Grand News Asia Close

បទវិចារណកថា៖ ម៉ោង៩:0៩នាទីព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ កម្ពុជាបំបែកឯតទត្តកម្មជាតិមួយថ្មី

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃចន្ទ ទី៥ ខែសីហា ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ 362
បទវិចារណកថា៖ ម៉ោង៩:0៩នាទីព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ កម្ពុជាបំបែកឯតទត្តកម្មជាតិមួយថ្មី បទវិចារណកថា៖ ម៉ោង៩:0៩នាទីព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ កម្ពុជាបំបែកឯតទត្តកម្មជាតិមួយថ្មី

សម្លេងស្គរជ័យ ត្រដោក ឃ្មោះ និង​ឧបករណ៍បំពងសម្លេងប្រពៃណីជាច្រើនទៀតនឹងលាន់ឮរំពងពេញផ្ទៃប្រទេស ពីវត្តអារ៉ាម ក្រសួង ស្ថាប័ន សាលារៀន និងសហគ្រាសក្រុមហ៊ុនឯកជនទូទាំងប្រទេស ដែលអាចចាត់ទុកថា ជាព្រឹត្តិការណ៍បំបែកឯតទគ្គកម្មជាតិថ្មីមួយរបស់ប្រជាជនកម្ពុជាទាំងមូល។

សម្រាប់ពលរដ្ឋកម្ពុជា សម្លេងនេះមានអត្ថន័យលើសពីការបំបែកឯតទគ្គកម្មពិភពលោក ហ្គីណេស ដែលជាស្ថាប័នកត់ត្រានូវរឿងរ៉ាវប្លែកៗនៅលើពិភពលោកទៅទៀត ពីព្រោះសម្លេងនេះមិនមែនចេញពីគោលបំណងបំបែកកំណត់ត្រាអ្វីឡើយ ប៉ុន្តែគឺជាសម្លេងចេញពីឆន្ទៈ និងបេះដូងមហាសាមគ្គី ព្រមទាំងឯកភាពជាតិរបស់ប្រជាជនកម្ពុជា ដែលបន្លឺឡើងដើម្បីប្រាប់ពិភពលោកទាំងមូល នៅពេលដែលកម្ពុជាបានប្រកាសចាប់ផ្តើមដំណើរការកសាងព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកមានចរិតជាប្រវត្តិសាស្រ្ត និងជានិមិ្មតរូបជាតិមួយរបស់ពលរដ្ឋកម្ពុជា។

នៅលើពិភពលោកនេះទំនងជាពិបាករកប្រជាជាតិណាដែលមានសម្លេងស្រុះស្រួលគ្នា ហើយនាំគ្នាទោងបន្លឺសម្លេងដ៏រណ្តំលាន់រំពងផ្ទៃប្រទេសនៅក្នុងពេលតែមួយ ពោលគឺនៅវិនាទី នាទី ម៉ោង ថ្ងៃ ខែ ឆ្នាំ តែមួយបែបនេះណាស់។ សម្លេងនេះតំណាងឱ្យសម្រែកនៃឯកភាពជាតិ ដែលបេះដូងរបស់ប្រជាពលរដ្ឋកម្ពុជាតែមួយវេញត្របាញ់ចូលគ្នានៅក្នុងសង្វាក់ហើយលោតព្រមៗគ្នាក្នុងពេលតែមួយដ៏កម្រ ស្របពេលដែលមេដឹកនាំកម្ពុជាគឺ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចុចប៊ូតុងចាប់ផ្តើមដំណើរការដ្ឋានកសាងព្រែកជីកហ្វូណនតេជោឡើង​។

ស្នូរនៃសម្លេងដ៏រណ្តំព្រមៗគ្នាបែបបនេះ គឺជាការកត់សម្គាល់នៃចលនាឯកភាពជាតិ និងទស្សនវិស័យរួមគ្នារបស់ប្រជាជនកម្ពុជា ដែលមានមហិច្ឆតារួមគ្នានៅក្នុងការប្តេជ្ញា ដើម្បីប្រែក្លាយផ្លូវទឹកនៅក្នុងប្រទេសឱ្យក្លាយទៅជាហេដ្ឋារចនាសម្ព័ន្ធដ៏មានសក្តានុពលសេដ្ឋកិច្ច និងការអភិវឌ្ឍ។ ការចាប់ផ្តើមនាថ្ងៃនេះ នៅម៉ោង ៩:០៩ នាទីព្រឹក គឺជាគម្រោងបញ្ជាក់ពីស្មារតីនៃសាមគ្គីភាពជាតិកម្ពុជា នៅក្នុង​គោលបំណង​ស្តារ​ផ្លូវ​ទឹក​បុរាណ​ដែលសឹងតែរលុបដាន ឱ្យមកបម្រើ​អត្ថប្រយោជន៍ដល់សេចក្តីត្រូវការអភិវឌ្ឍន៍ ​វិស័យ​កសិកម្ម ការដឹកជញ្ជូន និង​ទេសចរណ៍។

បុព្វបុរសខ្មែរ ត្រូវបានពិភពលោកស្គាល់អំពីការរួបរួមគ្នា ក្នុងការកសាងប្រាសាទអង្គរ និងប្រាសាទបុរាណជាច្រើនទៀត ដើម្បីលើកកម្ពស់វប្បធម៌ និងបេតិកភណ្ឌជាតិ ដែលបាននិងកំពុងតែដើរតួយ៉ាងសំខាន់នៅក្នុងវិស័យទេសចរណ៍ និងឧត្តមភាពជាតិ ប៉ុន្តែគម្រោងដែលបានចាប់ផ្តើមនៅម៉ោង ៩:០៩ នាទី ព្រឹកថ្ងៃចន្ទទី០៥ ខែសីហា នេះ គឺជាគម្រោងដែលមិនត្រឹមតែឆ្លើយតបទៅនឹងតម្លៃនៃវប្បធម៌ និងប្រវត្តិសាស្រ្តប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្កប់នូវតម្លៃនៃការអភិវឌ្ឍ និងលើកកម្ពស់ការកសាងហេដ្ឋារចនាសម្ព័ន្ធទំនើបដើម្បីរួមគ្នាជាមួយនឹងកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រដ៏សម្បូរបែបរបស់កម្ពុជា ក្នុងការបន្តអភិវឌ្ឍប្រទេសជាតិ។

គម្រោងកសាងព្រែកជីកហ្វូណនតេជោ ជានិមិត្តរូបនៃកម្លាំង និងការរួបរួមរបស់ប្រជាជនខ្មែរ ហើយក៏ជាគម្រោងដែលកំពុងបង្ហាញពីសមត្ថភាពរបស់ជាតិ ក្នុងការសហការគ្នាលើវិស័យផ្សេងៗ ធ្វើការឆ្ពោះទៅរកគោលដៅរួមនៃការអភិវឌ្ឍ និងវិបុលភាពជាតិ។ សម្លេង នៃការគាំទ្រថ្ងៃនេះ ជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរួមគ្នារបស់យើងដើម្បីវឌ្ឍនភាពជាតិ និងការយកចិត្តទុកដាក់របស់យើងក្នុងការរក្សាបេះដូងនៃអត្តសញ្ញាណវប្បធម៌របស់យើង ហើយរួមគ្នាកសាងអនាគតប្រកបដោយឧត្តមភាព។

នៅពេលដែលសម្លេងស្គរ ត្រដោក ឃ្មោះ និងឧបករណ៍បំពងសម្លេងនានាបន្លឺឡើង គឺជាសញ្ញានៃសាមគ្គីភាពជាតិខ្មែរ និងជាសក្ខីភាពមួយចំពោះអ្វីដែលអាចសម្រេចបាននៅពេលដែលប្រទេសជាតិធ្វើការដោយឯកភាព។ សន្ទុះទឹកចិត្ត និងការចូលរួមនៅពេលនេះ នឹងនាំមកនូវផលប្រយោជន៍យូរអង្វែងដល់ប្រជាជនកម្ពុជា នៅក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងមោទនភាពវប្បធម៌។

ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ភាពជោគជ័យនៃគម្រោងនេះទំនងជានឹងដើរតួជាការបំផុសគំនិតសម្រាប់គំនិតផ្តួចផ្តើមផ្សេងៗទៀតដែលដាក់ចេញនាពេលអនាគត។ ការពង្រឹងអំណាច និងឧត្តមភាពនៃឯកភាព ជាតិក្នុងការសម្រេចបាននូវព្រឹត្តិការណ៍សំខាន់ៗរបស់ជាតិ នៅក្នុងស្ថានភាពដែលពោរពេញដោយថាមពល ដូចជានៅក្នុងព្រឹត្តិការណ៍នេះគឺជាកម្លាំងសន្ទុះដែលចាំបាច់ខានមិនបាន ដើម្បីបន្តពង្រឹង និង ពង្រីកដំណើរការអភិវឌ្ឍន៍ប្រទេសបន្តទៀត៕ ដោយ៖ AKP

អត្ថបទទាក់ទង