អាមេរិករឹតបន្តឹងទិដ្ឋាការបុគ្គល៣២នាក់ពាក់ព័ន្ធនឹង Prince Group របស់ Chen Zhi
The former ‘8 Park’ scam compound, in Kamchay Mear district, Prey Veng province, was linked to Chen Zhi’s Prince Group. Niem Chheng
ក្រសួងការបរទេសសហរដ្ឋអាមេរិកប្រកាសរឹតបន្តឹងទិដ្ឋាការ លើបុគ្គល ៣២ រូប ដែលទទួលខុសត្រូវ ឬមានការពាក់ព័ន្ធក្នុងការបោកប្រាស់ជនជាតិអាមេរិក តាមរយៈបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា បទឧក្រិដ្ឋដែលសម្រួលដោយប្រព័ន្ធបច្ចេកវិទ្យា និងសកម្មភាពពាក់ព័ន្ធផ្សេងៗទៀត។
លោក Thomas Tommy Pigott អ្នកនាំពាក្យនៃក្រសួងការបរទេសសហរដ្ឋអាមេរិក នៅថ្ងៃទី២២ ខែកញ្ញានេះ បានឱ្យដឹងថា បុគ្គលគោលដៅទាំង៣២នាក់នេះ មានទំនាក់ទំនងជាមួយនឹងក្រុមហ៊ុន ព្រីនស៍គ្រុប (Prince Group) ដែលត្រូវបានចាត់ជាអង្គការឧក្រិដ្ឋកម្មឆ្លងដែនអន្តរជាតិ (TCO) ហើយដែលត្រូវបានទទួលទណ្ឌកម្មជាច្រើនដងរួចមកហើយពីសហរដ្ឋអាមេរិក ចំពោះតួនាទីរបស់ខ្លួនក្នុងការបោកប្រាស់ជនជាតិអាមេរិក។
យ៉ាងណាក៏ដោយ ក្រសួងការបរទេសសហរដ្ឋអាមេរិក មិនបានបង្ហាញអត្តសញ្ញាណបុគ្គលទាំង៣២នាក់នោះទេ ប៉ុន្តែបានបញ្ជាក់តាមសេចក្តីថ្លែងការណ៍របស់ខ្លួនថា៖ «រាល់ទិដ្ឋាការដែលមានសុពលភាពរបស់បុគ្គលទាំងនេះត្រូវបានលុបចោល» ដោយធ្វើឡើងស្របតាមមាត្រា ២១២(a)(3)(C) នៃច្បាប់ស្តីពីអន្តោប្រវេសន៍ និងសញ្ជាតិ។
បើតាមក្រសួងការបរទេសសហរដ្ឋអាមេរិក ជារៀងរាល់ឆ្នាំ ឧក្រិដ្ឋជនតាមប្រព័ន្ធបច្ចេកវិទ្យា បានបោកប្រាស់ប្រាក់រាប់សិបពាន់លានដុល្លារពីប្រជាជនអាមេរិក ដោយក្នុងនោះ គ្រាន់តែក្នុងឆ្នាំ ២០២៥ អង្គការឧក្រិដ្ឋកម្មឆ្លងដែនអន្តរជាតិ (TCOs) នៅអាស៊ីអាគ្នេយ៍ ដូចជាក្រុម Prince Group ជាដើម បានបោកប្រាស់ប្រាក់យ៉ាងហោចណាស់ ១៨,២ ពាន់លានដុល្លារពីប្រជាជនអាមេរិក តាមរយៈការបោកប្រាស់តាមប្រព័ន្ធបបច្ចេកវិទ្យា។
កាលពីខែតុលា ឆ្នាំ២០២៥ ក្រសួងរតនាគារអាមេរិក ក៏បានចាត់វិធានការប្រឆាំងនឹងក្រុម Prince Group ផងដែរ ដោយបានដាក់ទណ្ឌកម្មលើសមាជិក និងអ្នកពាក់ព័ន្ធចំនួន ១៤៦ នាក់ ហើយនៅខែមិថុនា ឆ្នាំនេះ ក្រសួងរតនាគារអាមេរិក បានបន្ថែមចំនួនមនុស្ស ៩នាក់ និង ក្រុមហ៊ុនចំនួន ២៦ ទៅក្នុងបញ្ជីទណ្ឌកម្មរបស់ពួកគេ។
លោក Thomas “Tommy” Pigott បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងប្រើប្រាស់រាល់មធ្យោបាយដែលមាន ដើម្បីការពារជនជាតិអាមេរិក កម្ចាត់បណ្តាញឧក្រិដ្ឋកម្មបោកប្រាស់ និងដាក់ទណ្ឌកម្មលើអ្នកដែលគាំទ្រសកម្មភាពទាំងនោះ។
លោកបន្ថែមថា៖ «អ្នកដែលមានការពាក់ព័ន្ធក្នុងការបំផ្លាញក្រុមគ្រួសារ និងសហគមន៍ទូទាំងប្រទេស នឹងត្រូវហាមឃាត់មិនឱ្យចូលសហរដ្ឋអាមេរិកឡើយ»។
ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើ Prince Group ដែលមានមូលដ្ឋាននៅកម្ពុជាហើយបច្ចុប្បន្នត្រូវបានដកអាជ្ញាប័ណ្ណ ធ្វើឡើងស្របពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃសន្និសីទអន្តរជាតិស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ថ្ងៃទីទី២៣ និង ២៤ កញ្ញានេះ ដោយមានប្រទេសជាង ២០ចូលរួមនិងស្ថានប័នអន្តរជាតិពាក់ព័ន្ធមួយចំនួនទៀត៕
-post khmer-





