ទាក់ទងនឹងវឌ្ឍនភាពនៃយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញា អង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦
ទាក់ទងនឹងវឌ្ឍនភាពនៃយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញា អង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងវឌ្ឍនភាពនៃយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញា អង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)
ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦
សំណួរទី១៖ តើកម្ពុជាយល់ឃើញយ៉ាងដូចម្តេច ចំពោះការតែងតាំងលោកស្រី Katrina Cooper ជាប្រធានគណៈកម្មការផ្សះផ្សាក្រោមយន្តការ UNCLOS?
ចម្លើយ៖ កម្ពុជាស្វាគមន៍ និងថ្លែងអំណរគុណចំពោះលោកស្រី Katrina Cooper ដែលបានយល់ព្រមទទួលភារកិច្ចជាប្រធានគណៈកម្មការផ្សះផ្សា។ កម្ពុជាចាត់ទុកការតែងតាំងនេះជាជំហានដ៏សំខាន់មួយក្នុងដំណើរការផ្សះផ្សាដែលកម្ពុជាបានផ្តួចផ្តើមឡើងក្រោមអនុសញ្ញា UNCLOS។ គណៈកម្មការនេះមានអ្នកផ្សះផ្សាឯករាជ្យចំនួន៥រូប ដោយមានអ្នកតែងតាំងពីភាគីកម្ពុជា និងថៃ ហើយអ្នកផ្សះផ្សាទាំងបួនរូបបានឯកភាពតែងតាំងលោកស្រី Katrina Cooper ជាប្រធាន ដោយមានការពិគ្រោះយោបល់ជាមួយភាគីទាំងពីរ។ កម្ពុជាមានទំនុកចិត្តថា គណៈកម្មការដែលមានសមាសភាពអ្នកជំនាញអន្តរជាតិនេះ នឹងអនុវត្តតួនាទីរបស់ខ្លួនដោយឯករាជ្យ និងស្របតាមនីតិវិធីដែលមានចែងក្នុង UNCLOS។
សំណួរទី២៖ តើកម្ពុជារំពឹងអ្វីខ្លះពីដំណើរការផ្សះផ្សាក្រោមយន្តការ UNCLOS?
ចម្លើយ៖ កម្ពុជារំពឹងថា ដំណើរការផ្សះផ្សានេះនឹងផ្តល់នូវឱកាសសម្រាប់ភាគីទាំងពីរដោះស្រាយការខ្វែងគំនិតគ្នាពាក់ព័ន្ធនឹងបញ្ហាដែនសមុទ្រតាមផ្លូវសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។ ជាមួយគ្នានេះ កម្ពុជាក៏រំពឹងថា ដំណើរការនេះអាចជួយបង្កើតលក្ខខណ្ឌសមស្របសម្រាប់ការអភិវឌ្ឍធនធានប្រេង និងឧស្ម័នដ៏មានសក្តានុពលនៅក្នុងតំបន់ទាមទារដែនសមុទ្រត្រួតគ្នា។ កម្ពុជាយល់ថា ការសម្រេចបានវឌ្ឍនភាពលើបញ្ហាទាំងនេះមិនត្រឹមតែមានសារៈសំខាន់សម្រាប់ប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចរួមចំណែកដល់សន្តិសុខថាមពលក្នុងតំបន់ផងដែរ។
សំណួរទី៣៖ បន្ទាប់ពីគណៈកម្មការផ្សះផ្សាបានរៀបចំរួចរាល់ តើដំណាក់កាលបន្ទាប់នៃដំណើរការផ្សះផ្សាក្រោមយន្តការ UNCLOS គឺជាអ្វី?
ចម្លើយ៖ បន្ទាប់ពីមានការតែងតាំងលោកស្រី Katrina Cooper ជាប្រធាន និងគណៈកម្មការផ្សះផ្សាមានសមាសភាពពេញលេញ ដំណើរការផ្សះផ្សានឹងបន្តទៅដំណាក់កាលបន្ទាប់។ តាមការរំពឹងទុក គណៈកម្មការនឹងកោះប្រជុំជាលើកដំបូងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ ដើម្បីពិភាក្សា និងកំណត់នីតិវិធីសម្រាប់ការងាររបស់ខ្លួន។ ការរៀបចំគណៈកម្មការបានពេញលេញនេះ គឺជាមូលដ្ឋានសំខាន់ដើម្បីអនុញ្ញាតឱ្យដំណើរការផ្សះផ្សាអាចចាប់ផ្តើមការងារជាក់ស្តែង និងបន្តទៅមុខតាមក្របខណ្ឌ UNCLOS។ កម្ពុជានឹងបន្តចូលរួមក្នុងដំណើរការនេះដោយសុច្ឆន្ទៈ និងផ្តល់ទំនុកចិត្តចំពោះយន្តការផ្សះផ្សា ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ៕





