សត្រូវឈ្លានពានពិសពុលគួរឱ្យស្អប់ខ្ពើម តែសត្រូវលាក់មុខមានឈាមជ័រជាខ្មែរ រឹតតែអាក្រក់ជូរជាតិ
ក្នុងបណ្តាញសង្គម គេឃើញក្រុមប្រឆាំងខិតខំផ្សព្វផ្សាយព័ត៌មានក្លែងក្លាយជាច្រើន ពិសេសព័ត៌មានបំផ្លើសទាក់ទងទៅនឹងជម្លោះព្រំដែនកម្ពុជា-ថៃ។ ក្រុមប្រឆាំងបានផ្សាយថា យោធាថៃបានវាយកាន់កាប់ចូលទឹកដីកម្ពុជាចំនួន ២៨ ទីតាំង ខណៈដែលក្រសួងការបរទេសកម្ពុជា បានប្រកាសជាសាធារណៈថា យោធាថៃបានឈ្លានពានចូលកាន់កាប់ទីតាំងមួយចំនួនក្នុងខេត្តជាប់ព្រំដែនសរុបមានចំនួនជាង ១០ទីតាំង នៅក្រោយពេលដែលបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅនេះ។
ហេតុអ្វីក្រុមប្រឆាំងខិតខំផ្សព្វផ្សាយព័ត៌មានមិនពិត ដូចដែលប្រព័ន្ធផ្សព្វផ្សាយថៃ តែងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយដើម្បីបំភ័ន្តប្រជាជនកម្ពុជា?
ជាការពិត ថ្វីបើក្រុមប្រឆាំងមានឈាមជាខ្មែរ តែពួកគេមានចិត្តគំនិតក្បត់ជាតិខ្លួនឯង ហើយជារឿយៗពួកគេមិនចង់ឲ្យប្រទេសខ្លួនមានការអភិវឌ្ឍ រីកចម្រើន ដូចបណ្តាប្រទេសនានាលើសកលលោកនោះទេ ដោយតែងតែរកគ្រប់មធ្យោបាយបំផ្លាញខ្មែរ។ គេនៅចាំបានថា នៅពេលដែលក្រុមប្រឆាំងមានវត្តមាននៅក្នុងស្រុក ពួកគេគិតតែរិះរកវិធីចាក់រុក ឆ្កឹះឆ្កៀល បំបែកបំបាក់ជាតិ ញុះញង់ឲ្យប្រជាពលរដ្ឋខឹងស្អប់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងតែងធ្វើការប្រមូលផ្តុំជួបជុំតវ៉ា ធ្វើបាតុកម្ម កូដកម្មយ៉ាងអនាធិបតេយ្យ ធ្វើឲ្យប្រទេសជាតិអស្ថិរភាព និងអសន្តិសុខ បំផ្លាញមុខមាត់ប្រទេសកម្ពុជាលើឆាកអន្តរជាតិជាដើម។ នៅពេលដែលពួកគេនៅក្រៅស្រុកវិញ វិធីដែលពួកគេបំផ្លាញខ្មែរ គឺការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ព័ត៌មានប្រឌិត ដើម្បីធ្វើយ៉ាងណាលាបពណ៌ បំភ្លៃឱ្យប្រជាជនក្នុងប្រទេសបាត់ជំនឿចិត្តលើរាជរដ្ឋាភិបាល ហើយគាំទ្រពួកគេដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយសង្ឃឹមថានិងដណ្តើមកាន់កាប់អំណាច។
អ្វីដែលរឹតតែច្បាស់ទៅទៀតនោះ នៅពេលដែលប្រទេសជាតិស្ថិតក្នុងសង្គ្រាម តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ពួកគេអួតសរសើរពីទាហានថៃដែលបំពានទឹកដីខ្មែរ ពួកគេផ្តល់ការលើកទឹកចិត្តដោយប្រយោលដល់ចោរឈ្លានពាន ដោយបំបាក់ទឹកចិត្តនិងម៉ាក់ងាយទាហានកម្ពុជា និងប្រមុខដឹកនាំកម្ពុជា ថាអន់ គ្មានសមត្ថភាព និងមិនអាចឈ្នះសត្រូវជាដើម។ ការប្រមាថដល់ទឹកចិត្តក៏ទ័ពកម្ពុជា និងមេដឹកនាំកម្ពុជាក្នុងពេលផ្ទុះសង្គ្រាម គឺជាអ្វីដែលប្រទេសថៃបានធ្វើមកលើកម្ពុជា ដូចគ្នានឹងពួកប្រឆាំងខ្មែរនៅក្រៅស្រុកដែរ។ ពួកប្រឆាំងក្រៅស្រុក បានចោទប្រកាន់រាជរដ្ឋាភិបាលកម្ពុជាដែលរងគ្រោះដោយសារការរំលោភបំពានថា ជាអ្នកបង្កហេតុដូចពាក្យចោទរបស់ថៃទាំងស្រុង។ ពួកប្រឆាំងញុះញង់តាមគ្រប់មធ្យោបាយ ដើម្បីឲ្យខ្មែរបែកបាក់តាមបំណងរបស់សត្រូវ ខណៈដែលខ្មែរត្រូវការការរួបរួមគ្នាជាកម្លាំងដើម្បីការពារបូរណភាពទឹកដី។ នៅពេលដែលប្រទេសជាតិត្រូវការការចូលរួមពីប្រជាជនគ្រប់មជ្ឈដ្ឋាន ដើម្បីទប់ទល់នឹងសង្គ្រាមឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យភាពកម្ពុជា បែរជាក្រុមប្រឆាំងខិតខំជាន់ពន្លិចកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាទៅវិញ។ នៅពេលដែលប្រទេសជាតិ កំពុងត្រូវការមេដឹកនាំប្រទេសដែលនៅក្រាញននៀលដើម្បីទប់ទល់នឹងការឈ្លានពាន បែរជាក្រុមប្រឆាំងស្រែកទាមទារឲ្យដកមេដឹកនាំចេញទៅវិញ។ នេះសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ក្រឡែតថា ពួកគេធ្វើនយោបាយបម្រើឱ្យសត្រូវឈ្លានពាន និងបំផ្លាញខ្មែរយ៉ាងពិតប្រាកដ។ ក្រុមប្រឆាំងអំពាវនាវឲ្យប្រជាពលរដ្ឋក្រោកឈរប្រឆាំងនឹងអំណាចត្រកូន ហ៊ុន តាមបំណងរបស់សត្រូវ ខណៈដែលប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសបានក្រោកឈរដើម្បីប្រឆាំងការរំលោភបំពានឈ្លានពានទឹកដី និងរួមគ្នាគាំទ្ររាជរដ្ឋភិបាល ថ្នាក់ដឹកនាំ និងវីរកងទ័ពដែលបាននិងកំពុងយកឈរជើងការពារជាតិ និងប្រជាជន។
តាមរយៈសកម្មភាពជាបន្តបន្ទាប់របស់ក្រុមប្រឆាំងក្រៅស្រុក ធ្វើឱ្យយើងមើលឃើញយ៉ាងច្បាស់ថា ក្រុមប្រឆាំងមិនមែនជាអ្នកស្នេហាជាតិដូចដែលខ្លួនអួតអាងនោះឡើយ ផ្ទុយទៅវិញក្រុមប្រឆាំង គឺជាជនក្បត់ជាតិ មិនសមមានឈាមជ័រជាខ្មែរទេ។ ក្រុមប្រឆាំងមិនចង់ឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើន ដូចដែលសត្រូវឈ្លានពានមិនចង់ឲ្យកម្ពុជាបានសេចក្តីសុខដូច្នេះដែរ។
ដោយៈ សុខ សុវណ្ណ






