Grand News Asia Close

ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦

ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦

ថ្ងៃនេះអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមរម្លឹកឡើងវិញ នូវប្រសាសន៍ដ៏មានអត្ថន័យជ្រាលជ្រៅរបស់ថ្នាក់ដឹកនាំនៃយើង ដើម្បីឧទ្ទិសដល់មហាសាមគ្គីជាតិខ្មែរដ៏រឹងមាំ និងសារសំខាន់ដែលខ្មែរត្រូវរួមគ្នាដើម្បីថែរក្សាការពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដី៖

ទី១៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងសារអបអរសាទរខួប៤៧ឆ្នាំ នៃទិវាជ័យជម្នះ ៧មករា បានដាស់ស្មារតីកូនខ្មែរថា៖ នៅលើមាគ៌ាឆ្ពោះទៅមុខបន្តទៀត សូមជនរួមជាតិគ្រប់រូបបន្តលើកកម្ពស់ស្មារតីស្នេហាជាតិ ប្រឹងឈរខ្លួនឯង ខិតខំខ្លួនឯង និងពង្រឹងភាពម្ចាស់ការខ្លួនឯង ដើម្បីធានាដល់ការការពារនិងកសាងប្រទេសជាតិយើង។ ខ្ញុំមានជំនឿយ៉ាងមុតមាំថា ផ្អែកលើកម្លាំងមហាសាមគ្គី និងស្មារតីស្នេហាជាតិដ៏មោះមុត យើងពិតជាបន្តយកឈ្នះលើរាល់ឧបសគ្គបាន មិនថាឧបសគ្គនោះធំប៉ុណ្ណាឡើយ។ យើងចងចាំប្រវត្តិសាស្ត្រនេះ ចងចាំឧក្រិដ្ឋកម្មបំផ្លាញមរតកវប្បធម៌ ដែលជាដួងព្រលឹងរបស់ជាតិ ចងចាំការប្រមាថមើលងាយ មកលើជាតិ មាតុភូមិ និងប្រជាជនយើង។

ទី២៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងសារទៅកាន់វីរកងទ័ព វីរកងនគរបាលជាតិ និងជនរួមជាតិកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ក៏បានអង្រួនស្មារតីកូនខ្មែរថា៖ ទុក្ខលំបាកនិងពលិកម្មសាច់ស្រស់ ឈាមស្រស់របស់វីរជនយើង នៅឯសមរភូមិ គឺជាការដាស់តឿនមិនឱ្យយើងបំភ្លេចបានមួយវិនាទីណាឡើយថា «បែកបាក់គឺស្លាប់ សាមគ្គីរឹងមាំគឺរស់»។ ដូច្នេះ ស្របតាមពាក្យចាស់ពោលថា «ចង្កឹះមួយបាច់ គេកាច់មិនបាក់» យើងត្រូវយកការលំបាកនៅពេលនេះធ្វើជាឱកាស ដើម្បីឱ្យខ្មែរគ្រប់រូបចេះពួតដៃគ្នាកសាងជាតិខ្មែរយើងឱ្យកាន់តែរឹងមាំ និងកាន់តែប្រសើរឡើងប្រកបដោយភាពធន់ នៅក្រោមម្លប់ដ៏សែនត្រជាក់នៃអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈនៃយើង។

សម្តេចធិបតីបានបង្ហាញក្តីសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋយើងគ្រប់មជ្ឈដ្ឋាននិងគ្រប់ទិសទី នឹងបន្តផ្តល់ជំនឿដ៏មុតមាំលើរាជរដ្ឋាភិបាល និងរួបរួមសាមគ្គីគ្នាក្នុងស្មារតីជាតិខ្មែរតែមួយ ប្រើប្រាស់តម្លៃនៃសន្តិភាព ដើម្បីអភិវឌ្ឍខ្លួនឱ្យក្លាយជាពលរដ្ឋឆ្នើមរបស់កម្ពុជា និងក្លាយជាកម្លាំងដ៏រឹងមាំមិនអាចបំបែកបំបាក់បានក្នុងកិច្ចការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ក៏ដូចជាក្នុងការអភិវឌ្ឍជាតិ មាតុភូមិកម្ពុជា ជាទីស្នេហាបំផុតនៃយើងឱ្យកាន់តែរីកចម្រើនខ្លាំងក្លាឡើងជាលំដាប់ និងក្លាយជាប្រជាជាតិមួយប្រកបដោយមោទនភាព និងកិត្យានុភាពខ្ពស់ត្រដែតលើឆាកអន្តរជាតិ។

ទី៣៖ ទន្ទឹមនឹងប្រសាសន៍ដ៏មានអត្ថន័យជ្រាលជ្រៅរបស់ថ្នាក់ដឹកនាំនៃយើងដូចបានលើកឡើងខាងលើ យើងទាំងអស់គ្នាក៏បានសង្កេតឃើញយ៉ាងច្បាស់នឹងភ្នែកគ្រប់ៗគ្នាថា កម្លាំងមហាសាមគ្គីឯកភាពជាតិខ្មែរដើម្បីបុព្វហេតុជាតិមាតុភូមិ ជាពិសេសដើម្បីបុព្វហេតុការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ពិតជាមានទំហំធំធេង និងខ្លាំងក្លាគួរជាទីមោទនៈយ៉ាងក្រៃលែង។ សំឡេងប្រឆាំងសង្គ្រាម និងទាមទាររកសន្តិភាពរបស់ព្រះសង្ឃ មន្ត្រីរាជការ យុវជន និងប្រជាជនខ្មែរទាំងក្នុងនិងក្រៅប្រទេសបានលាន់លឺពាសពេញពិភពលោក។ សំឡេងរបស់ប្រជាជាតិខ្មែរ និងការងារការទូតដ៏សកម្មក្លៀវក្លាប្រកបដោយភាពចាស់ទុំ និងត្រឹមត្រូវរបស់រាជរដ្ឋាភិបាល បានធ្វើឱ្យសហគមន៍អន្តរជាតិតាមដានយ៉ាងយកចិត្តទុកដាក់ និងកំពុងជំរុញឱ្យមានដំណោះស្រាយដោយសន្តិវិធីតាមគោលការណ៍ច្បាប់អន្តរជាតិ។

ទី៤៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលក៏សូមរម្លឹកជូនជនរួមជាតិមេត្តាជ្រាបដែរថា ប្រទេសជាតិយើងនិងប្រជាជនយើងបានហែលឆ្លងកាត់ដំណាក់កាលដ៏លំបាកលំបិនបំផុត ឈឺចាប់ខ្លោចផ្សារបំផុត និងខ្ទេចខ្ទាំបំផុតរួចមកហើយ កាលពីក្នុងសម័យសង្គ្រាមស៊ីវិល សម័យកាលនៃការបែកបាក់ជាតិ និងជាពិសេសក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត។ ថ្នាក់ដឹកនាំរាមច្បងរបស់យើងក៏បានបិទទំព័រប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតនេះចោល និងបានបើកទំព័រប្រវត្តិសាស្ត្រថ្មីប្រកបដោយក្តីសង្ឃឹមសម្រាប់យើងទាំងអស់គ្នារួចរាល់ហើយដែរ។ ដូច្នេះ ការលំបាករបស់យើងនៅពេលនេះមិនអាចវាយបំបាក់ទឹកចិត្តស្នេហាជាតិដ៏ជ្រាលជ្រៅរបស់ខ្មែរបានឡើយ។ ផ្ទុយទៅវិញ វាបានក្លាយជាកម្លាំងចលករដ៏ខ្លាំងក្លា ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់យើងឱ្យខាងតែបាន តាមមធ្យោបាយសន្តិវិធីដោយមានច្បាប់អន្តរជាតិជាទីពឹង។

ទី៥៖ កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែបន្ទាត់ព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។

សរុបមកវិញ ជំហរច្បាស់លាស់និងម៉ឺងម៉ាត់បំផុតរបស់រាជរដ្ឋាភិបាល ស្របទាំងស្រុងជាមួយជំហររបស់សហគមន៍អន្តរជាតិ ខណៈដែលភាគីថៃក៏បានឯកភាពដោះស្រាយបញ្ហាព្រំដែនដោយប្រើប្រាស់យន្តការដែលមានស្រាប់ និងអនុលោមតាមច្បាប់អន្តរជាតិ ដូចមានចែងក្នុងចំណុចទី៣ នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ នេះគឺជាក្តីសង្ឃឹមក្នុងដំណោះស្រាយបញ្ហាព្រំដែនប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌ ជាមួយប្រទេសថៃដោយរក្សាបានទាំងស្រុងនូវដែនអធិបតេយ្យភាពស្របច្បាប់របស់កម្ពុជា។ ដូច្នេះ នេះគឺជាកាលៈទេសៈដ៏សំខាន់បំផុតមួយដែលខ្មែរត្រូវប្រើកម្លាំងមហាសាមគ្គីជាតិដ៏ខ្លាំងក្លារបស់ខ្លួន ដោយផ្តល់ទំនុកចិត្ត និងការគាំទ្រយ៉ាងមុតមាំដល់រាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីកម្ពុជា ដែលត្រូវបានការពារយ៉ាងរឹងមាំដោយច្បាប់អន្តរជាតិ៕

សូមអរគុណ

អត្ថបទទាក់ទង