Grand News Asia Close

វិភាគអន្តរជាតិ៖ តើអ៉ីស្រាអែលនឹងបំផ្លាញសន្តិភាពរបស់សហរដ្ឋអាមេរិកជាមួយអ៉ីរ៉ង់ ឬ?

ដោយ៖ Morm Sokun ​​ | 6 ម៉ោងមុន ទស្សនៈ-Opinion 1021
វិភាគអន្តរជាតិ៖ តើអ៉ីស្រាអែលនឹងបំផ្លាញសន្តិភាពរបស់សហរដ្ឋអាមេរិកជាមួយអ៉ីរ៉ង់ ឬ? វិភាគអន្តរជាតិ៖ តើអ៉ីស្រាអែលនឹងបំផ្លាញសន្តិភាពរបស់សហរដ្ឋអាមេរិកជាមួយអ៉ីរ៉ង់ ឬ?

(ឡុងដ៍)៖ ជាទ្រឹស្ដី សហរដ្ឋអាមេរិក អ៉ីរ៉ង់ អ៉ីស្រាអែល លីបង់ និងបណ្ដាប្រទេសទាំងអស់ក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូលសុទ្ធតែនាំគ្នាអះអាងពីការប្ដេជ្ញាចិត្តចំពោះសន្តិភាព។ តែជាការអនុវត្តជាក់ស្ដែង សន្តិភាពបែបនេះមានភាពស្រពេចស្រពិលទៅវិញ។ កិច្ចចរចារវាងក្រុមមន្ត្រីអាមេរិក និងអ៉ីរ៉ង់បានធ្វើឡើងនៅក្នុងប្រទេសស្វ៉ីសកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីការចុះហត្ថលេខាលើអនុស្សរណយោគយល់ MOU រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ដែលជាគោលការណ៍នឹងបិទបញ្ចប់ការបិទខ្ទប់ច្រកសមុទ្រ Hormuz បញ្ចេញទ្រព្យសម្បត្តិរបស់អ៉ីរ៉ង់ដែលត្រូវបានបង្កក ហើយចាប់ផ្ដើមបើកកិច្ចចរចារយៈពេល ៦០ថ្ងៃជុំវិញអនាគតស្ដុកអ៊ុយរ៉ាញ៉ូមចម្រាញ់រួចរបស់អ៉ីរ៉ង់។ អនុស្សរណយោគយល់នេះមាន ១៤ចំណុច ក្នុងនោះរួមមានទាំងការបិទបញ្ចប់ជម្លោះនៅលីបង់។

កាលពីថ្ងៃទី១៩ ខែមិថុនា ការវាយប្រហារដោយដ្រូនមួយរបស់ក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់ លើរថក្រោះមួយគ្រឿងរបស់ទាហានអ៉ីស្រាអែលបានសម្លាប់ទាហានអ៉ីស្រាអែល ៤នាក់ ក្នុងនោះរួមមានទាំងមេបញ្ជាការម្នាក់។ ជាការសងសឹក អ៉ីស្រាអែលបានបើកការវាយប្រហារទម្លាក់គ្រាប់បែកប្រឆាំងនឹងអ្វីដែលខ្លួនអះអាងថាជាមូលដ្ឋានរបស់ក្រុមហេសបូឡា ដោយសម្លាប់ ប្រជាជនលីបង់យ៉ាងហោច ៤៧នាក់។ ការវាយប្រហាររបស់អ៉ីស្រាអែលបានជំរុញឱ្យអ៉ីរ៉ង់គំរាមដកខ្លួនចេញពីកិច្ចចរចាជាមួយសហរដ្ឋអាមេរិក ខណៈវ៉ាស៊ីនតោនបានទាមទារជាថ្មីឱ្យ អ៉ីស្រាអែលបញ្ឈប់ការវាយប្រហារ។ យ៉ាងណាក៏ដោយ កិច្ចចរចាបានដំណើរការទៅមុខ ប៉ុន្តែមានសំណួរជាច្រើនត្រូវបានចោទសួរឡើងថាតើ MOU រវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ អាចឆ្លង ផុតការវាយប្រហាររបស់អ៉ីស្រាអែលនៅលីបង់ដែរឬទេ? និងថាតើលោកនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Netanyahu អាចនឹងព្យាយាមប្រើប្រាស់ស្ថានការណ៍នៅលីបង់ដើម្បីបំផ្លាញ ក្ដីសង្ឃឹមនៃកិច្ចព្រមព្រៀងសន្តិភាពយូរអង្វែងរវាងសហរដ្ឋអាមេរិក និងអ៉ីរ៉ង់ឬក៏យ៉ាងណា?

ការិយាល័យរបស់លោក Netanyahu បានប្រកាសយ៉ាងម៉ឺងម៉ាត់ថាទាហានអ៉ីស្រាអែលនឹងមិនដកថយចេញពីទឹកដីដែលខ្លួនកំពុងកាន់កាប់ក្នុងប្រទេសលីបង់នោះទេ ដរាបណាវាជារឿង ចាំបាច់ត្រូវតែធ្វើដើម្បីការពារព្រំដែនភាគខាងជើងរបស់អ៉ីស្រាអែល។ ព្រមពេលជាមួយគ្នា លោក Netanyahu បានបញ្ជាឱ្យយោធាអ៉ីស្រាអែលសងសឹកឱ្យបានចាស់ដៃបំផុតទៅនឹង ការវាយប្រហារណាមួយពីសំណាក់ក្រុមហេសបូឡា។ លោក Netanyahu បានទុកនាទីឱ្យយោធាអ៉ីស្រាអែលជាអ្នកជូនដំណឹងទៅកាន់ប្រជាជនអ៉ីស្រាអែលថាអ៉ីស្រាអែលបានទទួលយក បទឈប់បាញ់មួយផ្សេងទៀតជាមួយក្រុមហេសបូឡា។ សម្រាប់អ៉ីស្រាអែល និងលីបង់ ខណៈនេះជាពេលវេលាដ៏លំបាកពោរពេញដោយគ្រោះថ្នាក់។ សម្រាប់អ៉ីស្រាអែល បទឈប់បាញ់ ប្រកាសដោយសហរដ្ឋអាមេរិក មានន័យថាក្រុមហេសបូឡានឹងអាចរក្សាទុកឃ្លាំងអាវុធរបស់ខ្លួនមួយផ្នែកធំ ដែលមកទល់នឹងពេលនេះកងទ័ពលីបង់មិនមានសមត្ថភាពរំសាយចោលបាន នោះទេ។ សម្រាប់លីបង់វិញ ប្រសិនបើហេសបូឡាប្រើប្រាស់ដ្រូនវាយប្រហារលើអ៉ីស្រាអែលសាជាថ្មី អ៉ីស្រាអែលអាចនឹងសងសឹកវិញយ៉ាងចាស់ដៃដែលអាចនឹងធ្វើឱ្យលីបង់ធ្លាក់ចូល ក្នុងភ្នក់ភ្លើងសង្រ្គាមបានគ្រប់ពេលវេលា។

ប៉ុន្តែសម្រាប់អ៉ីស្រាអែល ការព្រួយបារម្ភគឺមានវិសាលភាពធំណាស់។ ការចុះ MOU ត្រូវបានមនុស្សភាគច្រើនទាំងនៅវ៉ាស៊ីនតោន និងតេហេរ៉ង់មើលឃើញថានឹងផ្ដល់អំណាចឱ្យរបបអ៉ីរ៉ង់ ក្នុងការកំណត់លក្ខខណ្ឌនៅលីបង់។ អ៉ីស្រាអែលបារម្ភថាការណ៍នេះអាចនឹងរឹតត្បិតសេរីភាពរបស់ខ្លួនក្នុងការធ្វើប្រតិបត្តិការយោធា ហើយប្រៀបដូចជាការផ្ដល់អភ័យឯកសិទ្ធិមួយទៅឱ្យ ហេសបូឡា និងក្រុម Proxies ដទៃទៀតរបស់អ៉ីរ៉ង់។ ក្នុងរយៈពេលជាង ២ឆ្នាំកន្លះមកនេះ អ៉ីស្រាអែលបានធ្វើសង្រ្គាមច្រើនសមរភូមិដោយទទួលបានជោគជ័យក្នុងការបំផ្លិចបំផ្លាញ យ៉ាងដំំណំលើបណ្ដាញចលនាប្រដាប់អាវុធរបស់អ៉ីរ៉ង់។ ដូច្នេះហើយអ៉ីស្រាអែលបារម្ភថាជោគជ័យទាំងនោះនឹងក្លាយជាអសារបង់។ សហរដ្ឋអាមេរិកបានបង្កើនការដាក់សម្ពាធជាសាធារណៈ ដោយក្នុងនោះប្រធានាធិបតី លោក ដូណាល់ ត្រាំ ថែមទាំងបានហៅលោក Netanyahu ជាមនុស្សឆ្កួតទៀតផង ចំពោះការដែលអ៉ីស្រាអែលបន្តការវាយប្រហារលើលីបង់ដែលអាចនឹង បំផ្លាញដល់កិច្ចប្រឹងប្រែងបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់។ កាលពីថ្ងៃទី១៨ ខែមិថុនា លោកអនុប្រធានាធិបតី J.D. Vance បានចេញមុខការពារលោក ត្រាំ ដោយនិយាយថាលោក ត្រាំ គឺជា មេដឹកនាំតែម្នាក់គត់នៅលើពិភពលោកដែលមានក្ដីអាណិតអាសូរចំពោះអ៉ីស្រាអែលក្នុងស្ថានភាពបច្ចុប្បន្ន។ លោក J.D. Vance ក៏បានរំឮកផងដែរពីការពឹងផ្អែករបស់អ៉ីស្រាអែលលើ អាវុធ និងហិរញ្ញវត្ថុពីសហរដ្ឋអាមេរិក ហើយប្រាប់ឱ្យមេដឹកនាំអ៉ីស្រាអែលភ្ញាក់ខ្លួន និងទទួលស្គាល់ការពិតនៃស្ថានភាពដែលប្រទេសរបស់ពួកគេកំពុងប្រឈម។

នៅពេលអ៉ីស្រាអែលបើកធ្វើសង្រ្គាមច្រើនសមរភូមិ បន្ទាប់ពីការវាយប្រហាររបស់ហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ លោក Netanyahu បានទាត់ចោលការទទូចសុំពីលោក ចូ បៃដិន អតីតប្រធានាធិបតីអាមេរិក នូវដំណោះស្រាយការទូតបិទបញ្ចប់សង្រ្គាមរបស់អ៉ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សា។ នៅពេលនោះ សមាជិករដ្ឋមន្ត្រីស្ដាំនិយមជ្រុល ក្នុងជួរគណៈរដ្ឋមន្ត្រីរបស់លោក Netanyahu បានប្រកាសដោយបើកចំហពីចេតនារបស់ពួកគេដើម្បីកម្ទេចហ្កាហ្សា និងគ្រប់គ្រងតំបន់នេះទាំងមូល។ នៅពេលលោក ត្រាំ ត្រឡប់មក កាន់តំណងជាប្រធានាធិបតីអាមេរិកសម្រាប់អាណត្តិទី២ កាលពីខែមករា ឆ្នាំ២០២៥ លោកបានបញ្ចេញផែនការមួយដើម្បីបណ្ដេញប្រជាជនប៉ាឡេស្ទីនជាង ២លាននាក់ ចេញពីហ្កាហ្សា និងបង្កើតរីសតអចលនទ្រព្យដ៏អស្ចារ្យមួយនៅតាមបណ្ដោយឆ្នេរភាគខាងកើតនៃសមុទ្រមេឌីទែររ៉ាណេ។ លោក Netanyahu ត្រូវបានគេមើលឃើញថាហាក់ទទួលយកផែនការរបស់ លោក ត្រាំ ជាយុទ្ធសាស្ត្រមួយសម្រាប់រដ្ឋាភិបាលរបស់លោក។ តែក្រោយមក លោក ត្រាំ បានប្ដូរចិត្ត ហើយដាក់ចេញផែនការសន្តិភាព ២០ចំណុចសម្រាប់តំបន់ហ្កាហ្សា ក្នុងនោះរួមមានទាំង ការដកកងទ័ពអ៉ីស្រាអែល។ ការប្ដូរចិត្តនេះបានធ្វើឱ្យទំនាក់ទំនងរវាងលោក ត្រាំ និងលោក Netanyahu ស្គាល់ភាពតានតឹង ហើយកាន់តែតានតឹងឡើងថែមទៀតជុំវិញសង្រ្គាមអ៉ីរ៉ង់។

អ៉ីស្រាអែលបច្ចុប្បន្នកំពុងប្រឈមនឹងជម្រើសចង់ទៅមុខក៏ពិបាក ចង់ដកថយរឹតតែពិបាក។ ពោលគឺអ៉ីស្រាអែលនៅក្រោមការគ្រប់គ្រងរបស់លោក Netanyahu កំពុងប្រឈមមុខនឹងជម្រើស រវាងផលប្រយោជន៍របស់អ៉ីស្រាអែល និងការរក្សាទំនាក់ទំនងល្អជាមួយលោក ត្រាំ។ នៅកម្រិតប្រយោជន៍ផ្ទាល់ខ្លួន ការដកថយរបស់អ៉ីស្រាអែលក្នុងពេលដែលគេមើលឃើញថាអ៉ីរ៉ង់ជាអ្នកឈ្នះ និងការខ្វែងគំនិតគ្នាជាមួយលោក ត្រាំ អាចនឹងបង្កការខាតបង់ធ្ងន់ធ្ងរចំពោះលោក Netanyahu ដែលត្រូវបានគេរំពឹងថានឹងចូលរួមឈរឈ្មោះក្នុងការបោះឆ្នោតសកលដ៏លំបាកមួយដែលអាច នឹងត្រូវរៀបចំឡើងនៅខែតុលាខាងមុខ។ កត្តាសំខាន់ៗដែលលោក Netanyahu ចង់ប្រើដើម្បីទាក់ទាញការគាំទ្រពីប្រជាជនអ៉ីស្រាអែល នោះគឺលោកបានចំណាយពេលរាប់ទសវត្សរ៍ដើម្បី ប្រឹងប្រែងការពារអ៉ីស្រាអែលពីការគំរាមកំហែងដោយអ៉ីរ៉ង់ ហើយចាប់តាំងពីខែតុលា ឆ្នាំ២០២៣មក លោកបានជួយពង្រឹងអំណាចរបស់អ៉ីស្រាអែលកាន់តែធំក្នុងតំបន់មជ្ឈិមបូព៌ា និងមាន ទំនាក់ទំនងជិតស្និទ្ធដ៏ពិសេសជាមួយលោក ត្រាំ។

ការអះអាងទាំងអស់នេះកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ ខណៈរដ្ឋាភិបាលចម្រុះរបស់លោក Netanyahu កំពុងថយចុះប្រជាប្រិយភាពក្នុងការស្ទង់មតិ។ ប៉ុន្តែបញ្ហាមិនមែនសម្រាប់ត្រឹមតែ លោក Netanyahu ប៉ុណ្ណោះទេ។ មិនថាលទ្ធផលបោះឆ្នោតទៅជាយ៉ាងណាទេ អ៉ីស្រាអែលឥលូវបានស្ថិតក្នុងស្ថានការណ៍លំបាករួចទៅហើយ ដោយការសម្រេចចិត្តណាមួយសុទ្ធតែអាច ប៉ះពាល់ដល់ផលប្រយោជន៍តិច ឬច្រើន ហើយស្ថានការណ៍បែបនេះនឹងបន្តធ្វើតេស្ដលើអ្នកដែលនឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីបន្ទាប់៕

-Fresh News-

អត្ថបទទាក់ទង