Grand News Asia Close

សារពីភ្នំពេញ៖ ការប្រយុទ្ធប្រឆាំង Online Scams ត្រូវឈរលើច្បាប់អន្តរជាតិ និងការគោរពអធិបតេយ្យ

ដោយ៖ Morm Sokun ​​ | ថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ទស្សនៈ-Opinion ព័ត៌មានជាតិ 1003
សារពីភ្នំពេញ៖ ការប្រយុទ្ធប្រឆាំង Online Scams ត្រូវឈរលើច្បាប់អន្តរជាតិ និងការគោរពអធិបតេយ្យ សារពីភ្នំពេញ៖ ការប្រយុទ្ធប្រឆាំង Online Scams ត្រូវឈរលើច្បាប់អន្តរជាតិ និងការគោរពអធិបតេយ្យ

ជម្លោះព្រំដែនកម្ពុជា-ថៃ នៅឆ្នាំ២០២៥ បានបង្ខំឱ្យប្រជាពលរដ្ឋខ្មែររាប់សែននាក់ចាកចេញពីផ្ទះ សាលារៀនជាច្រើនត្រូវបិទទ្វារ ផ្ទះសម្បែងនិងហេដ្ឋារចនាសម្ព័ន្ធត្រូវខូចខាតដោយសារតែយោធាថៃឈ្លានពាន។ ឈ្លានពានកម្ពុជាមិនអស់ចិត្ត ថៃថែមទាំងចោទប្រកាន់មួលបង្កាច់បង្ខូចកិត្តិយសប្រជាជាតិខ្មែរដើម្បីយកមកធ្វើជាខែលបិទបាំងអំពីឈ្លានពានរបស់ខ្លួនក្រោមហេតុផលដ៏អយុត្តិធម៌នៃការបង្រ្កាប Online Scams ទៅវិញ។ តើការយកបញ្ហាការបង្រ្កាប Online Scams ដើម្បីធ្វើជាលេសឈ្លានពាននិង កាន់កាប់ទឹកដីប្រទេសមួយ ជារឿងត្រឹមត្រូវដែរឬទេ?

នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងសុន្ទរកថាបើកសន្និ សីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានសង្កត់ធ្ងន់ថា ការឆបោកតាមប្រ ព័ន្ធបច្ចេកវិទ្យាមិនមែនកើតចេញពីប្រទេសកម្ពុជាហើយក៏មិនមែនមានតែនៅក្នុងប្រទេសកម្ពុជាដែរ រីឯការយកការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាលេសក្នុងគោលបំណងឈ្លានពាន ឬកាន់កាប់ទឹកដីរបស់ប្រទេសផ្សេងទៀតនោះ «គឺជាការរំលោភបំពានទៅលើគោលការណ៍នៃច្បាប់អន្តរជាតិ»។ សារដ៏មុតស្រួចរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលនៅចំពោះមុខអង្គសន្និសីទអន្តរជាតិដែលមានតំណាងមកពីជិត៣០ប្រទេសនេះរួមទាំងមានវត្តមានប៉ូលីស INTERPOL ផងដែរ គឺជាសារប្រកបដោយឥទ្ធិពលបង្ហាញពីការបដិសេធយ៉ាងខ្លាំងនិងមិនអាចទទួលយកបានចំពោះហេតុផលរបស់ថៃដើម្បីយកជាលេសក្នុងការឈ្លានពានកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់។

ជាការពិតមួយដែលយើងទាំងអស់គ្នាត្រូវទទួលស្គាល់ថាការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាបញ្ហារួមជាសាកលដែលទាមទារឱ្យមានកិច្ចសហការរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយស្មោះត្រង់ និងការគោរពគ្នាទៅវិញទៅមកដើម្បីផលប្រយោជន៍រួម។

ត្រង់ចំណុចនេះដែរ សម្តេចធិបតី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា ទោះបីជាកិច្ចសហប្រតិបត្តិការអន្តរជាតិមានសារៈសំខាន់ក៏ដោយ ប៉ុន្តែប្រទេសនីមួយៗត្រូវតែទទួលខុសត្រូវក្នុងការអប់រំនិងការពារពលរដ្ឋរបស់ខ្លួននិងដាក់ចេញនៅវិធានការតឹងរ៉ឹងដើម្បីព្រមានប្រជាពលរដ្ឋពីការផ្តល់ជូនការងារនៅក្រៅប្រទេសដែលមានលក្ខណៈបោកប្រាស់ ជាអន្ទាក់នៃការឆបោកផ្នែកហិរញ្ញវត្ថុ ហើយរដ្ឋាភិបាលទាំងអស់ក៏ត្រូវតែធ្វើយុទ្ធនាការផ្សព្វផ្សាយជាសាធារណៈជាប្រចាំដើម្បីអប់រំប្រជាពលរដ្ឋអំពីល្បិចកលទម្រង់ថ្មីៗនៃការឆបោកតាមប្រព័ន្ធឌីជីថល។ ខ្លឹម សារដ៏មានអត្ថន័យខាងលើនេះ ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវខ្ពស់របស់រដ្ឋនីមួយៗចំពោះប្រជាពលរដ្ឋរបស់ខ្លួន ដើម្បីធានាថា ជនដែលងាយរងគ្រោះនឹងមិនក្លាយជាជនរងគ្រោះនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ ដោយមិនត្រូវយកធ្វើជាហេតុផលក្នុងការបង្រ្កាបបទល្មើសក្រៅដែនអធិបតេយ្យរបស់ខ្លួនបានឡើយ។

បន្ថែមពីនេះ នៅក្នុងសេចក្តីប្រកាសទីក្រុងភ្នំពេញ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ តំណាងរដ្ឋាភិបាលនៃប្រទេសចូលរួមសន្និសីទអន្តរជាតិស្តីពី ការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams បានទទួលស្គាល់នូវការផ្លាស់ប្តូរទីតាំងភូមិសាស្រ្តនិងការរីកសាយភាយនៃប្រតិបត្តិការរបស់មជ្ឈមណ្ឌលឆបោករវាងដែនសមត្ថកិច្ចនានា ការចែករំលែកព័ត៌មាន និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់និងអន្តរជាតិឱ្យកាន់តែរឹងមាំដើម្បីទប់ស្កាត់ការបង្កើតនូវមណ្ឌលឧក្រិដ្ឋកម្មថ្មីៗ។ ចំណុចនេះរឹតតែឆ្លុះបញ្ចាំងថា ការបង្រ្កាបបទល្មើស Online Scams ទាមទារនូវកិច្ចខិតខំប្រឹងប្រែងរួមគ្នាទាំងយន្តការថ្នាក់ជាតិ តំបន់ និងពហុភាគី ដែលត្រូវមានកិច្ចសហប្រតិបត្តិការឆ្លងដែនឱ្យមានប្រសិទ្ធភាពដែលរដ្ឋនីមួយៗមិនអាចប្រព្រឹត្តសកម្មភាពលើសពីដែនអធិបតេយ្យរបស់ខ្លួនបានឡើយ។

មួយវិញទៀត សេចក្តីប្រកាសទីក្រុងភ្នំពេញ ក៏បានបញ្ជាក់ថា ពុំមានរដ្ឋាភិបាល ស្ថាប័ន ឬវិស័យណាមួយអាច ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាពដោយឯកឯងបានឡើយគឺមានតែ សកម្មភាពរួមគ្នាប្រកបដោយនិរន្តរភាពនិងស៊ីសង្វាក់គ្នាទេទើបអាចលុបបំបាត់ក្រុមឧក្រិដ្ឋជនទាំងមូល ហើយជាពិសេសនោះកិច្ចការងារនេះត្រូវស្របតាមច្បាប់ជាតិជាធរមាន និងលិខិតូបករណ៍គតិយុត្តអន្តរជាតិព្រមទាំងគោរព អធិបតេយ្យជាតិ។ ចំណុចនេះដែរបានបន្ថែមទម្ងន់កាន់តែខ្លាំងដែលតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការគ្នាល្អរវាង រដ្ឋនីមួយៗដោយគោរពឱ្យបានជាដាច់ខាតនូវអធិបតេយ្យភាពរបស់រដ្ឋនានាជាចម្បងស្របតាមច្បាប់អន្តរជាតិ ហើយក៏ជាការទទួលស្គាល់ថា ការបង្រ្កាប Online Scams គឺជាភារកិច្ចរបស់ប្រទេសនីមួយៗក្នុងដែនអធិបតេយ្យរបស់ខ្លួនគួបផ្សំនឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

សរុបមក ការប្រយុទ្ធប្រឆាំង Online Scams គឺជាបញ្ហារួមរបស់ពិភពលោក ដែលត្រូវដោះស្រាយតាមរយៈកិច្ចសហប្រតិបត្តិការ និងច្បាប់អន្តរជាតិ។ ការបង្ក្រាបឧក្រិដ្ឋកម្មមិនអាចយកមកធ្វើជាលេសសម្រាប់រំលោភអធិបតេយ្យភាព ឬទឹកដីរបស់រដ្ឋដទៃបានឡើយ។ សាររបស់កម្ពុជាបានបញ្ជាក់ថា ការប្រយុទ្ធប្រឆាំង Online Scams ត្រូវផ្អែកលើ ច្បាប់ កិច្ចសហប្រតិបត្តិការ និងការគោរពអធិបតេយ្យភាពរដ្ឋ៕

ដោយ៖ មាន មេត្តា

អត្ថបទទាក់ទង