Grand News Asia Close

១៨- ល្បែង​​ប្រជាប្រិយ​​ខ្មែរ​​ | ល្បែងបាយ​ខុំ​​ |

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី៥ ខែមេសា ឆ្នាំ២០២៣ បច្ចេកវិទ្យា & ប្លែកៗ វប្បធម៌ & ប្រវត្តិសាស្រ្ដ 188
១៨- ល្បែង​​ប្រជាប្រិយ​​ខ្មែរ​​ | ល្បែងបាយ​ខុំ​​ | ១៨- ល្បែង​​ប្រជាប្រិយ​​ខ្មែរ​​ | ល្បែងបាយ​ខុំ​​ |

ល្បែងបាយខុំ ជាល្បែងម្យ៉ាងដែលអ្នកស្រុកគ្រប់ជនបទក្នុងប្រទេសកម្ពុជាទាំងមូល គេតែងលេងកម្សាន្តនៅពេលទំនេរម្តងម្កាល ។

របៀបលេងនឹងសម្ភារ៖ សម្រាប់លេង គេជីកដីជារណ្ដៅតូចៗ ឬ គេយកចានតូច ៗ ឬក៏គេចោះក្ដា១បន្ទះធំឱ្យមានជម្រៅចំនួន ៣ ឬ ៤ សង់ទីម៉ែត្រ ធ្វើជារណ្ដៅ១០ដាក់គ្រាប់សម្រាប់លេង។ បណ្តារន្ធទាំងនោះ រន្ទះធ្វើពីឈើ ឬ ចានស្រួលលេងជាងគេ ព្រោះលេងហើយគេអាចយកទៅប្រើទីណាក៏បាន ឬគេទុកលេងថ្ងៃក្រោយទៀតក៏បាន។ រន្ឋទាំងនេះ គេធ្វើជា ៤ ជួន ១ ជួរ ៥ ៗ ឱ្យមានសណ្ឋានដូចពងក្រពើ។ បណ្ដារន្ធទាំង២ជួរនោះ ក្នុងមួយជួរ មានរន្ធ១ ខាងដើម ហៅថា រន្ធក្បាលជមឿង។ លុះធ្វើហើយគេយកវត្ថុដែលមានដុំតូចៗ ដូចជាគ្រាប់ ចម្បក់ គ្រាប់អម្ពិល សំបកខ្ចៅ ឬផ្លែកន្ទួតស្រុក កន្ទួតព្រៃ ជាដើម , ដែលអ្នកផងនិយមយកមកលេងច្រើនជាងគេ នោះច្រើនតែគ្រាប់អម្ពិល, ឬក្រួសតូច ព្រោះជារបស់ស្ងួតស្រួលលេង។ ក្នុងរន្ធទាំង ១០ នោះ រន្ធក្បាលត្រូវដាក់គ្រាប់ ៥ ក្រៅពីនោះដាក់តែ ៤គ្រាប់ស្មើគ្នា រួមទាំងអស់ត្រូវជា ៥២ គ្រាប់។ ពេលលេងអ្នកលេងទាំង ២ នាក់ អង្គុយទល់មុខគ្នាម្ខាងម្នាក់ រន្ធបាយខុំនៅកណ្តាល ។ រីឯរន្ធក្បាល ត្រូវនៅខាងស្តាំដៃរៀងខ្លួន។

សកម្មភាពរបស់អ្នកលងដូចភាពនេះ៖

ដំបូង ​គេ​រាយ​គ្រាប់​ក្នុង​រន្ធនីមួយៗតាម​ទម្លាប់។ បន្ទាប់​មក គេរក​អ្នក​ចាប់​ផ្ដើម​លេង។ តាមទម្លាប់ គេ​ត្រូវ​ប៉ាវ ហើយ​អ្នកឈ្នះចាប់ផ្ដើម​ដើរ​មុន។ របៀបដើរគឺ អ្នក​ដើរ​ត្រូវ​ចាប់​យក​គ្រាប់​ពីរន្ធណាមួយ​ក៏បាន​ក្នុង​ស្រុករបស់ខ្លួន ហើយ​រាយ​គ្រាប់​ម្ដងមួយគ្រាប់ៗ ក្នុង​រន្ធបន្តបន្ទាប់ (ទៅខាងណា​ក៏បាន) រហូត​ដល់​អស់គ្រាប់។ កាល​បើ​អស់​គ្រាប់ពីដៃ អាចមាន​ករណីបីយ៉ាង។ ទី១៖ បើរន្ធបន្ទាប់​ពីរន្ធដែល​គេ​ទម្លាក់ចូល​ចុង​ក្រោយ​មានគ្រាប់ គេត្រូវ​ចាប់គ្រាប់ក្នុង​រន្ធនោះទាំងអស់ ហើយ​ដើរ​ទៅមុខ​ទៀត រហូត​ដល់ ស៊ី ឬ ឃ្វាង។ ទី២៖ បើ​រន្ធបន្ទាប់ពីរន្ធដែល​គេ​ទម្លាក់​ចូល​ចុង​ក្រោយមួយទទេគ្មានគ្រាប់ ហើយ​រន្ធបន្ទាប់មួយទៀតមានគ្រាប់ អ្នកដែល​កំពុង​ដើរ​នោះ ដក​យក​គ្រាប់​ក្នុង​រន្ធទីពីរនោះទុកទាំងអស់​ រួច​ហើយ​ ដល់​វេន​អ្នក​ម្ខាង​ទៀងដើរ។ នេះហៅថា​ស៊ី។ ទី៣៖ បើរន្ធបន្ទាប់ពីរន្ធដែល​គេទម្លាក់​ចូលចុង​ក្រោយទទេ២រន្ធបន្តបន្ទាប់​គ្នា គេ​ហៅថាឃ្វាង។ អ្នក​ដែល​កំពុង​ដើរ​ត្រូវឈប់​ហើយ ដល់វេនអ្នកម្ខាង​ទៀងដើរវិញ។

ករណីដែល ​គេស៊ីពីរន្ធណាមួយ ហើយ​រន្ធទី១បន្ទាប់ពីរន្ធនោះទទេ តែរន្ធទី២មានគ្រាប់ គេដកគ្រាប់ក្នុង​រន្ធទី២ បន្ទាប់ពីរន្ធស៊ី​លើមុនទៀត។ ពេលស៊ីដូច្នេះ តាមទម្លាប់ មុននឹង​គេ​ស៊ីរន្ធទីពីរ​នោះ គេយក​ដៃទៅវីក្នុង​រន្ធទីមួយ​ដើម្បីបញ្ជាក់ថា​គ្មានគ្រាប់​ហើយនិយាយ​ថា ខួង ទើបគេដកយកគ្រាប់ក្នុង​រន្ធទីពីរហើយនិយាយ​ថា ស៊ី។ ដូច្នេះហើយទើបគេហៅថា ខួងស៊ីៗ យ៉ាង​នេះ។ ជាទូទៅ គេ​ខួង​ស៊ីប៉ុន្មានដង​ក៏បានដែរឱ្យ​តែរន្ធបន្តពីរន្ធដែល​ស៊ីទទេ ហើយ​រន្ធខាង​មុខ​មួយ​ទៀតមានគ្រាប់។

កាលណា ​នៅសល់​គ្រាប់​តិច (៤គ្រាប់​ចុះក្រោម) អ្នកទាំង​សង​ខាង​អាចព្រម​ព្រៀង​ចែក​គ្រាប់​គ្នា​តាម​ស្ថានភាពជាក់​ស្ដែង។ ជួនកាល អាច​មាន​អ្នកម្ខាង​ខួងស៊ីៗ រហូត​ដល់​អស់គ្រាប់​រលីង​តែម្ដង។

អត្ថបទទាក់ទង