ដោះដូរ​ទំនិញ​គ្នា​ទៅវិញទៅមក ដូចជា​អង្ករ ពោត និង​សណ្ដែក ជាមួយនឹង​ត្រី គោ ក្របី ឬ​សូម្បីតែ​ដីស្រែ​ចម្ការ​និង​ផ្ទះសម្បែង។ យ៉ាងណាមិញ ភស្តុតាង​បុរាណវិទ្យា​បាន​បង្ហាញថា ប្រជាជន​ខ្មែរ​បាន​ផលិត​កាស​ជា​លើកដំបូង​សម្រាប់​ប្រតិបត្តិ​ការដោះដូរ តាំងពី​រាប់រយ​ឆ្នាំមុន​មក​ម៉្លេះ។


លោក​បណ្ឌិត Michet Tranet ដែលជា​បុរាណ​វិទូ​និង​ប្រវត្តិវិទូ​ដ៏​ល្បីល្បាញ​នៅ​ប្រទេស​កម្ពុជា បាន​ចំណាយពេល​ជាច្រើន​ឆ្នាំ​ក្នុងការ​កត់ត្រា​ការវិវត្ត​នៃ​រូបិយវត្ថុ​ខ្មែរ រួមទាំង​អត្ថន័យ​នៃ​រូបិយវត្ថុ​ទាំងនេះ​សម្រាប់​សង្គម​និង​សម្រាប់​សេដ្ឋកិច្ច។ លោក Tranet បាន​អះអាងថា កាស​មានមុខ​តែមួយ​ដែលមាន​រូប​សត្វ រុក្ខជាតិ និង​និមិត្តសញ្ញា ហើយ​ភាគច្រើន​ត្រូវបាន​រកឃើញ​នៅ​ទីក្រុង​បុរាណ​នៃ​ស្រុក​អង្គរបុរី ខេត្តតាកែវ គឺជា​កាស​ដំបូង​ដែល​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ព្រះរាជាណាចក្រ​កម្ពុជា។

លោក Tranet បាន​និយាយថា “កាស​នេះ​ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា​មាន​អាយុកាល​រហូតដល់​សត​វត្សរ៍​ទីមួយ​ឬ​ទី​ពីរ មុន​គ្រិស្តសករាជ។ “កាស​ទាំងនោះ​ទំនងជា​ទទួល​ឥទ្ធិពល​ពី​ឥណ្ឌា​និង​ចិន ដែលជា​ជនបរទេស​ដំបូង​គេ​ដែល​បានមក​ដល់​នគរ​ហ្វូណន ហើយ​មេដឹកនាំ​នា​សម័យ​នោះ​ប្រាកដជា​បាន​បោះផ្សាយ​កាស​ទាំងនោះ​ដើម្បី​សម្រួល​ដល់​ពាណិជ្ជកម្ម​រវាង​រាជាណាចក្រ​ហ្វូណន​ជាមួយនឹង​ឈ្មួញ​មកពី​ប្រទេស​ដទៃ។


លោក Tranet បាន​បន្ថែមថា រូបិយវត្ថុ​ទាំងនោះ​អាច​បង្ហាញ​ពីអ្វី​ដែល​ជនជាតិខ្មែរ​ឱ្យ​តម្លៃ ដូចជា​សត្វពាហនៈ​នៅ​សម័យបុរាណ​ជាដើម។ យោងតាម​ស្នាដៃ​អក្សរសិល្ប៍ រូបិយវត្ថុ​ខ្មែរ​ដំបូង​គេ​ដែល​ប្រវត្តិវិទូ​ស្គាល់​គឺ ប្រាក់​ស្លឹង ប្រាក់ណែន និង​ក​ហាប់​បណៈ។ យ៉ាងណាមិញ មិនទាន់មាន​កំណត់ត្រា​ណាមួយ​បង្ហាញ​ពី​ការឱ្យ​តម្លៃ ការប្រើប្រាស់ ឬ​ការកែតម្រូវ​ស្របតាម​អតិផរណា​របស់​រូបិយវត្ថុ​ទាំង​នោះទេ។

លោក​បាន​និយាយថា៖ «ទោះយ៉ាងណាគួរ​កត់សម្គាល់ថាកាស​ទាំងនេះ​ត្រូវបាន​ប្រើប្រាស់​តែ​នៅ​កន្លែង​ដែលមាន​សកម្មភាព​សេដ្ឋកិច្ច​រីកចម្រើន ដូចជា​តំបន់​ភូមិភាគ​កណ្តាល ឬ​នៅ​ជិត​តំបន់ឆ្នេរ។ នៅ​តំបន់ផ្សេងៗទៀតប្រជាជន​ពឹងផ្អែក​លើ​ប្រព័ន្ធ​ដោះដូរ​ទំនិញ​នឹង​ទំនិញ ជំនួស​ឱ្យ​ប្រព័ន្ធ​រូបិយវត្ថុ»។

ទោះយ៉ាងណា លោក​សាស្ត្រាចារ្យ សំបូរ ម៉ា​ណា​រ៉ា ដែលជា​ប្រវត្តិវិទូ​ដ៏​ល្បី​មួយរូប​បាន​អះអាងថា រូបិយវត្ថុ​ខ្មែរ​ក្នុង​ទម្រង់​ជា​កាស​បានចាប់ផ្តើម​ចរាចរ​ជា​ផ្លូវការ​លើកដំបូង ជាពិសេស​នៅ​សតវត្សរ៍​ទី១។ នៅពេលដែល​ស្តេច​កន​ដែលជា​កសិករ បាន​ទម្លាក់​ព្រះបាទ​សុគន្ធ​បទ​ពី​រាជបល្ល័ង្ក​ក្នុង​ឆ្នាំ១៤៩៨ និង​បាន​ព្យាយាម​បង្កើត​រាជវង្ស​ថ្មី​មួយ​ប៉ុន្តែ​មិនបាន​សម្រេច។ ប្រាំ​មួយឆ្នាំ​ក្រោយមក ស្តេច​កន​ត្រូវបាន​ទម្លាក់​ពី​រាជ្យសម្បត្តិ និង​ប្រហារជីវិត​ដោយ​ព្រះបាទ​ច័ន្ទ​រាជា ដែល​ត្រូវជា​ព្រះអនុជ​របស់​ព្រះបាទ​សុគន្ធ​បទ។

លោក​បាន​បន្តទៀតថា៖ “កំណត់ត្រា​ប្រវត្តិសាស្ត្រ​ក្នុងស្រុក​បានបង្ហាញ​ថា ស្តេច​កន​គឺជា​ព្រះមហាក្សត្រ​ដំបូង​គេ​ដែល​បាន​បោះពុម្ព​និង​បានដាក់​ឱ្យប្រើ​ប្រាស់​កាស​ខ្មែរ​ដែលមាន​រូប​នាគ។ នៅក្នុង​អំឡុងពេល​នោះ​ហើយ​ដែល​ពាក្យ “រៀល” ត្រូវបាន​គេ​ប្រើ​ជា​លើកដំបូង។


ចុង​ទសវត្សរ៍​ឆ្នាំ១៨៧០ បានឃើញ​ពី​ការផ្លាស់ប្តូរ​ដ៏​សំខាន់​នៅក្នុង​រូបិយវត្ថុ​របស់​ព្រះរាជាណាចក្រ​កម្ពុជា។ អាណាព្យាបាល​បារាំង​បានដាក់​ឱ្យប្រើ​ប្រាស់​ប្រាក់​ព្យ៉ា​ស់ ដែលជា​រូបិយប័ណ្ណ​ថ្មី​សម្រាប់​ផ្តល់​ហិរញ្ញប្បទាន​ដល់​ការធ្វើ​ពាណិជ្ជកម្ម​និង​ទំនើបកម្ម​នៅ​តំបន់​ឥណ្ឌូចិន។ រូបិយប័ណ្ណ​នេះ​ត្រូវបាន​បោះផ្សាយ​ដោយ​ស្ថាប័នឯកជន​ដែល​ជឿទុកចិត្ត​ដោយ​អាជ្ញាធរ​បារាំង ធនាគារ​ឥណ្ឌូចិន ហើយ​ប្រាក់​នេះ​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​នៅក្នុង​ប្រទេស​កម្ពុជា ឡាវនិង​ វៀតណាម។ ទោះយ៉ាងណា តួនាទី​របស់​ប្រាក់​ព្យ៉ា​ស់ នៅមានកម្រិត​នៅឡើយហើយ​ប្រជាជន​កម្ពុជា​នៅតែ​ប្រកាន់យក​ក្រដាសប្រាក់​របស់ខ្លួន​ជា “ប្រាក់រៀល” ទោះបីជា​ក្រដាសប្រាក់​នោះ​មាន​និមិត្តសញ្ញា​នៃ​ប្រទេស​ចំនួន​បី​ក៏ដោយ។

ប្រាក់​ព្យ៉ា​ស់​នៅតែ​ត្រូវបាន​ប្រើប្រាស់​រហូតដល់​ចុងបញ្ចប់​នៃ​សម័យ​ឥណ្ឌូចិន​របស់​បារាំង។ នៅ​ឆ្នាំ ១៩៥៣ សាខា​កម្ពុជា​នៃ​វិទ្យាស្ថាន​សមាគតរដ្ឋ​កម្ពុជា ឡាវ និង​វៀតណាម (Institut d’Émission des États du Cambodge, du Laos et du Vietnam) បាន​បោះផ្សាយ​ក្រដាសប្រាក់​ពីរ​ប្រភេទ​ជា​ប្រាក់​ព្យ៉ា​ស់ និង​ប្រាក់រៀល ដោយ​ប្រាក់រៀល​មានតម្លៃ​ដូច​គា្ន​ទៅនឹង​ប្រាក់​ព្យ៉ា​ស់។ នៅ​ប៉ុន្មាន​ឆ្នាំ​ក្រោយមក ប្រាក់រៀល និង​ប្រាក់​ព្យ៉ា​ស់បាន​ចរាចរ​ទន្ទឹមគ្នា។ នៅ​ឆ្នាំ១៩៥៥ ប្រាក់រៀល​បានក្លាយ​ជា​រូបិយវត្ថុ​តែមួយគត់​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុងសម័យ​សង្គមរាស្ត្រនិយម។

រដ្ឋប្រហារ​ឆ្នាំ១៩៧០ ដោយ លន់ នល់ បាន​នាំមក​នូវ​ការផ្លាស់ប្តូរ​មួយបែប​ទៀត​ចំពោះ​រូបិយវត្ថុ។ ក្នុងសម័យ​សាធារណរដ្ឋ​ខ្មែរ រូបរាង​ទូទៅ​នៃ​រូបិយវត្ថុ​ជាតិ​មិនមាន​ការវិវត្ត​ច្រើន​ទេ ប៉ុន្តែ​ក្នុងសម័យ​នោះ ចាប់ផ្តើម​ឃើញ​ពី​ការលែង​ចាយ​កាស។

ការផ្លាស់ប្តូរ​ដ៏​ខ្លាំង​និង​អាក្រក់​បំផុត​បានកើត​ឡើងនៅពេលដែល​របប​ខ្មែរក្រហម​ជ្រុលនិយម​បាន​កាន់​កាប់​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ១៩៧៥។ ពួកគេ​បាន​លុបបំបាត់​រូបិយវត្ថុ​ទាំងស្រុង ទោះបីជា​ពួកគេ​ធ្លាប់បាន​បោះពុម្ព​រូបិយវត្ថុ​កាលពីដើមឆ្នាំ​១៩៧៥ ក៏ដោយ ប៉ុន្តែ​ទីបំផុត​បានសម្រេច​ចិត្ត​មិន​ប្រើប្រាស់​រូបិយវត្ថុ​ទាំងនោះ។ រូបិយវត្ថុ​ដែល​មិន​ធ្លាប់បាន​ចរាចរ​នេះ មាន​រូបភាព​បង្ហាញ​ពី​ការធ្វើការងារ​រួមគ្នា ដែល​ពួក​ខ្មែរក្រហម​ហៅថា​ទំនើបកម្ម នឹងមាន​រូបភាព​ពាក់​ព័ន្ធ​នឹង​សង្គ្រាម​ផងដែរ។

បន្ទាប់ពី​ការដួលរលំ​នៃ​របប​ខ្មែរក្រហម​នៅ​ឆ្នាំ១៩៧៩ សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​បាន​បង្កើត​ធនាគារជាតិ​នៃ​កម្ពុជា​ឡើងវិញ​នៅ​ឆ្នាំ១៩៧៩ ហើយ​បាន​ដាក់ឱ្យ​ដំណើការ​ប្រាក់រៀល​ឡើងវិញ ដោយ​ចាប់ផ្តើម​ពី​ខែមីនា ឆ្នាំ១៩៨០។ ក្រដាសប្រាក់​នៅក្នុង​សម័យ​កាលនោះ​មាន​រូបភាព​បង្ហាញ​ពី​ការងារ​នៅ​ទីជនបទ កិច្ចខិតខំ​ប្រឹងប្រែង​ធ្វើ​ទំនើបកម្ម និង​រូប​វិមានឯករាជ្យ។ រដ្ឋាភិបាល​ក៏បាន​ព្យាយាម​ដាក់ឱ្យ​ប្រើប្រាស់​កាស​ឡើងវិញ​ដោយ​បោះផ្សាយ​កាស​សេន ប៉ុន្តែ​ការប្រើប្រាស់​កាស​នេះ​មិន​នៅ​ស្ថិតស្ថេរបានយូរ​នោះទេ។ គំរូ​ដដែល​នេះ​ត្រូវបាន​បន្ត​អនុវត្ត​ដោយ​រដ្ឋ​កម្ពុជា (ឆ្នាំ១៩៨៩-១៩៩៣)។

បន្ទាប់ពី​ការបោះឆ្នោត​ជា​លើកដំបូង ដែល​រៀបចំ​ដោយ​អ៊ុនតាក់ (UNTAC) ក្នុង​ឆ្នាំ១៩៩៣ ក្រដាស​ប្រាក់រៀល​មាន​រូប​ព្រះ​ឆាយា​លក្ខណ៍​ព្រះមហាក្សត្រ​ជា​លើកដំបូង។ ក្រដាសប្រាក់​ដែល​បោះផ្សាយ​តាំងពី​សម័យ​នោះ មាន​រូប​ព្រះ​ឆាយា​លក្ខណ៍​សម្តេចឪ ព្រះបាទ​នរោត្តម សីហនុ ជួនកាល​អមដោយ​រូប​សម្តេចម៉ែ និង​ចាប់តាំងពី​ឆ្នាំ២០០៤ ក៏មាន​រូប​ព្រះ​ឆាយា​លក្ខណ៍​របស់​ព្រះបាទ​នរោត្តម​សីហមុនី​ផងដែរ។ រូបិយវត្ថុ​ទាំងនេះ​ក៏មាន​រូបភាព​បង្ហាញ​អំពី​វប្បធម៌ និង​ទំនៀមទម្លាប់​ខ្មែរ ដូចជា​ប្រាង្គ​ប្រាសាទ​អង្គរ និមិត្តរូប​សាសនា ឬ​សកម្មភាព​ប្រពៃណី ជាពិសេស​នេសាទ និង​កសិកម្ម។

លោក Blaise Kilian នាយក​ប្រតិបត្តិ​នៃ​សារមន្ទីរ​ស.ស.រ បាន​និយាយថា ដូច្នេះ ក្រដាសប្រាក់​នាពេល​បច្ចុប្បន្ន​នេះ​ឆ្លុះបញ្ចាំង​ពី​អត្តសញ្ញាណ​ជាតិ​របស់​កម្ពុជា និង​តម្លៃ​ដែល​បង្កប់​នៅក្នុង​បាវវចនា​ជាតិ៖ ជាតិ សាសនា ព្រះមហាក្សត្រ»៕

ប្រភព៖ khmertimeskh


រូបិយវត្ថុស្ថិតក្នុងចរាចរណ៍

 

អត្ថបទទាក់ទង