ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦
សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS-2026) ក្រោមប្រធានបទ «រួមគ្នាឆ្ពោះទៅកាត់ផ្ដាច់ច្រវាក់និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានបិទបញ្ចប់ហើយ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ និងបានអនុម័ត «សេចក្តីប្រកាសទីក្រុងភ្នំពេញ» ដោយបានបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែនពាក់ព័ន្ធផ្សេងទៀត។
សេចក្តីប្រកាសទីក្រុងភ្នំពេញមាន១១ចំណុច និងបានអំពាវនាវឱ្យមានការឆ្លើយតបថា្នក់ជាតិ តំបន់ និងសាកលលោកដើម្បី៖(១)ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ (២)កាត់ផ្ដាច់ច្រវាក់ឧក្រិដ្ឋកម្ម (៣) រារាំង និងប្រមូលត្រឡប់មកវិញនូវផលនៃបទល្មើស (៤)ទាញយកប្រយោជន៍ពីនវានុវត្តន៍បច្ចេកវិទ្យា (៥)ពង្រឹងក្របខ័ណ្ឌគោលនយោបាយ ច្បាប់ និងបទប្បញ្ញត្តិ (៦)កសាងសមត្ថភាពនិងភាពធន់ (៧) ពង្រឹងភាពជាដៃគូរវាងរដ្ឋនិងឯកជន (៨)គាំពារការការពារជនរងគ្រោះដោយការជួញដូរមនុស្ស និងជនងាយរងគ្រោះ (៩)អនុវត្តគោលការណ៍មិនផ្តន្ទាទោសចំពោះជនរងគ្រោះ (១០)ទប់ស្កាត់ការឆបោកនិងការជួញដូរមនុស្ស និង(១១)លុបបំបាត់ទីតាំងឆបោកធំៗ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ។
ជារួម សេចក្តីប្រកាសនេះគ្របដណ្តប់លើការសម្របសម្រួលការអនុវត្តច្បាប់ ការកាត់ផ្តាច់រំហូរហិរញ្ញវត្ថុខុសច្បាប់ ការប្រមូលទ្រព្យសម្បត្តិត្រឡប់មកវិញ ការការពារជនរងគ្រោះ និងវិធានការនានាដើម្បីលុបបំបាត់ទីតាំងឆបោកធំៗនិងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ។ សន្និសីទបានប្រព្រឹត្តទៅដោយមានការរៀបចំវេទិកាកម្រិតខ្ពស់ស្តីពី «ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាបញ្ហាបន្ទាន់ក្នុងសាកលលោក» និងវេទិកាពិភាក្សាចំនួន ៣ ដែលផ្តោតលើកិច្ចសហប្រតិបត្តិការអន្តរជាតិ ការអនុវត្តច្បាប់ បច្ចេកវិទ្យា ការកាត់ផ្តាច់ហិរញ្ញវត្ថុ ភាពជាដៃគូរវាងរដ្ឋនិងឯកជន និងការការពារជនរងគ្រោះ។
សន្និសីទអន្តរជាតិនេះបានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺពីថ្ងៃទី ២៣ ដល់ ២៤ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការសហការគាំទ្រពីការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) អង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ (INTERPOL) និងមជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្ម អនុវត្តច្បាប់ មេគង្គ-ឡានឆាង (LMLECC)។ អង្គសន្និសីទបានប្រមូលផ្តុំអ្នកចូលរួមជាង ៦០០នាក់ មកពី ២៨ ប្រទេស និងអង្គការអន្តរជាតិចំនួន៧។
នៅក្នុងកម្មវិធីបើកនៃសន្និសីទ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា «ទីតាំងឆបោកធំៗពុំមានទៀតឡើយនៅក្នុងទឹកដីកម្ពុជា» ហើយកម្ពុជា «នឹងមិនក្លាយជាទីជម្រកសុវត្ថិភាពសម្រាប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះឡើយ»។ សម្តេចនាយករដ្ឋមន្តី្រ ក៏បានសង្កត់ធ្ងន់ដែរថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមិនមែនកើតចេញពីប្រទេសកម្ពុជា ហើយក៏មិនមែនមានតែនៅក្នុងប្រទេសកម្ពុជាដែរ។ រីឯការយកការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាលេសក្នុងគោលបំណងឈ្លានពាន ឬកាន់កាប់ទឹកដីរបស់ប្រទេសផ្សេងទៀតនោះ «គឺជាការរំលោភបំពានយ៉ាងច្បាស់ទៅលើគោលការណ៍ច្បាប់អន្តរជាតិ»។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការតាមចាប់ខ្លួនជនល្មើស ការបង្ក្រាបបណ្ដាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការបង្កកទ្រព្យសម្បត្តិដែលជាផលនៃបទល្មើស ព្រមទាំងបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការចែករំលែកព័ត៌មាន ការស៊ើបអង្កេតផ្នែកហិរញ្ញវត្ថុ ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ការកសាងសមត្ថភាព ភាពជាដៃគូរវាងរដ្ឋនិងឯកជន ការការពារជនរងគ្រោះ និងការលើកកម្ពស់ការយល់ដឹងជាសាធារណៈឱ្យកាន់តែទូលំទូលាយ។
សន្និសីទអន្តរជាតិនេះក៏បានកត់សម្គាល់ដោយក្តីពេញចិត្តចំពោះការប្តេជ្ញាចិត្ត និងលទ្ធផលជាក់ស្តែងរបស់ប្រទេសកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ជាក់ស្តែង ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ អាជ្ញាធរកម្ពុជាបានចុះស្រាវជ្រាវ និងបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចំនួន ៨៣២ ទីតាំង បានញ្ចូនសំណុំរឿងចំនួន ៤៤៦ ទៅតុលាការ និងជនសង្ស័យចំនួនជិត ៤.០០០ នាក់ត្រូវបានឃុំខ្លួន។ ជនបរទេសសរុបចំនួនជាង ២២.០០០ នាក់ ដែលមាន ៣៨ សញ្ជាតិត្រូវបានបណ្ដេញចេញ។
សន្និសីទក៏បានកត់សម្គាល់ដែរថា បណ្ដាញឧក្រិដ្ឋជននៅតែបន្តសម្របខ្លួន តាមរយៈការបំបែកជាក្រុមតូចៗ ដោយទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យាថ្មីៗនិងបញ្ញាសិប្បនិម្មិត។ រាជរដ្ឋាភិបាលកម្ពុជា មានជំនឿយ៉ាងមុតមាំថា ការបង្ក្រាបតែមួយមុខ គឺមិនទាន់គ្រប់គ្រាន់នោះទេ។ ដើម្បីលុបបំបាត់បណ្ដាញឧក្រិដ្ឋជន ចាំបាច់ត្រូវមានកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ក្នុងការកាត់ផ្តាច់លំហប្រតិបត្តិការ។
ក្នុងសុន្ទរកថាបិទសន្និសីទ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នេត្រ សាវឿន ក៏បានសង្កត់ធ្ងន់លើវិធានការសំខាន់ចំនួន៣គឺ វិធានការបង្ការការពារ វិធានការអនុវត្តច្បាប់ម៉ឺងម៉ាត់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិដែលជាសមាសភាពចូលមិនអាចខ្វះបាន។ ក្នុងន័យនេះ កម្ពុជាបានបញ្ជាក់ជាថ្មីអំពីការប្ដេជ្ញាចិត្តរបស់ខ្លួន ក្នុងការធ្វើការជាមួយដៃគូអន្តរជាតិ ដើម្បីប្រែក្លាយការប្តេជ្ញាចិត្តទាំងនេះឱ្យទៅជាសកម្មភាពប្រកបដោយចីរភាព និងវិធានការដែលមានប្រសិទ្ធភាព សម្រាប់ការការពារជនរងគ្រោះ ព្រមទាំងទប់ស្កាត់បណ្ដាញឆបោកមិនឱ្យកើតមានឡើងវិញជាដាច់ខាត៕
សូមអរគុណ!





