កម្ពុជាសម្លឹងអនុសញ្ញាអន្ដរជាតិ UNCLOS ជាខែលច្បាប់ ខណៈថៃពិចារណាលុបកិច្ចព្រមព្រៀងសមុទ្រ
កម្ពុជាគូសបញ្ជាក់ពីអនុសញ្ញា UNCLOS ជាការការពារដ៏សំខាន់សម្រាប់សិទ្ធិសមុទ្រ ចំពេលមានភាពមិនប្រាកដប្រជាជុំវិញការលប់ MoU ឆ្នាំ២០០១។ រូបភាព បញ្ញាសិប្បនិម្មិត (AI)
#ព័ត៌មានជាតិ
ភ្នំពេញ៖ កម្ពុជាកំពុងដាក់អនុសញ្ញា អនុសញ្ញាសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាខែលការពារសិទ្ធិសមុទ្រដ៏សំខាន់ ខណៈភាពមិនច្បាស់លាស់កំពុងកើនឡើងជុំវិញអនាគតយន្តការទ្វេរភាគីជាមួយប្រទេសថៃ ក្នុងការគ្រប់គ្រងតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នា។
ជំហាននេះកើតឡើងបន្ទាប់ពីរដ្ឋសភាកម្ពុជាបានបោះឆ្នោតផ្តល់សច្ចាប័នលើអនុសញ្ញានេះកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ខណៈការចូលជាសមាជិកមានប្រសិទ្ធភាពនៅថ្ងៃទី៨ ខែមីនា ដែលធ្វើឱ្យកម្ពុជាក្លាយជារដ្ឋភាគីទី១៧២ នៃអនុសញ្ញាដែលត្រូវបានគេហៅថា «រដ្ឋធម្មនុញ្ញសមុទ្រ»។
លោក នេត្រ ភក្ដ្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានលើកឡើងថា UNCLOS ជា «ឧបករណ៍គតិយុត្តអន្តរជាតិដ៏ចម្បង» ដែលផ្តល់មូលដ្ឋានច្បាប់យ៉ាងលម្អិត និងពេញលេញសម្រាប់គ្រប់គ្រងកិច្ចការសមុទ្រ ចាប់ពីការធ្វើនាវាចរណ៍ ការនេសាទ ដល់ការប្រើប្រាស់ធនធានក្រោមបាតសមុទ្រ និងការការពារបរិស្ថានសមុទ្រ។
លោកបានសរសេរលើបណ្ដាញសង្គមថា៖ «UNCLOS គឺជាឧបករណ៍គតិយុត្តអន្តរជាតិដ៏ចម្បងមួយ ដែលចែងយ៉ាងលម្អិត និងយ៉ាងពេញលេញអំពីវិធាននៃច្បាប់សមុទ្រ»។
លោកបន្ដថា៖ «ការផ្តល់សច្ចាប័ននេះ នឹងនាំមកនូវផលប្រយោជន៍ដ៏ច្រើនសម្រាប់ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រទេសមានសមុទ្រ»។
សារព័ត៌មានថៃបានរាយការណ៍ថា នាយករដ្ឋមន្ត្រីថៃ អនុទិន ចាន់វីរ៉ាគុល បានបញ្ជាក់ថា រដ្ឋាភិបាលក្រុងបាងកក កំពុងរៀបចំលុបកិច្ចព្រមព្រៀងយោគយល់គ្នាឆ្នាំ២០០១ ជាមួយកម្ពុជា (MoU2001 ឬ MoU44) ដោយអះអាងថា កិច្ចចរចាជាងពីរដសវត្សរ៍ មិនបាននាំមកនូវលទ្ធផលជាក់ស្តែងឡើយ។
កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខានៅភ្នំពេញក្នុងខែមិថុនា ឆ្នាំ២០០១ ដើម្បីគ្រប់គ្រងតំបន់ត្រួតស៊ីគ្នានៅឈូងសមុទ្រថៃ តាមរយៈគោលការណ៍ដំណោះស្រាយជាកញ្ចប់ «package deal» ដែលភ្ជាប់ការកំណត់ព្រំដែន និងការអភិវឌ្ឍរួមលើធនធានប្រេង និងឧស្ម័ន។
ប៉ុន្តែភាគីថៃឥឡូវអះអាងថា កិច្ចព្រមព្រៀងនេះមិនបានបង្កើតលទ្ធផលជាក់ស្តែង និងបន្តពន្យារពេលជម្លោះ។ អ្នកនាំពាក្យរដ្ឋាភិបាលថៃ បានបញ្ជាក់ថា ការចរចាមានតែ៥ដងប៉ុណ្ណោះក្នុងរយៈពេល២៥ឆ្នាំ ដោយគ្មានដំណោះស្រាយច្បាស់លាស់ ហើយថៃកំពុងពិចារណាផ្អែកលើ UNCLOS ជាគោលការណ៍ច្បាប់សម្រាប់ការចរចាខាងមុខ។
ខែលច្បាប់ក្នុងបរិបទមិនច្បាស់លាស់
លោក ភូ សុធារក្ស ទីប្រឹក្សាជាន់ខ្ពស់នៃមជ្ឈមណ្ឌលសិក្សាតំបន់កម្ពុជា បានពន្យល់ថា MoU2001 ត្រូវបានបង្កើតឡើងក្នុងបរិយាកាសនយោបាយល្អប្រសើររវាងប្រទេសទាំងពីរ។
លោកថ្លែងថា៖ «MoU2001 គឺជាកិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃ ដែលកាលនោះ បរិយាកាសនយោបាយរវាងប្រទេសទាំងពីរល្អប្រសើរ មានការយោគយល់គ្នា វាហាក់បីដូចជាខ្មែរ និងថៃ មានឆន្ទះនយោបាយចង់ដោះស្រាយបញ្ហាតំបន់ត្រួតលើគ្នា (overlapping claimed area) ដោយការអភិវឌ្ឍរួមគ្នា ដែលមិនយកអធិបតេយ្យភាពដែនទឹករៀងៗខ្លួន និងបែងចែកអត្ថប្រយោជន៍រួមគ្នា»។
ទោះយ៉ាងណា លោកបានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ មិនទាន់មានការអនុវត្តជាក់ស្តែងឡើយក្នុងរយៈពេលជាង២០ឆ្នាំ។
លោកបន្ដថា៖ «រហូតមកដល់ពេលនេះ ភាគីថៃយល់ថា MoU2001 មិនទាន់មានសកម្មភាពជាក់ស្តែងឡើយ មិនមានប្រជុំ និងមិនមានកិច្ចព្រមព្រៀងណាមួយ»។
លោកបន្តថា ការពិចារណាលប់ MoU នេះ មានទំនាក់ទំនងជាមួយជម្លោះព្រំដែនដីគោក ដែលបន្តប៉ះពាល់ដល់ដែនសមុទ្រ។
លោកបានឱ្យពីការសង្ខេតរបស់លោកថា យោងតាមជំហរបស់ថៃ ការលប់ MoU 2001 ពីព្រោះវាមានបញ្ហានៅព្រំដែន ដែលទាស់គ្នាជាមួយកម្ពុជានៅដែនគោកដែរ។ យោងតាមផែនទីដែលគូសដោយខ្លួនគាត់ផ្ទាល់ ថៃទាមទារថា តំបន់មួយចំនួននៅជាយដែន ទឹកដីទាំងនោះគឺជារបស់ខ្លួន។
លោក សុធារក្ស បានបញ្ជាក់ថា៖ «ដោយសារតែជម្លោះដីគោកនេះ វាជះទៅដល់ដែនសមុទ្រទៀត ពីព្រោះតំបន់ដែល MoU2001 ក៏ជាបញ្ហាមួយទាក់ទងទៅនឹងអធិបតេយ្យភាពដែនដីរវាងកម្ពុជា និងថៃ»។
ប្តូរពីយន្តការទ្វេរភាគីទៅច្បាប់អន្តរជាតិ
ក្នុងបរិបទនេះ ការចូលរួម UNCLOS ត្រូវបានមើលឃើញថាជាការប្រែក្លាយយុទ្ធសាស្ត្រសំខាន់របស់កម្ពុជា។
លោក សុធារក្ស បានបន្ដថា៖ «អ្វីដែលកម្ពុជាមានក្នុង UNCLOS មិនមែនជាកិច្ចព្រមព្រៀងទ្វេរភាគីទេ វាជារដ្ឋធម្មនុញ្ញសមុទ្រដែលសហគមន៍អន្តរជាតិអនុម័ត ដើម្បីដោះស្រាយជម្លោះក្នុងកម្រិតពហុភាគី»។
លោកបានបន្ថែមថា៖ «អ្វីដែលថៃមានសិទ្ធិក្រោម UNCLOS កម្ពុជាក៏មានដូចគ្នា យើងឈរលើមូលដ្ឋានស្មើគ្នា»។
លោកបានលើកឧទាហរណ៍ថា ប្រសិនបើមានសកម្មភាពឯកតោភាគីក្នុងតំបន់ត្រួតស៊ីគ្នា កម្ពុជាអាចប្រើច្បាប់អន្តរជាតិដើម្បីប្រឆាំងបាន។
លោកបានលើកយកឧទាហរណ៍ថា៖ «បើថៃធ្វើការជីកយកធនធានដោយឯកតោភាគី កម្ពុជាអាចដាក់ពាក្យបណ្ដឹងបាន ព្រោះ UNCLOS មានបទប្បញ្ញត្តិហាមឃាត់សកម្មភាពបែបនេះ និងការពារសិទ្ធិអធិបតេយ្យរបស់យើង»។
កំណត់សិទ្ធិសមុទ្រយ៉ាងច្បាស់លាស់
លោកស្រី ដានី ច័ន្ទ្ររស្មីឈូករ័ត្ន អ្នកស្រាវជ្រាវផ្នែកនីតិសមុទ្រ បានឱ្យដឹងថា UNCLOS បង្កើតក្របខ័ណ្ឌច្បាប់ដ៏ច្បាស់លាស់សម្រាប់គ្រប់គ្រងសកម្មភាពសមុទ្រ។
លោកស្រីបានថ្លែងថា៖ «វាជាក្របខ័ណ្ឌច្បាប់ជាក់លាក់ និងគ្រប់ជ្រុងជ្រោយសម្រាប់គ្រប់គ្រងសកម្មភាពនៅក្នុងសមុទ្រ និងមហាសមុទ្រ»។
ក្រោម UNCLOS កម្ពុជា មានអធិបតេយ្យភាពពេញលេញលើដែនសមុទ្រក្នុង និងសមុទ្រដែនដី (១២ ម៉ាយសមុទ្រ) ខណៈតំបន់សេដ្ឋកិច្ចផ្ដាច់មុខ (EEZ) អាចលាតសន្ធឹងដល់២០០ ម៉ាយសមុទ្រ។
លោកស្រីបានប្រាប់ទូរទស្សន៍ជាតិកម្ពុជាថា៖ «កម្ពុជាមានសិទ្ធិស្វែងរុករក ធ្វើអាជីវកម្ម អភិរក្ស និងគ្រប់គ្រងធនធានធម្មជាតិទាំងមានជីវិត និងគ្មានជីវិតក្នុងតំបន់នេះ»។
យន្តការដោះស្រាយវិវាទអន្តរជាតិ
UNCLOS ក៏ផ្ដល់យន្តការដោះស្រាយវិវាទតាមផ្លូវច្បាប់ ដូចជា យន្ដការតុលាការយុត្ដធម៌អន្ដរជាតិ តុលាការអន្ដរជាតិនីតិសមុទ្រ ជាតុលាការថ្មីទើបបង្កើត។
លោកស្រី ឈូករ័ត្ន បានបញ្ជាក់ថា៖ «UNCLOS ផ្ដល់យន្តការដោះស្រាយវិវាទដោយសន្ដិវិធី ទាំងដោយស្ម័គ្រចិត្ត និងបង្ខំ ដែលធានាថា ជម្លោះត្រូវបានដោះស្រាយតាមច្បាប់ មិនមែនតាមអំណាច»។
មួយក្នុងចំណោមការពន្យារពេលនៃការចរចាអនុសញ្ញា UNCLOS គឺនីតិវិធីនៃការកំណត់ព្រំដែនសមុទ្ររវាងរដ្ឋដែលទាមទារដែនអធិបតេយ្យសមុទ្រត្រួតស៊ីគ្នា។ វាជាចំណុចមួយដ៏សំខាន់ ដែលធ្វើឱ្យការចរចាចំណាយពេលយូរ។
វាត្រូវបានទទួលស្គាល់ជាទូទៅដោយអន្ដរជាតិថា ជាធម្មនុញ្ញសមុទ្រ។ ការចរចាអនុសញ្ញា UNCLOS ត្រូវប្រើពេលយូរបំផុតរហូតដល់ ១៥ឆ្នាំ តាំងពី១៩៦៧ ដល់១៩៨២។
អត្ថប្រយោជន៍សេដ្ឋកិច្ច និងបរិស្ថាន
ជាមួយឆ្នេរសមុទ្រប្រវែងប្រមាណ៤០០គីឡូម៉ែត្រ កម្ពុជា មានឱកាសទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពី UNCLOS ក្នុងការការពារធនធានសមុទ្រ និងអភិវឌ្ឍសេដ្ឋកិច្ច។
លោកស្រី ឈូករ័ត្ន បាននិយាយថា៖ «UNCLOS ធានាការការពារតាមច្បាប់អន្តរជាតិលើការគ្រប់គ្រងធនធាន បរិស្ថានសមុទ្រ និងការស្រាវជ្រាវវិទ្យាសាស្ត្រ» ។
វាក៏ផ្ដល់ឱកាសដល់កិច្ចសហប្រតិបត្តិការបច្ចេកទេស និងការផ្ទេរបច្ចេកវិទ្យាពីរដ្ឋជាសមាជិកផ្សេងទៀត ក៏ដូចជាការចូលរួមក្នុងស្ថាប័នគ្រប់គ្រងដែនសមុទ្រសកលផងដែរ។
មូលដ្ឋានច្បាប់យុទ្ធសាស្ត្រ
សម្រាប់កម្ពុជា UNCLOS មិនមែនគ្រាន់តែជាច្បាប់បច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែជាមូលដ្ឋានយុទ្ធសាស្ត្រសំខាន់ក្នុងការការពារសិទ្ធិសមុទ្រ។
លោក សុធារក្ស បានសន្និដ្ឋានថា៖ «ច្បាប់នឹងវិនិច្ឆ័យផ្អែកលើភស្តុតាង និងអង្គហេតុ ដែលធានាថា ធនធាន និងសិទ្ធិរបស់កម្ពុជា ត្រូវបានការពារតាមស្តង់ដារអន្តរជាតិ»។
ក្នុងបរិបទដែលស្ថានការណ៍តំបន់កំពុងផ្លាស់ប្តូរ និងមានសំណួរចំពោះយន្តការទ្វេរភាគីជាមួយថៃ ការចូលរួម UNCLOS ត្រូវបានមើលឃើញថា ជាជំហានយុទ្ធសាស្ត្រដើម្បីពង្រឹងទីតាំងច្បាប់របស់កម្ពុជា។
លោកបានបន្ថែមថា៖ «ក្នុងបរិបទបច្ចុប្បន្ន ការមានការការពារផ្នែកច្បាប់បែបនេះ គឺមានសារៈសំខាន់ខ្លាំង។ វាផ្តល់ឱ្យកម្ពុជា នូវភាពច្បាស់លាស់ សមភាព និងសមត្ថភាពការពារសិទ្ធិរបស់ខ្លួនលើឆាកអន្តរជាតិ»៕
-Phnom Penh Post-





