កម្ពុជាចាប់ផ្ដើមអនុវត្តច្បាប់កាតព្វកិច្ចយោធា ខណៈអ្នកវិភាគជំរុញឲ្យមានតម្លាភាពនិងស្មើភាពគ្នាសម្រាប់ពលរដ្ឋគ្រប់អាយុ
សមយុទ្ធនាគមាសឆ្នាំ២០២៥។ FN
Cambodian cadets attend last year’s Golden Dragon China-Cambodia joint military exercises. FN
ពលរដ្ឋកម្ពុជាដែលមានអាយុ ១៨ ឆ្នាំហើយមានបំណងចូលបំពេញកាតព្វកិច្ចយោធា អាចទៅទទួលពាក្យសុំចូលបំពេញកាតព្វកិច្ចចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែតុលា ហើយដាក់ពាក្យចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ នៅតាមមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ខណ្ឌ ក្នុងមូលដ្ឋានរបស់ខ្លួន។
អ្នកដាក់ពាក្យត្រូវភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀភៅគ្រួសារ ឬ សៀវភៅស្នាក់នៅ និង សំបុត្របញ្ជាក់កំណើត។
យោងតាមក្រសួងការពារជាតិ បច្ចុប្បន្ននេះ យុវជនដែលមានអាយុ ១៨ឆ្នាំ មានប្រមាណ ៥លាននាក់ ប៉ុន្តែ មិនមែនគ្រប់គ្នាសុទ្ធតែត្រូវបំពេញកាតព្វកិច្ចនោះទេ គឺសម្រាប់អ្នកដែលទទួលបានការកោះហៅប៉ុណ្ណោះ ហើយធ្វើឡើងតាមការស្ម័គ្រចិត្ត និង ការចាប់ឆ្នោត។
កម្ពុជាប្រកាសដាក់ឲ្យអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធា នៅថ្ងៃទី២៤ ឧសភា ឆ្នាំ២០២៦នេះ ដោយតម្រូវឲ្យពលរដ្ឋកម្ពុជាចូលបំពេញកាតព្វកិច្ចយោធា ប៉ុន្តែចំនួនជាក់ស្ដែងគឺអាស្រ័យទៅតាមតម្រូវការជាក់ស្ដែងដែលក្រសួងការពារជាតិជាអ្នកកំណត់។
យោងតាមអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា ពលរដ្ឋខ្មែរអាយុចាប់ពី ១៧ ឆ្នាំ ដល់ ២៥ឆ្នាំ (គិតត្រឹមដំណាច់ខែធ្នូរៀងរាល់ឆ្នាំ) ត្រូវឆ្លងកាត់ការធ្វើជំរឿនដើម្បីឲ្យដឹងពីទិន្នន័យពិតប្រាកដនៃក្រុមមនុស្សនៅក្នុងក្រុមអាយុនេះ។ បន្ទាប់មកពួកគេនឹងទទួលបានលិខិតកោះហៅថាតើពួកគេ ត្រូវជាប់កាតព្វកិច្ចយោធារយៈពេល ២៤ ខែ ឬយ៉ាងណា។
ក្នុងករណីមានអ្នកស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចច្រើនលើសពីតម្រូវការ ការជ្រើសរើសត្រូវធ្វើឡើងតាមរយៈការចាប់ឆ្នោត។ ប្រជាពលរដ្ឋដែលត្រូវបានអញ្ជើញឱ្យចូលបំពេញកាតព្វកិច្ចយោធា ត្រូវបង្ហាញខ្លួនក្នុងរយៈពេល ៣០ ថ្ងៃ គិតចាប់ពីថ្ងៃដែលសាមីខ្លួនបានទទួលដំណឹង។
ក្នុងអំឡុងពេលបំពេញកាតព្វកិច្ច ពួកគេទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែក្នុងម្នាក់ចំនួន ៤០ម៉ឺនរៀល និងមានគោលរបបផ្សេងៗត្រូវទទួលបានដូចយោធិនអាជីពរួមមាន ប្រាក់ម្ហូបប្រចាំថ្ងៃ ប្រាក់អាហារបំប៉នបន្ថែមពេលហ្វឹកហាត់ ប្រាក់បំណាច់ឧបត្ថម្ភគ្រួសារនិងកូន របបអង្ករប្រចាំថ្ងៃ របបឯកសណ្ឋានប្រយុទ្ធនិងបរិក្ខារចាំបាច់មួយចំនួន។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា ការចូលបំពេញកាតព្វកិច្ចយោធាត្រូវតែធ្វើឡើងដោយតម្លាភាព និងមានយុត្តិធម៌ ដោយត្រូវយកចិត្តទុកដាក់លើទិដ្ឋភាពពីរ គឺការជ្រើសរើសចូល និង ការគេចវេះមិនចង់ចូលបំពេញកាតព្វកិច្ច។
លោកថ្លែងថា៖ «ដើម្បីធានាបាននូវភាពយុត្តិធម៌ និងការអនុវត្តច្បាប់ឥតមានលម្អៀង ប្រកបដោយប្រសិទ្ធភាព នោះគឺការត្រួតពិនិត្យទិន្នន័យឲ្យបានច្បាស់លាស់។ ដំបូងឡើងយត្រូវធ្វើជំរឿនយុវជនដែលគ្រប់អាយុ ហើយការជ្រើសរើសយុវជនឲ្យចូលរួមត្រូវមានភាពច្បាស់លាស់ ចៀសវាងការប្រព្រឹត្តអំពើពុករលួយពីការជ្រើសរើសចូល និងការរៀបចំឯកសារដែលនាំឲ្យមានការគេចវេះពិកាតព្វកិច្ចនេះ»។
បើតាមលោក គិន ភា ករណីលើកលែងមួយចំនួនដែលអាចគេចផុតពីការបំពេញកាតព្វកិច្ចយោធា អាចជាច្រកសម្រាប់ឲ្យការបកស្រាយដើម្បីឲ្យអ្នកដែលចង់គេចផុសពីកាតព្វកិច្ចនេះអាចប្រើប្រាស់បាន។
បន្ថែមពីលើនេះ លោកជំរុញឲ្យមាននីតិវិធីតឹងរឹងដើម្បីប្រាកដថា អ្នកដែលកាន់តួនាទីជ្រើសរើសដែលមិនស្មោះត្រង់ មិនអាចកេងចំណេញពីអ្នកចង់ចូលបំពេញកាតព្វកិច្ច និងអ្នកដែលចង់គេចវេះ៕
-post khmer-





