Grand News Asia Close

ជំហរ «សន្តិភាពនិងការគោរពច្បាប់អន្តរជាតិ» ជាយុទ្ធសាស្ត្រការពារអធិបតេយ្យភាពរបស់កម្ពុជា

ដោយ៖ សុវណ្ណា ពិទូ ​​ | 21 ម៉ោងមុន ទស្សនៈ-Opinion 1020
ជំហរ «សន្តិភាពនិងការគោរពច្បាប់អន្តរជាតិ» ជាយុទ្ធសាស្ត្រការពារអធិបតេយ្យភាពរបស់កម្ពុជា ជំហរ «សន្តិភាពនិងការគោរពច្បាប់អន្តរជាតិ» ជាយុទ្ធសាស្ត្រការពារអធិបតេយ្យភាពរបស់កម្ពុជា

នៅតាមបណ្តោយព្រំដែន ក្លិនគ្រាប់រំសេវមិនទាន់បាត់ធុំក្លិននៅឡើយ ក៏មានសំឡេងមួយកំពុងត្រូវបានបន្លឺឡើងយ៉ាងខ្ទរខ្ទារ នោះគឺមិនមែនជាសំឡេងគ្រាប់កាំភ្លើងទៀតទេ ប៉ុន្តែជាសំឡេងនៃសារនយោបាយរបស់ប្រមុខដឹកនាំកម្ពុជា។ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទាំងមុន អំឡុងពេលនិងក្រោយពេលមានបទឈប់បាញ់បានបញ្ជាក់អំពីជម្រើសរវាងការទាមទារទឹកដីដោយអាវុធនិងការការពារអធិបតេយ្យភាពដោយផ្លូវច្បាប់ ការទូតនិងជម្រើសរវាងសន្តិភាពដែលជាផលប្រយោជន៍រួមជាយុទ្ធសាស្ត្រសម្រាប់មនុស្សជាតិឬសន្តិភាពដែលជាគុណតម្លៃសម្រាប់ជនស៊ីវិល័យក្នុងការបន្តរស់រានមានជីវិតបន្តទៀត។

ក្នុងបរិបទនេះ កម្ពុជាបានជ្រើសរើសយកការមិនប្រើអាវុធក្នុងការកំណត់អនាគតរបស់ប្រទេសជាតិ ប៉ុន្តែកម្ពុជាក៏ បានចាប់យកគោលការណ៍នៃការគោរពច្បាប់អន្តរជាតិ និងកាតព្វកិច្ចអន្តរជាតិធ្វើជាត្រីវិស័យក្នុងការនាំផ្លូវប្រទេសកម្ពុជាឆ្ពោះទៅរកសុខសន្តិភាពមួយយូរអង្វែងនិងរឹងមាំផងដែរ។

កម្ពុជាបាននិងកំពុងបន្តអនុវត្តនូវយុទ្ធសាស្ត្រសន្តិភាពមួយដ៏ច្បាស់លាស់និងម៉ឺងមាត់ដែលមិនមែនក្នុងន័យជាការចុះចាញ់ទេប៉ុន្តែជាការប្រើសន្តិភាពធ្វើជាឧបករណ៍ការពារអធិបតេយ្យភាព ការពារប្រជាជននិងការពារភាពស្របច្បាប់របស់ខ្លួនលើឆាកអន្តរជាតិ។ តាមរយៈបទឈប់បាញ់ ការបន្តយន្តការទ្វេភាគី JBC ការគោរពកិច្ចព្រមព្រៀងនិងការរក្សាការគាំទ្រពីអន្តរជាតិ កម្ពុជាកំពុងផ្លាស់ទីពីសមរភូមិលើទីលានវាយប្រយុទ្ធដោយយោធា ទៅជាទីលានវាយប្រយុទ្ធគ្នាដោយផ្លូវច្បាប់និងការដោះ ស្រាយបញ្ហាជាតិពីទ្វេភាគីទៅកាន់ពហុភាគី។

ចំណុចស្នូលនៃជំហររដ្ឋាភិបាលកម្ពុជាគឺការបដិសេធយ៉ាងដាច់ខាតចំពោះគំនិតដែលថាកម្ពុជាកំពុងកាត់ទឹកដីជាមួយនឹងការដោះដូរសន្តិភាព។ ប្រមុខរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ថា ការគ្រប់គ្រងរបស់យោធាថៃនៅពេលនេះជា “ការគ្រប់គ្រងបណ្តោះអាសន្នមិនមែនជាអចិន្ត្រៃយ៍”នោះទេ ដែលនេះគឺជាការបដិសេធមួយប្រកបដោយយុទ្ធសាស្ត្រច្បាស់លាស់ព្រោះរដ្ឋាភិបាលកម្ពុជាបានយល់ច្បាស់ណាស់ថានោះគឺជាយុទ្ធសាស្ត្រមួយរបស់ភាគីម្ខាងដែលកំពុងបង្កើតជាទម្រង់មួយដើម្បីដាក់ពង្រាយកងទ័ពឲ្យចូលកាន់កាប់តំបន់ជម្លោះដើម្បីបង្ខំឲ្យភាគីម្ខាងទៀតព្រមទទួលស្គាល់ការកាន់កាប់នោះថាជាទឹកដីរបស់ខ្លួន។ ទង្វើនេះ គឺពិតជាបានបង្ហាញយ៉ាងច្បាស់នូវរបៀបឈ្លានពានបំភ័ន្តភ្នែកដ៏ពេញនិយមមួយដែលគេធ្លាប់ប្រើក្នុងជម្លោះឈ្លានពានព្រំដែនរបស់ប្រទេសមួយចំនួននៅលើពិភពលោក។

នេះសរបញ្ជាក់ឲ្យឃើញថាកម្ពុជាកំពុងព្យាយាមការពារអធិបតេយ្យភាពទប់ទល់នឹងការឈ្លានពានពីថៃមិនត្រឹម តែតាមផ្លូវយោធាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើទាំងផ្លូវច្បាប់ ផ្លូវការទូត និងផ្លូវប្រវត្តិសាស្ត្រផងដែរ។

ម៉្យាងវិញទៀត ការដែលកម្ពុជាអនុវត្តបទឈប់បាញ់ដោយសុចរិតគឺមិនមែនជាសញ្ញាបញ្ជាក់ពីភាពទន់ ខ្សោយនោះទេប៉ុន្តែជាសញ្ញានៃភាពមានម្ចាស់ការខ្លួនឯងប្រកបដោយភាពស្មោះត្រង់បំផុតក្នុងការដោះស្រាយបញ្ហា។ ត្រង់ចំនុចនេះបង្ហាញថា កម្ពុជាបានដាក់អាទិភាពជាចំបងគឺការការពារអាយុជីវិតរបស់ប្រជាជនជាជាងលើ “ជ័យជម្នះភ្លាមៗ”។ យុទ្ធសាស្ត្រនេះគឺស្វែងរកការបញ្ចប់សង្គ្រាមចេញពីការគិតគូរដល់ជីវិតមនុស្សជាមុនសិន មុននឹងឈានទៅដោះស្រាយជម្លោះផ្នែកនយោបាយ។

នេះជាវិធីមួយដែលបម្លែង “អំណាចអាវុធ”ឲ្យទៅជា “អំណាចសីលធម៌” ដែលមានឥទ្ធិពលខ្លាំងជាងនៅលើឆាកអន្តរជាតិ។

យ៉ាងណាមិញ ការដែលកម្ពុជាសរសេរកំណត់ទូតជា បន្តបន្ទាប់ស្នើទៅភាគីថៃដើម្បីកោះប្រជុំ JBC នេះបង្ហាញថាកម្ពុជាមិនចង់ឲ្យជម្លោះនេះក្លាយជាជម្លោះប្រដាប់អាវុធប៉ុន្តែចង់ឲ្យវាក្លាយទៅជាជម្លោះឯកសារផ្លូវច្បាប់ ផែនទី និងព្រំដែនតាមច្បាប់អន្តរជាតិវិញ។ ប៉ុន្តែ បើមានការគេចវេសណាមួយរបស់ភាគីថៃមិនព្រមចូលប្រជុំ JBC តាមការកោះអញ្ជើញរបស់ភាគីកម្ពុជា នោះមិនត្រឹមតែជាបញ្ហាការទូតទេ ប៉ុន្តែវានឹងជាបញ្ហាភាពស្របច្បាប់និងការទទួលខុសត្រូវចំពោះសន្តិភាពជាតិនិងតំបន់ផងដែរ។

ជំហររបស់កម្ពុជាមិនមែនជាជំហររបស់ប្រទេសតូចដែលភ័យខ្លាចសង្គ្រាមទេពីព្រោះកម្ពុជាបានឆ្លងកាត់សង្គ្រាមជាច្រើនទសវត្សរ៍មកហើយប៉ុន្តែនេះជាជំហររបស់ប្រទេសមួយដែលយល់ថា «សង្គ្រាមមិនមែនជាមធ្យោបាយល្អក្នុងការយកឈ្នះសង្គ្រាមនោះឡើយ»។ ក្នុងន័យនេះ កម្ពុជាហាក់ដូចជាចង់បញ្ជាក់ថា អធិបតេយ្យភាពមិនកើតពីអាវុធទេប៉ុន្តែវាកើតពីភាពដែលឈរខ្លួនឯង សាមគ្គីជាតិ ការគោរពច្បាប់និងសេចក្តីទុកចិត្តរបស់សហគមន៍អន្តរជាតិទៅវិញទេ។

នៅទីបំផុត ជ័យជម្នះពិតប្រាកដរបស់កម្ពុជាគឺជាការបង្ហាញនូវតម្លៃនៃគុណធម៌ដ៏លេចធ្លោរស្ថិតក្នុងបេះដូងសន្តិភាពដែលចង់ប្រាប់ពិភពលោកថា «កម្ពុជាពិតជាមិនចង់បានទឹកដីពីប្រទេសជិតខាងណាឬការកាន់កាប់ដីបន្ថែមទេប៉ុន្តែជាការកាន់កាប់ដែនអធិបតេយ្យនិងការទទួលបាននូវសិទ្ធិស្របច្បាប់លើទឹកដីកំណើតរបស់ខ្លួន និងក៏ជាការដើរស្របទិសនូវទស្សនៈនៃការយល់ឃើញរបស់ពិភពលោកផងដែរដែលនឹងបានផ្តល់នូវយុត្តិធម៌សម្រាប់កម្ពុជា ថាពិតជាជនរងគ្រោះនិងត្រូវការព្រំដែនសន្តិភាពយ៉ាងពិតប្រាកដ៕

ដោយ៖ ពិន វិជ័យ – អ្នកសិក្សាវិទ្យាសាស្ត្រនយោបាយ

អត្ថបទទាក់ទង