ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី បញ្ជាក់លម្អិតអំពីដំណើរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅប្រទេសអូស្ត្រាលី
នាល្ងាចថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ស្តីពីដំណើរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅប្រទេសអូស្ត្រាលី។
នាឱកាសនោះ ឯកឧត្តម មាស សុភ័ណ្ឌ បានបញ្ជាក់ថា តបតាមការអញ្ជើញរបស់ ឯកឧត្តម Anthony Albanese នាយករដ្ឋមន្រ្តីអូស្រ្តាលី សម្ដេចមហាធិបតី នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្រ្តាលី និងកិច្ចប្រជុំពាក់ព័ន្ធ (Special Summit to Commemorate the 50th Anniversary of ASEAN-Australia Dialogue Relations) ចាប់ពីថ្ងៃទី០១-០៧ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្រ្តាលី។
ក្នុងដំណើរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលីនេះ សម្តេចធិបតី នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពេញអង្គ ដែលនឹងផ្តោតលើ កិច្ចសហប្រតិបត្តិការអាស៊ាន-អូស្រ្តាលី ក្រោមសសរស្តម្ភទាំងបីរបស់អាស៊ាន និងកិច្ចប្រជុំកំពូលចង្អៀត ដែលនឹងផ្តោតលើ «ចក្ខុវិស័យសម្រាប់តំបន់, បញ្ហាយុទ្ធសាស្រ្ត និងវិធីសាស្រ្ត ដែលអាស៊ាន និងអូស្រ្តាលី អាចធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមរួម»។ កិច្ចប្រជុំពិសេសនេះនឹងផ្តល់ឱកាសដល់ថ្នាក់ដឹកនាំក្នុងការកំណត់ទិសដៅអនាគតរួម និងទំនាក់ទំនងកាន់តែស៊ីជម្រៅ តាមរយៈការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវអាទិភាពសំខាន់ៗ នៃភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយអាស៊ាន-អូស្រ្តាលី។
ឯកឧត្តម មាស សុភ័ណ្ឌ បានបន្តថា សម្តេចធិបតី ក៏នឹងមានកម្មវិធីសំខាន់ៗមួយចំនួនទៀត រួមមាន៖ (១) ជំនួបទ្វេភាគីជាមួយ ឯកឧត្តម Anthony Albanese នាយករដ្ឋមន្រ្តីអូស្រ្តាលី (២) ជំនួបទ្វេភាគីជាមួយ ឯកឧត្តម Ferdinand Romualdez Marcos Jr. ប្រធានាធិបតីហ្វីលីពីន (៣) ជំនួបទ្វេភាគីជាមួយ ឯកឧត្តម Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៊ី (៤) ជំនួបទ្វេភាគីជាមួយ ឯកឧត្តម Lee Hsien Loong នាយករដ្ឋមន្រ្តីសិង្ហបុរី និង (៥) ជំនួបក្រៅផ្លូវការ (Pull-Aside) ជាមួយ ឯកឧត្តម Christopher Luxon នាយករដ្ឋមន្រ្តីនូវ៉ែលសេឡង់ ផងដែរ។
ក្រៅពីកម្មវិធីខាងលើ សម្តេចធិបតី នឹងអញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ច កម្ពុជា-អូស្រ្តាលី ២០២៤ ដែល សម្តេចធិបតី នឹងថ្លែងសន្ទរកថាគន្លឹះ ស្តីពី “គោលនយោបាយសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា និងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា-អូស្រ្តាលី”។ សម្ដេចធិបតី ក៏នឹងទទួលជំនួបសម្តែងការគួរសមជាបន្តបន្ទាប់ ដោយបណ្តាក្រុមហ៊ុនវិនិយោគធំៗអូស្រ្តាលី ដែលវិនិយោគលើវិស័យសំខាន់ៗដូចជា៖ ធនាគារ ហិរញ្ញវត្ថុ ឧស្សាហកម្ម ឡូជីស្ទីក ថាមពលនិងឧស្ម័ន កសិកម្មនិងការកែច្នៃម្ហូបអាហារ ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល និងអបរំ ជាដើម។ល។ ដោយឡែក ក្នុងឱកាសស្នាក់នៅទីក្រុងម៉ែលប៊ននេះដែរ សម្ដេចធិបតី ក៏នឹងអញ្ជើញសំណេះសំណាលជាមួយនិស្សិតខ្មែរ និងបងប្អូនប្រជាពលរដ្ឋសហគមន៍ខ្មែរ ដែលកំពុងសិក្សា និងរស់នៅប្រទេសអូស្រ្តាលី និងនូវ៉ែលសេឡង់ ផងដែរ។
ឯកឧត្តម មាស សុភ័ណ្ឌ បានគូសបញ្ជាក់ថា សម្តេចធិបតី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជាវិញ នៅវេលារំលងអាធ្រាតថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤។