Grand News Asia Close

«សៀវភៅស» របស់ថៃ៖ ឯកសារ ឬការអះអាង តើអ្វីជាអ្នកកំណត់ការពិត?

ដោយ៖ Morm Sokun ​​ | 57 នាទីមុន ទស្សនៈ-Opinion ព័ត៌មានជាតិ 1016
«សៀវភៅស» របស់ថៃ៖ ឯកសារ ឬការអះអាង តើអ្វីជាអ្នកកំណត់ការពិត? «សៀវភៅស» របស់ថៃ៖ ឯកសារ ឬការអះអាង តើអ្វីជាអ្នកកំណត់ការពិត?

[Op_Ed]

ការរៀបចំ «សៀវភៅស» របស់មជ្ឈមណ្ឌលព័ត៌មានរួម Joint Information Center (JIC) របស់ថៃ ស្តី​ពីស្ថានការណ៍ព្រំដែនកម្ពុជា–ថៃ បានបង្ហាញថា ជម្លោះរវាងប្រទេសទាំងពីរមិនបានកើត​ឡើងត្រឹមតែ​តាម​បណ្តោយ​ព្រំដែនទៀតទេ ប៉ុន្តែកំពុងពង្រីកទៅកាន់សមរភូមិព័ត៌មាន ការទូត និងការបកស្រាយច្បាប់​អន្តរជាតិ ដោយថៃខ្លួនឯងបានអះអាងថា ឯកសារនេះប្រមូលផ្តុំអង្គហេតុ ប្រវត្តិសាស្ត្រ កាលប្បវត្តិ ភស្តុ​តាង និង​គោល​ការណ៍ច្បាប់អន្តរជាតិ ដើម្បីឱ្យសាធារណជន អ្នកសារព័ត៌មាន អ្នកស្រាវជ្រាវ និង​សហគមន៍​អន្តរ​ជាតិអាចយកទៅពិនិត្យបាន។

ជាគោលការណ៍ កម្ពុជាមិនមានហេតុផលណាមួយត្រូវប្រឆាំងនឹងការអំពាវនាវឱ្យសាធារណជនពិនិត្យ​ព័ត៌មាន​ដោយផ្អែកលើអង្គហេតុ និងភស្តុតាងឡើយ ប៉ុន្តែសំណួរដែលគួរត្រូវបានសួរទៅវិញនោះគឺ តើអ្វី​ទៅជាអង្គ​ហេតុ? តើភស្តុតាងមានប្រភពមកពីណា? ហើយតើការបកស្រាយរបស់ភាគីថៃ អាចត្រូវ​បាន​ចាត់​ទុកថា​ជា​​ការពិតតាមផ្លូវច្បាប់ដែរឬទេ?ចម្លើយប្រាកដជា គឺមិនអាចទេ។

«សៀវភៅស» គឺជាឯកសារបង្ហាញជំហររបស់ប្រទេសថៃ វាអាចមានតម្លៃបានសម្រាប់តែការសិក្សា និង​ការយល់​ពីទស្សនៈរបស់ថៃខ្លួនឯង ប៉ុន្តែមិនមែនជាសាលក្រមរបស់តុលាការអន្តរជាតិ ឬជាការទទួល​ស្គាល់​ពីសហគមន៍អន្តរជាតិឡើយ ដូច្នេះកម្ពុជាមិនមានភាពចាំបាច់ណាមួយត្រូវប្រកួតប្រជែង​ជាមួយ​ថៃដោយការបំភ្លឺ ឬបង្កើត​ការប្រឆាំងដោយអារម្មណ៍នោះទេ។ អ្វីដែលមានប្រសិទ្ធភាពជាង គឺការយក​គោលការណ៍​ដែលថៃខ្លួនឯង​បាន​លើកឡើង គឺ «អង្គហេតុ ភស្តុតាង និងច្បាប់អន្តរជាតិ» មកធ្វើជាមាត្រ​ដ្ឋានពិនិត្យសៀវភៅនោះទៅវិញទេ។

បញ្ហាព្រំដែនមិនអាចកំណត់បានដោយភាគីណាជាអ្នកផ្សព្វផ្សាយព័ត៌មានបានលឿនជាង ឬបង្ហាញផែន​ទី​បាន​ច្រើន​ជាងនោះទេ ពោលគឺត្រូវពិនិត្យតាមសន្ធិសញ្ញា កិច្ចព្រមព្រៀង ផែនទី ឯកសារប្រវត្តិសាស្ត្រ ការ​អនុវត្ត​របស់​ភាគីនោះ និងច្បាប់អន្តរជាតិទៅវិញទេ។ ដូច្នេះ ប្រសិនបើថៃយកប្រវត្តិសាស្ត្រ និងផែនទីមក​ធ្វើ​ជា​មូល​ដ្ឋាន​នៃការអះអាង កម្ពុជាក៏អាចយកឯកសារដើមប្រវត្តិសាស្ត្រដែលបានទទួល​ស្គាល់ជា​អន្តរ​ជាតិ​​មក​ពិនិត្យ​ផ្ទៀងផ្ទាត់ដូចគ្នា ពេលនោះសំណួរដែលត្រូវលើកឡើងមិនមែនថា ផែនទីរបស់ភាគី​ណា​ត្រឹម​ត្រូវនោះទេ តែគេត្រូវចោទសួរថា តើផែនទីនោះមានប្រភពពីណា មានស្ថានភាពផ្លូវច្បាប់​យ៉ាងដូច​ម្តេច មានការទទួល​ស្គាល់​ជាអន្តរជាតិដែរឬទេ ហើយត្រូវបានភាគីទាំងពីរបានឯកភាពគ្នាដែរទេ?

ប្រវត្តិសាស្ត្រព្រំដែនកម្ពុជា–ថៃមានឯកសារជាច្រើនណាស់ មិនអាចកាត់យកតែផ្នែកណាមួយ​ដែលត្រូវ​និង​ការចង់បាន និងតាមការអះអាងរបស់ភាគីណាមួយបានឡើយ។ សន្ធិសញ្ញាឆ្នាំ១៩០៤ និង១៩០៧ ព្រម​ទាំងឯកសារ និងផែនទីពាក់ព័ន្ធ គឺជាផ្នែកសំខាន់នៃប្រវត្តិសាស្ត្រផ្លូវច្បាប់របស់ព្រំដែននៃប្រទេសទាំងពីរ។ សូម្បីតែ MoU ឆ្នាំ២០០០ ស្តីពីការវាស់វែង និងការកំណត់ព្រំដែនដីគោករវាងកម្ពុជា និងថៃ ក៏បានរំលឹក​ដល់​ក្របខណ្ឌសន្ធិសញ្ញាទាំងនេះ និងឯកសារពាក់ព័ន្ធជាមូលដ្ឋានសម្រាប់ការងាររួមដែរ។

ត្រង់ចំនុចនេះបានបង្ហាញថា ការដោះស្រាយបញ្ហាព្រំដែនមិនអាចធ្វើឡើងតាមតែការបក​ស្រាយរបស់​ភាគី​ណាមួយតែម្ខាងឡើយ ប្រសិនបើមានការខ្វែងគំនិតគ្នា ភាគីទាំងពីរត្រូវយកឯកសារដើម និងយន្តការ​ដែល​​​មានស្រាប់ដែលបានព្រមព្រៀងគ្នារួចមកហើយមកពិនិត្យឡើងវិញ។ នេះជាមូលហេតុដែលយន្តការ​ដូច​​ជា JBC មានសារៈសំខាន់ ព្រោះការផ្តល់ក្របខណ្ឌសម្រាប់ការងារបច្ចេកទេស និងការចរចាដោយ​សន្តិវិធី។

ចំពោះបញ្ហាដែលសាលក្រមអន្តរជាតិធ្លាប់បានទទួលស្គាល់រួចហើយ នោះការពិភាក្សាកាន់តែមាន​ភាព​ច្បាស់​​លាស់ ដូចក្នុងករណីប្រាសាទព្រះវិហារ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានសម្រេច​នៅ​ឆ្នាំ​១៩៦២ថា ប្រាសាទព្រះវិហារ ស្ថិតនៅក្នុងទឹកដីក្រោមអធិបតេយ្យភាពរបស់កម្ពុជា ហើយ​នៅឆ្នាំ២០១៣ តុលាការបានបកស្រាយសាលក្រមឆ្នាំ១៩៦២បន្ថែមទៀត ដូច្នេះ សាលក្រមរបស់ ICJ គឺជាឯកសារផ្លូវ​ច្បាប់ដែលមិនអាចត្រូវបានជំនួសដោយការបកស្រាយណាមួយដូចនៅក្នុងសៀវភៅសរបស់ថៃបានឡើយ។

ជាមួយគ្នានេះដែរ គោលការណ៍សំខាន់មួយទៀតដែលសហគមន៍អន្តរជាតិបានលើកឡើងជាបន្តបន្ទាប់ គឺការដោះស្រាយវិវាទដោយសន្តិវិធី និងមិនប្រើកម្លាំង ហើយសមាគមន៏អាស៊ានក៏បានអំពាវនាវឱ្យកម្ពុជា និងថៃអនុវត្តបទឈប់បាញ់ បញ្ឈប់អរិភាព និងត្រឡប់ទៅរកតុចរចា ដោយផ្អែកលើធម្មនុញ្ញអង្គការ​សហ​ប្រជាជាតិ ធម្មនុញ្ញអាស៊ាន អនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ផងដែរ។
នេះមានន័យថា ប្រសិនបើថៃអះអាងថា ខ្លួនគោរពច្បាប់អន្តរជាតិ ការអះអាងនោះត្រូវតែស្របគ្នា​ជាមួយ​គោលការណ៍ទាំងអស់នៃច្បាប់អន្តរជាតិ មិនមែនជ្រើសយកតែចំណុចណាដែលអំណោយផលដល់​ជំហរ​របស់ខ្លួនឡើយ ដូចគ្នានេះដែរ កម្ពុជាក៏បានប្រកាន់ខ្ជាប់នូវគោលការណ៍ដូចគ្នានេះដែរ។ នេះទើប​ជាវិធី​ដែល​​អាចធ្វើឱ្យការប្រកួតប្រជែងផ្នែកព័ត៌មាន ប្តូរពី «សង្គ្រាមពាក្យសម្តី» ទៅជា «ការប្រកួតប្រជែងដោយ​ឯកសារ និងហេតុផល»។

ជាការពិត ការបង្កើតមជ្ឈមណ្ឌលព័ត៌មានរួម (JIC) និងការបោះពុម្ព​សៀវ​ភៅ​​សរបស់ថៃ ប្រសិនបើផ្អែក​​​លើប្រវត្តិសាស្ត្រ នោះកម្ពុជាអាចកំដរដោយឆ្លើយតបតាមឯកសារ​ប្រវត្តិ​សាស្ត្រ​វិញបានដែរ ហើយប្រសិន​បើថៃលើកយកផែនទីមកអះអាង ក៏ត្រូវពិនិត្យរកប្រភព និងស្ថានភាពផ្លូវ​ច្បាប់​​របស់ផែនទីនោះ ប្រសិន​បើថៃ​លើកពីសន្ធិសញ្ញា ត្រូវពិនិត្យមើលលើបរិបទទាំងមូល តែប្រសិនបើ​ថៃលើកយកច្បាប់អន្តរជាតិ កម្ពុជា​ក៏នឹងត្រូវលើកយកច្បាប់អន្តរជាតិដូចគ្នាមកធ្វើជាមាត្រដ្ឋានដែរ  ហើយ​ប្រសិន​បើមានសាលក្រម​របស់តុលាការអន្តរជាតិ ត្រូវយកសាលក្រមដើមមកជាមូលដ្ឋាន មិនមែនយកការ​បកស្រាយរបស់អ្នក​នយោ​បាយ អ្នកជាតិនិយម ឬអ្នកបង្កើតប្រវត្តិសាស្ត្រថ្មីក្រោយពេលបទឈប់បាញ់បាន​ចូលជាធរមាន​ហើយ ដោយកំពុងកែប្រែស្ថានភាពជាក់ស្តែងនៅតាមបណ្តោយព្រំដែននោះមកជំនួសទេ ភាគីថៃ​ខ្លួនឯង​ត្រូវយល់ពីបញ្ហានេះឪ្យបានច្បាស់។

ទីបំផុត ការពិតមិនមែនជារបស់ប្រទេសណាមួយទេ ប៉ុន្តែក៏មិនមែនជារបស់ JIC ថៃ ឬរបស់ស្ថាប័នព័ត៌​មាន​​របស់កម្ពុជាដែរ ការពិតត្រូវតែអាចឱ្យភាគីទីបីមើលឯកសារ ពិនិត្យប្រភព និងផ្ទៀងផ្ទាត់បានដោយ​ខ្លួនឯង។ បញ្ហាព្រំដែនមិនត្រូវបានកំណត់ដោយភាគីណានិយាយ ឬភាគីណាបោះពុម្ពសៀវភៅបាន​មុន​នោះឡើយ ពោលគឺត្រូវតែពិនិត្យតាម សន្ធិសញ្ញា កិច្ចព្រមព្រៀង ផែនទី ភស្តុតាង សាលក្រម និងច្បាប់​អន្តរជាតិ។ ជាចុងក្រោយប្រសិនបើចង់បានភាពត្រឹមត្រូវ ត្រូវដាក់ឯកសារ​លើតុហើយឪ្យការពិតជាអ្នក​និយាយ៕

ដោយ៖ ពិន វិជ័យ

អត្ថបទទាក់ទង