Grand News Asia Close

ហេតុអ្វីខ្មែរត្រូវឈប់មើល​ស្រាលគ្នាឯង​តទៅទៀត?

ដោយ៖ Morm Sokun ​​ | 13 ម៉ោងមុន ទស្សនៈ-Opinion 1045
ហេតុអ្វីខ្មែរត្រូវឈប់មើល​ស្រាលគ្នាឯង​តទៅទៀត? កំពូលកណ្ដាលនៃប្រាសាទបាយ័ន ដែលតំណាងឲ្យព្រហ្មវិហារធម៌ទាំង៤។ អាជ្ញាធរជាតិអប្សរា

នៅក្នុងជីវិតការងារនិងការគ្រប់គ្រងស្ថាប័ននៅកម្ពុជានាពេលបច្ចុប្បន្ន គេតែងតែឮនិងជួបប្រទះ​នូវបាតុភូតសង្គមដ៏ចាក់ដោតនិងគួរឱ្យស្រណោះមួយ៖ «បងប្អូនខ្មែរយើងហាក់ដូចជាពិបាកក្នុងការ​រស់នៅនិង​ធ្វើការ​ចុះសម្រុងគ្នាឯងណាស់ ប៉ុន្តែបែរជាបង្ហាញនូវវិន័យ ភាពម៉ឺងម៉ាត់ និងស្តាប់បង្គាប់យ៉ាងបាក់ស្លឹកត្រចៀក​និង​ធ្វើការងារយ៉ាងត្រង់កន្ទុយនៅពេលស្ថិតក្រោម​ខ្សែភ្នែកនិងការបញ្ជារបស់ជនបរទេស»។ តើបាតុភូតនេះ​កើត​ឡើងដោយសារជាតិសាសន៍​យើងខ្វះតម្រិះសហការ ឬវាគឺជាផលវិបាកផ្លូវចិត្តនិងផ្នត់គំនិត​ដែលចាក់​ឫស​យ៉ាង​ជ្រៅពីប្រវត្តិសាស្ត្រ?

ប្រសិបើពិនិត្យឱ្យចំស្នូល របួសផ្លូវចិត្តនេះមិនមែនជារឿងចៃដន្យឡើយ ប៉ុន្តែវាគឺជាផលជះនៃ «កំអែល​នៃអាណានិគមផ្លូវចិត្ត» (Colonial Mentality) ដែលបន្សល់ទុកពីអតីតកាល និង «កង្វះខាតប្រព័ន្ធ​គ្រប់​គ្រង​បែបវិជ្ជាជីវៈនិងការរស់នៅឱ្យ​តម្លៃជាតិឯង» នៅក្នុងសង្គមបច្ចុប្បន្ន។

ឫសគល់នៃបញ្ហា

ផ្អែកលើទស្សនៈវិទ្យាសាស្ត្រសង្គមនិងចិត្តវិទ្យាអង្គភាព ទំនោរញញើតបរទេស ប៉ុន្តែមិនចុះសម្រុងគ្នាឯង អាចត្រូវបានវះកាត់វិភាគជាបីកម្រិតគឺ៖

ទី១ កត្តាចម្បងដំបូងបំផុតគឺកត្តាវប្បធម៌និងចិត្តវិទ្យាសង្គម៖ ស្តែងចេញ​តាមរយៈផ្នត់គំនិត​ឬជំងឺសង្គម​នៃ​ការ​មើល​ស្រាល​គ្នាឯង។ នៅក្នុងសង្គមខ្មែរ ជារឿយៗយើងតែងតែឱ្យតម្លៃខ្ពស់ហួសហេតុទៅ​លើ​ជនបរទេស ដោយសារកត្តាសេដ្ឋកិច្ចនិងបច្ចេកវិទ្យា។ ផ្ទុយទៅវិញ ពេលធ្វើការជាមួយ​ជនជាតិខ្មែរ​ដូចគ្នា យើងបែរជាវាយតម្លៃទាបជាងការពិត ឬបង្កើតចិត្តច្រណែនឈ្នានីស មិនចង់ឱ្យអ្នកមាន​ឋានៈស្មើគ្នាឡើង​ខ្ពស់ជាងខ្លួន។ លើសពីនេះ ព្រំដែនរវាងការងារ និងមនោសញ្ចេតនាផ្ទាល់ខ្លួនតែងតែ​ត្រូវ​បានលាយឡំគ្នា នាំឱ្យមានការខ្លាចចិត្ត ឬយោគយល់ហួសហេតុ ដែលបំផ្លាញប្រព័ន្ធគុណាធិបតេយ្យ (Meritocracy) និង​បង្ក​ជាការបាក់បែកសាមគ្គីភាពយ៉ាងងាយស្រួល។

ទី២ កត្តាសំខាន់មួយទៀតដែលមិនអាចមើលរំលងបាន គឺប្រព័ន្ធគ្រប់គ្រង និងការអនុវត្តច្បាប់ដែលជា​ការប្រជែងរវាង «គោលការណ៍» និង «អារម្មណ៍»៖ អ្នកគ្រប់គ្រងបរទេសតែងតែមកជាមួយ​នីតិវិធី​ស្តង់ដារប្រតិបត្តិ (SOPs) ច្បាស់លាស់ ការវាស់វែងលទ្ធផលដោយតម្លាភាព (KPI) និងឈរលើភាព​អព្យាក្រឹត (Neutrality) មិនជាប់ពាក់ព័ន្ធនឹងខ្សែស្រឡាយបក្សពួក ឬប្រវត្តិនយោបាយក្នុងស្រុកឡើយ។ ចំណុចគន្លឹះ គឺពួកគេធ្វើការដោយផ្អែកលើគោលការណ៍ គោលនយោបាយ ផែនការគម្រោង និងលទ្ធផល​រំពឹងទុកជាក់លាក់ ជាជាងការធ្វើការតាមតែអារម្មណ៍ ស្រឡាញ់អគតិ ឬការចង្អុលបង្ហាញបញ្ជាពីលើចុះ​ក្រោម​​បែបអត្តនោម័ត ដូចជារចនាបថដឹកនាំរបស់ថ្នាក់ដឹកនាំខ្មែរនៅតាមកន្លែងមួយចំនួន។ ប្រព័ន្ធ​ការងារ​ដែលផ្អែកលើច្បាប់ទម្លាប់ច្បាស់លាស់បែបនេះ បង្ខំឱ្យបុគ្គលិកត្រូវតែមានវិជ្ជាជីវៈខ្ពស់ ព្រោះគ្មានកន្លែង​សម្រាប់ទំនាក់ទំនងផ្ទាល់ខ្លួន ឬការបញ្ជាតាមអំពើចិត្តមកជ្រៀតជ្រែកបានឡើយ។

ទី៣ ចំណុចចុងក្រោយនៃបញ្ហានេះគឺកង្វះទំនុកចិត្តនិងទំនាក់ទំនងផ្ទៃក្នុង ដែលបង្កើតជាជម្លោះក្រោម​ផ្ទៃទឹក៖ ទំនុកចិត្តរវាងមិត្តរួមការងារជាតិដូចគ្នាជារឿយៗមានកម្រិតទាប (Trust Deficit) ធ្វើឱ្យការ​សហការ​គ្នា​លក្ខណៈជាក្រុមការងារ (Teamwork) មានភាពល្អូកល្អើនតែសំបកក្រៅ ប៉ុន្តែសាមគ្គីភាពពិត​ប្រាកដ​។ រួមផ្សំនឹងរបៀបប្រាស្រ័យទាក់ទងបែបវៀចវេរ មិននិយាយត្រង់ៗព្រោះខ្លាចបាត់បង់មុខមាត់ (Saving Face) វាក៏ក្លាយជាជម្លោះក្រោមផ្ទៃទឹកដែលរង់ចាំតែថ្ងៃផ្ទុះដូចរលកស៊ូណាមិ។ ផ្ទុយទៅវិញជន​បរទេសច្រើនទាមទារការជជែកដេញដោលត្រង់ទៅត្រង់មក និងដោះស្រាយបញ្ហាភ្លាមៗ (Assertive Communication) ដែលធ្វើឱ្យកិច្ចការទាំងឡាយដើរទៅមុខដោយគ្មានភាពស្រពិចស្រពិល។

ឫសគល់នៃបញ្ហាក្នុងប្រវត្តិសាស្ត្រ

ផ្នត់គំនិតវាយតម្លៃខ្មែរគ្នាឯងទាបនេះ គឺជារូបភាពឆ្លុះបញ្ចាំងយ៉ាងច្បាស់នៃ «អាណានិគមផ្លូវចិត្ត» (Mental Colonization) ដែលកើតចេញពីឫសគល់ប្រវត្តិសាស្ត្រដ៏ជូរចត់ និងលក្ខខណ្ឌសង្គម​តាំងពីបុរាណ​កាល។ ជាដំបូង ប្រវត្តិសាស្ត្របានបង្ហាញថា ចាប់តាំងពីការដួលរលំនៃអាណាចក្រអង្គរមក ភាគច្រើន​សង្គម​​​ខ្មែរបានរស់នៅដោយសារខ្ចីច្រមុះបរទេសដកដង្ហើម និងពឹងផ្អែកលើបរទេសខាងនេះ​ខាងនោះជា​បន្តបន្ទាប់។ យើងតែងតែទាញបរទេសមកជួយកាត់សេចក្តីជម្លោះផ្ទៃក្នុងដូចរឿងនិទានភេពីររកស៊ីចូលគ្នា ឬជួយជ្រោមជ្រែងអំណាច​ក្រុមខ្មែរណាមួយតាំងពី​សម័យលង្វែក សម័យឧត្តុង្គ ហូរហែរមកដល់​សម័យ​អាណានិគមបារាំង, សម័យលន់ ណុល, សម័យក្រោយឆ្នាំ១៩៧៩,  រហូតដល់ការចរចាពឹងបរទេសឱ្យមក​ជួយបង្កើតកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសនិងផ្សះផ្សាជាតិរវាងខ្មែរនិងខ្មែរ រៀបចំប្រព័ន្ធគ្រប់គ្រងនិង​ដឹកនាំប្រទេសឡើងវិញ​នៅក្នុងសម័យកាលអ៊ុនតាក់ (UNTAC)។ ខ្សែជីវិតប្រវត្តិសាស្ត្រដែលពោរពេញ​ដោយការ «ពឹងផ្អែកលើបរទេស» នេះបានបណ្តុះផ្នត់គំនិតបែបអសកម្មមួយដោយមិនដឹងខ្លួនថា ខ្មែរនិង​ខ្មែរមិនអាចដោះស្រាយបញ្ហាជាមួយគ្នាបានទេ លុះត្រាតែមានបរទេសមកជួយធ្វើជាអាជ្ញាកណ្តាល ឬជា​អ្នកដឹកនាំ។

កត្តាប្រវត្តិសាស្ត្រទាំងនេះ បានវិវត្តទៅជាការបង្កើតគំរូ «អ្នកជួយសង្គ្រោះ» (Savior Complex) នៅ​ក្នុង​ស្មារតីសង្គមខ្មែរ។ ដោយសារជនបរទេសចូលមកក្នុងនាមជាអ្នកផ្តល់ជំនួយ និងអ្នកស្រោចស្រង់សន្តិភាព វាក៏បានបន្សល់ទុកនូវទម្លាប់យកតម្លៃ និងស្តង់ដារបរទេសធ្វើជាបន្ទាត់តម្រង់ទិស ទាំងភាសានិងចំណេះដឹង តាមរយៈការលើកតម្កើងភាសាបរទេសហួសហេតុ និងសូម្បីតែស្តង់ដារសម្រស់។ ផ្នត់គំនិតញញើត​ឱ្យ​តម្លៃ​បរទេស​និងលង់វប្បធម៌ខាងក្រៅនេះ ចាក់ឫសជ្រៅរហូតដល់យើងបង្កើតទម្លាប់ពោល​សរសើរគ្នា​ឯង​​​ដោយ​មិនដឹងខ្លួន ដូចជាការលាន់មាត់ថា «កូននេះមុខស្អាតដូចកូរ៉េ!» ជាដើម ប៉ុន្តែយើងបែរជាភ្លេចបាត់​ថាវប្បធម៌ខ្មែរក៏មានអប្សរាដែលជាទេពនៃសម្រស់និងស្តង់ដារដ៏ឧត្តុង្គឧត្តមនៃអត្តសញ្ញាណជាតិ​ខ្លួន​ដែរ​​។

ផលវិបាកដ៏ធ្ងន់ធ្ងរចុងក្រោយគឺការបាត់បង់ទំនុកចិត្តលើ «សមត្ថភាពរួមគ្នា» របស់ជាតិ និងការមើលរំលង​បញ្ញវន្ត​ឬអ្នកជំនាញជាជាតិឯងដែលបង្កើតជាអារម្មណ៍តូចទាប (Inferiority Complex) ចំពោះគ្នា។ ភាពខ្វះ​ចន្លោះដ៏ធំ​នៅក្នុងសង្គមខ្មែរនាសម័យនេះ មិនមែនជាការខ្វះអ្នកចេះដឹងនោះឡើយ។ ចាប់តាំងពីឆ្នាំ១៩៩៣ មក ក្រៅពីអ្នកបញ្ចប់ការសិក្សាក្នុងស្រុក កម្ពុជាមានបញ្ញវន្ត និងអ្នកជំនាញរាប់ម៉ឺននាក់​ដែលបានបញ្ចប់ការ​សិក្សា​សិក្សាជាន់ខ្ពស់ពីប្រទេសជឿនលឿន។ ជាក់ស្តែងមាននិស្សិតខ្មែរប្រមាណ ៣៥,០០០ នាក់ ដែល​បាន​ទៅ​ក្រេបជញ្ជក់ចំណេះដឹងពីប្រទេសអូស្ត្រាលី  ហើយនេះមិនទាន់រាប់បញ្ចូលទាំងអតីតនិស្សិត​ខ្មែររាប់ម៉ឺន​នាក់​ផ្សេងទៀតដែលបានបញ្ចប់ការសិក្សាថ្នាក់ខ្ពស់ពី សហរដ្ឋអាមេរិក ជប៉ុន អង់គ្លេស កាណាដា និង​សហគមន៍​អឺរ៉ុបជាដើមផង។ តួលេខដ៏ច្រើននេះបញ្ជាក់ថា សង្គមខ្មែរសព្វថ្ងៃមិនខ្វះខាតអ្នកចេះដឹង និងអ្នក​បច្ចេកទេសប៉ុន្មានទេ ប៉ុន្តែអ្វីដែលខ្វះខាតយ៉ាងធ្ងន់ធ្ងរ គឺការផ្តល់តម្លៃ ការជឿជាក់ និងការប្រើប្រាស់​ធនធាន​​ខួរក្បាលទាំងនោះពិត ឱ្យចំជំនាញនិងត្រូវតាមការងារ។

ហេតុអ្វីបានជាយើងត្រូវផ្លាស់ប្តូរ?

ការកោតសរសើរ និងរៀនសូត្រពីចំណុចខ្លាំងរបស់បរទេស គឺជារឿងល្អ និងជាកាតព្វកិច្ចមិនអាច​ខ្វះបាន​សម្រាប់ការអភិវឌ្ឍជាតិ ប៉ុន្តែការផ្ញើវាសនា ឬការព្រមដាក់ខ្លួន «ត្រង់កន្ទុយ» តែជាមួយជនបរទេស ហើយ​បែរជាមើលស្រាលជាតិសាសន៍ និងបងប្អូនឯង គឺជារបួសផ្លូវចិត្ត និងជាជំងឺសង្គមដ៏គ្រោះថ្នាក់​បំផុតដែលយើងត្រូវតែវះកាត់ និងព្យាបាលជាបន្ទាន់។ ការនិយាយបែបនេះ មិនមែនមានន័យ​ថាយើង​ត្រូវ​រើសអើង ឬបង្កើតគំនុំប្រឆាំងនឹងជនបរទេសនោះឡើយ។ យើងនៅតែត្រូវការផ្តល់តម្លៃ និងដឹងគុណ​មិត្ត​ភក្តិបរទេសទាំងឡាយណាដែលបានជួយជ្រោមជ្រែងខ្មែរដោយ​សុចិត និងបង្រៀនយើងឱ្យ​ចេះជួយខ្លួន​ឯង​កន្លងមក។

ទោះជាយ៉ាងនេះក្តី ហេតុផលចម្បង និងធំបំផុតដែលយើងត្រូវតែផ្លាស់ប្តូរផ្នត់គំនិត ងាកមកផ្តល់តម្លៃនិង​ចេះសហការគ្នាឯង គឺដើម្បីធានាបាននូវអធិបតេយ្យភាពនៃការអភិវឌ្ឍជាតិពិតប្រាកដ។ ហេតុផលច្បាស់​ក្រឡែតគឺជនបរទេសមិនអាចនៅគ្រប់គ្រង ឬដកដង្ហើមជួយសង្គ្រោះយើងអស់មួយជីវិតបានឡើយ។ ប្រសិន​បើស្ថាប័នខ្មែរអាចដើរទៅមុខ និងមានរបៀបរៀបរយបាន តែនៅពេលណាដែលមានជនបរទេស​ឈរនៅពីលើតែប៉ុណ្ណោះ នោះមានន័យថាវាសនាសេដ្ឋកិច្ច សង្គម និងជោគវាសនារបស់ប្រជាជាតិយើង នៅតែបន្តស្ថិតនៅក្រោមទ្រនំនៃ «អាណានិគមទម្រង់ថ្មី» ដដែល គ្មានថ្ងៃប្រែប្រួលឡើយ។ ដូចនេះការ​រៀនធ្វើការ និងរស់នៅចុះសម្រុងជាមួយខ្មែរឈាមឯង គឺជាផ្លូវតែមួយគត់ក្នុងការកសាងឯករាជ្យភាព ម្ចាស់ការ និងជាគ្រឹះដ៏រឹងមាំក្នុងការស្ថាប័នជាតិមួយឲ្យមាននិរន្តរភាព។

បន្ថែមពីលើនេះ ការកសាងកម្លាំងសាមគ្គីភាព និងសក្តានុពលផ្ទៃក្នុង ក៏ជាកត្តាសម្រេចវាសនាជាតិផងដែរ។ គ្មានប្រទេសណាមួយអាចឡើងមកឈរលំដាប់ជួរមុខ និងមានឥទ្ធិពលលើឆាកអន្តរជាតិបានឡើយ ប្រសិន​បើ​ប្រជាជននៃជាតិសាសន៍នោះមិនទុកចិត្តគ្នា និងមិនអាចសហការគ្នាបាន (Internal Cohesion)។​ ការ​ផ្លាស់​​​ប្តូរ​​ពីការស្តាប់បង្គាប់បរទេស មកជារៀនធ្វើការនិងរស់នៅជាមួយខ្មែរគ្នាឯង គឺដើម្បីបង្រួប​បង្រួម​​​កម្លាំង បំប្លែងពីភាពបែកបាក់មកជាថាមពលសមូហភាព ទើបជាតិយើងខ្លាំងនិងរឹងមាំ​អាចស្មើមុខ​ស្មើ​មាត់​ជាមួយគេ​នៅលើឆាកអន្តរជាតិបាន។

អំណរជាតិមិនមែនគ្រាន់តែជាមោទនភាពលើអតីតកាលដ៏រុងរឿងនោះទេ ប៉ុន្តែវាគឺជា «វប្បធម៌នៃការ​ផ្តល់​តម្លៃ និងការអបអរសាទរ» ដល់ភាពជោគជ័យ សមត្ថភាព និងការខិតខំប្រឹងប្រែងរបស់​ជនជាតិខ្លួន​ឯង​នៅក្នុងពេលបច្ចុប្បន្ន។ វាជាថ្នាំបន្សាបប្រឆាំងនឹង Xenocentrism (ការនិយមបរទេសជ្រុល) និងការ​ច្រណែនឈ្នានីសគ្នា។

ជាងនេះទៅទៀត គោលដៅចុងក្រោយនៃការផ្លាស់ប្តូរ គឺការកសាងតម្លៃផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូររបស់​មនុស្ស​ម្នាក់ៗ។ ការស្តាប់បង្គាប់បរទេសតែខាងក្រៅដោយសារការខ្លាចចិត្ត ឬញញើតខ្សែភ្នែក មិនបាន​ជួយ​​​​ឱ្យយើងមានសេចក្តីសុខផ្លូវចិត្តពិតប្រាកដឡើយ។ មានតែការរៀនរស់នៅ និងធ្វើការចុះសម្រុងជាមួយ​ខ្មែរឈាមឯង ដោយឈរលើមូលដ្ឋានវិជ្ជាជីវៈ និងការគោរពគ្នាទេ ទើបអាចជួយស្តារឡើងវិញនូវ​សេចក្តី​ថ្លៃថ្នូរនិងមោទនភាពជាតិពីខាងក្នុងមកវិញបាន។

មាគ៌ាឆ្ពោះទៅមុខ

ការរំដោះខ្លួនចេញពី «អាណានិគមផ្លូវចិត្ត» មិនមែនជាការបដិសេធជំនួយ ឬចំណេះដឹងពីបរទេសនោះទេ ប៉ុន្តែ​ជាការបញ្ចប់ផ្នត់គំនិត «និយមបរទេសជ្រុល» ហើយទាមទារមកវិញនូវសេចក្តីថ្លៃថ្នូរ និងការទុកចិត្ត​លើ​សមត្ថភាពជាតិឯង។ ដើម្បីបំប្លែងរឿងនេះឱ្យទៅជា «អំណរជាតិឯង» ពិតប្រាកដ យើងត្រូវការ​សកម្មភាព​ជាក់ស្តែងពីគ្រប់ភាគី៖
១) សម្រាប់ថ្នាក់ដឹកនាំនិងស្ថាប័ន (រដ្ឋ ឯកជន និងសង្គមស៊ីវិល)៖​

  • លុបបំបាត់វប្បធម៌បក្សពួក៖ ត្រូវបង្កើតរចនាសម្ព័ន្ធការងារដែលមានតម្លាភាព ដោយផ្អែកលើ ប្រព័ន្ធគុណាធិបតេយ្យ (Meritocracy) នីតិវិធីស្តង់ដារ (SOPs) និងសូចនាករវាស់វែង (KPIs) ច្បាស់លាស់។
  • ប្រើប្រាស់មនុស្សឱ្យត្រូវនឹងការងារ (Put the right man on the right job)៖ ត្រូវហ៊ានផ្តល់តម្លៃ ជឿជាក់និងទាញយកសមត្ថភាពបញ្ញវន្ត និងអ្នកជំនាញខ្មែរមកប្រែក្លាយជាផលប្រយោជន៍ជាតិ ដោយ​មិនយករឿងផ្ទាល់ខ្លួន ឬអគតិនយោបាយមកជ្រៀតជ្រែក។

២) សម្រាប់បុគ្គលិក បញ្ញវន្ត និងអ្នកជំនាញខ្មែរ

  • បោះបង់ចិត្តច្រណែន និងភាពញញើតបរទេស៖ ត្រូវផ្លាស់ប្តូរការស្តាប់បង្គាប់​ដោយសារតែ​ភាព​ភ័យ​ខ្លាច មកជាការប្រកាន់ខ្ជាប់នូវ «វិជ្ជាជីវៈនិយម»។
  • ពង្រឹងការប្រាស្រ័យទាក់ទងត្រង់ៗ (Assertive Communication)៖ ត្រូវហ៊ានជជែកដេញដោល​ខាង​គំនិតបែបស្ថាបនា ញែករវាងរឿងផ្ទាល់ខ្លួន និងការងារឱ្យដាច់ពីគ្នា ហើយមើលឃើញថាការ​ចុះសម្រុង និងសហការជាមួយខ្មែរគ្នាឯង គឺជាកាតព្វកិច្ចកសាងអធិបតេយ្យភាពជាតិ។

៣) សម្រាប់ប្រព័ន្ធអប់រំ យុវជន និងសង្គមទាំងមូល

  • បញ្ចូលជំនាញទន់ (Soft Skills) ក្នុងកម្មវិធីសិក្សា៖ ត្រូវបណ្តុះបណ្តាលការធ្វើការជាក្រុមនិង​សហការគ្នា​​​ (Teamwork and collaboration) និងយុទ្ធសាស្ត្រដោះស្រាយទំនាស់ (Conflict Resolution) តាំងពីថ្នាក់បឋម រហូតដល់ឧត្តមសិក្សា និងស្ថាប័នការងារ។
  • បណ្តុះស្មារតីអបអរសាទរគ្នា៖ យុវជន និងសង្គម​ត្រូវ​ផ្លាស់ប្តូរពី «ការរិះគន់ដើម្បីតែជាន់ពន្លិច» មក ជា «ការរិះគន់បែបស្ថាបនា»(Shift from Criticism to Construction)។ ត្រូវរៀនបើកចិត្ត​អបអរសាទរចំពោះជោគជ័យរបស់ជនរួមជាតិ ពីព្រោះជោគជ័យរបស់ខ្មែរម្នាក់ គឺជាកិត្យានុភាព​របស់​សហគមន៍ទាំងមូល។

សេចក្តីសន្និដ្ឋាន

សរុបមក ជាតិសាសន៍មួយមិនអាចមានអធិបតេយ្យភាព ឯករាជ្យភាពនិងកិត្យានុភាពពិតប្រាកដនៅ​លើ​​ឆាកអន្តរជាតិបានឡើយ ប្រសិនបើប្រជាជននៃជាតិនោះ នៅតែមិនទុកចិត្តគ្នានិងចាំបាច់ត្រូវមាន «ខ្សែ​ភ្នែកឬការបញ្ជារបស់បរទេស» ទើបព្រមមានវិន័យនិងធ្វើការបានល្អនោះ។

កំអែលអាណានិគមផ្លូវចិត្តពីអតីតកាល មិនត្រូវអនុញ្ញាតឱ្យមកកំណត់អនាគតរបស់យើងឡើយ។ ការ​ជម្រះ «អាណានិគមកិច្ចផ្លូវចិត្ត» មិនមែនជាការបដិសេធទាំងស្រុងនូវចំណេះដឹង ឬជំនួយពីបរទេស​នោះ​ទេ ប៉ុន្តែវាគឺជាការរំដោះខ្លួនចេញពីផ្នត់គំនិតដែលថា «អ្វីៗជារបស់បរទេសសុទ្ធតែល្អជាង ហើយ​សមត្ថភាព​ខ្មែរគ្នាឯងតែងតែទាបជាង»។

ដល់ពេលហើយដែលខ្មែរគ្រប់រូបត្រូវភ្ញាក់រលឹក រំដោះផ្លូវចិត្តខ្លួនឯង ហើយរៀនបើកចិត្ត ឱ្យតម្លៃនិងជឿ​ជាក់លើសមត្ថភាពគ្នាទៅវិញទៅមក តាមរយៈការអនុវត្តវិន័យវិជ្ជាជីវៈ ភាពយុត្តិធម៌ដាច់ខាត ការផ្តល់តម្លៃ​ដល់បញ្ញវន្តជាតិ និងការរៀនរស់នៅធ្វើការរួមគ្នាឱ្យចុះសម្រុងជាមួយខ្មែរណាមកផង។ យើងអាចរួមគ្នា​កសាង​ស្ថាប័នមួយដែលខ្មែរអាចរីកចម្រើនបំផុតក្រោមការដឹកនាំរបស់ខ្មែរ​ មិនមែនដោយសារ​ការភ័យ​ខ្លាច ឬកាតព្វកិច្ចនោះទេ ប៉ុន្តែដោយសារទំនុកចិត្ត និងទស្សនវិស័យរួមគ្នាក្នុងនាមជាម្ចាស់​វាសនានៃ​ប្រទេស​ជាតិខ្លួនឯង។

«អំណរជាតិឯង» មិនមែនកើតឡើងដោយចៃដន្យ ឬដោយការទាមទារនោះទេ តែវាផ្តើមចេញពីបេះដូង និងផ្នត់គំនិតរបស់ខ្មែរគ្រប់រូបដែលចេះបើកចិត្តឱ្យទូលាយដើម្បីអបអរសាទរនិងលើកតម្កើង​រាល់សមិទ្ធ​ផល​របស់ជនរួមជាតិខ្លួន។ មានតែការរំលាយចោលនូវរបាំងនៃភាពសង្ស័យ និងការមើលស្រាលគ្នាឯងទេ ទើបយើងអាចកសាងសាមគ្គីភាពពិតប្រាកដ និងជំរុញឱ្យកម្ពុជាដើរទៅមុខដោយភាពរឹងមាំ និងមានឯករាជ្យ​ភាពផ្លូវចិត្តពិតប្រាកដនៅលើឆាកអន្តរជាតិ។ ត្រូវចងចាំជានិច្ចថា «ឈាមខាប់ជាងទឹក» ទោះក្នុងកាលៈ​ទេសៈ​​​ណាក៏ដោយ មានតែជនរួមជាតិខ្លួនឯងទេ ដែលរស់នៅ ស្លាប់រស់ និងរួមសុខរួមទុក្ខជាមួយ​គ្នាយូរ​អង្វែងនៅលើទឹកដីនេះក្នុងភាពជាម្ចាស់៕

ដោយ៖ ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា និងជាគ្រូបណ្តុះបណ្តាលជំនាញទន់និងភាពជាអ្នកដឹកនាំ

-Post Khmer-

អត្ថបទទាក់ទង