Grand News Asia Close

សន្តិភាពមិនត្រូវវាស់ដោយសុន្ទរកថាតែមួយមុខនោះទេ គឺត្រូវ ទៅមើលការអនុវត្តន៌ជាក់ស្តែង

ដោយ៖ Morm Sokun ​​ | 1 ម៉ោងមុន ទស្សនៈ-Opinion 1015


ដោយ៖លោកតា

អត្ថបទឆ្លើយតបទៅ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរៈគុល នៅមហាសន្និបាតអង្គការសហប្រជាជាតិ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦

ខ្ញុំបានស្តាប់លោកនាយករដ្ឋមន្ត្រី ថៃ អនុទីន ដែលថ្លែងអំពីសន្តិភាព កិច្ចសន្ទនា និងទំនុកចិត្តរវាងប្រទេសជិតខាង។ កម្ពុជាក៏ចង់បានសន្តិភាព និងទំនាក់ទំនងល្អជាមួយថៃដែរ។ ប៉ុន្តែប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់នៅតាមព្រំដែន ត្រូវការចម្លើយលើសពីពាក្យពេចន៍៖ តើការប្តេជ្ញាចិត្តដែលថ្លែងនៅអង្គការសហប្រជាជាតិ នឹងក្លាយជាសកម្មភាពជាក់ស្តែងនៅពេលណា?

លោកនាយករដ្ឋមន្ត្រីថៃ អនុទិន បានលើកឡើងថា កម្ពុជាមិនបានផ្តល់ឱកាសពិតប្រាកដដល់កិច្ចសន្ទនា។ ប៉ុន្តែតាមការបញ្ជាក់របស់ភាគីកម្ពុជា គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក កម្ពុជា–ថៃ (JBC) ខាងកម្ពុជា បានផ្ញើកំណត់ទូតស្នើឱ្យមានកិច្ចប្រជុំពិសេស និងស្នើឱ្យក្រុមវាស់វែងរួមចុះធ្វើការនៅទីតាំងជាក់ស្តែងជាបន្តបន្ទាប់។ ភាគីកម្ពុជាបានរាយការណ៍ផងដែរថា ភាគីថៃធ្លាប់ស្នើពន្យារពេល ដោយយោងដល់នីតិវិធីរៀបចំសមាសភាព JBC របស់ខ្លួន។ ប្រសិនបើកិច្ចសន្ទនាទ្វេភាគីជាផ្លូវដែលលោក អនុទីន ជឿជាក់ពិតមែន ហេតុអ្វីមិនធ្វើឱ្យយន្តការដែលមានស្រាប់នេះដំណើរការឱ្យបានឆាប់?

នេះជាការសាកល្បងឆន្ទៈនយោបាយទីមួយ។ លោក អនុទីន គួរចាត់វិធានការភ្លាមៗ ដើម្បីឱ្យ JBC ខាងថៃមានសមាសភាព និងសិទ្ធិពេញលេញក្នុងការធ្វើការ ឆ្លើយតបជាផ្លូវការចំពោះសំណើរបស់កម្ពុជា ហើយកំណត់ថ្ងៃប្រជុំ និងថ្ងៃចុះវាស់វែងរួម។ ការប្រកាសជំហានដំបូងនេះមិនគួរពន្យារហួសពីថ្ងៃស្អែកឡើយ។ ពេលដែលលោកអំពាវនាវឱ្យកម្ពុជាកសាងទំនុកចិត្ត លោកក៏អាចបង្ហាញទំនុកចិត្តនោះតាមរយៈការឱ្យស្ថាប័នរបស់ខ្លួនអង្គុយនៅតុចរចា។

ចំពោះបញ្ហាសមុទ្រ កម្ពុជាបានជ្រើសរើសនីតិវិធីសម្រុះសម្រួលក្រោមអនុសញ្ញា UNCLOS ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីតាមច្បាប់អន្តរជាតិ។ ការប្រើនីតិវិធីនេះមិនមានន័យថាកម្ពុជាបិទទ្វារកិច្ចសន្ទនាព្រំដែនគោកឡើយ។ បញ្ហាសមុទ្រ និងបញ្ហាព្រំដែនគោកមានយន្តការដាច់ដោយឡែក។ ក្រសួងការបរទេសថៃផ្ទាល់បានបញ្ជាក់ថា ថៃបានចូលរួមកិច្ចប្រជុំដំបូងជាមួយគណៈកម្មការសម្រុះសម្រួល UNCLOS នៅខែកញ្ញា។ ដូច្នេះ ភាគីទាំងពីរអាចបន្តនីតិវិធីសមុទ្រ ហើយធ្វើឱ្យ JBC ដំណើរការលើព្រំដែនគោកក្នុងពេលតែមួយបាន។

ទន្ទឹមនឹងនោះ យើងត្រូវស្តាប់សំឡេងប្រជាពលរដ្ឋនៅទីតាំងជាក់ស្តែង។ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (AOT-KH) បានចុះសង្កេត ផ្ទៀងផ្ទាត់ និងរាយការណ៍នៅភូមិតេជោមរកត ខេត្តព្រះវិហារ។ តាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិកម្ពុជា លំនៅឋានរបស់គ្រួសារស៊ីវិល ១១៤ គ្រួសារ បានរងផលប៉ះពាល់ទាំងស្រុង ហើយមនុស្ស ៥១១ នាក់ ក្នុងនោះស្ត្រី ២៦៨ នាក់ នៅមិនទាន់អាចត្រឡប់ទៅផ្ទះវិញបាន។ នេះជាស្ថានភាពមនុស្សជាតិដែលទាមទារការឆ្លើយតបជាបន្ទាន់។

AOT-KH ក៏បានចុះសង្កេតនៅតំបន់ប្រាសាទព្រះវិហារនៅថ្ងៃទី១០ ខែកញ្ញា។ ភាគីកម្ពុជាបានរាយការណ៍អំពីការខូចខាតបេតិកភណ្ឌ និងសកម្មភាពដាក់បន្លាលួស ទូកុងតឺន័រ ព្រមទាំងសំណង់នៅតំបន់ដែលមានជម្លោះ។ ការចុះសង្កេតរបស់ AOT មានតួនាទីផ្តល់ការមើលឃើញផ្ទាល់ និងកំណត់ស្ថានភាពជាក់ស្តែង; វាមិនមែនជាសេចក្តីសម្រេចផ្លូវច្បាប់អំពីខ្សែព្រំដែនទេ។ ហេតុនេះហើយ ទើបការបន្តឱ្យ AOT ចុះពិនិត្យ និងការឱ្យ JBC ចុះវាស់វែងរួម មានសារៈសំខាន់ខ្លាំង។

ការសាកល្បងទីពីរ គឺការគោរពអធិបតេយ្យភាពនៅពេលប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម។ ខ្ញុំគាំទ្រការសហការកម្ពុជា–ថៃ ដើម្បីបង្ក្រាបការឆបោកតាមអ៊ីនធឺណិត។ ប៉ុន្តែឧក្រិដ្ឋកម្មនេះជាបណ្ដាញឆ្លងដែនដែលពាក់ព័ន្ធនឹងប្រទេសជាច្រើន។ INTERPOL បានកត់ត្រាករណីជនរងគ្រោះត្រូវបាននាំឆ្លងកាត់ប្រទេសថៃទៅកាន់មជ្ឈមណ្ឌលឆបោកនៅមីយ៉ាន់ម៉ា។ នោះបង្ហាញថា ថៃក៏មានការងារត្រូវធ្វើក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដូចជាស៊ើបអង្កេតផ្លូវឆ្លងកាត់ បណ្ដាញហិរញ្ញវត្ថុ និងអ្នកពាក់ព័ន្ធ។

ប្រសិនបើមានការយកហេតុផលបង្ក្រាបការឆបោកមកពន្យល់អំពីសកម្មភាពដែលកម្ពុជាចាត់ទុកថារំលោភអធិបតេយ្យភាពរបស់ខ្លួន ខ្ញុំសូមសួរថា៖ តើថៃនឹងទទួលយកដែរឬទេ ប្រសិនបើប្រទេសជិតខាងណាមួយប្រើហេតុផលដូចគ្នាដើម្បីឆ្លងចូលទឹកដីថៃ រហូតដល់ទីក្រុងបាងកក ដើម្បីបង្ក្រាបសំបុក Scam online ? គ្មានប្រទេសណាគួរធ្វើបែបនោះឡើយ។ ការបង្ក្រាបឧក្រិដ្ឋកម្មត្រូវធ្វើតាមការផ្លាស់ប្តូរព័ត៌មាន ភស្តុតាង ការសហការរវាងអាជ្ញាធរ និងច្បាប់អន្តរជាតិ ដោយគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក។

ពាក្យ “Don’t Thai to me” ត្រូវបានមនុស្សជាច្រើន និយាយ អំពី មិនទុកចិត្ត ថៃ ជាពិសេសប្រជាជាតិក្នុងតំបន់អាស៊ាន គឺប្រើដើម្បីបង្ហាញការខកចិត្តចំពោះគម្លាតរវាងពាក្យសន្យា និងទង្វើ។ ខ្ញុំសូមយកការខកចិត្តនោះមកដាក់ជាសំណួរដែលអាចឆ្លើយបាន៖ តើ JBC នឹងប្រជុំនៅថ្ងៃណា? តើក្រុមវាស់វែងរួមនឹងចុះទីតាំងនៅថ្ងៃណា? តើ AOT នឹងអាចបន្តសង្កេតការណ៍នៅកន្លែងពាក់ព័ន្ធបានយ៉ាងដូចម្តេច? ហើយតើប្រជាពលរដ្ឋដែលរងផលប៉ះពាល់នឹងអាចវិលត្រឡប់ទៅផ្ទះដោយសុវត្ថិភាពនៅពេលណា?

លោកនាយករដ្ឋមន្ត្រីថៃ អនុទីន បានថ្លែងថា ព្រំដែនរួមគួរជាកន្លែងនៃវិបុលភាព មិនមែនជាស្លាកស្នាមនៃជម្លោះ។ ខ្ញុំសូមគាំទ្រគោលដៅនេះ។ ដើម្បីឱ្យវាក្លាយជាការពិត ថៃនិងកម្ពុជាត្រូវគោរពបទឈប់បាញ់ ឱ្យយន្តការដែលបានព្រមព្រៀងគ្នាដំណើរការ អនុញ្ញាតឱ្យមានការសង្កេតការណ៍ និងដាក់សុវត្ថិភាពប្រជាពលរដ្ឋជាអាទិភាព។ សន្តិភាពមិនត្រូវការសុន្ទរកថាថ្មីមួយទៀតទេ។ សន្តិភាពត្រូវការកាលបរិច្ឆេទច្បាស់លាស់ សកម្មភាពដែលអាចផ្ទៀងផ្ទាត់បាន និងឆន្ទៈអនុវត្តពីភាគីទាំងពីរ៕

អត្ថបទទាក់ទង