Grand News Asia Close

៤- ល្បែងប្រជាប្រិយខ្មែរ | ល្បែងលោតអន្ទាក់ |

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី៥ ខែមេសា ឆ្នាំ២០២៣ បច្ចេកវិទ្យា & ប្លែកៗ វប្បធម៌ & ប្រវត្តិសាស្រ្ដ 185
៤- ល្បែងប្រជាប្រិយខ្មែរ | ល្បែងលោតអន្ទាក់ | ៤- ល្បែងប្រជាប្រិយខ្មែរ | ល្បែងលោតអន្ទាក់ |

ល្បែង​លោត​អន្ទាក់​ ជា​ល្បែង​​សម្រាប់​កុមារា​កុមរី​ជំទង់​ៗ​​លេង​ក្នុង​វេលា​យប់​នៅ​រដូវ​ចូល​ឆ្នាំ ឬ នៅ​ពេល​ទំ​នេរ​ខ្លះ តាម​ដែល​គេ​ស្ម័គ្រ​ ។  បាន​ជា​គេ​ហៅ​ថា​ «​ល្បែង​លោត​អន្ទាក់​»  ព្រោះ​ល្បែង​នេះ​មាន​មនុស្ស​មួយ​ពួក​អង្គុយ​ច្រ​ហោង​ដំកង់​ចាប​ចុង​ដៃ​គ្នា​ជា​អន្ទាក់​ដៃ ចាប់​ស្ទាក់​អ្នក​លោត​កុំ​ឲ្យ​លោត​ចូល​បាន​,  មួយ​ពួក​ទៀត​ ឈរ​ជុំវិញ​ចំា​លោត​រំលង​ឲ្យ​ចូល​ទៅក្នុង​អន្ទាក់​ដៃ​នោះ ។  របៀប​លេង​ល្បែង​នេះ​  គេ​ចែក​ពួក​អ្នក​លេង​ជា ២ ចំនួន​ស្មើគ្នា​ គឺ​ចាប់​តាំង​ពី ៥ ឬ ៦ នាក់​ម្ខាង​ឡើង​ទៅ ។

សកម្មភាព​របស់​អ្នក​លេង​ដូចរូប​ភាព៖

ពួក​ទី ១ អង្គុយ​ច្រ​ហោង​ដំកង់​គ្នា​ជាង​វង់​ ឃ្លាត​ពី​គ្នា​ល្មម​លោត​ ឬ​កាង​ដៃទាំងពីរ​ខាង​បាន​ហើយ​ចាប់​ចុងដៃ​គ្នា​និង​គ្នា​ មើល​ទៅ​ឃើញ​ភា​ពដូច​ជា​អន្ទាក់ ។

ពួក​ទី ២ ឈរ​ជុំវិញ​ ចាំ​លប​ឆ្មក់​ លោត​ចូលក្នុង​អន្ទាក់​ដៃ​របស់​ពួក​ទី​ ១ ។

ពេល​លេង​ពួក​ទាំង​ ២ នេះ សុទ្ធ​តែ​ប្រុង​ប្រ​យ័ត្ន​រៀង​ខ្លួន​គឺ​មុន​នឹង​លោត​ចូល​ ពួក​អ្នក​ឈរ​គេ​ធ្វើ​រ៉ែរ៉រៗ ជុំវិញ​ពួក​អ្នក​អង្គុយ​ ឲ្យ​ពួក​អ្នក​អង្គុយ​​ភ្លេច​ខ្លួន​ ឬពួក​អ្នក​លោត​គេ​ចាត់​ឲ្យ​ពួក​គេ​ខ្លះ​ទៅ​ពួន​នៅ​ទី​ឆ្ងាយ​ហើយ​ឲ្យ​លួច​រត់​ពី​ចម្ងាយ​មក​លោត​ចូល​តែ​ម្តង​ក៏មាន ។ ចំណែកខាង​ពួក​អ្នក​អង្គុយ​ធ្វើ​អន្ទាក់​ក៏​ប្រុង​ប្រយ័ត្ន​ដែរ  ដើម្បី​កុំ​ឲ្យ​ពួក​អ្នក​លោត​ លោត​ផ្លោះ​ចូល​មក​ក្នុង​រង្វង់​បាន​។  ឯ​ពួក​អ្នក​អង្គុយ​គេ​លើ​ដៃ​ឡើង​ ដោយ​ប្រញាប់​ជា​បន្ទាន់​ដើ​ម្បី​កុំ​ឲ្យ​គេលោត​ចូល​បាន​ឬ​ដើម្បី​លើក​ដៃ​គះ​ឲ្យ​ប៉ះ​ជើង​អ្នក​លោត​ ។  បើ​អ្នក​អង្គុយ​គះ​ប៉ះ​ជើង​អ្នក​លោត​បាន​ហើយ​ គេ​ទុក​អ្នក​លោត​ជា​ចាញ់​ អ្នក​ធ្វើ​អន្ទាក់​ជា​ឈ្នះ ហើយ​អ្នក​ឈ្នះ​ក្រោក​ឈរ​ឡើង​ចាំ​លោត​ ឲ្យ​អ្នក​ចាញ់​ទៅ​អង្គុយ​ធ្វើ​អន្ទាក់​វិញ ។  ឯពួក​អ្នក​លោត​នោះ​ បើ​មាន​អ្នក​ណា​ម្នាក់​លោត​ចូល​បាន​ដោយ​ស្រួល​គេ​ឲ្យ​គ្នា​គេ​ទាំង​អស់​ចូល​តាម​ទៅ​ក្នុង​វង់​អន្ទាក់​នោះ ហើយ​ពួក​អ្នក​លោត​ចូល​បាន​នោះ​ គេ​នាំ​គ្នា​លោត​ចេញ​វិញ គឺ​អ្នក​លោត​ចូល​បាន​នោះ​ គេ​ឈរ​គ្រប់​គ្នា​គាប​ជើង​លើ​អន្ទាក់​ដៃ​អ្នក​អង្គុយ​គ្រប់​គ្នា​ទុក​ជើង​ម្ខាង​នៅ​ក្នុង​ជើង​ម្ខាង​នៅ​ក្រៅ​អន្ទាក់​ដៃ​នោះ ។  បើ​ក្នុង​បណ្តា​ពួក​អ្នក​លោត​នោះ​ មាន​អ្នក​ណា​ម្នាក់​លោត​ចេញ​ដោយ​ស្រួលបាន​មិន​ប៉ះ​ដៃ​អ្នក​អង្គុយ​  គេ​នាំ​គ្នា​ចេញ​តាម​ទាំង​អស់​ ។  តែ​ការ​ចេញ​និង​ចូល​បាន​នោះ​ត្រូវ​ចេញ ឬចូល​ឲ្យ​ចំ​ច្រក​ដែល​លោត​រំលង​បាន​នោះ បើ​ខុស​ច្រក​នោះ​ទេ​ទុក​ជា​ចាញ់ ។  ហើយ​ការ​លោត​ចូល​ ឬ​លោត​ចេញ​នោះ​ត្រូវ​តែ​លោត​ម្តង​ម្នាក់ បើ​ជួន​ជា​ស្របពីរនាក់​ស្មើគ្នា ក៏​គេ​ទុក​ជា​ចាញ់​ដែរ ។ គេ​ចេះ​តែ​ផ្លាស់​ប្តូរ​គ្នា​លេង​តាម​របៀប​នេះ​រៀង​ទៅ​ដរាប​ដល់​ពេល​ឈប់ ។

ល្បែង​នេះ​ជាល្បែង​កំសាន្ត​មួយ​យ៉ាង​ ដែល​ចាត់​ចូល​ក្នុង​កីឡា​ហាត់​ប្រាណ​  គឺ​ហាត់​កាយ​ឲ្យ​មាន​សុខភាព​ មាន​កម្លាំង​កាយ​រឹងប៉ឹង​ហាត់​ភ្នែក​ឲ្យ​វៃ ហាត់​ស្មារតី​ឲ្យ​ចេះ​ប្រុង​ប្រយ័ត្ន​ ចេះ​ប្រើ​គំនិត​ឲ្យ​វាង​វៃ​កុំ​ឲ្យ​អ្នក​ដទៃ​បំភ័ន្ត​បាន ។

ដក​ស្រង់​ចេញពី​សៀវ​ភៅ «ល្បែងប្រជាប្រិយខ្មែរ» បោះពុម្ភ​លើក​ដំបូងដោយ ពុទ្ធ​សាសនបណ្ឌិត្យ ឆ្នាំ១៩៦៤។

អត្ថបទទាក់ទង