Grand News Asia Close

កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស

ដោយ៖ សុវណ្ណា ពិទូ ​​ | 24 ម៉ោងមុន ព័ត៌មានជាតិ 1017
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស

យោងតាមការបង្ហោះផ្សាយនៅបណ្តាញសង្គមរបស់អង្គភាពអាជ្ញាធរមីន នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និង ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលសម្ភារៈដែលជាជំនួយរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់កិច្ចប្រតិបត្តិការការងារមនុស្សធម៌ក្នុងវិស័យសកម្មភាពមីននៅកម្ពុជា។ សម្ភារៈទាំងនោះ រួមមានឧបករណ៍រាវរកលោហៈ ឧបករណ៍និងសម្ភារចាំបាច់ និងរថយន្ត។

នាឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានចាត់ទុកជំនួយរបស់ចិន មិនមែនគ្រាន់តែជាឧបករណ៍សម្រាប់ប្រតិបត្តិការប៉ុណ្ណោះទេ តែជាឧបករណ៍សម្រាប់ការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស។ ឧបករណ៍ទាំងនេះ នឹងធានានូវសុវត្ថិភាព និងប្រសិទ្ធភាពរបស់អ្នកបោសសម្អាតមីន ខណៈដែលពួកគេបន្តភារកិច្ចដ៏ថ្លៃថ្លា ក្នុងការរំដោះផ្ទៃដីកម្ពុជា ឱ្យរួចផុតពីកេរ្តិ៍ដំណែលនៃសង្គ្រាម។

តាងនាមឱ្យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះប្រទេសចិន ដែលបាននិងកំពុងបន្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា ទាំងឧបករណ៍សម្ភារៈ ថវិកា ជំនាញបច្ចេកទេស ការអភិវឌ្ឍសមត្ថភាព ការអប់រំកាត់បន្ថយគ្រោះថ្នាក់ និងកិច្ចសង្គ្រោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ តាមរយៈការគាំទ្រនេះ ជីវិតមនុស្សរាប់មិនអស់ត្រូវបានការពារ សហគមន៍ត្រូវបានស្តារឡើងវិញ ហើយអ្នករស់រានមានជីវិត ត្រូវបានផ្តល់នូវអំណាចដើម្បីកសាងអនាគតឡើងវិញប្រកបដោយសេចក្តីថ្លៃថ្នូរ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ការរួមចំណែកដ៏សំខាន់នៃ គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងក្នុងសកម្មភាពមីន ដែលគាំទ្រដោយមូលនិធិពិសេសសម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង របស់រដ្ឋាភិបាលចិន ដែលគំនិតផ្តួចផ្តើមនេះ បានបង្ហាញពីចក្ខុវិស័យរបស់ចិនក្នុងកិច្ចសហប្រតិបត្តិការតំបន់ ដោយផ្អែកលើការទទួលខុសត្រូវរួម ការជួយគ្នាទៅវិញទៅមក និងការរក្សាសន្តិសុខរួមគ្នា៕

អត្ថបទទាក់ទង