ថៃខឹងសម្បារឿងអ្នករាយការណ៍ពិសេសនិយាយការពិត ខណៈកម្ពុជាចង្អុលបង្ហាញទីតាំងកាន់កាប់យ៉ាងតិច ១៤ កន្លែង
UN special rapporteur Tom Andrews visited displaced border communities and observed Thai military barricades last week. Supplied
ភ្នំពេញ: ប្រទេសថៃបានបង្ហាញប្រតិកម្មយ៉ាងខ្លាំងចំពោះរបាយការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក ថម អេនឌ្រូ (Tom Andrews) ដោយចោទថា លោកមិនមានភាពអព្យាក្រឹត និងពឹងផ្អែកលើប្រភពព័ត៌មានដែលអាចផ្ទៀងផ្ទាត់បាន ខណៈភាគីកម្ពុជាចាត់ទុកថា ថៃកំពុងព្យាយាមបង្អាប់ភាពឯករាជ្យរបស់យន្តការអង្គការសហប្រជាជាតិ ជាជាងឆ្លើយតបទៅនឹងការពិតអំពីវិបត្តិមនុស្សធម៌ដែលកើតឡើងដោយសារជម្លោះព្រំដែន។
ការប្រតិកម្មនេះកើតឡើងបន្ទាប់ពីលោក ថម អេនឌ្រូ បញ្ចប់បេសកកម្មរយៈពេល ១២ថ្ងៃនៅកម្ពុជា ដោយបានចុះពិនិត្យដោយផ្ទាល់នៅតំបន់ព្រំដែន និងជួបពលរដ្ឋដែលរងផលប៉ះពាល់ពីសង្គ្រាម។
នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៣១ ខែកក្កដា លោកបានអំពាវនាវឱ្យកម្ពុជា និងថៃសហការគ្នា ដើម្បីធានាថា ប្រជាពលរដ្ឋដែលភៀសខ្លួនដោយសារសង្គ្រាមអាចវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញដោយសុវត្ថិភាព ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
លោកបានឱ្យដឹងថា លោកបានជួបពលរដ្ឋជាច្រើនដែលប្រាប់ថា ពួកគេនៅមិនទាន់អាចត្រឡប់ទៅផ្ទះវិញបាន ដោយសារភូមិរបស់ពួកគេស្ថិតក្រោមការកាន់កាប់របស់ទាហានថៃ។
លោកក៏បានឃើញរបាំងទូកុងតឺន័រ និងលួសបន្លា ផ្ទះដែលត្រូវគ្រាប់កាំភ្លើង វិទ្យាស្ថានអាជីវកម្មដែលត្រូវបំផ្លាញ និងគ្រាប់បែកមិនទាន់ផ្ទុះនៅក្នុងតំបន់នោះផងដែរ។

លោក ថម អេនឌ្រូ បានកត់សម្គាល់ថា ក្នុងអំឡុងជម្លោះឆ្នាំ២០២៥ មានពលរដ្ឋកម្ពុជាជាង ៦៥ម៉ឺននាក់ត្រូវបានជម្លៀសចេញពីលំនៅឋាន ខណៈបច្ចុប្បន្ននៅមានជាង ២ម៉ឺននាក់ទៀតកំពុងរស់នៅក្នុងភូមិបណ្តោះអាសន្ន ជំរំជនភៀសខ្លួន និងវត្តអារាម។
ជាការឆ្លើយតប រដ្ឋាភិបាលថៃបានបដិសេធការលើកឡើងរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ដោយអះអាងថា UN Special Procedures គួរតែប្រកាន់ខ្ជាប់នូវភាពអព្យាក្រឹត វត្ថុវិស័យ និងពឹងផ្អែកលើប្រភពព័ត៌មានដែលអាចផ្ទៀងផ្ទាត់បាន។
ថៃក៏បានជំទាស់ចំពោះការលើកឡើងអំពីភូមិ ជោគជ័យ និងព្រៃចាន់ក្នុងខេត្តបន្ទាយមានជ័យ ដោយហៅថា Ban Nong Chan និងអះអាងថា តំបន់នោះស្ថិតក្នុងទឹកដីថៃ ដូច្នេះប្រជាពលរដ្ឋនៅទីនោះមិនគួរត្រូវបានចាត់ទុកជាជនភៀសខ្លួនផ្ទៃក្នុងរបស់កម្ពុជាឡើយ។
ទោះជាយ៉ាងណា ប្រភពពីរាជរដ្ឋាភិបាលកម្ពុជា បានកត់សម្គាល់ថា ថៃបានលើកឡើងតែភូមិជោគជ័យ និងព្រៃចាន់ប៉ុណ្ណោះ ប៉ុន្តែមិនបានឆ្លើយតបចំពោះទីតាំងជាច្រើនផ្សេងទៀត ដែលកម្ពុជាអះអាងថាកំពុងស្ថិតក្រោមការកាន់កាប់របស់កងទ័ពថៃ។
យោងតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថៃកំពុងកាន់កាប់ទឹកដីកម្ពុជាយ៉ាងហោចណាស់ ១៤ទីតាំង ក្នុងខេត្តចំនួន៤ រួមមាន ភូមិព្រៃចាន់ ភូមិជោគជ័យ និងតំបន់បឹងត្រកួន ក្នុងខេត្តបន្ទាយមានជ័យ, ភ្លុកដំរី និងតំបន់ច្រកព្រំដែនអន្តរជាតិថ្មដា ក្នុងខេត្តពោធិ៍សាត់, អានសេះ តាថាវ និងភ្នំត្រាប់ក្នុងខេត្តព្រះវិហារ និង អូរស្មាច់ ប្រាសាទខ្នារ ប្រាសាទតាក្របី ប្រាសាទតាមាន់ធំ ជប់អង្គញ់ និងចុកគ្រួស ក្នុងខេត្តឧត្តរមានជ័យ។
ក្រសួងក៏បានចោទថា កងទ័ពថៃបានដាក់កុងតឺន័រ សង់បន្ទាយ និងដាក់លួសបន្លានៅតំបន់បង្គោលព្រំដែន BP42-47 និង BP52-59 ដែលកម្ពុជាចាត់ទុកថាជាការផ្លាស់ប្តូរស្ថានភាពជាក់ស្តែងដោយឯកតោភាគី និងជាការរំលោភអធិបតេយ្យភាពរបស់កម្ពុជា។
ដោយឡែក លេខាធិការដ្ឋានកិច្ចការព្រំដែន បានបញ្ជាក់បន្ថែមថា តំបន់ដែលថៃកំពុងកាន់កាប់ មិនមានតែទីតាំងទាំង១៤នេះទេ ដោយនៅមាន តំបន់អានសេះទាំងមូល តាថាវ តាសែម ចាក់ច្រែង និងតំបន់មុំបី (ភ្នំ៤៦៩) ដែលកម្ពុជាអះអាងថា នៅស្ថិតក្រោមការគ្រប់គ្រងរបស់កងទ័ពថៃ។
មន្ត្រីកម្ពុជាមួយរូបដែលតាមដានស្ថានការណ៍ព្រំដែន បានបង្ហាញការព្រួយបារម្ភចំពោះការព្យាយាមរបស់ថៃក្នុងការបង្អាប់ភាពឯករាជ្យ និងភាពគួរឱ្យទុកចិត្តរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ។
មន្ត្រីរូបនោះបានលើកឡើងថា អ្នកកាន់អាណត្តិឯករាជ្យត្រូវបានក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិតែងតាំងឡើង ដើម្បីវាយតម្លៃអង្គហេតុដោយសេរី និងមិនស្ថិតក្រោមឥទ្ធិពលនយោបាយ។

ប្រទេសណាក៏អាចមិនយល់ស្របនឹងការរកឃើញរបស់ពួកគេបាន ប៉ុន្តែគួរធ្វើតាមរយៈភស្តុតាង តម្លាភាព និងការចូលរួមប្រកបដោយស្ថាបនា មិនមែនតាមរយៈការវាយប្រហារលើយន្តការឯករាជ្យរបស់អង្គការសហប្រជាជាតិឡើយ។
មន្ត្រីដដែលបានបន្ថែមថា៖ “វាគួរឱ្យសោកស្តាយដែលថៃជ្រើសរើសការចោទសួរអំពីភាពអព្យាក្រឹតរបស់អ្នករាយការណ៍ពិសេស ជាជាងដោះស្រាយបញ្ហាមនុស្សធម៌ដែលលោកបានរកឃើញ”។
លោកក៏បានសង្កត់ធ្ងន់ថា៖ “កម្ពុជាស្វាគមន៍ការប្តេជ្ញារបស់ថៃក្នុងការអនុវត្តសេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ប៉ុន្តែការប្តេជ្ញានោះត្រូវតែបង្ហាញជាសកម្មភាពជាក់ស្តែង តាមរយៈការគោរពអធិបតេយ្យភាពរបស់កម្ពុជា ការមិនធ្វើសកម្មភាពឯកតោភាគី ការអនុញ្ញាតឱ្យជនភៀសខ្លួនវិលត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាព និងការបន្តការងារបោះបង្គោលព្រំដែនតាមរយៈគណៈកម្មការព្រំដែនចម្រុះ (JBC)”។
លោក យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកវិភាគនយោបាយ បានឱ្យដឹងថា ការឆ្លើយតបរបស់ថៃមិនមែនជារឿងថ្មីទេ ព្រោះថៃតែងតែបដិសេធបញ្ហាដែលខ្លួនមិនយល់ស្រប ទោះបីមានមូលដ្ឋានច្បាប់អន្តរជាតិគាំទ្រក៏ដោយ។
លោកថ្លែងថា៖ «ថៃតែងតែប្រកែក ទោះបីជារឿងត្រឹមត្រូវកម្រិតណាក៏ដោយ។ សូម្បីតែសាលដីកាតុលាការយុត្តិធម៌អន្តរជាតិឆ្នាំ១៩៦២ និងការបកស្រាយជាបន្តបន្ទាប់ក៏ថៃនៅតែមិនទទួលយក។ ថែមទាំងមានការចោទថាបានរំលោភបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ទៀតផង»។
លោកយល់ថា លោក ថម អេនឌ្រូ បានអនុវត្តតួនាទីរបស់ខ្លួនតាមវិជ្ជាជីវៈ ដោយរាយការណ៍អំពីផលប៉ះពាល់សិទ្ធិមនុស្សដែលកើតឡើងចំពោះប្រជាពលរដ្ឋកម្ពុជា។
លោក យង់ ពៅ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «ការងាររបស់គាត់ គឺវាយតម្លៃស្ថានភាពសិទ្ធិមនុស្ស។ ដូច្នេះ ការបាត់បង់ផ្ទះសម្បែង មុខរបរ ឱកាសសិក្សា ទីជម្រក និងសិទ្ធិមូលដ្ឋានផ្សេងៗរបស់ប្រជាពលរដ្ឋ ដោយសារជម្លោះ គឺជាផ្នែកមួយនៃបេសកកម្មរបស់គាត់»។
លោកបន្ថែមថា ប្រសិនបើថៃមានភាពជឿជាក់លើការអះអាងរបស់ខ្លួន នោះគួរតែបង្ហាញផែនទីអន្តរជាតិដែលទទួលស្គាល់ជាសកល ដើម្បីបញ្ជាក់ថា ភាគីណាជាអ្នកឈ្លានពាន និងប្រជាពលរដ្ឋបានភៀសខ្លួនពីទឹកដីរបស់អ្នកណា។
ជម្លោះការទូតលើកនេះ កើតឡើងបន្ទាប់ពីរដ្ឋាភិបាលថៃក៏បានប្រតិកម្មចំពោះតារាហូលីវូដ Angelina Jolie ផងដែរ បន្ទាប់ពីនាងលើកឡើងអំពីផលប៉ះពាល់មនុស្សធម៌នៃជម្លោះព្រំដែន និងស្ថានភាពរបស់ប្រជាពលរដ្ឋកម្ពុជាដែលត្រូវភៀសខ្លួន។ ថៃបានចោទថា នាងបានបង្ហាញទស្សនៈតែម្ខាង និងមិនបានឆ្លុះបញ្ចាំងពីជំហររបស់ភាគីថៃ។
ស្របពេលជាមួយគ្នានេះ ថៃក៏បានបង្កើនយុទ្ធនាការការទូតសាធារណៈរបស់ខ្លួន ដោយមេបញ្ជាការកងទ័ពអាកាសថៃ លោក ប្រាផាស សុនចៃ (Prapas Sonjai) បានអំពាវនាវឱ្យប្រជាជនថៃប្រមាណ ៧០លាននាក់ ចូលរួមផ្សព្វផ្សាយ និងចែករំលែកព័ត៌មាន ដើម្បីគាំទ្រជំហររបស់រដ្ឋាភិបាលថៃលើបណ្ដាញសង្គម។
ទោះបីថៃបន្តបដិសេធការចោទប្រកាន់ទាំងនេះក៏ដោយ កម្ពុជានៅតែអះអាងថា បញ្ហានេះមិនមែនមានតែភូមិជោកជ័យមួយប៉ុណ្ណោះទេ ប៉ុន្តែពាក់ព័ន្ធនឹងតំបន់ជាច្រើនទៀតដែលភ្នំពេញអះអាងថា កំពុងស្ថិតក្រោមការកាន់កាប់របស់កងទ័ពថៃ និងទាមទារឱ្យដកកងទ័ពចេញ ស្តារស្ថានភាពដើមឡើងវិញ និងដោះស្រាយវិវាទតាមច្បាប់អន្តរជាតិ និងយន្តការព្រំដែនទ្វេភាគី។
-Phnom Penh Post-





