Cambodia PR Team ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែន ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦
Cambodia PR Team ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែន ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែន
ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦
សំណួរទី១៖ តើអ្វីជាចេតនារបស់ក្រុមប្រឆាំងដែលបន្ទោសរាជរដ្ឋាភិបាលថាមិនប្រើសិទ្ធិការពារខ្លួន និងបណ្តោយឱ្យថៃឈ្លានពានតាមចិត្ត?
ចម្លើយ៖ ការលើកឡើងរបស់ក្រុមប្រឆាំងក្នុងន័យស្តីបន្ទោសថា រាជរដ្ឋាភិបាលមិនប្រើសិទ្ធិការពារខ្លួន និងបណ្តោយឱ្យថៃឈ្លានពានតាមអំពើចិត្ត គឺជាការព្យាយាមបង្កើតការសង្ស័យ និងកាត់បន្ថយទំនុកចិត្តរបស់សាធារណជនចំពោះវិធានការដែលរាជរដ្ឋាភិបាលកំពុងអនុវត្ត។ ពួកគេសង្ឃឹមថា ការផ្សព្វផ្សាយបែបនេះអាចធ្វើឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំចំពោះរាជរដ្ឋាភិបាលថា មិនបានធ្វើអ្វីដើម្បីការពារផលប្រយោជន៍ជាតិ ប៉ុន្តែ តាមការជាក់ស្តែង រាជរដ្ឋាភិបាលបាននិងកំពុងប្រើប្រាស់មធ្យោបាយដែលស្របតាមច្បាប់អន្តរជាតិ និងទទួលស្គាល់ដោយសហគមន៍អន្តរជាតិ។
លើសពីនេះ ការយកបញ្ហាអធិបតេយ្យភាព និងបូរណភាពទឹកដីមកធ្វើជាប្រធានបទវាយប្រហារក្រោមគោលបំណងនយោបាយ អាចប៉ះពាល់ដល់សាមគ្គីភាពជាតិក្នុងពេលដែលកម្ពុជាត្រូវការការឯកភាព និងការគាំទ្រពីប្រជាពលរដ្ឋទាំងអស់ ដើម្បីការពារផលប្រយោជន៍ជាតិប្រកបដោយប្រសិទ្ធភាព។ និយាយដោយខ្លី ក្រុមប្រឆាំងជ្រុលនិយមមួយដំបរស្វាដែលរស់នៅក្រៅប្រទេសមិនដែលធ្វើអ្វីចំណេញដល់ប្រទេសជាតិទាល់តែសោះ ពិសេសក្នុងបញ្ហាបូរណភាពទឹកដី។ ពួកគេតែងហុចដងដាវឱ្យសត្រូវរហូតមក។
សំណួរទី២៖ ហេតុអ្វីបានជាក្រុមប្រឆាំងតែងតែទាមទារឱ្យរាជរដ្ឋាភិបាលប្រើកម្លាំងឆ្លើយតបជាមួយថៃ?
ចម្លើយ៖ ការលើកឡើងបែបនេះច្រើនតែផ្អែកលើអារម្មណ៍ និងមានគោលបំណងនយោបាយ ជាជាងការពិចារណាពីផលប្រយោជន៍ជាតិរយៈពេលវែង។ ការប្រើប្រាស់កម្លាំងយោធាដោយមិនចាំបាច់ អាចនាំឱ្យមានការបាត់បង់ជីវិតប្រជាពលរដ្ឋ ប៉ះពាល់ដល់សេដ្ឋកិច្ច និងធ្វើឱ្យកម្ពុជាបាត់បង់ការគាំទ្រពីសហគមន៍អន្តរជាតិ។ ផ្ទុយទៅវិញ រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជាបានជ្រើសរើសដំណោះស្រាយសន្តិវិធីដែលផ្តល់ដំណោះស្រាយពិតប្រាកដ ហើយស្របតាមច្បាប់អន្តរជាតិ ដើម្បីរក្សាជំហរសីលធម៌ និងភាពស្របច្បាប់របស់ខ្លួននៅលើឆាកអន្តរជាតិ។ នេះជាប្រៀបខ្លាំងរបស់កម្ពុជាក្នុងការបន្តការពារអធិបតេយ្យភាពជាតិយ៉ាងម៉ឺងម៉ាត់។
សំណួរទី៣៖ តើការមិនប្រើកម្លាំងយោធាឆ្លើយតបភ្លាមៗ មានន័យថាកម្ពុជាទន់ខ្សោយ ឬខ្លាចថៃដូចដែលក្រុមប្រឆាំងចោទប្រកាន់ដែរឬទេ?
ចម្លើយ៖ មិនមែនទេ។ ភាពរឹងមាំរបស់រដ្ឋមួយមិនមែនវាស់វែងត្រឹមតែសមត្ថភាពប្រើអាវុធប៉ុណ្ណោះទេ ប៉ុន្តែត្រូវ វាស់វែងតាមរយៈសមត្ថភាពក្នុងការគ្រប់គ្រងវិបត្តិ ការពារផលប្រយោជន៍ជាតិ និងរក្សាការគាំទ្រពីសហគមន៍អន្តរជាតិ។ កម្ពុជាបានបង្ហាញរួចមកហើយថា ការប្រើប្រាស់យន្តការច្បាប់អន្តរជាតិ និងការទូតអាចទទួលបានលទ្ធផលជាក់ស្តែង ដូចករណីប្រាសាទព្រះវិហារ និងសាលដីកាបកស្រាយឆ្នាំ២០១៣។ ដូច្នេះ ការអត់ធ្មត់ និងការប្រើប្រាស់ច្បាប់អន្តរជាតិ មិនមែនជាសញ្ញានៃភាពទន់ខ្សោយទេ ប៉ុន្តែ ជាការគ្រប់គ្រងស្ថានការណ៍ដោយការទទួលខុសត្រូវ ដោយភាពចាស់ទុំ និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយ៕





