Grand News Asia Close

វិភាគអន្តរជាតិ៖ តើ NATO នឹងទទួលយកអ៊ុយក្រែន ក្នុងកិច្ចប្រជុំ នៅលីទុយអានី ឬ? 

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃចន្ទ ទី៣ ខែកក្កដា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ 367
វិភាគអន្តរជាតិ៖ តើ NATO នឹងទទួលយកអ៊ុយក្រែន ក្នុងកិច្ចប្រជុំ នៅលីទុយអានី ឬ?  វិភាគអន្តរជាតិ៖ តើ NATO នឹងទទួលយកអ៊ុយក្រែន ក្នុងកិច្ចប្រជុំ នៅលីទុយអានី ឬ? 

 

(វ៉ាស៊ីនតោន)៖ មេដឹកនាំនៃប្រទេសទាំង៣១ ជាសមាជិកបក្សសម្ព័ន្ធយោធា NATO នឹងត្រូវជួបប្រជុំគ្នាក្នុងកិច្ចប្រជុំកំពូលដែលនឹងចាប់ផ្ដើមពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកក្កដានេះ នៅឯទីក្រុងវីលនីញូស (Vilnius) ប្រទេសលីទុយអានី។ កិច្ចប្រជុំកំពូលនេះកើតមានឡើងនៅចំពេលវេលាដ៏សំខាន់មួយសម្រាប់ NATO និងសន្តិសុខអឺរ៉ុប ខណៈសង្រ្គាមនៅអ៊ុយក្រែនបានឈានចូលដល់ដំណាក់កាលដ៏សំខាន់នៃប្រតិបត្តិការវាយបករបស់អ៊ុយក្រែន និងការកើនឡើងអស្ថិរភាពនៅរុស្ស៉ី។

នៅក្នុងកិច្ចប្រជុំកំពូលនៅឯទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ កាលពីឆ្នាំ២០២២ សម្ព័ន្ធមិត្ត NATO ទាំងអស់បានឯកភាពគ្នាលើគោលការណ៍យុទ្ធសាស្ត្រថ្មីមួយ ដែល ចាត់ទុករុស្ស៉ីជា «ការគំរាមកំហែងដោយផ្ទាល់» ព្រមទាំងបានដាក់ចេញយុទ្ធសាស្ត្រថ្មីមួយ ក្នុងការពង្រឹងសមត្ថភាពយោធាសំដៅកំញើញទប់ស្កាត់ការឈ្លានពានរបស់ រុស្ស៉ីប្រឆាំងនឹងប្រទេសជាសម្ព័ន្ធមិត្តរបស់ខ្លួន។ ប៉ុន្តែ កិច្ចប្រជុំក្នុងទីក្រុងវីលនីញូស នៅសប្ដាហ៍ក្រោយនេះ រឿងមួយដែលគេកំពុងតាមដានបំផុត នោះគឺ «សមាជិកភាព NATO របស់អ៊ុយក្រែន នឹងទៅជាយ៉ាងណា»?

* តើអ៊ុយក្រែន នឹងចូល​ NATO ក្នុងទីក្រុងវីលនីញូស?

បើទោះបីជាអ៊ុយក្រែនបានដាក់ពាក្យស្នើសុំចូលជាសមាជិក NATO ជាផ្លូវការ កាលពីឆ្នាំ២០២២ក៏ដោយ ក៏គ្រប់ភាគីទាំងអស់ រួមទាំងលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្នុងពេលបច្ចុប្បន្ន សុទ្ធតែមើលឃើញថាអ៊ុយក្រែននឹងមិនអាចក្លាយជាសមាជិក NATO បាននោះទេ ដរាបណាសង្រ្គាមមិនទាន់បញ្ចប់។ ក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃទី២៨ ខែមិថុនាកន្លងទៅ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំសូមកត់សម្គាល់ជាថ្មីថា…យើងដឹងច្បាស់ថាអំឡុងសង្រ្គាម យើងនឹងមិនអាច ក្លាយជាសមាជិក NATO បានឡើយ ប៉ុន្តែ​យើងត្រូវតែមានជំនឿចិត្តថានៅក្រោយសង្រ្គាមបញ្ចប់ យើងនឹងក្លាយជាសមាជិក NATO»។

ដូច្នេះ អ្វីដែលអ៊ុយក្រែនចង់បាននៅពេលនេះ នោះគឺចង់ឱ្យសម្ព័ន្ធមិត្ត NATO បញ្ជូនសារមួយយ៉ាងរឹងមាំថាសមាជិកភាពរបស់ខ្លួន កំពុងដំណើរការទៅមុខ។ តែយ៉ាងណា ក៏ដោយ បណ្ដាប្រទេសជាសមាជិក NATO ទាំងអស់មិនមានគោលជំហររួម លើអ្វីដែលពួកគេអាចផ្ដល់ឱ្យអ៊ុយក្រែន ក្នុងទីក្រុងវីលនីញូសនោះទេ។ បណ្ដាប្រទេសដែល មានការប្រុងប្រយ័ត្នខ្ពស់បំផុតដូចជាសហរដ្ឋអាមេរិក អាល្លឺម៉ង់ និងបណ្ដាប្រទេសអឺរ៉ុបខាងត្បូង មានការព្រួយបារម្ភដោយខ្លាចក្រែងថាសេចក្ដីប្រកាសក្នុងទីក្រុង ប៊ុយការ៉េស ឆ្នាំ២០០៨ អាចនឹងកើតឡើងជាថ្មី ពោលគឺជាពេលដែលអ៊ុយក្រែន និងហ្ស៊កហ្ស៉ីទទួលបានពាក្យសន្យាផ្ដល់សមាជិកភាព ដោយមិនមានជំហានជាក់ស្ដែង អ្វីសោះ ហើយបន្ទាប់ពីនោះ រុស្ស៉ីបានបង្កសង្រ្គាមលើប្រទេសទាំង២នេះ។

ចំណែក បណ្ដាប្រទេសដែលមាននិន្ននាការប្រឆាំងរុស្ស៉ីដូចជារដ្ឋទាំង៣ក្នុងតំបន់បាល់ទិក (អេស្ដូនី ឡេតូនី និងលីទុយអានី) រួមទាំងប៉ូឡូញ និងបណ្ដាប្រទេសក្នុងតំបន់ អឺរ៉ុបកណ្ដាល យល់ថាអ៊ុយក្រែនបានបង្ហាញ NATO ពីគុណតម្លៃ និងសមត្ថភាពនៅលើសមរភូមិ ហើយការកើនឡើងនៃសមត្ថភាពយោធារបស់អ៊ុយក្រែន គឺអាចជួយដល់ បក្សសម្ព័ន្ធយោធាលោកខាងលិចមួយនេះ ក្នុងការទប់ស្កាត់ការឈ្លានពានរបស់រុស្ស៉ីនៅពេលអនាគត។ មិនតែប៉ុណ្ណោះ ប្រទេសទាំងនេះក៏បានបញ្ជាក់ច្បាស់ៗ ផងដែរថា ការស្ទាក់ស្ទើរណាមួយ វាមានន័យស្មើ «នឹងការផ្ដល់អំណាចវេតូដល់រុស្ស៉ី»​ ជំទាស់នឹងសមាជិកភាព NATO​ របស់អ៊ុយក្រែន។

បើតាមក្រុមអ្នកវិភាគ លទ្ធផលដែលគេអាចរំពឹងបានពីប៉ូលទាំង២ ដែលក្នុងនោះសម្ព័ន្ធមិត្តខ្លះដូចជាចក្រភពអង់គ្លេស បារាំង និងបណ្ដាប្រទេសអឺរ៉ុបខាងជើង អាចនឹងដើរ បានឆ្ងាយជាងសេចក្ដីប្រកាសក្នុងទីក្រុង ប៊ុយការ៉េសឆ្នាំ២០០៨ ប៉ុន្តែ មិនមែនជាការទទួលយកអ៊ុយក្រែនជាសមាជិក NATO ឡើយ។ ជាឧទាហរណ៍៖ លោក ម៉ាក្រុង ប្រធានាធិបតីបារាំង បាននិយាយហើយថាអ៊ុយក្រែនគួរតែទទួលបានការផ្ដល់ជូននូវ «ផ្លូវ» ឆ្ពោះទៅរកសមាជិកភាព ស្របពេលរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក James Cleverly បញ្ជាក់ថាទីក្រុងឡុងដ៍ នឹងគាំទ្រដល់នីតិវិធីពន្លឿនការចូលរួមរបស់អ៊ុយក្រែនក្នុង NATO។ ដើម្បីបញ្ចៀសកុំឱ្យសេចក្ដីប្រកាសក្នុងទីក្រុង ប៊ុយការ៉េស កើតឡើងជាថ្មី កិច្ចព្រមព្រៀងណាមួយក្នុងទីក្រុងវីលនីញូស ត្រូវតែសម្រេចឱ្យបាននូវលទ្ធផលជាក់ស្ដែង។ អគ្គលេខាធិការអង្គការ NATO លោក Jens Stoltenberg ធ្លាប់បានប្រកាសពីគោលបំណងរៀបចំកិច្ចប្រជុំក្រុមប្រឹក្សា NATO-អ៊ុយក្រែនជាលើកដំបូងក្នុងទីក្រុងវីលនីញូស ដោយមានការចូលរួមពីលោក ហ្សេលេនស្គី។

ជំហានជាក់ស្ដែងមួយទៀត គឺការលើកលែង ឬលុបចោលការតម្រូវឱ្យអ៊ុយក្រែន បំពេញទាំងស្រុងនូវផែនការសកម្មភាពសមាជិកភាព ឬ MAP (Membership Action Plan) ដូចដែលពួកគេបានលើកលែងចំពោះដំណើរការសុំចូល NATO របស់ហ្វាំងឡង់ និងស៊ុយអែត។

*​ តើអ៊ុយក្រែន នឹងទទួលបាន «ការធានាសន្តិសុខ» ដែរទេ?

ការជជែកដេញដោលពីការផ្ដល់ «ការធានាសន្តិសុខ» ឬក៏ផ្ដល់ការធានាសម្រាប់អ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានថ្មីណាមួយរបស់រុស្ស៉ី នៅពេលអនាគត ក៏នឹងក្លាយជា របៀបវារៈមួយដ៏សំខាន់នៅឯកិច្ចប្រជុំកំពូលក្នុងទីក្រុងវីលនីញូសដែរ។ អ៊ុយក្រែន អាចនឹងស្វែងរកការធ្វើឱ្យប្រសើរឡើងនូវអនុស្សាណៈនៃការយោគយល់គ្នា (MOU) ទីក្រុងប៊ុយដាប៉ែស ឆ្នាំ១៩៩៤ ដែលបានផ្ដល់ «ការធានាសន្តិសុខ» ថា «ទាំងរុស្ស៉ី ចក្រភពអង់គ្លេស ឬក៏សហរដ្ឋអាមេរិក មិនអាចប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹង អ៊ុយក្រែនបាននោះទេ ក្រោយទីក្រុងកៀវយល់ព្រមបោះបង់ចោលអាវុធនុយក្លេអ៊ែរ»។

លោក ហ្សេលេនស្គី ធ្លាប់បានបញ្ជាក់ថាលោកមិនមែនមើលឃើញថា «ការធានាសន្តិសុខ» គឺជាការជំនួសឱ្យសមាជិកភាព NATO នោះទេ ប៉ុន្តែការធានាសន្តិសុខ គឺជារឿងចាំបាច់មួយដែរ។ ការធានាសន្តិសុខថ្មីចុងក្រោយបំផុតដែលគេបានឃើញ នោះគឺការធានាសន្តិសុខគ្នាទៅវិញទៅមកដែលចក្រភពអង់គ្លេសបានផ្ដល់ឱ្យហ្វាំងឡង់ និងស៊ុយអែត អំឡុងនីតិវិធីស្នើសុំចូលជាសមាជិក NATO នៃប្រទេសទាំង២។ ជុំវិញការធានាសន្តិសុខនេះដែរ ចក្រភពអង់គ្លេស រួមជាមួយអាល្លឺម៉ង់ បារាំង និងសហរដ្ឋអាមេរិក ក៏បានពិចារណាហើយដែរលើ «ការផ្ដល់ការធានារួមមួយ» ដោយផ្ដោតលើការផ្ដល់ជំនួយយោធារយៈពេលវែងសម្រាប់អ៊ុយក្រែន។

ក៏ប៉ុន្តែ មិនមាន «កង់សង់ស៊ីស» ច្បាស់លាស់ថា «តើការធានាបែបណា» ដែលសម្ព័ន្ធមិត្តរបស់អ៊ុយក្រែនចង់ផ្ដល់ឱ្យទីក្រុងកៀវ នៅក្រៅ NATO នោះទេ ខណៈ នាយករដ្ឋមន្ត្រីអេស្ដូនី លោកស្រី Kaja Kallas យល់ថាការធានាសន្តិសុខដែលអាចដំណើរការយ៉ាងពិតប្រាកដ គឺមានតែនៅក្នុង NATO តែមួយគត់៕

អត្ថបទទាក់ទង