Grand News Asia Close

លិខិតមិត្តអ្នកអាន៖ អ្នកកាសែតជើងចាស់ និងអតីតបណ្ណាធិការកាសែត The Nation របស់ថៃសរសេរអត្ថបទមួយដូចស្រាតខោអាវរដ្ឋាភិបាលថៃ

ដោយ៖ Morm Sokun ​​ | 2 ម៉ោងមុន ទស្សនៈ-Opinion 1019
លិខិតមិត្តអ្នកអាន៖ អ្នកកាសែតជើងចាស់ និងអតីតបណ្ណាធិការកាសែត The Nation របស់ថៃសរសេរអត្ថបទមួយដូចស្រាតខោអាវរដ្ឋាភិបាលថៃ លិខិតមិត្តអ្នកអាន៖ អ្នកកាសែតជើងចាស់ និងអតីតបណ្ណាធិការកាសែត The Nation របស់ថៃសរសេរអត្ថបទមួយដូចស្រាតខោអាវរដ្ឋាភិបាលថៃ

(ភ្នំពេញ)៖ លោក ម៉ៅ វុត្ថា អ្នកសារព័ត៌មានមួយរូបនៅកម្ពុជា បានបង្ហាញអត្ថបទមួយរបស់ លោក សុផាឡាក់ កានជនខុនឌី ជាអ្នកកាសែតជើងចាស់ អតីតបណ្ណាធិការកាសែត The Nation បច្ចុប្បន្នជាអ្នកវិភាគឯករាជ្យ ដោយបានលើកឡើងថា អត្ថបទនេះវែងបន្តិចមែន តែគឺជាអត្ថបទបែបស្រាតខោអាវឱ្យនៅននលគោករបស់រដ្ឋាភិបាលចោរសៀម។

ខាងក្រោមជាខ្លឹមសារទាំងស្រុងរបស់លោក បង្ហោះនៅលើបណ្តាញសង្គមនារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦៖

មែនហើយ រដ្ឋាភិបាលថៃបានជោគជ័យក្នុងការលុបចោល MOU ៤៤ ជោគជ័យលើផ្នែក ការទូតដែលអាចបង្អង់ការបើកកិច្ចប្រជុំ JBC បានអស់ជាច្រើនខែ ជោគជ័យក្នុងការរក្សាបិទច្រកព្រំដែន ហាមឃាត់ការធ្វើពាណិជ្ជកម្ម ដែលមើលទៅជារឿងដែលថៃមានមោទនភាពយ៉ាងខ្លាំង។ ប៉ុន្តែជោគជ័យក្នុងការអនុវត្តគោលនយោបាយបែបនេះ មិនបានធ្វើឲ្យប្រទេសថៃសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រឡើយ។

សូមបងប្អូនប្រិយមិត្តរីករាយកំសាន្តអារម្មណ៍ជាមួយនឹងអត្ថបទបើកកាយចរិតចោរព្រៃសៀមដូចទៅ៖

ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា “ត្រូវតាមដានមើលថា រឿងជម្លោះដែនសមុទ្រនឹងឈានទៅដល់ណា និងយ៉ាងណាទៀត។ ទោះជាយ៉ាងណាក៏ដោយ ដល់ចំណុចមួយ ប្រសិនបើចាប់ផ្តើមមានការបង្ហាញឥរិយាបថណាមួយ ដូចជាការទៅរិះគន់ និងវាយប្រហារលើប្រទេសថៃនៅលើវេទិកាអន្តរជាតិមានការថយចុះ ឬគ្មានសោះនោះ យើងក៏អាចជ្រើសរើសយកវាជាវិធានការមួយក្នុងកាបង្កើតទំនុកចិត្តឡើងវិញដែរ។ ដូច្នេះ ត្រូវមើលលើឥរិយាបថរបស់កម្ពុជា ប៉ុន្តែជាការពិតណាស់ ការចរចាផ្លូវការ JBC គឺមិនទាន់អាចកើតឡើងបាននៅពេលនេះទេ»— ស៊ីហាស័ក្តិ ពួងកេតកែវ (Sihasak Phuangketkeow) រដ្ឋមន្ត្រីក្រសួងការបរទេសថៃ។

រដ្ឋមន្ត្រីការបរទេសថៃរូបនេះ បាននិយាយពាក្យពេចន៍ខាងលើដដែលៗ ដើម្បីពន្យល់ថា ភាគីថៃមានបំណងចង់ចរចាទ្វេភាគីជាមួយកម្ពុជា ដើម្បីដោះស្រាយបញ្ហាជម្លោះព្រំដែនគោក និងដែនសមុទ្រ។ ប៉ុន្តែបន្ទាប់ពីថៃបានប្រកាសលុបចោលអនុស្សារណៈនៃការយោគយល់គ្នាស្តីពីតំបន់ត្រួតស៊ីគ្នា ឬ MOU ឆ្នាំ២០០១ (MOU 44) ហើយកម្ពុជាបានសម្រេចចិត្តជម្រុញឱ្យចូលទៅក្នុងដំណើរការសម្រុះសម្រួលដោយបង្ខំ (Compulsory Conciliation) ក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) វាត្រូវបានចាត់ទុកជាការបិទទ្វារចរចា ដូច្នេះហើយទើបត្រូវផ្អាកការប្រជុំគណៈកម្មាធិការព្រំដែនរួម (JBC) ដើម្បីដោះស្រាយជម្លោះព្រំដែនគោកទុកមួយអន្លើសិន។

រដ្ឋមន្ត្រីការបរទេសថៃបច្ចុប្បន្នរូបនេះ គឺជាបុគ្គលដែលមានបទពិសោធន៍យូរអង្វែងក្នុងកិច្ចការបរទេស និងជាបុគ្គលទទួលបានការទុកចិត្តខ្ពស់នៅក្នុងរង្វង់ទូត។ លោកមិនមែននិយាយបែបនេះ ដោយសារតែមិនដឹងថា រឿងព្រំដែនគោក និងដែនសមុទ្រស្ថិតនៅលើគោលការណ៍ច្បាប់អន្តរជាតិផ្សេងគ្នានោះទេ។ តាមពិតទៅ លោកដឹងយ៉ាងច្បាស់នៅក្នុងចិត្តថា ថៃនិងកម្ពុជាមានកិច្ចព្រមព្រៀង និងយន្តការចរចាដោះស្រាយជម្លោះសម្រាប់ព្រំដែនគោក និងដែនសមុទ្រដាច់ដោយឡែកពីគ្នា។ ការយកបញ្ហាទាំងពីរមកច្របូកច្របល់ចូលគ្នា ឬធ្វើឱ្យរឿងមួយក្លាយជាលក្ខខណ្ឌសម្រាប់រឿងមួយទៀត គឺជាចេតនាក្នុងការធ្វើឱ្យបញ្ហាកាន់តែមានភាពរញ៉េរញ៉ៃ និងស្មុគស្មាញថែមទៀត។

ប៉ុន្តែនៅពេលដែលរដ្ឋាភិបាលក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី អានុធិន ឆានវីរៈគូន (Anutin Charnvirakul) បានកំណត់ទិសដៅយ៉ាងម៉ឺងម៉ាត់ ឥតងាករេថាធ្វើម៉េចត្រូវតែ ឈ្នះលើកម្ពុជាឱ្យបាន ច្រើនជាងការចង់បង្កើតទំនាក់ទំនង និងធ្វើជាអ្នកជិតខាងល្អនឹងគ្នា វាជារឿងធម្មតាទៅហើយដែលក្រសួងការបរទេសត្រូវរៀបចំយុទ្ធសាស្ត្រឱ្យស្របទៅតាមគោលនយោបាយរបស់រដ្ឋាភិបាល។
ប្រធានបទ ឬបញ្ហាដែលត្រូវពិចារណានៅទីនេះគឺ អ្វីដែលរដ្ឋាភិបាល​ថៃ​បច្ចុប្បន្នកំពុងអនុវត្ត បានបង្កើតឱ្យមានអ្វីដែលហៅថា «ភាពផ្ទុយគ្នាតាមបែបយុទ្ធសាស្ត្រ» (Strategic Paradox) ដែលសំដៅលើភាពមិនស៊ីសង្វាក់គ្នារវាងគោលបំណងតាមបែបយុទ្ធសាស្ត្រ (Strategic Objectives) និងផលលទ្ធផលដែលកើតចេញពីការអនុវត្តគោលនយោបាយ (Strategic Outcomes)។ ពោលគឺ វិធានការដែលបម្រើឱ្យការបង្កើតឧត្តមភាព ឬការប្រៀបឈ្នះផ្នែកយុទ្ធសាស្ត្រ បែរជាបង្កើតឱ្យមានប្រតិកម្មតបត ឬចលនការ (Dynamics) ថ្មី ដែលកាត់បន្ថយសមត្ថភាពក្នុងការសម្រេចបាននូវគោលបំណងរបស់ខ្លួនទៅវិញ។

ទោះជាយ៉ាងណាក៏ដោយ អត្ថបទនេះមិនមានបំណងកាត់សេចក្តីថារដ្ឋាភិបាលថៃ ឬកម្ពុជា ជាភាគីត្រូវ ឬខុសនោះទេ ប៉ុន្តែនឹងវាយតម្លៃលើភាពស៊ីសង្វាក់គ្នារវាងគោលបំណងតាមបែបយុទ្ធសាស្ត្រ និងផលលទ្ធផលដែលកើតចេញពីការអនុវត្តគោលនយោបាយតាមយុទ្ធសាស្ត្រ ដោយវិភាគលើការបត់បែនតបតរបស់ភាគីជម្លោះ (Counter-adaptation) ជាសំខាន់ ដូចខាងក្រោម៖
គោលដៅតាមបែបយុទ្ធសាស្ត្ររបស់ថៃ ជាទូទៅមិនខុសពីប្រទេសភាគច្រើននៅលើពិភពលោកនោះទេ ដែលត្រូវការទំនាក់ទំនងជាធម្មតាជាមួយប្រទេសជិតខាងយ៉ាងជិតស្និទ្ធ ដោយរក្សាផលប្រយោជន៍អតិបរមារបស់ខ្លួនជាសំខាន់លើសពីគូភាគី។ ប៉ុន្តែ ប្រសិនបើមើលលម្អិតផ្នែកយោធា និងផ្នែកការទូត អាចនឹងឃើញមានភាពខុសគ្នាបន្តិចបន្តួច។ ពោលគឺ ផ្អែកលើការប្រកាសជាសាធារណៈរបស់លោក ឆ័យព្រឹក្ស ដួងប្រាផាត់ (Chaiyapruek Duangpraphat) នាយសេនាធិការកងទ័ពជើងគោក ដែលបានលើកឡើងថា កងទ័ពថៃចាំបាច់ត្រូវតែធ្វើឱ្យសមត្ថភាពរបស់កម្ពុជាបាត់បង់ទៅ ដោយជាពិសេសគកាត់បន្ថយ/បំផ្លាញយោទ្ធោបករណ៍ និងត្រូវធ្វើឱ្យកម្ពុជាអស់លទ្ធភាពប្រយុទ្ធ។ ដូច្នេះហើយបើកម្ពុជាគ្មានសមត្ថភាពផ្នែកយោធាទៀតទេនោះ នៅទីបំផុតកម្ពុជាមិនមែន ជាការគំរាមកំហែងដល់ថៃបានទៀតឡើយ។ គោលដៅនេះមើលទៅហាក់ដូចជាខ្ពស់ត្រដែតខ្លាំងណាស់ដែលប្រៀបខ្លួនដូចជា «អ៊ីស្រាអែលនៅតំបន់អាស៊ីអាគ្នេយ៍» យ៉ាងដូច្នោះដែរ។ រីឯការធ្វើឱ្យសម្រេចបានឬយ៉ាងណានោះ ជារឿងមួយផ្សេងទៀត។ នៅទីនេះ ការវាយតម្លៃជារួមបង្ហាញថា ឥរិយាបថបែបនេះគឺចង់ «ផ្តល់មេរៀនទូន្មាន/បង្ក្រាប» មិនឱ្យកម្ពុជាអាចប្រជែង ប្រឈមមុខជាមួយប្រទេសថៃបានឡើយ។ វិធីសាស្ត្រនេះកើតចេញពីជំនឿជាក់ថា ថៃមានសក្តានុពលខ្ពស់ជាងកម្ពុជា ហើយអាចប្រើប្រាស់វាជាអំណាចតស៊ូ/អំណាចចរចា (Leverage) រួមជាមួយកត្តាផ្សេងៗទៀត ដើម្បីសម្រេចឱ្យបាននូវគោលដៅរបស់ខ្លួន។

ហេតុដូច្នេះ ក្នុងផ្លូវការទូត ភាគីថៃត្រូវការដោះស្រាយ ឬបើនិយាយតាមភាសាការទូតគឺ ត្រូវដោះស្រាយបញ្ហារួមគ្នាជាមួយកម្ពុជា តាមបែបទ្វេភាគីតែប៉ុណ្ណោះ ដោយហាមដាច់ខាតមិនឱ្យប្រើប្រាស់វេទិកា ឬយន្តការអន្តរជាតិបែបពហុភាគីឡើយ ជាពិសេសយន្តការតាមផ្លូវតុលាការ ឬយន្តការរបស់អង្គការសហប្រជាជាតិ ដែលមានលក្ខណៈបង្ហាញអំណាចបង្ខំ ឬមានឥទ្ធិពលលើការសម្រេចចិត្តរបស់ភាគីថៃ។ នេះក៏ព្រោះតែថៃមានក្តីសង្ឃឹមយ៉ាងមុតមាំថា នឹងប្រើប្រាស់អំណាចដែលខ្លាំងជាងនេះ មកបំបាក់ ឬបង្ខំឱ្យកម្ពុជាព្រមទន់ភ្លន់អោនក្បាលតាម ដើម្បីសម្រេចបាននូវគោលបំណងរបស់ថៃ ក្នុងការរក្សាទុកនូវផលប្រយោជន៍ជាតិ ហើយក៏អាចរាប់បញ្ចូលទាំងអធិបតេយ្យភាព និងបូរណភាពទឹកដីនៅទីបំផុត។

នេះហើយជាការពន្យល់ថា ហេតុអ្វីបានជារដ្ឋមន្ត្រីការបរទេសថៃតែងតែបង្ហាញការមិនពេញចិត្តរាល់ពេលដែលភាគីកម្ពុជានាំយកបញ្ហាទំនាស់ ឬជម្លោះជាមួយថៃ ទៅលើកឡើងនៅលើវេទិកាអន្តរជាតិ មិនថានៅអង្គការសហប្រជាជាតិ ឬក្នុងប្លុកអាស៊ាននោះទេ ហើយបានវាយតម្លៃថា ការសម្តែងចេញបែបនោះជាការបង្កើតឱ្យមានការខ្វះទំនុកចិត្តរវាងគ្នា និងគ្នា។ ឬប្រសិនបើរហូតដល់ស្វែងរកយន្តការអន្តរជាតិដើម្បីសម្រុះសម្រួលជម្លោះទៀតនោះ គឺរឹតតែចាត់ទុកថាជា «ការបិទទ្វារស្លាប់» សម្រាប់ការចរចាតាមបែបទ្វេភាគីតែម្តង។

ការអនុវត្តគោលនយោបាយរបស់ថៃ រាប់ចាប់តាំងពីមានហេតុការណ៍ប៉ះទង្គិចគ្នាបន្តិចបន្តួចនៅតំបន់មុំបី (Chong Bok) ព្រំដែនខាងខេត្តឧបុលរាជធានី កាលពីចុងខែឧសភាឆ្នាំមុន គឺបានឈានទៅមុខក្នុងលក្ខណៈរឹងត្បឹងខ្លាំង។ ជំនួសឱ្យការអាចគ្រប់គ្រងបញ្ហាការប៉ះទង្គិចគ្នាតាមបែបយុទ្ធវិធីត្រឹមតែ ១៥ នាទីឱ្យបញ្ចប់នៅថ្នាក់មូលដ្ឋាន — ទោះបីជាបន្ទាប់ពីជំនួបរវាងលោក ស្រី ឌឹក អគ្គមេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទ្រទ្រង់ទី ៣ របស់កម្ពុជា ជាមួយលោក សមភព ភារវេជ (Somphop Tharawetch)មេបញ្ជាការកងកម្លាំងសុរនារី និងលោក ណាត់ ស្រីអ៊ិន (Natth Sri-in) មេបញ្ជាការរងយោធភូមិភាគទី ២ របស់ថៃ ដើម្បីចរចាអំពីករណីបញ្ហាការរំលោភបំពានទឹកដីនៅតំបន់វិវាទមុំបីហើយភាគីយោធាកម្ពុជា បានយល់ព្រមដកកម្លាំងត្រឡប់ទៅកាន់ចំណុចដែលធ្លាប់ឈរជើងដើមវិញ ដែលស្ថិតនៅឆ្ងាយពីទីតាំងកើតហេតុប៉ះទង្គិច ជ្រៅចូលទៅក្នុងដែនដីនៃប្រទេសកម្ពុជាល្មមសមរម្យក៏ដោយ។

ក្រៅពីនេះ ភាគីកម្ពុជានៅតែបានបង្ហាញការយល់ព្រមក្នុងការលុបលេណដ្ឋាន(ត្រង់សេ) ឱ្យត្រឡប់មកវិញតាមសភាពធម្មជាតិដើម តាមសំណើរបស់ភាគីថៃ ដើម្បីជាការកាត់បន្ថយភាពតានតឹង និងបង្កើតបរិយាកាសនៃកិច្ចសហប្រតិបត្តិការ។ ប៉ុន្តែ បណ្តាមេបញ្ជាការយោធាថៃកាលនោះ បែរជាអនុវត្តគ្រប់យ៉ាងដើម្បីគៀបសង្កត់ឱ្យរដ្ឋាភិបាលក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) នាសម័យនោះ ត្រូវសម្រេចចិត្តបិទច្រកទ្វារព្រំដែនទាំងអស់តាមបណ្តោយខ្សែបន្ទាត់ព្រំដែន ចាប់តាំងពីខែមិថុនា ឆ្នាំ ២០២៥ មក ព្រោះតែជឿជាក់យ៉ាងមុតមាំថា ថៃនឹងអាចប្រើប្រាស់វាជាវិធានការសេដ្ឋកិច្ចដើម្បីសង្កត់សង្កិនឱ្យភាគីកម្ពុជាព្រមចុះចាញ់អោនក្បាលដាក់ឱ្យថៃ។

បន្ទាប់ពីការប៉ះទង្គិចគ្នាលើកទីមួយក្នុងខែកក្កដា ឆ្នាំ ២០២៥ កងទ័ពថៃអាចវាយដណ្តើមបានទីតាំងចំនួន ១១ កន្លែង ប៉ុន្តែបានវាយតម្លៃថាកម្ពុជានៅតែមានសមត្ថភាពខ្ពស់ក្នុងការប្រកួតប្រជែងប្រឈមមុខជាមួយនឹងអំណាចរបស់ថៃ។ ហេតុការណ៍ទាហានជាន់មីននៅ នៅបរិវេណហួយតាម៉ារៀ (Huai Ta Maria) តំបន់ព្រំដែនខេត្តស៊ីសាកេត (Sisaket) ទើបត្រូវបានយកមកធ្វើជាលេសក្នុងការលុបចោលកិច្ចព្រមព្រៀងបទឈប់បាញ់ និងកិច្ចព្រមព្រៀងទាំងអស់ដែលធ្លាប់បានធ្វើឡើងជាមួយកម្ពុជា ក្រោមការសម្របសម្រួលរបស់ប្លុកអាស៊ាន និងប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) នៃសហរដ្ឋអាមេរិក ក្នុងខែវិច្ឆិកា ឆ្នាំ២០២៥។ មុនពេលដែលឈានទៅដល់ការប៉ះទង្គិចគ្នាទ្រង់ទ្រាយធំជុំទីពីរនៅខែធ្នូ ក្នុងឆ្នាំដដែល ដែលបណ្តាលឱ្យកងទ័ពថៃអាចវាយដណ្តើមបានផ្ទៃដីបន្ថែមទៀតជាច្រើន។ ការវាយតម្លៃមិនផ្លូវការដែលលេចឡើងក្នុងសារព័ត៌មានថៃបានឱ្យដឹងថា ថៃដណ្តើមបានរហូតដល់ ១២.០០០ ទៅ ១៣.០០០ រ៉ៃ (ប្រមាណ ១.៩២០ – ២.០៨០ ហិកតា) ហើយចុងក្រោយនេះ ទោះបីជាគ្មានរបាយការណ៍អំពីការប៉ះទង្គិចគ្នាកម្រិតធំទាល់តែសោះក៏ដោយ តួលេខនេះបែរជាកើនឡើងរហូតដល់ ១៨.០០០ រ៉ៃ (ប្រមាណ ២.៨៨០ ហិកតា)។
មិនទាន់ទាំងបានដោះស្រាយបញ្ហាព្រំដែនគោកទាំងនោះរួចរាល់ផង រដ្ឋាភិបាលលោកអានុធិន ដែលបានចូលកាន់កាប់តំណែងជាលើកទី ២ បន្ទាប់ពីឈ្នះការបោះឆ្នោតក្នុងខែកុម្ភៈ ឆ្នាំ ២០២៦ បានប្រកាសនយោបាយសំខាន់មួយ ដែលជាការបន្ថែមប្រធានបទនៃជម្លោះរវាងថៃ និងកម្ពុជាបន្ថែមទៀត នោះគឺ ការលុបចោល MOU 44 ក្រោមហេតុផលដែលធ្វើឱ្យអ្នកច្បាប់អន្តរជាតិមានការភ័ន្តភាំង និងស្រឡាំងកាំងយ៉ាងខ្លាំង នោះគឺ៖

ការចរចាដើម្បីដោះស្រាយជម្លោះផ្លូវសមុទ្រក្រោមក្របខ័ណ្ឌទ្វេភាគីនេះ មិនមានជឿនលឿនសោះក្នុងរយៈពេល ២៥ ឆ្នាំកន្លងមក ហើយត្រូវការចរចាជាមួយកម្ពុជាក្រោមក្របខ័ណ្ឌ UNCLOS — ទាំងដែលនៅក្នុងការពិត MOU 44 ត្រូវ បានរៀបចំឡើងដើម្បីធ្វើជាវិធានការបណ្តោះអាសន្នដែលអាចអនុវត្តបានតាមទិសដៅរបស់ UNCLOS រួចជាស្រេចនៅក្នុងខ្លួនវាតែម្តង។ លើសពីនេះ រដ្ឋមន្ត្រីការបរទេសថៃថែមទាំងបានបន្ថែមការចោទប្រកាន់ថា កម្ពុជាមិនព្រមចរចាទ្វេភាគីមុនពេលឈានចូលទៅដល់ដំណើរការផ្សេងទៀតនៃ UNCLOS នោះទេ។
ការឆ្លើយតបរបស់កម្ពុជាភាគច្រើនតែងតែផ្ទុយស្រឡះពីអ្វីដែលភាគីថៃចង់បានស្ទើរតែទាំងអស់។ ចាប់ផ្តើមពីការបង្ហាញបំណងក្នុងការនាំយកតំបន់វិវាទចំនួន ៤កន្លែងរួមមាន៖ តំបន់មុំបីត្រីកោណមរកត, ប្រាសាទខ្នា,តាមាន់ធំ, តាមាន់តូច និង ប្រាសាទតាក្របី ទៅឱ្យតុលាការយុត្តិធម៌អន្តរជាតិ (ICJ) កាត់ក្តី ដែលឆ្លុះបញ្ចាំងឱ្យឃើញពីយុទ្ធសាស្ត្ររបស់កម្ពុជាថា ត្រូវការប្រើប្រាស់វេទិកា និងយន្តការអន្តរជាតិ ដើម្បីបង្កើតជញ្ជីងសមតុល្យនៅក្នុងជម្លោះដែលមានភាពវិសមមាត្រ (Asymmetric Dispute) ជាមួយប្រទេសថៃតាំងពីដំបូង ព្រោះកម្ពុជាដឹងច្បាស់ជាមូលដ្ឋានថា ការចរចាតាមបែបទ្វេភាគីជាមួយប្រទេសថៃ អាចនឹងធ្វើឱ្យកម្ពុជាធ្លាក់ចូលទៅក្នុងស្ថានភាពចាញ់ប្រៀប ដោយសារមានអំណាចយោធា សេដ្ឋកិច្ច និងជំនាញខាងការទូតតិចជាងថៃ។

យ៉ាងណាក៏ដោយ កម្ពុជាអាចខុសពីប្រទេសថៃ ត្រង់ថាមិនបានបោះបង់យន្តការទ្វេភាគីទាំងស្រុងនោះទេ ដោយសារតែក្រោយពីមានការប៉ះទង្គិចគ្នាក្នុងខែឧសភា ភាគីកម្ពុជានៅតែយល់ព្រមបើកកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) នៅទីក្រុងភ្នំពេញ ចន្លោះថ្ងៃទី១៤-១៥ ខែមិថុនា ឆ្នាំ២០២៥ និងនៅតែប្រកាន់យកអនុស្សរណៈយោគយល់ស្តីពីការស្ទង់មើលនិងកំណត់ព្រំដែនគោកឆ្នាំ២០០០ (MOU 43)។ កិច្ចប្រជុំ JBC ជាច្រើនលើកកន្លងមកបានបង្កើតវឌ្ឍនភាពសមគួរ ជាពិសេសកិច្ចប្រជុំសម័យវិសាមញ្ញចន្លោះថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២៥ បានទទួលលទ្ធផលសម្រេចដ៏សំខាន់គឺ៖
· ភាគីទាំងពីរបានប្រគល់ភារកិច្ចឲ្យគណៈកម្មការរងបច្ចេកទេសចម្រុះ (JTSC) អនុវត្តការស្ថាបនាបង្គោលព្រំដែនថ្មី ដើម្បីជំនួសបង្គោលព្រំដែនចាស់ដែលខូចខាតឬបាត់បង់ចំនួន ១៥ បង្គោល ដែលភាគីទាំងពីរមានការយល់ស្របគ្នារួចហើយ ឲ្យត្រឡប់ទៅកាន់ទីតាំងនិងទីកន្លែងដើមវិញ។
· ភាគីទាំងពីរបានឯកភាពគ្នាក្នុងការសាងសង់បង្គោលព្រំដែន ដើម្បីផ្លាស់ប្តូរឬជំនួសបង្គោលព្រំដែនចាស់ដែលលិចទឹកចំនួន ៣ បង្គោលដោយនឹងកំណត់ទីតាំងថ្មីរួមគ្នានៅពេលក្រោយ។

· ភាគីទាំងពីរយល់ស្របនឹងបង្កើនល្បឿនក្នុងការកែសម្រួលលក្ខខណ្ឌយោងឆ្នាំ២០០៣ (TOR 2003) ស្តីពីការរៀបចំផែនទីរូបភាព (Orthophoto Maps) ដើម្បីនាំយកបច្ចេកវិទ្យាថ្មីៗដូចជា Light Detection and Ranging (LiDAR) មកប្រើប្រាស់ក្នុងការរៀបចំផែនទីរូបភាព ដើម្បីឲ្យការស្ទង់មើលនិងការកំណត់បង្គោលព្រំដែនប្រព្រឹត្តទៅបានរហ័សនិងមានប្រសិទ្ធភាពដែលនេះជាវឌ្ឍនភាពដ៏សំខាន់បំផុតដែលនឹងជួយដោះស្រាយបញ្ហាបច្ចេកទេសទាក់ទងនឹងភាពខុសឆ្គងនៃផែនទីដែលប្រើប្រាស់ភ្ជាប់នឹងសន្ធិសញ្ញាសៀម-បារាំងឆ្នាំ១៩០៤ និងឆ្នាំ១៩០៧។
លើសពីនេះទៀត ភាគីទាំងពីរបានឯកភាពគ្នាតាំងពីកិច្ចប្រជុំនាពេលនោះថា នឹងរៀបចំកិច្ចប្រជុំ JBC លើកក្រោយនៅសប្តាហ៍ដំបូងនៃខែមករាឆ្នាំនេះ នៅទីក្រុងសៀមរាប ប្រទេសកម្ពុជា ប៉ុន្តែបានកើតមានការប៉ះទង្គិចគ្នាជាលើកទីពីរនៅក្នុងខែធ្នូ ឆ្នាំ២០២៥ ដែលធ្វើឲ្យបរិយាកាសអន់ថយទៅវិញ រួមជាមួយនឹងភាគីថៃបានអះអាងថា កំពុងនឹងមានការបោះឆ្នោតថ្មីដែលនឹងធ្វើឲ្យមានការផ្លាស់ប្តូរនៅក្នុងរដ្ឋាភិបាល ហើយភាគីថៃត្រូវការពេលវេលាខ្លះទៀតក្នុងការរៀបចំសមាសភាពគណៈកម្មការនៅក្នុង JBC ឡើងវិញឲ្យមានភាពសមស្របនិងស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល។

គណៈកម្មការចម្រុះព្រំដែន (JBC) គឺជាយន្តការសំខាន់តែមួយគត់ដែលប្រើប្រាស់ក្នុងការស្ទង់មើលនិងកំណត់បង្គោលព្រំដែនគោក។ កិច្ចព្រមព្រៀងរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងពីរបានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បានបញ្ជាក់យ៉ាងច្បាស់ថា ទោះបីជាបានយល់ព្រម “រក្សាការដាក់ពង្រាយកម្លាំងដែលមានស្រាប់នៅក្នុងតំបន់បច្ចុប្បន្ន ដោយមិនមានការផ្លាស់ប្តូរទីតាំងបន្ថែម និងមិនមានការផ្លាស់ប្តូរទីតាំងកម្លាំង ព្រមទាំងការល្បាតផ្ទាល់ទៅកាន់ទីតាំងរបស់ភាគីម្ខាងទៀត” ក៏ដោយ ក៏នៅក្នុងមាត្រា ៣ បានបញ្ជាក់យ៉ាងច្បាស់ថា “ភាគីទាំងពីរយល់ស្របថា កិច្ចព្រមព្រៀងតាមសេចក្តីថ្លែងការណ៍រួមនេះ មិនប៉ះពាល់ដល់ការស្ទង់មើលនិងកំណត់បង្គោលព្រំដែនរវាងប្រទេសទាំងពីរឡើយ”។ នេះមានន័យថា តំបន់ដែលកងទ័ពកាន់កាប់ទុក ប្រសិនបើលើសពីសិទ្ធិដែលប្រទេសថៃគួរទទួលបាន ក៏មិនអាចទទួលបានកាន់កាប់ដោយសុចរិតដាច់ខាតដែរ។
ចំណុចសំខាន់ដែលត្រូវបញ្ជាក់នោះគឺ “ភាគីទាំងពីរយល់ស្របនឹងលើកយកបញ្ហានេះទៅជូនគណៈកម្មការចម្រុះព្រំដែន ដើម្បីត្រឡប់មកអនុវត្តការស្ទង់មើលនិងកំណត់បង្គោលព្រំដែនវិញក្នុងឱកាសដំបូង ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបានសន្តិភាពចីរភាពនៅតាមបណ្តោយព្រំដែន។ ភាគីទាំងពីរយល់ព្រមរួមគ្នាប្រើប្រាស់យន្តការដែលមានស្រាប់របស់គណៈកម្មការចម្រុះព្រំដែន ដើម្បីការពារសន្តិសុខនិងសុខុមាលភាពរបស់ក្រុមស្ទង់មើលរួមក្នុងតំបន់ប្រតិបត្តិការ ព្រមទាំងសុវត្ថិភាពពីមីន។ ភាគីទាំងពីរយល់ស្របថា ប្រសិនបើគណៈកម្មការចម្រុះព្រំដែនរៀបចំកំណត់ឲ្យការស្ទង់មើលនិងកំណត់បង្គោលព្រំដែននៅតំបន់ព្រំដែនដែលរងផលប៉ះពាល់មានប្រជាពលរដ្ឋរស់នៅ ទទួលបានអាទិភាពទីមួយ”។ ដូច្នេះការដែលភាគីកម្ពុជាទាមទារម្តងហើយម្តងទៀតឲ្យមានការបើកកិច្ចប្រជុំ JBC គឺមើលទៅមានហេតុផលត្រឹមត្រូវជាង។
ការដែលភាគីកម្ពុជាឆ្លើយតបនឹងការបដិសេធ MOU 44 ដោយឯកតោភាគីរបស់ថៃ តាមរយៈការស្នើចូលដំណើរការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) អាចចាត់ទុកថាជាការឆ្លុះបញ្ចាំងពីភាពផ្ទុយគ្នាខាងយុទ្ធសាស្ត្ររបស់ថៃយ៉ាងច្បាស់បំផុត។ តាមគោលការណ៍ បើទោះបីជាថៃមិនមែនជាភាគីនៃអនុសញ្ញាទីក្រុងវីយ៉ែន ឆ្នាំ ១៩៦៩ ស្តីពីច្បាប់នៃសន្ធិសញ្ញាក៏ដោយ ក៏អាចប្រើប្រាស់គោលការណ៍នេះតាមប្រពៃណីការទូតដែលត្រូវជម្រាបជូនភាគីម្ខាងទៀតនៃកិច្ចសន្យាជាលាយលក្ខណ៍អក្សរក្នុងរយៈពេលកំណត់ ដើម្បីឲ្យកម្ពុជាមានឱកាសបញ្ចេញមតិយល់ព្រមឬបដិសេធ ស្របតាមមារយាទអន្តរជាតិដែលគួរមាន ប៉ុន្តែភាគីថៃបានជ្រើសរើសប្រើប្រាស់សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខជាតិ បន្ទាប់មកសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រីរបស់ខ្លួនដោយឯកតោភាគី រួចប្រកាសតាមប្រព័ន្ធផ្សព្វផ្សាយមុនពេលទៅជម្រាបដោយផ្ទាល់មាត់ទៅកាន់ថ្នាក់ដឹកនាំភាគីកម្ពុជា ដែលរដ្ឋាភិបាលកម្ពុជាក៏បានបង្ហាញមតិតាមប្រព័ន្ធផ្សព្វផ្សាយជាបន្តបន្ទាប់ដូចគ្នាថាមិនយល់ស្រប ដោយយល់ថានេះជាការបំផ្លាញគោលការណ៍គ្រឹះនៃកិច្ចព្រមព្រៀងទ្វេភាគីដែលធ្លាប់បានធ្វើគ្នាមក ដើម្បីបែងចែកតំបន់សមុទ្រ និងមានវិធានការបណ្តោះអាសន្នសម្រាប់បង្កើតរបបអភិវឌ្ឍន៍រួម តាមអ្វីដែលបានកំណត់ទុកក្នុង UNCLOS។

ដើម្បីបញ្ជាក់អំពីការចោទប្រកាន់របស់ថៃដែលថា កម្ពុជាមិនព្រមចរចាមុននឹងចូលដំណើរការផ្សះផ្សាដោយបង្ខំនោះ រដ្ឋាភិបាលនៅទីក្រុងភ្នំពេញបានផ្ញើលិខិតជូនដំណឹងតាមបែបការទូត (Note Verbal) ចុះថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ដើម្បីជម្រាបជូនភាគីថៃថា ដំណោះស្រាយដ៏ល្អបំផុតគឺការប្រើប្រាស់ដំណើរការផ្សះផ្សាតាមបន្ថែមទី ៥ នៃអនុសញ្ញា UNCLOS។ ភាគីថៃបានឆ្លើយតបជាលិខិតនៅថ្ងៃទី៨ ខែឧសភា ដោយអញ្ជើញឲ្យចូលរួមការចរចាទ្វេភាគី និងបានប្រាប់ថានឹងឆ្លើយតបទៅនឹងលិខិតជូនដំណឹងរបស់ភាគីកម្ពុជាស្តីពីការផ្សះផ្សាដោយបង្ខំក្នុងពេលសមស្រប។ ភាគីកម្ពុជាបានរង់ចាំរហូតដល់ថ្ងៃទី២៥ ខែឧសភា នៅតែមិនទាន់ទទួលបានចម្លើយ ទើបបានផ្ញើលិខិតជូនដំណឹងមួយច្បាប់ទៀតមកកាន់ទីក្រុងបាងកក ដើម្បីបញ្ជាក់បន្ថែមថា ការចរចាទ្វេភាគីជាមួយថៃដោយគ្មានជំនួយពីគណៈកម្មការផ្សះផ្សានឹងមិនអាចផ្តល់លទ្ធផលអ្វីឡើយ ហើយបានស្នើឲ្យថៃជ្រាបពីបំណងរបស់ខ្លួនក្នុងការចូលដំណើរការផ្សះផ្សាដោយបង្ខំ។ បន្ទាប់មក ក៏មានលិខិតជាផ្លូវការមកនៅថ្ងៃទី២ ខែមិថុនា រួមជាមួយនឹងបញ្ជីឈ្មោះប្រធានគណៈប្រតិភូ (Agent) អនុប្រធានគណៈប្រតិភូ និងអ្នកផ្សះផ្សាដែលកម្ពុជាបានជ្រើសរើសចំនួន ២ រូប ដែលភាគីថៃក៏បានឆ្លើយតបទៅតាមទិសដៅដូចគ្នា ដោយគណៈរដ្ឋមន្ត្រីថៃបានអនុម័តសេចក្តីសម្រេចតែងតាំងប្រធាន និងអនុប្រធានប្រតិភូភាគីថៃ ព្រមទាំងអ្នកផ្សះផ្សាចំនួន ២ រូប ស្របតាមបទបញ្ញត្តិទាំងអស់របស់ UNCLOS ដើម្បីចូលដំណើរការផ្សះផ្សាដោយបង្ខំតាមការអញ្ជើញរបស់ភាគីកម្ពុជា។
លទ្ធផលនៃការអនុវត្តគោលនយោបាយនិងវិធានការតាមយុទ្ធសាស្ត្ររបស់ថៃ មើលទៅហាក់ដូចជាមិនសូវបានសម្រេចតាមគោលបំណងដែលចង់បានប៉ុន្មានទេ ព្រោះមិនត្រឹមតែមិនអាចដាក់សម្ពាធឲ្យកម្ពុជាផ្លាស់ប្តូរជំហរបានប៉ុណ្ណោះទេ ថែមទាំងទំនាក់ទំនងដែលមានស្រាប់ក៏មិនត្រូវបានកែលម្អឲ្យប្រសើរឡើងដែរ ផ្ទុយទៅវិញមានសញ្ញាថាកាន់តែអាក្រក់ទៅៗ។ ជាងនេះទៅទៀត រឿងរ៉ាវជាច្រើនបានបង្កផលប៉ះពាល់អវិជ្ជមានមកលើភាគីថៃខ្លួនឯងផងដែរ ដោយចាប់ផ្តើមពីវិធានការបិទច្រកព្រំដែន ថ្វីត្បិតតែបានបង្កបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្មយ៉ាងច្រើនដល់កម្ពុជាក៏ពិតមែន ប៉ុន្តែក៏បានប៉ះពាល់ដល់ភាគីថៃផងដែរ ដោយសារតែពាណិជ្ជកម្មតាមព្រំដែនរបស់ថៃបានបាត់បង់ទៅវិញភ្លាមៗ។

ស្ថិតិរបស់ក្រសួងពាណិជ្ជកម្មថៃបង្ហាញថា តម្លៃពាណិជ្ជកម្មរវាងថៃ-កម្ពុជាសរុបបានថយចុះពី ៤១,០១១.០៤ លានបាតក្នុងខែឧសភា ឆ្នាំ២០២៥ មុនពេលបិទច្រកព្រំដែន មកត្រឹម ៨,៥២៦.៨០ លានបាតក្នុងខែធ្នូ ឆ្នាំ២០២៥ ជាពិសេសការនាំចេញរបស់ថៃបានថយចុះពី ៣៧,២០២.៤៨ លានបាតក្នុងខែឧសភា ឆ្នាំ២០២៥ មកត្រឹម ៦,៣៥៨.០៦ លានបាតក្នុងខែធ្នូឆ្នាំដដែល។ នេះមានន័យថា ចំណូលចូលប្រទេសថៃបានបាត់បង់ខ្ទង់ជាង ៣០,០០០ លានបាតក្នុងមួយខែ។ លើសពីនេះទៀត ក៏មានផលប៉ះពាល់ដោយប្រយោលដល់សេដ្ឋកិច្ចទីក្រុងតាមព្រំដែនយ៉ាងធ្ងន់ធ្ងរ ដោយសារតែការភ័យខ្លាចដែលតម្រូវឲ្យជម្លៀសប្រជាពលរដ្ឋចេញពីការប្រយុទ្ធគ្នាជាច្រើនលើកច្រើនសា បានធ្វើឲ្យផលិតភាពនិងទិន្នផលធ្លាក់ចុះ។ ការវិលត្រឡប់ទៅស្រុកវិញរបស់កម្មករកម្ពុជាបានបណ្តាលឲ្យមានការខ្វះខាតកម្លាំងពលកម្មនៅតំបន់ភាគខាងកើត និងខេត្តជាច្រើនតាមបណ្តោយព្រំដែន ដែលជះឥទ្ធិពលដល់វិស័យកសិកម្មនិងសំណង់។ សរុបមក តួលេខនៃការបាត់បង់សេដ្ឋកិច្ចក្នុងរយៈពេលជាងមួយឆ្នាំកន្លងទៅអាចមានរហូតដល់រាប់រយពាន់លានបាត។
ប្រការទីពីរ មោទនភាពរបស់ទាហានថៃដែលអាចកាន់កាប់តំបន់ព្រំដែនបានយ៉ាងច្រើនក្រោយការប៉ះទង្គិចទាំងពីរលើកនោះ ក្រៅពីត្រូវបានកម្ពុជាតវ៉ាជាបន្តបន្ទាប់ ក៏បានបង្កើតបន្ទុកផ្នែកការទូតដល់ថៃដែលត្រូវប្រឈមមុខនឹងការការពារខ្លួននៅលើឆាកអន្តរជាតិជាច្រើនវេទិកាផងដែរ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៃកម្ពុជា បានលើកយកបញ្ហានេះមកជាប្រធានបទក្នុងការចោទប្រកាន់ដែលមានន័យយ៉ាងធ្ងន់ធ្ងរចំពោះច្បាប់អន្តរជាតិ ក្នុងអំឡុងពេលកិច្ចប្រជុំត្រីភាគី (ថៃ កម្ពុជា និងហ្វីលីពីន) កាលពីខែឧសភាកន្លងទៅថា កម្ពុជាមិនអាចទទួលយកបានទេដែលថាតំបន់ដែលទាហានថៃកាន់កាប់នោះជាអ្វីដែលគេហៅថា “Fait Accompli” ឬជាការពិតដែលបានកើតឡើងរួចហើយ មិនអាចចរចាបាន។ និយាយម្យ៉ាងទៀត ខ្សែព្រំដែនត្រូវបានកំណត់ដោយកិច្ចព្រមព្រៀងរវាងគ្នាប៉ុណ្ណោះ ការប្រើប្រាស់កម្លាំងទ័ពដើម្បីកាន់កាប់តំបន់ដែលនៅមានការទាមទារសិទ្ធិត្រួតស៊ីគ្នានេះ គឺជាការប្រឆាំងនឹងគោលការណ៍ច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។

មជ្ឈមណ្ឌលព័ត៌មានស្ថានភាពថៃ-កម្ពុជា បានចេញសេចក្តីថ្លែងការណ៍ម្តងហើយម្តងទៀតថា ក្រោយពីការឈប់បាញ់ និងកិច្ចប្រជុំតាមរយៈយន្តការទ្វេភាគី ប្រទេសទាំងពីរបានយល់ព្រមតាមសេចក្តីថ្លែងការណ៍រួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ឲ្យកម្លាំងរបស់ភាគីនីមួយៗរក្សាការដាក់ពង្រាយកម្លាំងនៅតាមតំបន់ស្របតាមគោលការណ៍ដែលបានឯកភាពគ្នា ដើម្បីកាត់បន្ថយហានិភ័យនៃការប៉ះទង្គិច ទប់ស្កាត់ការយល់ច្រឡំ និងបង្កើតបរិយាកាសអំណោយផលដល់ការចរចា។ “ការអនុវត្តរបស់ភាគីថៃ ដូច្នេះមិនមែនជាការផ្លាស់ប្តូរខ្សែព្រំដែន ឬការទាមទារសិទ្ធិលើតំបន់ណាមួយដោយឯកតោភាគីនោះទេ ប៉ុន្តែជាការអនុវត្តតាមក្របខ័ណ្ឌដែលភាគីទាំងពីរបានទទួលស្គាល់រួមគ្នា។ ចំពោះការកែសម្រួលវិធានការរក្សាសន្តិសុខ និងការគ្រប់គ្រងតំបន់របស់ថៃនោះ គឺជាវិធានការបែបយុទ្ធវិធី ដើម្បីការពារប្រជាពលរដ្ឋ និងកម្លាំងទ័ព ក្រោយស្ថានភាពជម្លោះនៅតំបន់ព្រំដែន។ វិធានការទាំងនេះត្រូវបានអនុវត្តក្រោមយន្តការសម្របសម្រួលព្រំដែនដែលភាគីទាំងពីរបានទទួលស្គាល់ ហើយមិនមានឥទ្ធិពលលើការកំណត់ ឬការផ្លាស់ប្តូរខ្សែព្រំដែនអន្តរជាតិឡើយ”។

ប៉ុន្តែអាកប្បកិរិយាជាក់ស្តែងរបស់ថៃ មើលទៅហាក់មិនមែនគ្រាន់តែជាការរក្សាសន្តិសុខប៉ុណ្ណោះទេ បើតាមព័ត៌មានដែលលេចចេញក្នុងប្រព័ន្ធផ្សព្វផ្សាយទូទៅថា កងទ័ពបានសាងសង់គ្រឿងបរិក្ខារ និងសាធារណៈឧបករណ៍ជាច្រើននៅតំបន់ព្រំដែន ដូចជាផ្លូវ របងជញ្ជាំង បង្គោលទង់ជាតិដ៏ធំនៅលើភ្នំសត្តាសោម និងភ្នំខ្មោច ការតម្កល់ព្រះពុទ្ធរូបនៅច្រកអានសេះ ការបើកតំបន់ជម្លោះជាច្រើនកន្លែង ដូចជាប្រាសាទតាមាន់ធំ និងតាក្របី ឲ្យប្រជាពលរដ្ឋចូលទស្សនាដូចជាកន្លែងទេសចរណ៍ធម្មតា។ ចំណែកផ្នែកការទូតវិញ ភាគីថៃបានគេចវេស និងបង្អង់កិច្ចប្រជុំ JBC ដែលត្រូវបានកំណត់ទុកក្នុងកិច្ចព្រមព្រៀងឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ដូចគ្នាថាជាយន្តការសំខាន់ក្នុងការដោះស្រាយជម្លោះព្រំដែនគោក ដោយលើកហេតុផលមិនសមហេតុផលថា ដោយសារតែកម្ពុជាបានចូលដំណើរការផ្សះផ្សាដោយបង្ខំក្នុងការដោះស្រាយជម្លោះសមុទ្រ។
ប្រការទីបី ចាប់តាំងពីមានជម្លោះគ្នាអស់រយៈពេលជាងមួយឆ្នាំមក ថៃនៅតែមិនទាន់ទទួលបានជោគជ័យក្នុងការផ្លាស់ប្តូរជំហររបស់កម្ពុជាឲ្យត្រឡប់មកចរចាបែបទ្វេភាគីវិញបានឡើយ។ ការប៉ះទង្គិចខាងយោធាទាំងពីរលើក មិនត្រឹមតែបានអញ្ជើញឲ្យក្រុមអាស៊ាន ដែលប្រទេសទាំងពីរជាសមាជិក ត្រូវតែចូលដៃជ្រៀតជ្រែក និងបញ្ជូនអ្នកសង្កេតការណ៍ចូលក្នុងតំបន់ដើម្បីត្រួតពិនិត្យស្ថានការណ៍ និងធ្វើជាសាក្សីចំពោះការឈប់បាញ់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមហាអំណាចដូចជាសហរដ្ឋអាមេរិក និងចិន ក៏បានចូលមកស្នើខ្លួនជាអ្នកសម្របសម្រួល និងផ្តល់ភាពងាយស្រួលដល់សន្តិភាពផងដែរ ដែលនេះមិនត្រឹមតែបង្កបញ្ហាផ្នែកភូមិសាស្ត្រនយោបាយក្នុងតំបន់នេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើឲ្យថៃបាត់បង់សមត្ថភាពផ្នែកការទូតយ៉ាងច្រើន ដូចដែលអាចមើលឃើញពីការដែលថៃត្រូវសុំជំនួយពីចិនឲ្យបញ្ចុះបញ្ចូលសមាជិកនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ (LMC) ឲ្យយល់ព្រមចូលរួមកិច្ចប្រជុំកំពូលដែលថៃនឹងធ្វើជាម្ចាស់ផ្ទះរួមជាមួយចិនឲ្យបានឆាប់រហ័ស បន្ទាប់ពីត្រូវបានពន្យារពេលអស់ជិតមួយឆ្នាំ ដោយសារតែថ្នាក់ដឹកនាំកម្ពុជាមិនមានភាពងាយស្រួលក្នុងការចូលរួមកិច្ចប្រជុំនៅក្នុងប្រទេសថៃ។
លើសពីនេះទៀត ការដែលកម្ពុជាជ្រើសរើសចូលដំណើរការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញា UNCLOS ក៏បានក្លាយជាភស្តុតាងបង្ហាញយ៉ាងច្បាស់ថា ការអនុវត្តគោលនយោបាយរបស់ថៃផ្ទាល់ហើយដែលបានរួមចំណែកបិទវេទិកា និងយន្តការទ្វេភាគី រួចបើកវេទិកាពហុភាគី និងយន្តការអន្តរជាតិឲ្យកម្ពុជាចូលទៅលេងដោយភាពត្រឹមត្រូវពេញទំហឹង។

សរុបមក លោកនាយករដ្ឋមន្ត្រី អានុធិន ប្រហែលជាអាចនឹងគិតថា រដ្ឋាភិបាលរបស់លោកបានទទួលជោគជ័យយ៉ាងខ្ពង់ខ្ពស់ក្នុង ការប្រើប្រាស់កម្លាំងទ័ពចូលគ្រប់គ្រងតំបន់ព្រំដែន និងជឿថាវាជារឿងដែលបង្កើតសន្តិសុខ ជាពិសេសវានឹងធ្វើឲ្យមានការជឿជាក់ដល់ប្រជាពលរដ្ឋតាមបណ្តោយព្រំដែន។ មែនហើយ លោកបានទទួលជោគជ័យក្នុងការលុបចោល MOU ៤៤ ស្របតាមអ្វីដែលលោកបានតាំងចិត្តក្នុងអំឡុងពេលឃោសនាបោះឆ្នោត និងថ្លែងក្នុងសភា។ លោកនៅតែអាចរក្សាការបិទច្រកព្រំដែន ហាមឃាត់ការធ្វើពាណិជ្ជកម្ម និងការធ្វើដំណើរទៅមកជាមួយកម្ពុជាបានអស់រយៈពេលជាងមួយឆ្នាំមកហើយ ដែលមើលទៅជារឿងដែលលោកមានមោទនភាពយ៉ាងខ្លាំង។ ក្រសួងការបរទេសថៃ ប្រហែលជាអាចមានអារម្មណ៍ថាខ្លួនឈ្នះដៃខាងការទូតយ៉ាងខ្លាំង ដែលអាចបង្អង់ការបើកកិច្ចប្រជុំ JBC បានអស់ជាច្រើនខែ ឬអាចនឹងអស់ជាច្រើនឆ្នាំទៅមុខទៀត។

ប៉ុន្តែជោគជ័យក្នុងការអនុវត្តគោលនយោបាយបែបនេះ មិនបានធ្វើឲ្យប្រទេសថៃសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រឡើយ។ ទំនាក់ទំនងរវាងថៃ និងកម្ពុជាបានធ្លាក់ចុះយ៉ាងខ្លាំងបំផុត ដោយនៅតែរកមធ្យោបាយស្តារឡើងវិញមិនទាន់ឃើញ។ គោលដៅយុទ្ធសាស្ត្រដែលចង់ឲ្យកម្ពុជាត្រឡប់មកចរចាបែបទ្វេភាគីវិញ អាចនិយាយបានថាខុសគោលដៅយ៉ាងខ្លាំង។ យ៉ាងហោចណាស់នៅពេលនេះ កម្ពុជាទទួលបានជោគជ័យរហូតដល់អាចចូលប្រើប្រាស់យន្តការ UNCLOS ដើម្បីផ្សះផ្សាជម្លោះសមុទ្របាន ដោយថៃក៏មិនអាចបដិសេធមិនចូលរួមបានទៀតដែរ។

ចំណុចស្នូលនៃជម្លោះដែលមានតាំងពីដំបូងមក គឺតំបន់ព្រំដែនដែលទាហានថៃបានកាន់កាប់នោះ មិនបានបង្កើតសន្តិសុខដ៏យូរអង្វែងទេ ព្រោះថៃក៏ជាភាគីដែលបានទទួលស្គាល់ខ្លួនឯងថាវាមិនប៉ះពាល់ដល់សិទ្ធិរបស់កម្ពុជាក្នុងការកំណត់ព្រំដែនគោកឲ្យស្របតាមសន្ធិសញ្ញាដើមដែលបានធ្វើគ្នាអស់ជាងមួយសតវត្សមកហើយនោះ។ ហើយប្រសិនបើថៃមិនព្រមឲ្យកម្ពុជាប្រើប្រាស់សិទ្ធិនោះទេ វាមានន័យថាវាមាននិន្នាការនឹងវិវត្តទៅជាជម្លោះបន្ថែមទៀត ហើយអាចនឹងផ្ទុះឡើងជារឿងធំរហូតដល់ត្រូវទៅពឹងយន្តការអន្តរជាតិមួយចំនួនមកជួយដោះស្រាយម្តងទៀតក៏អាចថាបាន៕ -Fresh News-

អត្ថបទទាក់ទង