នៅពេលដែលគោលការណ៍ច្បាប់និងមូលដ្ឋានគ្រឹះនៃច្បាប់ ត្រូវបានគេយកទៅបកស្រាយបែបកេងចំណេញនយោបាយ
#OpEd
ខ្ញុំគោរពសេរីភាពសារព័ត៌មាន និងសិទ្ធិជាមូលដ្ឋានក្នុងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសនៅពេលដែលមតិទាំងនោះផុសចេញពីស្មារតីស្នេហាជាតិ និងឆន្ទៈក្នុងការជំរុញលទ្ធិប្រជាធិបតេយ្យនិងការកសាងនីតិរដ្ឋពិតប្រាកដនៅកម្ពុជា។ ប៉ុន្តែ ក្នុងនាមជារដ្ឋអធិបតេយ្យមួយ ប្រសិនបើគោលការណ៍ទូទៅ និងមូលដ្ឋានគ្រឹះនៃច្បាប់អន្តរជាតិ ត្រូវបានគេយកទៅបកស្រាយទាញទម្លាក់ក្នុងរបៀបវារៈនយោបាយ តើកម្ពុជាអាចសម្រេចបាននូវគោលដៅកសាងនីតិរដ្ឋដ៏រឹងមាំមួយនៅលើឆាកអន្តរជាតិបានដោយរបៀបណា?
ថ្មីៗនេះ មានការជជែកវែកញែកយ៉ាងក្តៅគគុកក្នុងចំណោមមហាជន និងអ្នកអត្ថាធិប្បាយមួយចំនួនជុំវិញកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ។ ទិដ្ឋភាពដែលត្រូវបានលើកយកមកជជែកច្រើនជាងគេ គឺការចោទសួរថា តើការយល់ព្រមរក្សាស្ថានភាពដើម ឬ “Status Quo” ជាការចុះចាញ់ និងការទទួលស្គាល់ការបាត់បង់ទឹកដីផ្លូវច្បាប់ដែរឬទេ? ការជជែកវែកញែកពីបញ្ហាព្រំដែនជារឿងរសើប ដែលទាមទារនូវភាពស្មោះត្រង់ខាងវិជ្ជាជីវៈខ្ពស់បំផុត។ ការបកស្រាយច្បាប់អន្តរជាតិ និងការទូត ដោយលាយឡំនឹងការកេងចំណេញនយោបាយ មិនត្រឹមតែធ្វើឱ្យមហាជនយល់ច្រឡំទេ តែវាថែមទាំងបង្ហាញពីចំណុចខ្សោយរបស់យើងទៅកាន់បរទេសផងដែរ។
គោលដៅចម្បងនៃការលើកយកទិដ្ឋភាពច្បាប់មកវិភាគនៅពេលនេះ គឺដើម្បីផ្តល់នូវពន្លឺនៃការពិតជូនដល់សាធារណជន ដោយឯករាជ្យ និងផ្អែកលើច្បាប់ ជៀសវាងកុំឱ្យអ្នកវិភាគ ឬអ្នកបង្កើតមាតិកាសង្គម (Content Creators) មួយចំនួន យកពាក្យបច្ចេកទេសច្បាប់ទៅវិភាគបំភ្លៃ ក្នុងទិសដៅបម្រើរបៀបវារៈនយោបាយណាមួយ ដែលនាំឱ្យខូចប្រយោជន៍ជាតិ។
តើការដែលកម្ពុជាសម្រេចបាននូវបទឈប់បាញ់ ក្រោមការសម្របសម្រួលពីប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក (ក្នុងអាណត្តិលោក ដូណាល់ ត្រាំ) និងការចូលរួមដើរតួនាទីយ៉ាងសំខាន់ពីប្រទេសចិន សម្រាប់កិច្ចព្រមព្រៀងនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅនេះ ជាការបន្ទាបអធិបតេយ្យភាពជាតិឬ? តាមទិដ្ឋភាពច្បាប់ វត្ថុបំណងនៃកិច្ចព្រមព្រៀងសន្តិភាព គឺដើម្បីទប់ស្កាត់សង្គ្រាម និងសង្គ្រោះជីវិតមនុស្ស។ ចំណែកឯ “Status Quo” គឺជាយន្តការបច្ចេកទេសផ្លូវច្បាប់បណ្តោះអាសន្នប៉ុណ្ណោះ។
ដើម្បីឱ្យសាធារណជនយល់ដឹងច្បាស់លាស់ពីអត្ថន័យពិតប្រាកដ និងមិនក្លាយជាចំណាប់ខ្មាំងនៃការបកស្រាយខុស យើងត្រូវវែកញែកគោលការណ៍ “Status Quo” តាមរយៈទិដ្ឋភាពសំខាន់ៗចំនួន ៥ ដូចខាងក្រោម៖
១. “Status Quo” ជាយន្តការទប់ស្កាត់ជម្លោះ មិនមែនជាការកំណត់អធិបតេយ្យភាពទេ (De Jure)
ក្នុងច្បាប់ជម្លោះប្រដាប់អាវុធ “Status Quo” គឺជាវិធានការទប់ស្កាត់បន្ទាន់ (Provisional Measure) ដែលបញ្ជាឱ្យបញ្ឈប់សកម្មភាពយោធា ដើម្បីបើកច្រកសម្រាប់ការចរចាការទូត។ តាមនិយមន័យច្បាប់ គោលការណ៍ Status Quo ហាមប្រាម និងតម្រូវឱ្យគូភាគីវិវាទត្រូវតែរក្សាស្ថានភាពដើមនៅទីតាំងដែលខ្លួនកំពុងកាន់កាប់រៀងៗខ្លួន ហើយហាមឃាត់ដាច់ខាតនូវរាល់ទង្វើ ឬសកម្មភាពណាមួយដែលនាំឱ្យប្រែប្រួលស្ថានភាពដើមនោះ (ដូចជាការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរឹងមាំ ការពង្រីកទីតាំង ឬការផ្លាស់ប្តូរស្ថានភាពភូមិសាស្ត្រជាដើម)។
ការរក្សាភាពស្ងប់ស្ងាត់នៅទីតាំងជាក់ស្តែង មិនមែនជាការចុះសន្ធិសញ្ញាកំណត់ព្រំដែននោះឡើយ។
លើសពីនេះ តាមលក្ខខណ្ឌច្បាប់អន្តរជាតិ ការអនុវត្ត និងការប្រកាន់ខ្ជាប់នូវគោលការណ៍ Status Quo នេះ មានន័យថា ទីតាំងដែលត្រូវបានកាន់កាប់បណ្តោះអាសន្ន ត្រូវតែប្រគល់ឱ្យគ្នាទៅវិញទៅមក (ពោលគឺត្រូវប្រគល់ត្រឡប់ទៅរកម្ចាស់អធិបតេយ្យស្របច្បាប់វិញ) នៅពេលដែលចំណុចវិវាទតាមព្រំដែនត្រូវបានចរចាដោះស្រាយបញ្ចប់ជាស្ថាពរ។ ដូច្នេះ ប្រសិនបើភាគីណាមួយរំលោភលើគោលការណ៍ “Status Quo” នេះ វាមិនបង្កើតជាសិទ្ធិស្របច្បាប់ឱ្យភាគីនោះក្លាយជាម្ចាស់ទឹកដីឡើយ។ ផ្ទុយទៅវិញ ភាគីដែលរំលោភបំពាន នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់អន្តរជាតិ ស្របពេលដែលភាគីដែលគោរពកិច្ចព្រមព្រៀង (កម្ពុជា) មានមូលដ្ឋានរឹងមាំក្នុងការប្តឹងតវ៉ាទៅយន្តការតំបន់ ឬអង្គការសហប្រជាជាតិ ដោយឈរលើគោលការណ៍អនុវត្តដោយសុចរិតភាព (Good Faith)។
២. ការវែកញែករវាងការកាន់កាប់ជាក់ស្តែង (De Facto) និងសិទ្ធិផ្លូវច្បាប់ (De Jure)
បញ្ហាចម្បងគឺការយល់ច្រឡំថា ការគ្រប់គ្រងទីតាំងយោធាជាក់ស្តែង (De Facto) ស្មើនឹងសិទ្ធិជាម្ចាស់ (De Jure)។ តាមច្បាប់អន្តរជាតិ ការកាន់កាប់ដោយយោធាមិនអាចបង្កើតជាមូលដ្ឋានច្បាប់ក្នុងការទាមទារអធិបតេយ្យភាពឡើយ (Military occupation does not confer sovereignty)។
ក្នុងបរិបទយោធា៖ កងទ័ពឈរជើងត្រង់ណា គឺរក្សាទីតាំងនោះសិន ដើម្បីចៀសវាងការផ្ទុះអាវុធ។ នេះមិនមែនជាខ្សែបន្ទាត់ព្រំដែនទេ។ សិទ្ធិជាម្ចាស់ពិតប្រាកដរបស់កម្ពុជា ត្រូវបានកំណត់ដោយឯកសារគតិយុត្តរឹងមាំដូចជា
ក្នុងបរិបទការទូត៖ យន្តការ Status Quo បង្កើត “បរិយាកាសសុវត្ថិភាព” សម្រាប់តុចរចា។ ការគោរពយន្តការនេះ បង្ហាញពីភាពចាស់ទុំខាងនយោបាយរបស់កម្ពុជា ជារដ្ឋដែលគោរពសណ្តាប់ធ្នាប់អន្តរជាតិ ដែលជំរុញឱ្យកម្ពុជាមានប្រៀបខាងផ្លូវច្បាប់ និងទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិជាពិសេសពីបណ្តាប្រទេសដែលចូលរួមសម្របសម្រួល។
៣. ការអនុវត្តយន្តការ Status Quo ជាស្តង់ដារនៃកិច្ចព្រមព្រៀងសន្តិភាពសកល
ការរក្សា Status Quo មិនមែនជារឿងចម្លែក ឬជាការចុះចាញ់នោះទេ តែវាជាស្តង់ដារអន្តរជាតិដែលអង្គការសហប្រជាជាតិ (UN) និងសហគមន៍អន្តរជាតិតែងតែប្រើប្រាស់៖យោងតាមមាត្រា ៤០ នៃធម្មនុញ្ញ UN ការរក្សា Status Quo គឺជា “វិធានការបណ្តោះអាសន្ន” ដែលមិនធ្វើឱ្យខូចខាត ឬប៉ះពាល់ដល់ការទាមទារអធិបតេយ្យភាពផ្លូវច្បាប់ចុងក្រោយរបស់ភាគីណាមួយឡើយ (Without Prejudice to Final Claims)។ ករណីជាក់ស្តែង ដូចជានៅឧបទ្វីបកូរ៉េ កិច្ចព្រមព្រៀងបទឈប់បាញ់ឆ្នាំ១៩៥៣ បានបង្កើតតំបន់គ្មានកងទ័ព (DMZ) ដោយផ្អែកលើ Status Quo។ វាគ្រាន់តែជាបន្ទាត់ឈប់បាញ់ មិនមែនជាព្រំដែនអន្តរជាតិដាច់ស្រឡះនោះទេ។
៤. គោលដៅនៃការយល់ដឹង៖ ការពារសាធារណជនពីការកេងចំណេញនយោបាយ
ដូចដែលបានបញ្ជាក់ពីខាងដើម បច្ចុប្បន្នមានអ្នកវិភាគ និងអ្នកបង្កើតមាតិកាសង្គមមួយចំនួន បាននិងកំពុងទាញយកពាក្យ “Status Quo” នេះ ទៅបកស្រាយខុសពីក្រឹត្យក្រមច្បាប់អន្តរជាតិ ដើម្បីបម្រើឱ្យទិសដៅនយោបាយរបស់ខ្លួន ឬគ្រាន់តែដើម្បីទាក់ទាញការចាប់អារម្មណ៍ (Views/Likes) ដោយដុតបញ្ឆេះកំហឹងមហាជន។
ការយកបញ្ហាអាយុជីវិតជាតិ និងបូរណភាពទឹកដី មកធ្វើជាល្បែងនយោបាយ គឺជាទង្វើដ៏គ្រោះថ្នាក់បំផុត។ ការផ្សព្វផ្សាយព័ត៌មានដែលបង្កឱ្យមានការសង្ស័យលើជំហរផ្លូវច្បាប់របស់រដ្ឋ នឹងបង្កើតជាការបែកបាក់ឯកភាពជាតិផ្ទៃក្នុង ដែលជាចំណុចខ្សោយដ៏ធំបំផុតដែលប្រទេសឈ្លានពានតែងតែចង់បាន។ នៅពេលដែលសាធារណជនយល់ច្បាស់ពីអត្ថន័យពិតប្រាកដនៃ “Status Quo” ថាវាត្រឹមតែជាយន្តការបង្កកជម្លោះបណ្តោះអាសន្ន នោះមហាជននឹងក្លាយជាជញ្ជាំងដ៏រឹងមាំ ដែលមិនអនុញ្ញាតឱ្យក្រុមឱកាសនិយមណាមួយ យកបញ្ហាព្រំដែនទៅកេងចំណេញនយោបាយ និងបំបែកបំបាក់សាមគ្គីភាពជាតិបានឡើយ។
៥. ភាពចាស់ទុំក្នុងការឆ្លើយតបនឹងសង្គ្រាមចិត្តសាស្ត្រ
ក្នុងកាលៈទេសៈដែលភាគីម្ខាងទៀតអាចប្រើប្រាស់វោហាសាស្ត្រគំរាមកំហែង ការយល់ដឹងពីអត្ថន័យនៃ “Status Quo” កាន់តែមានសារៈសំខាន់។ នេះគឺជា “សង្គ្រាមចិត្តសាស្ត្រ” (Psychological Warfare) ដែលមានគោលដៅធ្វើឱ្យភាគីកម្ពុជាបាត់បង់ការអត់ធ្មត់ និងសន្តិភាពផ្លូវចិត្ត។
ប្រសិនបើកម្ពុជាលង់តាមការញុះញង់ ហើយរំលោភលើកិច្ចព្រមព្រៀងរក្សា Status Quo មុន នោះកម្ពុជានឹងធ្លាក់ចូលក្នុងអន្ទាក់ផ្លូវច្បាប់របស់គេ ដោយក្លាយជាអ្នកបង្កហេតុនៅក្នុងក្រសែភ្នែកសហគមន៍អន្តរជាតិ។ ដូច្នេះ ការរក្សាភាពស្ងប់ស្ងាត់តាមគោលការណ៍ Status Quo មិនមែនជាភាពកំសាកទេ ប៉ុន្តែវាជា “ភាពចាស់ទុំខាងនយោបាយ និងយុទ្ធសាស្ត្រច្បាប់ដ៏វៃឆ្លាត”។ វាជាការទិញពេលវេលាដើម្បីឱ្យរណសិរ្សយោធាពង្រឹងការការពារជាតិ ខណៈដែលរណសិរ្សការទូត និងច្បាប់ រៀបចំសំណុំរឿងរឹងមាំដើម្បីតស៊ូមតិនៅលើឆាកអន្តរជាតិ។
សេចក្តីសន្និដ្ឋាន
ជារួម ផ្អែកតាមស្មារតីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បូរណភាពទឹកដីកម្ពុជាមិនអាចរំលោភបំពានបានឡើយ ហើយខ្សែបន្ទាត់ព្រំដែនជាតិត្រូវបានធានាយ៉ាងរឹងមាំដោយសន្ធិសញ្ញាប្រវត្តិសាស្ត្របារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧ ព្រមទាំងត្រូវបានពង្រឹងបន្ថែមដោយសាលដីកាស្ថាពររបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ឆ្នាំ១៩៦២ និងឆ្នាំ២០១៣។
ក្នុងបរិបទនៃជម្លោះព្រំដែនកម្ពុជា-ថៃ ការយល់ព្រមលើកិច្ចព្រមព្រៀងបទឈប់បាញ់ដោយរក្សា “Status Quo” មិនមែនជាការកែប្រែរដ្ឋធម្មនុញ្ញ ឬជាការលះបង់នូវសិទ្ធិអធិបតេយ្យភាពស្របច្បាប់ (De Jure) របស់យើងនោះទេ។ ផ្ទុយទៅវិញ វាគឺជាការអនុវត្តកាតព្វកិច្ចយ៉ាងខ្ជាប់ខ្ជួនក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីដោះស្រាយវិវាទដោយសន្តិវិធី ទប់ស្កាត់ការបង្ហូរឈាម និងបើកផ្លូវសម្រាប់ការចរចាការទូតដោយស្មើមុខស្មើមាត់។
ដូច្នេះ ក្នុងនាមជារដ្ឋអធិបតេយ្យមួយដែលកំពុងខិតខំពង្រឹងការកសាងនីតិរដ្ឋ និងគោរពសណ្តាប់ធ្នាប់អន្តរជាតិ ការជជែកវែកញែកលើបញ្ហាព្រំដែន គប្បីធ្វើឡើងដោយឈរលើស្មារតីស្ថាបនា ផ្អែកលើទឡ្ហីករណ៍ច្បាប់ និងភស្តុតាងជាមូលដ្ឋាន ជាជាងការបកស្រាយដោយលាយឡំនឹងមនោសញ្ចេតនានយោបាយ ដែលអាចធ្វើឱ្យបាត់បង់ភាពច្បាស់លាស់នៃជំហរជាតិនៅលើឆាកអន្តរជាតិ។
ក្នុងកាលៈទេសៈដ៏រសើបនេះ ការការពារបូរណភាពទឹកដីដ៏មានប្រសិទ្ធភាព ទាមទារឱ្យប្រជាជាតិទាំងមូលប្រកាន់យកនូវភាពចាស់ទុំខាងការទូត ភាពនឹងនរ និងការតម្កល់ “ច្បាប់ជាតិនិងច្បាប់អន្តរជាតិ” ជាមូលដ្ឋានគ្រឹះដ៏រឹងមាំបំផុត។ ការរក្សាភាពស្ងប់ស្ងាត់ដើម្បីបើកលំហសម្រាប់ការតស៊ូមតិផ្លូវច្បាប់ គឺជាជម្រើសដ៏វៃឆ្លាត ដើម្បីធានាបាននូវអធិបតេយ្យភាព និងផលប្រយោជន៍ជាតិជាយុទ្ធសាស្ត្រក្នុងរយៈពេលវែង៕
លោកមេធាវី ឡុង បញ្ញាវុឌ្ឍ គឺជាស្ថាបនិកក្រុមហ៊ុនមេធាវី PAN & Associates Law Firm។ ទស្សនៈដែលបានលើកឡើងគឺជាទស្សនៈរបស់លោកផ្ទាល់៕





