Grand News Asia Close

វិភាគអន្តរជាតិ៖ តើមានអ្វីកើតឡើង អំឡុង «ការបិទរដ្ឋាភិបាលសហរដ្ឋអាមេរិក»?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ 184
វិភាគអន្តរជាតិ៖ តើមានអ្វីកើតឡើង អំឡុង «ការបិទរដ្ឋាភិបាលសហរដ្ឋអាមេរិក»? វិភាគអន្តរជាតិ៖ តើមានអ្វីកើតឡើង អំឡុង «ការបិទរដ្ឋាភិបាលសហរដ្ឋអាមេរិក»?

(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក នៅសល់ពេលត្រឹមតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ នឹងត្រូវបិទដំណើរការនៃផ្នែកខ្លះរបស់ខ្លួនដែលនឹងធ្វើឱ្យ ការផ្ដល់សេវាជាច្រើនត្រូវរាំងស្ទះ បុគ្គលិករដ្ឋរាប់លាននាក់គ្មានប្រាក់ខែបើក និងបង្កចលាចលនយោបាយ។ មកទល់នឹងពេលនេះ ព្រឹទ្ធសភាគ្រប់គ្រង ដោយគណបក្សប្រជាធិបតេយ្យ និងរដ្ឋសភា ឬសភាតំណាងរាស្ត្រគ្រប់គ្រងដោយគណបក្សសារធារណរដ្ឋ នៅតែមិនយល់ស្របគ្នាចំពោះទំហំថវិកា ចាយវាយរបស់ខ្លួនសម្រាប់រយៈពេល១២ខែទៅមុខទៀត ក្នុងបរិបទដែលសមាជិកសភាសាធារណរដ្ឋអំពាវនាវឱ្យកាត់បន្ថយការចំណាយចាយវាយ។

ខណៈអង្គភាពរដ្ឋាភិបាលមួយចំនួន នឹងត្រូវលើកលែង បេឡាសន្តិសុខសង្គមនឹងត្រូវផ្អាក ហើយផ្នែកដទៃទៀតនឹងរងផលប៉ះពាល់យ៉ាងខ្លាំង ដោយ រដ្ឋាភិបាលសហព័ន្ធនឹងបញ្ឈប់រាល់សកម្មភាពមិនមានភាពចាំបាច់ ហើយបុគ្គលិកសហព័ន្ធរាប់លាននាក់ ក្នុងនោះរួមមានទំាងបុគ្គលិកយោធាអាមេរិក អាចនឹងគ្មានប្រាក់ខែបើក។

* អ្វីទៅជា «ការបិទរដ្ឋាភិបាលសហរដ្ឋអាមេរិក»?

ការបិទរដ្ឋាភិបាល តែងតែកើតមានឡើងនៅពេលសភាទាំង២ របស់សហរដ្ឋអាមេរិក គឺព្រឹទ្ធសភា និងរដ្ឋសភា បរាជ័យ ឬមិនយល់ស្របគ្នាលើ ការអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីកញ្ចប់ថវិកាចាយវាយ ដែលត្រូវចុះហេត្ថលេខាឱ្យក្លាយទៅជាច្បាប់ដោយលោកប្រធានាធិបតី។ តំណាងរាស្ត្រអាមេរិក មានភារកិច្ចអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីកញ្ចប់ថវិកា ដើម្បីទម្លាក់មូលនិធិទៅឱ្យទីភ្នាក់ងារនានារបស់រដ្ឋាភិបាលសហព័ន្ធអាមេរិក។ ប៉ុន្តែ ដំណើរការ អនុម័តត្រូវចំណាយពេលយូរពេក ដោយនៅមិនទាន់មានការឯកភាពគ្នានោះទេ។ ដូច្នេះ នៅពេលគ្មានកញ្ចប់ថវិកា ទីភ្នាក់ងារសហព័ន្ធនឹងបញ្ឈប់រាល់ ការងារដែលមិនមានភាពចាំបាច់ ហើយក៏នឹងមិនមានប្រាក់បៀវត្សរ៍បើកឱ្យបុគ្គលិករដ្ឋនោះដែរ រហូតដល់ការបិទរដ្ឋាភិបាលត្រូវបញ្ចប់។

យ៉ាងណាក៏ដោយ បុគ្គលិកដែលបម្រើការក្នុងសេវាសំខាន់ខាងសុវត្ថិភាពសាធារណៈ តួយ៉ាងដូចជាកន្លែងត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស និងមន្ត្រី អនុវត្តច្បាប់ រួមទាំងប្រធានាធិបតី និងសមាជិកសភានឹងបន្តបំពេញការងារ និងទទួលបានប្រាក់បៀវត្សរ៍ជាធម្មតា ខណៈបុគ្គលិកសហព័ន្ធដទៃទៀតនឹង ត្រូវឈប់ពីការងារបណ្ដោះអាសន្ន។ នៅក្រោមច្បាប់ឆ្នាំ២០១៩ បុគ្គលិកទាំងនេះនឹងទទួលបានប្រាក់ខែដែលរដ្ឋជំពាក់ត្រឡប់ទៅវិញ នៅពេលកញ្ចប់ ថវិកាត្រូវបានអនុម័ត។

* តើការបិទរដ្ឋាភិបាលនឹងធ្វើឡើងនៅពេលណា និងមានរយៈពេលយូរប៉ុនណា?

ការផ្ដល់មូលនិធិរដ្ឋាភិបាលសហរដ្ឋអាមេរិក នឹងត្រូវផុតកំណត់នៅថ្ងៃទី១ ខែតុលាក្រោយនេះ ដែលជាការចាប់ផ្ដើមនៃកញ្ចប់ថវិកាសម្រាប់ឆ្នាំថ្មី។ រីឯ ការបិទរដ្ឋាភិបាលអាចនឹងចូលជាធរមាននៅម៉ោង ១២៖០១នាទី ឈានចូលថ្ងៃអាទិត្យចុងសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ប្រសិនបើសភានៅតែ មិនអាចអនុម័តកញ្ចប់ថវិកា ដែលប្រធានាធិបតីត្រូវចុះហត្ថលេខាឱ្យក្លាយទៅជាច្បាប់។

ការវាយតម្លៃថាតើការបិទរដ្ឋាភិបាលមានរយៈពេលយូរ ឬខ្លី គឺពិបាកនឹងធ្វើទៅរួចណាស់។ កន្លងមក ការបិទរដ្ឋាភិបាលបានកើតឡើងចំនួន ៤ដង រួចមកហើយ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះនៅសហរដ្ឋអាមេរិក។ ប៉ុន្តែជារឿយៗ ការបិទនេះមានរយៈពេលត្រឹមមួយថ្ងៃ ឬ ២ថ្ងៃប៉ុណ្ណោះ ទម្រាំសភាទាំង២ ឈានដល់ការឯកភាពគ្នាក្នុងការអនុម័តកញ្ចប់ថវិកា ដើម្បីដំណើរការប្រតិបត្តិការរបស់រដ្ឋាភិបាលពេញលេញឡើងវិញ។ ការបិទ រដ្ឋាភិបាល នៅក្រោមអាណត្តិដឹកនាំដោយអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺមានរយៈពេលដល់ទៅ ៣៥ថ្ងៃឯណោះ។

* តើនរណា រងផលប៉ះពាល់ពីការបិទរដ្ឋាភិបាល?

បុគ្គលិករដ្ឋាភិបាលសហព័ន្ធអាមេរិករាប់លាននាក់ កំពុងប្រឈមមុខនឹងការពន្យារពេលបើកប្រាក់បៀវត្សរ៍ នៅពេលរដ្ឋាភិបាលត្រូវបិទដោយផ្នែក ក្នុង នោះរួមមានទាំងបុគ្គលិកយោធាជាង ២លាននាក់ និងបុគ្គលិករដ្ឋច្រើនជាង ២លាននាក់នៅទូទាំងសហរដ្ឋអាមេរិក។ ជិត ៦០ភាគរយនៃបុគ្គលិក រដ្ឋាភិបាលសហព័ន្ធ កំពុងបម្រើការងារនៅក្នុងក្រសួងការពារជាតិ ក្រសួងកិច្ចការអតីតយុទ្ធជន និងក្រសួងសន្តិសុខមាតុភូមិ។ ខណៈកងទ័ពកំពុង បំពេញភារកិច្ច និងកងទ័ពបម្រុង នៅតែត្រូវធ្វើការជាធម្មតា បុគ្គលិករដ្ឋស៊ីវិលច្រើនជាងពាក់កណ្ដាលនៃក្រសួងការពារជាតិ ឬប្រហាក់ប្រហែលនឹង ៤៤០,០០០នាក់ នឹងត្រូវឈប់សម្រាកពីការងារបណ្ដោះអាសន្ន។

តាមការឱ្យដឹងពីរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនអាមេរិក លោក Pete Buttigieg ការបណ្ដុះបណ្ដាលថ្មីៗសម្រាប់បុគ្គលិកផ្នែកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស នឹងត្រូវបញ្ឈប់ ហើយបុគ្គលិកផ្នែកនេះដដែល ១,០០០នាក់ ដែលកំពុងស្ថិតនៅក្រោមការបណ្ដុះបណ្ដាលនឹងត្រូវដាក់ឱ្យឈប់សម្រាកពីការងារ។

គួរបញ្ជាក់ថា ក្រៅតែពីបុគ្គលិករដ្ឋ ការបិទរដ្ឋាភិបាលសហរដ្ឋអាមេរិកដោយផ្នែក ក៏នឹងបង្កផលប៉ះពាល់ដល់ការផ្ដល់សេវារបស់រដ្ឋាភិបាលដែរ ដោយអ្នក ដែលស្វែងរកសេវាធ្វើតេស្ដ ការស្នើសុំការអនុញ្ញាតកាន់កាប់កំាភ្លើង និងសេវាលិខិតឆ្លងដែនជាដើមអាចនឹងត្រូវរង់ចាំរយៈពេលពេលយូរ។ ដ្បិត ការិយាល័យមួយចំនួនរបស់រដ្ឋាភិបាលសហព័ន្ធនឹងអាចនឹងបិទទ្វារ ឬកាត់បន្ថយម៉ោងធ្វើការអំឡុងការបិទរដ្ឋាភិបាល។ ចំណែក អាជីវកម្មដែលមាន ទំនាក់ទំនងជិតស្និទ្ធជាមួយរដ្ឋាភិបាលសហព័ន្ធ ដូចជាអ្នកម៉ៅការសហព័ន្ធ ឬសេវាទេសចរណ៍នៅជុំវិញឧទ្យានជាតិ អាចនឹងរងការរំខាន ឬក៏អាចត្រូវ កាត់បន្ថយសកម្មភាពតែម្ដង។

សមាគមឧស្សាហកម្មដំណើរកម្សាន្តរបស់សហរដ្ឋអាមេរិក បានឱ្យដឹងថាវិស័យដំណើរកម្សាន្តអាចនឹងខាតបង់ទឹកប្រាក់ ១៤០លានដុល្លារ ជារៀងរាល់ ថ្ងៃអំឡុងការបិទរដ្ឋាភិបាល។ មិនតែប៉ុណ្ណោះ អ្នកតំណាងរាស្ត្រអាមេរិកក៏បានព្រមានដែរថាការបិទរដ្ឋាភិបាលក៏អាចធ្វើឱ្យរង្គោះរង្គើរដល់ទីផ្សារហិរញ្ញវត្ថុ ខណៈធនាគារ Goldman Sachs បានវាយតម្លៃថាការបិទរដ្ឋាភិបាលអាចនឹងកាត់បន្ថយកំណើនសេដ្ឋកិច្ច ០.២ភាគរយ ជារៀងរាល់សប្ដាហ៍ ប៉ុន្តែ កំណើននឹងស្ទុះងើបឡើងវិញ នៅពេលរដ្ឋាភិបាលដំណើរការពេញលេញ៕ ប្រភព៖ Fresh news

 

អត្ថបទទាក់ទង