ភាពចាំបាច់នៃការបណ្តុះសីលធម៌, ចរិត និងការធ្វើជាគំរូល្អនៅក្នុងសង្គមខ្មែរ
#ទស្សនៈ
វាជារឿងគួរឱ្យសោមនស្ស និងជាប្រផ្នូលដ៏ល្អសម្រាប់សង្គមជាតិ ដែលបានឃើញសារដ៏មានអត្ថន័យរបស់លោកជំទាវ ពេជ ចន្ទមុន្នី ភរិយារបស់ប្រមុខរដ្ឋាភិបាល កាលពីពេលថ្មីៗនេះថា៖ «ទោះបីជាក្មួយៗរៀនដល់ណាក៏ដោយ មានចំណេះដឹងខ្ពង់ខ្ពស់យ៉ាងណាក៏ដោយ ប៉ុន្តែបើក្មួយគ្មានសុជីវធម៌ គ្មានគុណធម៌ ហើយក្មួយគ្មានមេត្តាធម៌ក្នុងខ្លួនទេ គ្មានអ្នកណាគេគោរពក្មួយនោះទេ»។
សារនេះបានដាស់រំលឹកយើងគ្រប់គ្នាអំពីតម្លៃនិងសេចក្តីថ្លៃថ្នូររបស់សង្គម។ នៅក្នុងយុគសម័យឌីជីថលដែលអ្វីៗប្រែប្រួលលឿនដូចផ្លេកបន្ទោរ ចំណេះដឹង និងបច្ចេកវិទ្យាអាចជាកម្លាំងរុញច្រានសង្គមឱ្យទៅមុខ ប៉ុន្តែសីលធម៌ សុជីវធម៌ គុណធម៌ និងមេត្តាធម៌ គឺជាត្រីវិស័យនិងសសរស្ដម្ភទ្រទ្រង់សេចក្ដីថ្លៃថ្នូររបស់មនុស្ស។ ដើម្បីប្រែក្លាយសារដាស់តឿននេះទៅជាមនសិការរួម និងជាកម្លាំងចលករផ្លាស់ប្ដូរសង្គមពិតប្រាកដ យើងត្រូវការការប្ដេជ្ញាចិត្តលើរបៀបវារៈគន្លឹះចំនួនបី៖
១. ការបណ្ដុះចរិតនិងសីលធម៌ពីវ័យក្មេង៖ សីលធម៌ និងមេត្តាធម៌ មិនមែនជាវត្ថុដែលគេអាចទិញដូរបាន ឬកើតឡើងដោយឯកឯងនៅពេលមនុស្សពេញវ័យនោះទេ។ វាជាគ្រាប់ពូជដ៏ល្អដែលត្រូវដាំ ត្រូវស្រោចទឹក និងថែទាំយ៉ាងហ្មត់ចត់តាំងពីដង្ហើមដំបូងនៃជីវិត។ ដូចទស្សនវិជ្ជាខ្មែរដ៏ជ្រាលជ្រៅបានពោលថា «ដាំឈើត្រូវបម្រុងឫស ដាំមនុស្សត្រូវបម្រុងចរិត»។ នៅក្នុងពិភពឌីជីថលដែលហ៊ុមព័ទ្ធដោយព័ត៌មានចម្រុះ គ្រួសារត្រូវតែជាជម្រកដ៏កក់ក្ដៅផ្ដល់នូវក្ដីស្រឡាញ់ ហើយសាលារៀនត្រូវតែជាថ្នាលដ៏បរិសុទ្ធបណ្ដុះមនសិការ។ ការអប់រំសីលធម៌ ត្រូវតែដើរហួសពីបន្ទាត់សៀវភៅ និងការទន្ទេញរត់មាត់ គឺត្រូវក្លាយជាការផ្ដិតយកឥរិយាបថរស់នៅជាក់ស្ដែង ដើម្បីឱ្យកុមារគ្រប់រូបមានមេត្តា ករុណា និងស្គាល់ខុសត្រូវដោយភាពហ្មត់ចត់។
២. ការធ្វើបច្ចុប្បន្នភាពសីលធម៌ពលរដ្ឋវិជ្ជាដោយបណ្ដុះចរិតមនុស្សមានគុណតម្លៃនិងភាពសកម្មជាស្នូល៖ ការអប់រំគឺជាបេះដូងនៃការរចនាវាសនាជាតិ។ មុខវិជ្ជាសីលធម៌-ពលរដ្ឋវិជ្ជា មិនមែនជាមុខវិជ្ជាបន្ទាប់បន្សំឡើយ ប៉ុន្តែជាត្រីវិស័យចង្អុលផ្លូវជីវិត។ យើងត្រូវរួមគ្នាកែទម្រង់កម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀនឱ្យមានជីវិតវីវ៉ា ដោយបញ្ចូលការអប់រំចរិត (Character Education) ការគិតត្រិះរិះពិចារណា (Critical Thinking) និងពលរដ្ឋឌីជីថលដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃសម័យកាល ព្រមទាំងធានាថា យុវជនរបស់យើងមិនត្រឹមតែមានសមត្ថភាពដើរទាន់បច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានមនសិការស្នេហាជាតិ វប្បធម៌ចែករំលែក និងសីលធម៌ខ្ពស់ ទាំងក្នុងពិភពពិត និងពិភពនិម្មិត។ ការបង្រៀនត្រូវតែប្ដូរទម្រង់ពី “ការទន្ទេញចាំដើម្បីតែពិន្ទុប្រឡង” មកជា “ការអនុវត្តដើម្បីកសាងជីវិត ស្គាល់ខុស ស្គាល់ត្រូវ” ព្រមទាំងពង្រឹងស្មារតីទទួលខុសត្រូវ ចេះរួមរស់ជាមួយគ្នាដោយសន្តិភាព និងរួមចំណែកកសាងសង្គមជាតិប្រកបដោយមនសិការខ្ពស់។
៣. ការដឹកនាំដោយធ្វើជាគំរូដ៏ថ្លៃថ្លា (Leadership by Example)៖ ច្បាប់និងទ្រឹស្ដីរាប់ម៉ឺនទំព័រ មិនអាចអង្រួនចិត្តមនុស្សឱ្យធ្វើអំពើល្អ បានស្មើនឹងការឃើញទង្វើពិតជាក់ស្ដែងនោះឡើយ។ តាមផ្នត់គំនិតខ្មែរ មនុស្សជំនាន់ក្រោយជឿជាក់លើអ្វីដែលគេឃើញ ជាងអ្វីដែលគេឮ។ ពាក្យថា “អ្នកដឹកនាំ” ក្នុងន័យនេះ មានអត្ថន័យទូលំទូលាយនិងពិសិដ្ឋបំផុត ចាប់តាំងពីឪពុកម្ដាយដែលជាអ្នកដឹកនាំក្នុងគ្រួសារ លោកគ្រូអ្នកគ្រូជាអ្នកដឹកនាំចំណេះដឹង បុគ្គលល្បីៗលើបណ្ដាញសង្គមដែលជាអ្នកដឹកនាំទស្សនៈ រហូតដល់ថ្នាក់ដឹកនាំជាតិ។ ដូច្នេះ យន្តការដ៏មានប្រសិទ្ធភាពបំផុតក្នុងការលើកកម្ពស់តម្លៃសីលធម៌សង្គម គឺការតម្រូវឱ្យអ្នកដឹកនាំគ្រប់លំដាប់ថ្នាក់ និងអ្នកមានឥទ្ធិពលក្នុងសង្គម ធ្វើជាគំរូល្អ (Role Model) ក្នុងការអនុវត្តសីលធម៌ គុណធម៌ សុជីវធម៌ មេត្តាធម៌ មនុស្សធម៌ និងយុត្តិធម៌។ កាលណាអ្នកដឹកនាំគ្រប់លំដាប់ថ្នាក់ បង្ហាញនូវសេចក្ដីថ្លៃថ្នូរ យុត្តិធម៌ និងមេត្តាធម៌ដោយចេញពីបេះដូង នោះសង្គមទាំងមូលនឹងមានសុវត្ថិភាព ហើយមនុស្សជំនាន់ក្រោយនឹងដើរតាមដោយការគោរព ក្ដីស្រឡាញ់ និងភាពស្ម័គ្រចិត្ត ដោយមិនបាច់មានការបង្ខិតបង្ខំ។
ជាសរុបមក ការរួមគ្នារវាងការផ្ដល់ការអប់រំដ៏ត្រឹមត្រូវពីក្មេង ការកែទម្រង់វិធីសាស្ត្របង្រៀនឱ្យមានព្រលឹង និងការបង្ហាញគំរូដ៏ថ្លៃថ្លាពីអ្នកដឹកនាំ គឺជាសោរគន្លឹះតែមួយគត់ក្នុងការកសាងសង្គមខ្មែរមួយ ដែលមិនត្រឹមតែមានការអភិវឌ្ឍខាងសម្ភារៈនោះទេ ប៉ុន្តែជាសង្គមដែលមានអរិយធម៌ខាងស្មារតី ពោរពេញដោយសុខដុមរមនា ក្ដីសង្ឃឹម និងយុត្តិធម៌សម្រាប់មនុស្សគ្រប់រូប៕
ដោយ៖ ប៉ា ចន្ទរឿន, ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា
-Post Khmer-





