Grand News Asia Close

កម្ពុជាទាមទារឱ្យថៃគោរពអាណត្តិរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)នៃប្រទេសទាំងពីរឱ្យបានខ្ជាប់ខ្ជួន !

ដោយ៖ សុវណ្ណា ពិទូ ​​ | 23 ម៉ោងមុន ទស្សនៈ-Opinion 1017
កម្ពុជាទាមទារឱ្យថៃគោរពអាណត្តិរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)នៃប្រទេសទាំងពីរឱ្យបានខ្ជាប់ខ្ជួន ! កម្ពុជាទាមទារឱ្យថៃគោរពអាណត្តិរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)នៃប្រទេសទាំងពីរឱ្យបានខ្ជាប់ខ្ជួន !

ចាប់តាំងពីមានការអនុវត្តបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ស្របតាមខ្លឹមសារនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣នៃគណៈកម្មាធិការព្រំដែនទូទៅរវាងកម្ពុជា- ថៃ (GBC)មក មានលទ្ធផលជាវិជ្ជមានគួរឱ្យកត់សម្គាល់ដែលភាគីទាំងពីរបានអនុវត្តជាបន្តបន្ទាប់ ដូច ជាការប្តេជ្ញាក្នុងការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព ការធានាដល់ការវិលត្រឡប់វិញរបស់ពលរដ្ឋភៀសសឹក និងការដោះលែងយោធិនកម្ពុជា ១៨ នាក់ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ជាដើម។

សម្រាប់ជំហានបន្ទាប់គឺការឈានទៅវាស់វែងនិងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរតាមស្មារតីដែលមានចែងក្នុងចំណុចទី៣ នៃសេចក្តីប្រកាសរួមដែលបានចែងថា ភាគីទាំងពីរឯកភាពគ្នាថា រាល់ការព្រមព្រៀងក្រោមសេចក្តីប្រកាសរួមនេះមិនត្រូវធ្វើឱ្យប៉ះពាល់ដល់កិច្ចការខ័ណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។ ភាគីទាំងពីរក៏បានឯកភាពគ្នាប្រគល់តួនាទីនេះឱ្យគណៈកម្មការចម្រុះព្រំដែនបន្តអនុវត្តការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែនឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរផងដែរ។

ដូច្នេះ ភាគីថៃត្រូវបង្ហាញនូវឆន្ទ:ចូលរួមឱ្យបានម៉ត់ចត់ ដោយមិនត្រូវគេចវេស ឬរកលេសនេះលេសនោះដើម្បីពន្យាពេលក្នុងការកាន់កាប់ទឹកដីក្នុងតំបន់ដែលមិនទាន់មានការវាស់វែងបោះបង្គោលនៅឡើយដោយមិនគោរពតាមអាណត្តិ និងយន្តការរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)នោះឡើយ។ ការមិនគោរពតាមអាណត្តិ និងយន្តការរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) គឺជាសញ្ញាណដ៏គ្រោះថ្នាក់មួយដែលជះឥទ្ធិពលអវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងរវាងប្រទេសជិតខាង។ នៅពេលដែលភាគីថៃបំពានលើតួនាទីរបស់ JBC វាមិនត្រឹមតែជាការរំលោភលើកិច្ចព្រមព្រៀងបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែវាគឺជា ការបំផ្លាញទំនុកចិត្តរវាងគ្នា យ៉ាងធ្ងន់ធ្ងរ។

ទំនុកចិត្តគឺជាគ្រឹះធំនៃសន្តិភាព និងជាចំណុចចាប់ផ្តើមដ៏សំខាន់បំផុត ហើយនៅពេលដែលទំនុកចិត្តនេះត្រូវបានរង្គោះរង្គើ វានឹងបង្កើតឱ្យមានការសង្ស័យ ការយល់ច្រឡំ និងអាចឈានទៅដល់ការប្រឈមមុខដាក់គ្នាដោយអាវុធ ដែលធ្វើឱ្យបាត់បង់ស្ថិរភាពនៅតាមបណ្តោយព្រំដែន។

លើសពីនេះទៅទៀត សកម្មភាពមិនគោរពតាមអាណត្តិនេះគឺជាការរំលោភលើកិច្ចព្រមព្រៀង និងសន្ធិសញ្ញា ដែលប្រទេសទាំងពីរកម្ពុជា-ថៃបានចុះហត្ថលេខាជាផ្លូវការកន្លងមក។ កិច្ចព្រមព្រៀងនីមួយៗសុទ្ធតែមានតម្លៃគតិយុត្តិដែលភាគីហត្ថលេខីត្រូវតែអនុវត្តតាមដោយស្មោះត្រង់។ ការដើរចេញពីគោលការណ៍ទាំងនេះ បង្ហាញពីការខ្វះឆន្ទៈនយោបាយក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី និងជាការមាក់ងាយដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ក្រុមអ្នកបច្ចេកទេស និងថ្នាក់ដឹកនាំជំនាន់មុនៗ ដែលបានលះបង់ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងទាំងនោះ។

នៅក្នុងកម្រិតតំបន់និងពិភពលោក ការមិនអើពើនឹងយន្តការ និងអាណត្តិរបស់JBC ក៏ជាការរំលោភលើច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិផងដែរ។ ច្បាប់អន្តរជាតិតម្រូវឱ្យរដ្ឋនីមួយៗដោះស្រាយវិវាទព្រំដែនតាមរយៈការចរចា និងការគោរពបូរណភាពទឹកដីគ្នាទៅវិញទៅមក។

នៅពេលដែលយន្តការទ្វេភាគីត្រូវបានរំលោភបំពាន វាធ្វើឱ្យខូចសណ្តាប់ធ្នាប់ពិភពលោក និងធ្វើឱ្យប្រទេសថៃក្លាយជាអ្នកដែលមិនគោរពច្បាប់ក្នុងក្រសែភ្នែកសហគមន៍អន្តរជាតិ ដែលអាចនាំឱ្យមានការថ្កោលទោស ឬការបាត់បង់ការគាំទ្រក្នុងវេទិកាតំបន់ និងសកលលោក។ ជាទូទៅការមិនគោរពអាណត្តិរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)នៃប្រទេសទាំងពីរដោយភាគីណាមួយវានឹងឆ្លុះបញ្ចាំងឱ្យឃើញពីការធ្លាក់ចុះនូវសីលធម៌នៃប្រជាជាតិមួយនោះ។

ប្រជាជាតិដែលមានអរិយធម៌ខ្ពង់ខ្ពស់ តែងតែប្រកាន់ខ្ជាប់នូវពាក្យសន្យា ភាពស្មោះត្រង់ និងការចេះអត់ឱនគ្នាដើម្បីផលប្រយោជន៍សន្តិភាពយូរអង្វែង។ ការយកប្រៀបលើភាគីម្ខាងទៀតតាមរយៈការមិនគោរពអាណត្តិរួម មិនមែនជាភាពឆ្លាតវៃនោះទេ ប៉ុន្តែវាជាការបង្ហាញពីភាពទន់ខ្សោយខាងសីលធម៌ និងកង្វះការទទួលខុសត្រូវចំពោះវាសនាប្រជាជនខ្លួនឯង និងអ្នកជិតខាង។ សន្តិភាព និងការអភិវឌ្ឍពិតប្រាកដ អាចកើតមានទៅបានលុះត្រាតែមានការគោរពគ្នាទៅវិញទៅមកតាមរយៈយន្តការដែលបានព្រមព្រៀងគ្នា។

មួយវិញទៀត ការអនុវត្តមិនត្រឹមត្រូវតាមអាណត្តិរបស់ JBC ក៏បង្កជាឧបសគ្គដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមបណ្តោយព្រំដែនផងដែរ។ នៅពេលដែលយន្តការព្រំដែនជួបភាពមិនច្បាស់លាស់ វានឹងរារាំងដល់កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគឆ្លងដែន។ ភាពមិនចុះសម្រុងគ្នានេះ ប្រែក្លាយតំបន់ព្រំដែនដែលគួរតែជាតំបន់សន្តិភាព និងការអភិវឌ្ឍ ឱ្យទៅជាតំបន់រសើប និងពោរពេញដោយភាពតានតឹង ដែលធ្វើឱ្យប្រជាពលរដ្ឋរស់ក្នុងក្តីបារម្ភ និងបាត់បង់ឱកាសក្នុងការកសាងជីវភាពឱ្យបានប្រសើរឡើង។

សរុបមក កម្ពុជាទាមទារឱ្យភាគីថៃគោរពអាណត្តិរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)នៃប្រទេសទាំងពីរឱ្យបានខ្ជាប់ខ្ជួន។ ការផ្តល់តម្លៃដល់អាណត្តិរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក គឺជាសក្ខីភាពនៃភាពចាស់ទុំខាងនយោបាយ និងការប្តេជ្ញាចិត្តចំពោះសន្តិភាពយូរអង្វែង។ ប្រទេសជិតខាងមិនអាចរើសយកអ្នកជិតខាងថ្មីបានឡើយ ដូច្នេះមានតែការវិលត្រឡប់មករកការចរចាដោយស្មោះត្រង់ និងការប្រកាន់ខ្ជាប់នូវយន្តការច្បាប់ដែលមានស្រាប់ប៉ុណ្ណោះ ទើបអាចធានាបាននូវអធិបតេយ្យភាព និងបូរណភាពទឹកដីសម្រាប់ប្រជាជាតិទាំងសងខាង។

ការកសាងស្មារតីសហប្រតិបត្តិការនៅថ្ងៃនេះ គឺជាការទុកមរតកសន្តិភាព និងស្ថិរភាពសម្រាប់កូនចៅជំនាន់ក្រោយ ដើម្បីឱ្យពួកគេរស់នៅក្នុងពិភពលោកមួយដែលពោរពេញដោយការយោគយល់ និងការគោរពគ្នាជាអន្តរជាតិ។

ដោយ: ឌី វីរ: