Grand News Asia Close

អ្នកជំនាញអារ្យធម៌ខ្មែរ៖ ហេតុអ្វីបណ្ដាញសង្គមថៃ បង្កសង្គ្រាមវប្បធម៌លើ បទឋានសួគ៌ជាមួយមនុស្សជាទីស្រទ្បាញ់របស់ខ្ញុំ-Paradise With My Love?

ដោយ៖ Morm Sokun ​​ | 2 ម៉ោងមុន ទស្សនៈ-Opinion 1017
អ្នកជំនាញអារ្យធម៌ខ្មែរ៖ ហេតុអ្វីបណ្ដាញសង្គមថៃ បង្កសង្គ្រាមវប្បធម៌លើ បទឋានសួគ៌ជាមួយមនុស្សជាទីស្រទ្បាញ់របស់ខ្ញុំ-Paradise With My Love? អ្នកជំនាញអារ្យធម៌ខ្មែរ៖ ហេតុអ្វីបណ្ដាញសង្គមថៃ បង្កសង្គ្រាមវប្បធម៌លើ បទឋានសួគ៌ជាមួយមនុស្សជាទីស្រទ្បាញ់របស់ខ្ញុំ-Paradise With My Love?

(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរលោក រ័ត្ន សណ្តាប់ បានថ្លែងថា ក្នុងបណ្តាញសង្គមបច្ចុប្បន្ន, បើនិយាយអំពីបទចម្រៀង MV របស់តារាល្បីឈ្មោះវៀតណាម មានចំណងជើងថា ឋានសួគ៌ជាមួយមនុស្សជាទីស្រទ្បាញ់របស់ខ្ញុំ -Paradise With My Love ដែលត្រូវបានបំផុសគំនិតដល់វប្បធម៌ខ្មែរដ៏បរមបុរាណ បង្ហាញពីទិដ្ឋភាពលេចធ្លោនៃអត្តសញ្ញាណខ្មែរ ប្រពៃណីអាពាហ៍ពិពាហ៍, របាំអប្សរា, រាំវង់, រាំក្បាច់សារ៉ាវ៉ាន់ដ៏ល្វត់ល្វន់ទន់ភ្លន់ និងស្បៃសម្លៀកបំពាក់ប្រពៃណីខ្មែររបស់សហគមន៍កម្ពុជាក្រោម ហើយកំពុងផ្សព្វផ្សាយតាមប្រព័ន្ធបណ្តាញសង្គមទំនើបTikTok, Facebook, YouTube ភ្ជាប់ទៅកាន់ពិភពលោក បានទទួលនូវការសាទរយ៉ាងប្រពៃថ្លៃថ្លា។ ប៉ុន្តែក្នុងនោះ យើងឃើញលើកលែងតែនៅក្នុងបណ្ដាញសង្គមថៃ បែរជាផ្ទុះប្រតិកម្មតវ៉ា និងរិះគន់យ៉ាងក្តៅគគុក ដោយបានចូលទៅបញ្ចេញមតិដេញដោល និងទាមទារសិទ្ធិលើទម្រង់ម៉ូដសម្លៀកបំពាក់ថា ប្រពៃណីស្បៃ សម្លៀកបំពាក់របស់MVទាំងនេះ គឺជាកម្មសិទ្ធិរបស់ថៃដ៏គួរឲ្យហួសចិត្ដ និងអស់សំណើច។

ស្ថិតក្នុងទង្វើ អ្វីដែលបណ្ដាញសង្គមថៃ កំពុងផ្ទុះប្រតិកម្មតវ៉ា រិះគន់និងទាមទារសិទ្ធិដ៏ក្ដៅគគុកទាំងនេះ លោក រ័ត្ន សណ្តាប់ យល់ថា ប្រហែលជាសង្គមថៃមិនយល់ថា តើអ្វីទៅជាអត្ដសញ្ញាណជាតិ និងអ្វីទៅជាអត្ដសញ្ញាណរបស់សហគមន៍ជនជាតិ ក្នុងប្រទេសនីមួយៗទេមើលទៅ?

អត្តសញ្ញាណជាតិ បង្ហាញពីភាពជាម្ចាស់ផ្លូវការដោយការប្រើប្រាស់រួមគ្នានៃភាសា វប្បធម៌ ប្រពៃណី សិល្បៈ សាសនា និងទំនៀមទម្លាប់ជារបស់ជាតិទាំងមូល។ រីឯអត្តសញ្ញាណសហគមន៍ជនជាតិ ជាលក្ខណៈពិសេសរបស់ក្រុមមនុស្ស ឬជនជាតិភាគតិចណាមួយ ផ្អែកលើប្រភពដើមនៃឈាមជ័រ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ជំនឿសាសនានិងប្រវត្តិសាស្ត្រដូនតា។

ហេតុនេះចំពោះតារាចម្រៀងMV វៀតណាម ស្លៀកសម្លៀកបំពាក់ គ្រឿងអលង្ការ និងស្បៃប្រពៃណីខ្មែរ មានពណ៌និងសោភ័ណភាពដ៏ស្រស់សោភាទាំងនេះ គឺជាការគោរពដល់តម្លៃសហគមន៍កម្ពុជាក្រោម លើពរជ័យ និងសេចក្តីថ្លៃថ្នូរដើម្បីឧទ្ទិសដល់គុណតម្លៃគ្រួសារនិយម ពីភាពសម្បូរបែបនៃវប្បធម៌ និងវិញ្ញាណដ៏មានថាមពលនៅវៀតណាមខាងត្បូង “សហគមន៍កម្ពុជាក្រោម” ប្រកបដោយភាពសុខដុមរមនាក្នុងសង្គមនិងតំបន់។

លោក រ័ត្ន សណ្តាប់ បន្ដថា មួយវិញទៀត ចំពោះតារាចម្រៀងMV ដ៏ល្បីឈ្មោះ វៀតណាម ដោយគ្រងឆុតស្បៃប្រពៃណីដ៏បរមបុរាណរបស់ខ្មែរ មកបំផុសគំនិតនេះទៀតសោត គឺជាស្ពានចម្លងវប្បធម៌ ដ៏មានឥទ្ធិពលមួយដែលបង្ហាញថា សិល្បៈគ្មានព្រំដែន ហើយវាអាចបំផុសគំនិត និងបង្កើតស្នាដៃថ្មីៗបាន ដរាបណាមានការគោរព និងយល់ដឹងពីតម្លៃដើមនៃវប្បធម៌ ដើម្បីទទួលឥទ្ធិពលយ៉ាងខ្លាំងពីតន្ត្រីប្រជាប្រិយរបស់ខ្មែរនូវរសជាតិវប្បធម៌ ធ្វើឲ្យទំនុកច្រៀងល្អឥតខ្ចោះ ពីស្មារតី វប្បធម៌ខ្មែរក្រោម នៃរឿងរ៉ាវស្នេហាដ៏សាមញ្ញ ស្និទ្ធស្នាល និងមានសុភមង្គល ដ៏កក់ក្តៅនៅក្នុងសង្គមគ្រួសារនិងសង្គមជាតិ។

ស្ថិតត្រង់ចំណុចនេះ ប្រហែលជាអ្នកលេងបណ្ដាញសង្គមថៃ មិនបានយល់ច្បាស់ពីប្រវត្តិសាស្ត្រ និងអត្តសញ្ញាណរបស់សហគមន៍ខ្មែរក្រោមនៅភាគខាងត្បូងវៀតណាមទេមើលទៅ ទើបពួកអ្នកលេងបណ្ដាញសង្គមថៃទាំងនេះ ចេញមកទាមទារកម្មសិទ្ធិទាំងទទឹងទិស ដោយពួកគេគ្មានពាក់ព័ន្ធអ្វីសោះទ្បើយ សូម្បីតែបន្ដិចនូវប្រពៃណីសហគមន៍ខ្មែរក្រោម លើកលែងតែសហគមន៍ខ្មែរលើ ហៅថា ខ្មែរសុរិន្ទ ។ ​​ព្រោះនៅក្នុងប្រទេសវៀតណាមខាងត្បូង មានជនជាតិដើមភាគតិចខ្មែរ (ខ្មែរក្រោម) រស់នៅជាច្រើនសតវត្សរ៍មកហើយ ហើយពិធីរៀបការនិងការគ្រងស្បៃប្រពៃណីខ្មែរនៅទីនោះ គឺជាសម្លៀកបំពាក់វប្បធម៌សហគមន៍ខ្មែរក្រោមពិតប្រាកដ។

ដូច្នេះអ្វីដែលបណ្ដាញសង្គមថៃ កំពុងបង្កសង្គ្រាមវប្បធម៌លើ បទឋានសួគ៌ជាមួយមនុស្សជាទីស្រទ្បាញ់របស់ខ្ញុំ-Paradise With My Love ទៅលើតារាចម្រៀងMV ដ៏ល្បីឈ្មោះវៀតណាមនេះ គឺថៃកំពុងជាន់ឈ្លីនិងលុបបំបាត់អត្ដសញ្ញាណប្រពៃណី ទំនៀមទំលាប់ របស់សហគមន៍វៀតណាមខាងត្បូង “ខ្មែរក្រោម” យ៉ាងសាហាវឃោរឃៅបំផុត៕ -Fresh News-

អត្ថបទទាក់ទង