Grand News Asia Close

កម្ពុជា និងខេត្តហៃណាន ប្រទេសចិន មានការហោះហើរត្រង់បួនជើងក្នុងមួយសប្តាហ៍ ខណៈវិស័យកសិកម្ម ក៏មានកិច្ចសហការល្អដែរ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានជាតិ 201
កម្ពុជា និងខេត្តហៃណាន ប្រទេសចិន មានការហោះហើរត្រង់បួនជើងក្នុងមួយសប្តាហ៍ ខណៈវិស័យកសិកម្ម ក៏មានកិច្ចសហការល្អដែរ កម្ពុជា និងខេត្តហៃណាន ប្រទេសចិន មានការហោះហើរត្រង់បួនជើងក្នុងមួយសប្តាហ៍ ខណៈវិស័យកសិកម្ម ក៏មានកិច្ចសហការល្អដែរ

ភ្នំពេញ៖ កម្ពុជា និងខេត្តហៃណាន ប្រទេសចិន មានការហោះហើរត្រង់រហូតដល់បួនជើងក្នុងមួយសប្តាហ៍ ។ជាពិសេស ខេត្តហៃណាន ក៏មានកិច្ចសហការល្អជាមួយកម្ពុជាលើវិស័យកសិកម្ម ។ នេះជាបញ្ជាក់របស់ឯកឧត្តម ហ្វេង ហ្វៃ (feng fei) លេខាធិការបក្សកុម្មុយនីស្តចិន ខេត្តហៃណាន ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជានារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញចូលរួមវេទិកាបូអាវ ឆ្នាំ២០២៤ នៅក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន។

នៅក្នុងជំនួបនេះឯកឧត្តម ហ្វេង ហ្វៃ បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងសុន្ទរកថាដ៏មានអត្ថន័យជ្រាលជ្រៅទូលំទូលាយសម្រាប់វេទិកាបូអាវ។ ឯកឧត្តម បានបញ្ជាក់ថា សម្តេចតេជោ ជាមិត្តចាស់ ជាមិត្តល្អជាងគេដែលបានអញ្ជើញមកកាន់ខេត្តហៃណានច្រើនលើកច្រើនសារ។ ឯកឧត្តម បង្ហាញនូវការស្វាគមន៍ពេលសម្តេចតេជោអញ្ជើញមកលើកក្រោយៗទៀត។

ឯកឧត្តម ហ្វេង ហ្វៃ បានកត់សម្គាល់ថា ខេត្តហៃណាន និងកម្ពុជា នារយៈពេលចុងក្រោយនេះមានកិច្ចសហការជាច្រើន ខណៈនៅក្នុងឆ្នាំ២០២៤នេះជាឆ្នាំ នៃការផ្លាស់ប្តូរប្រជាជន និង ប្រជាជនរវាងកម្ពុជា និងចិន ។ ឯកឧត្តម បានបង្ហាញការរីករាយដែលកម្ពុជា និងខេត្តហៃណានមានការហោះហើរត្រង់រហូតដល់បួនជើងក្នុងមួយសប្តាហ៍ ។

ឯកឧត្តមបានបន្តថា ខេត្តហៃណាន ក៏មានកិច្ចសហការល្អជាមួយកម្ពុជា លើវិស័យកសិកម្ម ព្រមទាំងបានចូលរួមបណ្តះុបណ្តាលជាច្រើន ដោយសារខេត្តហៃណានមានមជ្ឈមណ្ឌលកសិកម្មត្រូពិចមួយ ហើយកន្លងមកខេត្តហៃណានបានទៅបើកមជ្ឈមណ្ឌលពាណិជ្ជកម្មត្រូពិចមួយនៅកម្ពុជា ដែលជាកិច្ចសហការមួយដ៏ល្អលើវិស័យកសិកម្មរវាងខេត្តហៃណាន និងកម្ពុជា។

ឯកឧត្តម លេខាធិការបក្សកុម្មុយនីស្តចិន ខេត្តហៃណាន បានជម្រាបសម្តេចតេជោថា ឆ្នាំ២០១៨ កម្ពុជា បានបើកអគ្គកុងស៊ុលនៅហៃគូ ដែលការបើកនេះ បានជំរុញកិច្ចសហការរវាងហៃណាន និងកម្ពុជាកាន់តែរីកចំរើន ទូលំទូលាយជាងមុន។ ឯកឧត្តម បានបញ្ជាក់ថា ខេត្តហៃណានជាខេត្តមួយសំខាន់ និងជាតំបន់ពាណិជ្ជកម្មសេរី ដូច្នេះសង្ឃឹមថា ថ្ងៃមុខនឹងមានកិច្ចសហការពាណិជ្ជកម្មជាមួយកម្ពុជាកាន់តែច្រើន។

ឯកឧត្តម ហ្វេង ហ្វៃ បានជម្រាបសម្តេចតេជោបន្តថា ខេត្តហៃណាន លើកលែងទិដ្ឋាការរហូតដល់៥៩ប្រទេសដែលធ្វើឲ្យអ្នកទេសចរណ៍កាន់តែមានចំនួនច្រើនមកទស្សនកិច្ចខេត្តហៃណាន ។ក្នុងមួយឆ្នាំមានអ្នកទេសចរប្រមាណ៩០លាននាក់ បានមកទស្សនកិច្ច ដោយសារអាកាសធាតុល្អ និងហោះហើរជិតពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ខណៈដែលប្រជាពលរដ្ឋនៅខេត្តនេះមានត្រឹមតែ ១០លាននាក់ប៉ុណ្ណោះដែលរស់នៅ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីរីករាយនៅពេលដែលបានឃើញទំនាក់ទំនងល្អរវាងកម្ពុជា និងចិន ។ សម្តេចតេជោ បានរំលឹកថា សម្តេចបានអញ្ជើញមកកាន់ខេត្តហៃណានច្រើនលើកហើយ តែនៅពេលខាងមុខសម្តេចរីករាយនឹងអញ្ជើញមកកាន់ហៃណានបន្តទៀត។

សម្តេច ក៏បានបង្ហាញចំណាប់អារម្មណ៍របស់សម្តេចពីការអញ្ជើញទស្សនកិច្ចនៅវិទ្យាស្ថានកសិកម្មត្រូពិច ដែលមានការកែច្នៃផលិតផលបានច្រើន ជាពិសេសការកែច្នៃបច្ចេកវិទ្យាដូចជា ជ័រកៅស៊ូ សាប៊ូ ទឹកអប់ មីដែលធ្វើពីសាច់ដូង ដែលការស្រាវជ្រាវរបស់វិទ្យាកសិកម្មនោះមានភាពទូលំទូលាយណាស់។

សម្តេចតេជោ ហ៊ុន សែន បានអរគុណខេត្តហៃណាន ជាពិសេសវិទ្យាស្ថានកសិកម្មនេះបានបើកមជ្ឈមណ្ឌលពាណិជ្ជកម្មត្រូពិចមួយនៅកម្ពុជា ដែលបានបង្កើនជំរុញកិច្ចសហការលើការស្រាវជ្រាវឲ្យបានទិន្នផលខ្ពស់នៅកម្ពុជា ៕
ដោយៈ វណ្ណលុក

អត្ថបទទាក់ទង