Grand News Asia Close

វិភាគអន្តរជាតី៖ ហេតុអ្វីហេសបូឡា បង្កការគំរាមកំហែងដល់អ៉ីស្រាអែល ធំជាងហាម៉ាស?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ 310
វិភាគអន្តរជាតី៖ ហេតុអ្វីហេសបូឡា បង្កការគំរាមកំហែងដល់អ៉ីស្រាអែល ធំជាងហាម៉ាស? វិភាគអន្តរជាតី៖ ហេតុអ្វីហេសបូឡា បង្កការគំរាមកំហែងដល់អ៉ីស្រាអែល ធំជាងហាម៉ាស?

(វ៉ាស៊ីនតោន)៖ ចាប់តាំងពីសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស ផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ក្រុមហេសបូឡាមានមូលដ្ឋាននៅលីបង់ បានបង្ហាញសាមគ្គីភាព ជាមួយហាម៉ាស និងប្រជាជនប៉ាឡេស្ទីន តាមរយៈសកម្មភាពយោធា។ ហេសបូឡា បានបាញ់ផ្លោងគ្រាប់រ៉ុក្កែត មីស៊ីល និងដ្រូនបំពាក់គ្រឿងផ្ទុះលើភាគខាងជើងអ៉ីស្រាអែល ស្ទើរតែ រៀងរាល់ថ្ងៃ ខណៈអ៉ីស្រាអែលក៏បានដឹកនាំការវាយប្រហារសងសឹកម្ដងហើយម្ដងទៀតលើមូលដ្ឋានរបស់ហេសបូឡា ក្នុងទឹកដីលីបង់ផងដែរ។ ភាពតានតឹងរវាងគូសត្រូវទាំង២ បានឡើងដល់កម្រិតបង្កការភ័យខ្លាចផ្ទុះទៅជាសង្រ្គាមទាំងស្រុង កាលពីថ្ងៃទី២៥ ខែសីហាកន្លងទៅ ជាថ្ងៃដែលអ៉ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសដោយប្រើ យន្ដហោះចម្បាំងជាង ១០០គ្រឿង ជាការវាយប្រហារបង្ការទុកមុន ដើម្បីបំផ្លាញផែនការវាយប្រហារទ្រង់ទ្រាយធំរបស់ហេសបូឡា លើអ៉ីស្រាអែល ជាមួយការកម្ទេចប្រព័ន្ធបាញ់គ្រាប់ រ៉ុក្កែតរាប់ពាន់គ្រឿងរបស់ចលនាប្រដាប់អាវុធនៅលីបង់មួយនេះ។

ហេសបូឡាបានសងសឹកវិញភ្លាមៗ ដោយបាញ់គ្រាប់រ៉ុក្កែត និងដ្រូនជាង ៣០០គ្រឿង និងគ្រាប់ដាក់អ៉ីស្រាអែល។ ហេសបូឡាបានហៅការវាយប្រហាររបស់ខ្លួនថាជាការសងសឹក ដំណាក់កាលទី១ និងអះអាងថាស្ដុកមីស៊ីលបាលិស្ទីគរបស់ខ្លួនមានសុវត្ថិភាព ទោះជាមានការវាយប្រហារតាមផ្លូវអាកាសពីអ៉ីស្រាអែលក៏ដោយ។ បើធៀបទៅនឹងក្រុមហាម៉ាស ហេសបូឡា ត្រូវបានក្រុមអ្នកជំនាញ និងមន្ត្រីអ៉ីស្រាអែលចាត់ទុកថាជាការគំរាមកំហែងចំពោះអ៉ីស្រាអែលធំជាងហាម៉ាសទៅទៀត។

* ដូច្នេះតើអ្វីទៅជាភាពខុសគ្នារវាងហេសបូឡា និងហាម៉ាស?
ទាំងហេសបូឡា និងក្រុមហាម៉ាស សុទ្ធសឹងតែជាសម្ព័ន្ធមិត្តរបស់អ៉ីរ៉ង់។ នៅក្រោយសង្រ្គាមរវាងអ៉ីស្រាអែល និងលីបង់ កាលពីឆ្នាំ២០០៦ ហេសបូឡាបានប្រែក្លាយខ្លួនឯងទៅជា ចលនាប្រដាប់អាវុធដ៏មានឥទ្ធិពលបំផុតមួយនៅក្នុងតំបន់មជ្ឈិមបូព៌ា ហើយក៏ជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតមិនអាចខ្វះបានរបស់អ៉ីរ៉ង់ផងដែរ។ ដ្បិតមេដឹកនាំហេសបូឡាបានជួយថែរក្សា ការពារបណ្ដាញចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់នៅទូទាំងតំបន់ ក្នុងនោះរួមមានទាំងក្រុមហ៊ូទីនៅយេម៉ែន។ ក្រុមអ្នកប្រយុទ្ធហេសបូឡាមានចំនួនច្រើន សមត្ថភាពខ្លាំង ត្រូវបាន បំពាក់អាវុធ និងមានបទពិសោធន៍ធ្វើសង្រ្គាមខ្លាំងជាងក្រុមហាម៉ាស ជាពិសេសក្រោយប្រឡូកក្នុងសមរភូមិសង្រ្គាមនៅស៊ីរី ដែលផ្ទុះឡើងកាលពីឆ្នាំ២០១១។

ហេសបូឡាបានអះអាងថាខ្លួនមានក្រុមអ្នកប្រយុទ្ធជាង ១០០ ០០០នាក់ ខណៈអ៉ីស្រាអែលវាយតម្លៃថាចលនាប្រដាប់អាវុធមួយនេះមានក្រុមអ្នកប្រយុទ្ធសកម្មចន្លោះពី ២០ ០០០ ទៅ ២៥ ០០០នាក់ និងអ្នកប្រយុទ្ធបម្រុងរាប់សែននាក់។ ចំណែក ហាម៉ាសវិញបានឱ្យដឹងថាពួកគេមានក្រុមអ្នកប្រយុទ្ធ ៣០ ០០០នាក់ក្នុងតំបន់ហ្កាហ្សា មុនពេលសង្រ្គាមផ្ទុះឡើង ហើយអ៉ីស្រាអែលអះអាងថាបានសម្លាប់ក្រុមអ្នកប្រយុទ្ធហាម៉ាសប្រហែល ១៥០០០នាក់ ក្នុងសង្រ្គាមបច្ចុប្បន្ន។ បើតាមចារកម្មអ៉ីស្រាអែល ឃ្លាំងអាវុធរបស់ហេសបូឡា មានគ្រាប់ រ៉ុក្កែត មីស៊ីល ក្នុងនោះមានទាំងមីស៊ីលរយៈចម្ងាយឆ្ងាយ និងមីស៊ីលបំពាក់ប្រព័ន្ធកំណត់គោលដៅជាក់លាក់ច្រើនជាង ៧០ ០០០គ្រាប់។ តែអត្ថបទមួយចេញផ្សាយដោយសារព័ត៌មាន​ Al Jazeera បានឱ្យដឹងថាហេសបូឡាមានមីស៊ីល និងគ្រាប់រ៉ុក្កែតចន្លោះពី ១២០ ០០០ ដល់២០០ ០០០គ្រាប់នៅក្នុងឃ្លាំង ហើយបានបាញ់អស់ ៨០០០គ្រាប់ ក្នុងការវាយប្រហារ លើគោលដៅយោធារបស់អ៉ីស្រាអែល ចាប់តាំងពីខែតុលា ឆ្នាំ២០២៣មក។

ក្រៅតែពីឃ្លាំងអាវុធ ហេសបូឡាមានក្រុមអ្នកប្រយុទ្ធដែលទទួលបានការបំពាក់បំប៉ន និងឆ្លងកាត់សង្រ្គាមនៅលើសមរភូមិជាក់ស្ដែង។ អ្នកប្រយុទ្ធរបស់ហេសបូឡា បានរៀនសូត្រ និងដកស្រង់បទពិសោធន៍លើសមរភូមិនៃសង្រ្គាមស៊ីវិលនៅស៊ីរីជាទី ដែលពួកគេបានចូលរួមជាមួយអ៉ីរ៉ង់ និងកងកម្លាំងរុស្ស៉ី ដើម្បីជួយដល់របបប្រធានាធិបតីស៊ីរី លោក Bashar al-Assad យកឈ្នះលើក្រុមឧទ្ទាម។ ការចូលរួមរបស់ក្រុមហេសបូឡាក្នុងសង្រ្គាមស៊ីរី គឺជារឿងចាំបាច់ ពីព្រោះថាស៊ីរីនៅក្រោមការដឹកនាំរបស់លោក Assad គឺជាផ្លូវដឹកជញ្ជូនមួយ ដ៏ំសំខាន់សម្រាប់ហេសបូឡា ទទួលជំនួយយោធាពីអ៉ីរ៉ង់ ដែលគ្មានព្រំដែនជាមួយលីបង់។

គួរបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមហ្កាហ្សាផ្ទុះឡើងមក មនុស្សជាង ៥៦០នាក់ ក្នុងនោះមានទាំងក្រុមអ្នកប្រយុទ្ធហេសបូឡា ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៉ីស្រាអែល លើភាគខាងត្បូងលីបង់។ នេះបើតាមអាជ្ញាធរសុខាភិបាលលីបង់ ខណៈខាងអាជ្ញាធរអ៉ីស្រាអែលបានឱ្យដឹងថាជនស៊ីវិល ២៦នាក់ និងទាហាន២៤នាក់ត្រូវបានសម្លាប់ក្នុងការបាញ់ ផ្លោងរបស់ក្រុមហេសបូឡាលើភាគខាងជើងអ៉ីស្រាអែល ហើយមនុស្សជាង ២០០ ០០០នាក់បានភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេតាមបណ្ដោយព្រំដែនរវាងអ៉ីស្រាអែល និងលីបង់៕ ប្រភព៖ Fresh News

អត្ថបទទាក់ទង