ព្រីតថេន-កម្ពុជាប្តេជ្ញាចាត់វិធានការជាក់ស្តែងប្រឆាំងបណ្តាញឆបោកឆ្លងដែន
UK Minister of State for the Home Office Lord Hanson of Flint is attending an anti-scam conference in Phnom Penh. Supplied
ភ្នំពេញ: ព្រីតថេន និងកម្ពុជាគ្រោងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ថ្មីមួយ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបង្ក្រាបបណ្តាញឆបោកតាមអនឡាញ ការពារជនងាយរងគ្រោះ និងទប់ស្កាត់ការជួញដូរមនុស្សទៅបង្ខំឱ្យប្រព្រឹត្តអំពើឆបោក។
ការប្រកាសនេះធ្វើឡើងក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Lord Hanson រដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃព្រីតថេន មកកាន់កម្ពុជា ដើម្បីចូលរួមសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកញ្ញា។
ស្ថានទូតព្រីតថេនប្រចាំកម្ពុជា បានលើកឡើងកាលពីថ្ងៃទី២២ ខែកញ្ញាថា បណ្តាញឧក្រិដ្ឋជននៅក្នុងតំបន់កំពុងឆបោកជនរងគ្រោះនៅទូទាំងពិភពលោក រួមទាំងនៅចក្រភពអង់គ្លេសផងដែរ។ បណ្តាញទាំងនោះក៏ជួញដូរជនងាយរងគ្រោះ និងបង្ខំពួកគេឱ្យចូលរួមប្រព្រឹត្តអំពើឆបោក។
ស្ថានទូតបានបញ្ជាក់ថា៖ «បណ្តាញឧក្រិដ្ឋជនគ្មានព្រំដែនទេ។ ដូច្នេះ កិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការប្រយុទ្ធប្រឆាំងនឹងពួកគេ ក៏ត្រូវតែគ្មានព្រំដែនដូចគ្នា»។
ក្នុងអំឡុងទស្សនកិច្ចនេះ លោក Lord Hanson នឹងចូលរួមជាមួយដៃគូអន្តរជាតិនៅក្នុងសន្និសីទ ព្រមទាំងជួបទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអ្នកសារព័ត៌មាន ដើម្បីស្វែងយល់បន្ថែមពីការវិវត្តនៃការគំរាមកំហែងដោយអំពើឆបោកនៅកម្ពុជា។
លោកបានថ្លែងថា៖ «ខ្ញុំសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះភាពជាអ្នកដឹកនាំក្នុងការប្រមូលផ្តុំពួកយើងនៅសប្តាហ៍នេះ ហើយខ្ញុំទន្ទឹងរង់ចាំលទ្ធផលដែលយើងអាចសម្រេចបានរួមគ្នានៅប៉ុន្មានខែខាងមុខ»។
ស្ថានទូតបានចាត់ទុកដំណើរទស្សនកិច្ចនេះថា ជាការបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ព្រីតថេន ក្នុងការពង្រឹងភាពជាដៃគូប្រយុទ្ធប្រឆាំងការឆបោកនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក រួមទាំងតាមរយៈក្រុមការងារសកលប្រឆាំងការឆបោករបស់អង្គការ INTERPOL។
ភាគីទាំងពីរបានប្តេជ្ញាប្រែក្លាយកិច្ចព្រមព្រៀងនេះទៅជាលទ្ធផលជាក់ស្តែង និងយូរអង្វែង សម្រាប់ជនរងគ្រោះនៅកម្ពុជា ព្រីតថេន និងនៅជុំវិញពិភពលោក៕





