ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦
ដោយសារមានក្រុមប្រឆាំងជ្រុលនិយមមួយចំនួនពីក្រៅប្រទេសបន្តចោទប្រកាន់ខុសការពិត អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជនរួមជាតិឡើងវិញអំពីដំណើរការនៃការដោះស្រាយវិវាទព្រំដែនសមុទ្រនិងព្រំដែនគោករវាងកម្ពុជា-ថៃ និងជំហរច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះបញ្ហាព្រំដែនដូចតទៅ៖
ទី១.អំពីព្រំដែនសមុទ្រ៖ ដូចបងប្អូនជនរួមជាតិបានជ្រាបស្រាប់ គណៈកម្មការផ្សះផ្សានៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ទើបតែបានបិទបញ្ចប់កិច្ចប្រជុំលើកដំបូងរបស់ខ្លួនកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបូរី។ ក្នុងអំឡុងពេលកិច្ចប្រជុំ កម្ពុជានិងថៃបានចុះហត្ថលេខាលើលក្ខខណ្ឌនៃការតែងតាំងគណៈកម្មការ និងបានសម្រេចលើបទបញ្ញត្តិស្តីពីការប្រព្រឹត្តទៅនៃដំណើរការផ្សះផ្សា ហើយគណៈកម្មការផ្សះផ្សាក៏នឹងរៀបចំកិច្ចប្រជុំជាបន្តទៀតជាមួយកម្ពុជានិងថៃ នៅក្នុងខែតុលា ខាងមុខនេះនៅទីក្រុងឡាអេ។ កម្ពុជាបានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះគណៈកម្មការផ្សះផ្សាដែលបានអនុវត្តវិធីសាស្ត្រដ៏ម៉ត់ចត់ និងបានពិចារណាច្បាស់លាស់ក្នុងដំណើរការនីតិវិធីនេះ ហើយកម្ពុជាក៏សម្តែងការជឿជាក់យ៉ាងមុតមាំថា ច្បាប់អន្តរជាតិផ្តល់នូវមាគ៌ាសម្រាប់ការដោះស្រាយវិវាទរវាងរដ្ឋនិងរដ្ឋដោយសន្តិវិធី។ ក្នុងន័យនេះ កម្ពុជាបន្តចូលរួមក្នុងដំណើរការផ្សះផ្សាដោយស្មារតីសហប្រតិបត្តិការ ប្រកបដោយទំនុកចិត្តពេញលេញលើដំណើរការផ្សះផ្សានេះ។
សូមបញ្ជាក់ថា«គោលបំណងចម្បងបំផុតរបស់កម្ពុជា គឺសម្រេចឱ្យបាននូវដំណោះស្រាយមួយដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមនៅក្នុងតំបន់»។ ដើម្បីសម្រេចគោលដៅនេះ កម្ពុជាមានគោលបំណងចុះសន្ធិសញ្ញាមួយជាមួយប្រទេសថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រតែមួយដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ ជាជម្រើសផ្សេងទៀត កម្ពុជាត្រៀមខ្លួនចុះកិច្ចព្រមព្រៀងជាមួយប្រទេសថៃសម្រាប់ការអភិវឌ្ឍរួមគ្នា និងការបែងចែកធនធានដោយសមធម៌រវាងរដ្ឋទាំងពីរ ក្នុងអំឡុងពេលរង់ចាំកិច្ចព្រមព្រៀងជាស្ថាពរស្តីពីព្រំដែនសមុទ្រ។ ក្នុងករណីមិនអាចសម្រេចបាននូវកិច្ចព្រមព្រៀងជាស្ថាពរ ទាំងកិច្ចព្រមព្រៀងព្រំដែនសមុទ្រនិងទាំងការអភិវឌ្ឍរួមគ្នា កម្ពុជាសូមស្នើឱ្យគណៈកម្មការរៀបចំរបាយការណ៍ផ្តល់អនុសាសន៍ដល់ភាគីទាំងពីរដើម្បីប្រើប្រាស់ជាមូលដ្ឋានក្នុងការចរចាដើម្បីសម្រេចបានកិច្ចព្រមព្រៀងទាំងនេះនៅពេលក្រោយដោយអនុលោមតាមកាតព្វកិច្ចរបស់ភាគីទាំងពីរក្រោមអនុសញ្ញា UNCLOS។
គោលបំណងនេះត្រូវបានឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាភ្នាក់ងារកម្ពុជា បញ្ជាក់ច្បាស់ក្នុងសេចក្តីថ្លែងការណ៍បើកកិច្ចប្រជុំកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦។ កម្ពុជាក៏បានបង្ហាញច្បាស់នៅចំពោះមុខគណៈកម្មការផ្សះផ្សាពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការគោរពច្បាប់អន្តរជាតិ ការដោះស្រាយវិវាទដោយសន្តិវិធី។ ដោយទទួលបានការលើកទឹកចិត្តពីលទ្ធផលនៃការផ្សះផ្សាបញ្ហាដែនសមុទ្រទីម័រ រវាងសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ និងប្រទេសអូស្ត្រាលី កម្ពុជាមានទំនុកចិត្តថា គណៈកម្មការផ្សះផ្សាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការជួយដល់កម្ពុជានិងថៃឱ្យសម្រេចបាននូវលទ្ធផលស្រដៀងគ្នានេះដែរ ពោលគឺលទ្ធផលដែលនាំមកនូវសន្តិភាព ស្ថិរភាព និងវិបុលភាពរួមសម្រាប់តំបន់យើង។
ទី២. អំពីបញ្ហាព្រំដែនគោក៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ប្រាប់ប្រជាជាតិខ្មែរយ៉ាងច្បាស់លាស់ជាថ្មីម្តងទៀត កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ថា សេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាកិច្ចព្រមព្រៀងកាត់ដីឱ្យប្រទេសណាទេ ប៉ុន្តែ ជាកិច្ចព្រមព្រៀងឈប់បាញ់គ្នាដើម្បីបញ្ចៀសទុក្ខវេទនារបស់ប្រជាពលរដ្ឋដោយងាកទៅប្រើយន្តការច្បាប់អន្តរជាតិនិងការទូតជាជំនួសវិញ។ សម្តេចប្រមុខរាជរដ្ឋាភិបាលគូសបញ្ជាក់ថា កងទ័ពថៃពិតជាបានដណ្តើមកាន់កាប់ទីតាំងមួយចំនួននៅតាមព្រំដែន នៅក្រោយការប្រយុទ្ធគ្នាពិតមែន ប៉ុន្តែ រាជរដ្ឋាភិបាលមិនបានយល់ព្រមប្រគល់ទីតាំងនោះឱ្យប្រទេសជិតខាងនោះឡើយ។ ផ្ទុយទៅវិញ រាជរដ្ឋាភិបាលបាននិងកំពុងតវ៉ាគ្រប់ពេលវេលានិងគ្រប់មធ្យោបាយសន្តិវិធី តាមរយៈការងារការទូតនិងច្បាប់អន្តរជាតិ ដើម្បីការពារដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាដែលថៃដណ្តើមកាន់កាប់ដោយខុសច្បាប់។
ការពិតជាក់ស្តែង នេះគឺមិនដូចអ្វីដែលក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសមួយចំនួនចោទប្រកាន់ថា រាជរដ្ឋាភិបាលកាត់ដីឱ្យប្រទេសជិតខាងនោះឡើយ។ ផ្ទុយទៅវិញ គឺក្រុមជនមួយក្តាប់តូចនោះទៅវិញទេដែលមិនបានជួយការពារទឹកដីពីការឈ្លានពាន តែបែរជាខិតខំស្រែកក្តែងៗជារៀងរាល់ថ្ងៃថា កម្ពុជាបាត់ដីឬកាត់ដីឱ្យថៃ ដែលមានន័យស្មើនឹងការប្រកាសយល់ព្រមប្រគល់ដីទាំងនោះឱ្យទៅប្រទេសឈ្លានពាន ដែលផ្ទុយស្រឡះពីជំហរម៉ឺងម៉ាត់ ដាច់ខាតរបស់រាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួនយ៉ាងប្តូរផ្តាច់បំផុត។ រាជរដ្ឋាភិបាលកម្ពុជា តែងតែបញ្ជាក់ជំហរច្បាស់លាស់ថា កម្ពុជាការពារដាច់ខាតខ្សែព្រំដែនអន្តជាតិរវាងកម្ពុជានិងថៃ ស្របតាមអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញា ឆ្នាំ១៩០៧ និងមិនទទួលស្គាល់ជាដាច់ខាតការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើកម្លាំងដែលផ្ទុយពីគោលការណ៍ច្បាប់អន្តរជាតិ៕
សូមអរគុណ!





