Grand News Asia Close

អ្នកវិភាគចៅចាក់ស្មុក៖ សម្តីសារភាពរបស់ ថេង សាវឿន និងភស្តុតាងនានាជាមេរៀនគ្រប់គ្រាន់សម្រាប់សមាគម និងអង្គការសង្គមស៊ីវិលមួយចំនួនកុំចាញ់បោកជនបរទេស និងក្រុមអ្នកនយោបាយប្រឆាំង ក្បត់ជាតិខ្លួនឯង

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអាទិត្យ ទី២៨ ខែឧសភា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ 841
អ្នកវិភាគចៅចាក់ស្មុក៖ សម្តីសារភាពរបស់ ថេង សាវឿន និងភស្តុតាងនានាជាមេរៀនគ្រប់គ្រាន់សម្រាប់សមាគម និងអង្គការសង្គមស៊ីវិលមួយចំនួនកុំចាញ់បោកជនបរទេស និងក្រុមអ្នកនយោបាយប្រឆាំង ក្បត់ជាតិខ្លួនឯង អ្នកវិភាគចៅចាក់ស្មុក៖ សម្តីសារភាពរបស់ ថេង សាវឿន និងភស្តុតាងនានាជាមេរៀនគ្រប់គ្រាន់សម្រាប់សមាគម និងអង្គការសង្គមស៊ីវិលមួយចំនួនកុំចាញ់បោកជនបរទេស និងក្រុមអ្នកនយោបាយប្រឆាំង ក្បត់ជាតិខ្លួនឯង

 

(ភ្នំពេញ)៖ ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា CCFC និងបក្ខពួកពីរនាក់ទៀត ត្រូវបានសាលាដំបូងខេត្តរតនគិរីចោទប្រកាន់ពីបទ «រួមគំនិតក្បត់ និងញុះញង់ឲ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» នៅថ្ងៃទី២៧ ខែឧសភា បានសារភាពថា «តាំងពីបង្កើតសមាគមនិងធ្វើការរហូតមកដល់ពេលបច្ចុប្បន្ននេះ ខ្លួនបានជឿតាមការចង្អុលរបស់បរទេសមួយចំនួន និងក្រុមនយោបាយប្រឆាំងមួយចំនួន ក្នុងរូបភាពញុះញង់បង្កចលាចលធ្វើឲ្យបាត់បង់ និងប៉ះពាល់សណ្ដាប់ធ្នាប់សង្គម និងសាធារណៈ ប្រមូលផ្ដុំសមាជិក ក្នុងគោលបំណងផ្ដួលរំលំរាជរដ្ឋាភិបាលដោយមិនដឹងខ្លួន»។

ក្រោយពីទទួលស្គាល់កំហុសដែលប្រព្រឹត្តកន្លងមកទាំងឡាយនេះ ថេង សាវឿន បានសន្យាចំពោះមុខច្បាប់ និងអាជ្ញាធរ មានសមត្ថកិច្ចថា នឹងមិនប្រព្រឹត្តសកម្មភាពទាំងឡាយ ដែលខុសពីលក្ខន្ដិកៈតម្កល់នៅក្រសួងមហាផ្ទៃ ច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន។ ថេង សាវឿន ក៏បានសន្យាដកខ្លួនចេញពីសកម្មភាពផ្ទះសាមគ្គីនិងសកម្មភាពនយោបាយ ដែលមានគោលដៅផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ នេះគឺជាសម្តីសារភាពដែលចេញពីមាត់ផ្ទាល់របស់ប្រធានអង្គការសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ដែលតែងសកម្មបំផុតក្នុងការកៀរគរប្រមូលផ្តុំមនុស្សតវ៉ាផ្សេងនាពេលកន្លងមក។

បើតាមការពិនិត្យ ប្រសិនបើសមាគមដែលគោរពតាមវិជ្ជាជីវៈ និងស្របតាមលក្ខន្តិកៈរបស់ខ្លួន សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា គឺសំដៅលើការបណ្តុះបណ្តាលវិជ្ជាជីវៈបច្ចេកទេសជូនកសិករដើម្បីមានវិជ្ជាជីវៈជំនាញបង្កបង្កើនផល ផលិតនូវផលិតផលកសិកម្មដើម្បីធ្វើឱ្យប្រជាកសិករមានចំណូល និងចូលរួមពង្រឹងសន្តិសុខស្បៀងសម្រាប់ជាតិ។ ប៉ុន្តែផ្ទុយទៅវិញ សកម្មភាពទាំងឡាយរបស់សមាគម រួមនឹងមេដឹកនាំរបស់ខ្លួនគឺ ថេង សាវឿន ជ្រកក្រោមស្លាកអង្គការនេះ មានចរិតញុះញង់តាំងពីការកកើតឡើងម៉្លេះ។ បង្កើតឡើងនៅឆ្នាំ២០១១ សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាដឹកនាំដោយ ថេង សាវឿន បានចូលរួមយ៉ាងសកម្មក្នុងការតវ៉ានានាដឹកនាំដោយអតីតគណបក្សសង្គ្រោះជាតិ រហូតដល់ត្រូវចាប់ខ្លួន ចោទប្រកាន់និងផ្តន្ទាទោសនៅដើមឆ្នាំ ២០១៤ ក្រោយចូលរួមអនុវត្តផែនការបដិវត្តន៍ពណ៌ដឹកនាំដោយគណបក្សសង្គ្រោះជាតិ ធ្វើកុបកម្មនៅផ្លូវ វ៉េង ស្រេង។

ក្រោយការដួលរលំនៃអង្គការចាត់តាំងគាំទ្រដោយបរទេស សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជារួមនឹងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលផ្សេងៗទៀតនៅតែបន្តសកម្មភាព ហើយក៏មានអង្គការមួយចំនួនបន្តសកម្មភាពនេះ យ៉ាងសកម្មក្រោមទម្រង់ផែនការចាស់ សកម្មភាពថ្មីដែលក្នុងនោះ គេដឹងថាមានអង្គការសង់ត្រាល់ដឹកនាំដោយ មឿន តុលា សមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធដឹកនាំដោយ វន ពៅ អង្គការបណ្តាញយុវជនកម្ពុជា និងអង្គការ និងចលនាខុសច្បាប់មួយចំនួនទៀត។ បណ្តាញសមាគមនិងអង្គការក្រៅរដ្ឋាភិបាលទាំងនេះដែលទទួលបានគោលការណ៍បញ្ជា និងជំនួយហិរញ្ញវត្ថុពីបរទេសបានបង្កើតជាសហភាពផ្ទះសាមគ្គី ដើម្បីធ្វើសកម្មភាពទុច្ចរិតផ្សេងៗក្នុងការឈានទៅការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។

ចរន្តទាំងនេះមិនមានចេតនាចូលរួមអភិវឌ្ឍប្រទេសតាមបែបប្រជាធិបតេយ្យដែលកម្ពុជាកំពុងតែអនុវត្តនោះទេ ប៉ុន្តែពួកគេចង់អភិវឌ្ឍប្រទេសតាមរយៈបដិវត្តន៍ពណ៌ផ្តួលរំលំរដ្ឋាភិបាល ឡើងកាន់អំណាចតាមបែបមិនប្រជាធិបតេយ្យដូចបណ្តាប្រទេសមួយចំនួន ដែលគេប្រើវិធីសាស្ត្របដិវត្តន៍ពណ៌ជោគជ័យ។ ពួកគេបានបង្កហិង្សា កុបកម្ម និងការញុះញង់ បញ្ឆេះកំហឹងវណ្ណៈធ្វើឱ្យបែកបាក់សង្គមជាតិ និងងាយស្រួលឱ្យបរទេសដែលជាចៅហ្វាយនាយរបស់ខ្លួនលូកដៃកកូរកកាយបញ្ហាផ្ទៃក្នុងកម្ពុជាដូចពីអតីតកាល, នាំជាតិនិងប្រជាជនធ្លាក់ចូលក្នុងសោកនាដកម្មសព្វបែបយ៉ាង។

ដើម្បីសម្រេចនូវមហិច្ឆាភូមិសាស្ត្រនយោបាយរបស់ចៅហ្វាយនាយបរទេសរបស់ពួកគេ ពួកគេតែងតែប្រើប្រាស់ខ្លឹមសារដែលមានចរិតបំផុសបំផុលស្អប់ខ្ពើម ចងអាឃាដ ព្យាបាទ ដោយមិនបានឈរនៅលើគោលការណ៍កណ្តាលនោះឡើយ ហើយពួកគេតែងតែលាបពណ៌ដល់រដ្ឋាភិបាល និងលាបពណ៌អង្គការ និងគ្រប់មជ្ឈដ្ឋានគាំទ្ររដ្ឋាភិបាលឱ្យមើលឃើញខ្មៅងងឹត និងជាសត្រូវរហូតមក។

នៅចំពោះមុខនៃគ្រោះថ្នាក់សម្រាប់ជាតិដូច្នេះហើយ ទោះបីជាបញ្ហាខ្លះតូចតាច តែវាពិតជាមានគ្រោះថ្នាក់បំផុតចំពោះជាតិនិងប្រជាជនកម្ពុជា។ ផ្កាភ្លើងតូចមួយក៏អាចនឹងបង្កើតជាអគ្គិភ័យដ៏មហាវិនាសកម្មដែរ។ អ្វីដែលពលរដ្ឋខ្មែរបានឃើញ សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនដែលតាំងខ្លួនជាអ្នកស្រឡាញ់សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ សេរីភាពសារព័ត៌មាន​ អ្នកស្រឡាញ់បរិស្ថាននិងធនធានធម្មជាតិ គឺបាននិងកំពុងតែចាញ់បោកបរទេសដែលតែងតែមក និងបំពាក់គំនិតស្មារតីឱ្យពលរដ្ឋខ្មែរក្បត់ជាតិជាតិខ្លួនឯង​ បម្រើភូមិសាស្ត្រនយោបាយរបស់ខ្លួន តាមរយៈការផ្តល់ជំនួយហិរញ្ញវត្ថុ និងការបណ្តុះមនោគមវិជ្ជាផ្សេងៗ លើកទឹកចិត្តឱ្យបំពានច្បាប់ បំផ្លាញសន្តិភាពនិងការអភិវឌ្ឍ និងលើកតម្កើងក្រុមជនល្មើសទៅជាវីបរុស វីរជន។ តែតាមពិតពួកគេបាននិងកំពុងធ្វើវិទ្ធង្សនាប្រឆាំងនឹងកម្ពុជា បំផ្លាញភាពសុខសាន្តរបស់ជាតិ និងប្រជាជនកម្ពុជាប៉ុណ្ណោះ។

ដូច្នេះ សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន ដែលកំពុងតែលង់ចាញ់បោកឧបាយកលទុច្ចរិតរបស់ជនបរទេស និងអ្នកនយោបាយប្រឆាំងមួយចំនួនគួរភ្ញាក់ខ្លួន និងដើរចេញពីឧបាយកលទុច្ចរិត និងបំផ្លាញជាតិខ្មែរនេះ ដើម្បីកុំឱ្យខកខ្លួន និងប្រឈមមុខច្បាប់ដូចក្រុមជនមួយចំនួន ដែលបានប្រព្រឹត្តខុសច្បាប់ និងភស្តុតាងក៏បានបង្ហាញ សម្តីសារភាពក៏មានថាពួកគេបានធ្វើតាមការចង្អុលបង្ហាញរបស់ជនបរទេស និងក្រុមអ្នកនយោបាយប្រឆាំង។ ក្រុមនយោបាយប្រឆាំងដែល ប្រើល្បិចកលថ្មី នយោបាយចាស់ដើម្បីឱ្យពួកបរទេសជាចៅហ្វាយនាយរបស់ពួកគេគាបសង្កត់និងដាក់សម្ពាធលើកម្ពុជា ដើម្បីផលប្រយោជន៍របស់ពួកគេ៕

ដោយចៅចាក់ស្មុក
រាជធានីភ្នំពេញ, ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣

អត្ថបទទាក់ទង