ក្រុមគ្រួសារជនភៀសសឹក រួមទាំងកុមារ ស្ដ្រីមានផ្ទៃពោះនៅព្រះវិហារគាំទ្រសុខភាព និងអាហារូបត្ថម្ភ
គ្រួសារចំនួន ៨៥០ បានទទួលជំនួយស្បៀងអាហារ ខណៈកុមារ ១,២០០ នាក់ និងស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅដោះកូនចំនួន ៤៧៤ នាក់ ទទួលបានកញ្ចប់អាហារូបត្ថម្ភ នៅតាមតំបន់សុវត្ថិភាពក្នុងខេត្តព្រះវិហារ។ រូបថត សហការី
ខេត្តព្រះវិហារ៖ គ្រួសារជាច្រើនក្នុងខេត្តព្រះវិហារ ទទួលបានសេវាថែទាំសុខភាព និងអាហារូបត្ថម្ភកាន់តែប្រសើរ តាមរយៈគម្រោងមនុស្សធម៌មួយ ដែលមានគោលបំណងដោះស្រាយការលំបាកបន្តអូសបន្លាយនៅក្នុងសហគមន៍ដែលរងផលប៉ះពាល់។
កម្មវិធីនេះ អនុវត្តដោយ World Vision ដោយមានការគាំទ្រពី Grab បានផ្តល់ជំនួយស្បៀងអាហារ កញ្ចប់អាហារូបត្ថម្ភ និងសេវាសុខាភិបាលចល័ត ដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះនៅតំបន់នានា ក្នុងខេត្តនេះ។
យោងតាមអង្គការ បានឱ្យដឹងថា គ្រួសារចំនួន ៨៥០ បានទទួលជំនួយស្បៀងអាហារ ខណៈកុមារ ១,២០០ នាក់ និងស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅដោះកូនចំនួន ៤៧៤ នាក់ ទទួលបានកញ្ចប់អាហារូបត្ថម្ភ នៅតាមតំបន់សុវត្ថិភាពក្នុងខេត្តព្រះវិហារ។
បុគ្គលិកសុខាភិបាលក៏បានចុះផ្សព្វផ្សាយសុខភាពតាមសហគមន៍ តាមដានក្រុមងាយរងគ្រោះ និងផ្តល់សេវាថែទាំសុខភាពសម្រាប់មាតា និងទារក ដើម្បីបង្ការ បញ្ហាអាហារូបត្ថម្ភអន់ និងធានាការទទួលបានសេវាចាំបាច់ទាន់ពេលវេលា។
លោកជេនេស អ៉ីម៉ានូអ៊ែល ហ្គីនទីញ នាយកប្រចាំប្រទេសអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំ នៅកម្ពុជា បានថ្លែងថា៖ «ការទទួលបានសេវាសុខាភិបាលមានគុណភាព គឺជាមូលដ្ឋានសម្រាប់សុខុមាលភាពរបស់សហគមន៍ទាំងមូល ជាពិសេសសម្រាប់ក្រុមងាយរងគ្រោះ ដូចជា កុមារ និងស្ត្រីមានផ្ទៃពោះ និងបំបៅដោះកូន ជាពិសេសនៅពេលមានការលំបាក»។
ក្រៅពីការផ្តល់ជំនួយផ្ទាល់ គម្រោងនេះក៏បានផ្តល់ម៉ូតូដល់មន្ទីរសុខាភិបាលខេត្ត និងមណ្ឌលសុខភាពក្នុងស្រុក ដើម្បីជួយឱ្យបុគ្គលិកសុខាភិបាលអាចធ្វើដំណើរទៅដល់តំបន់ឆ្ងាយ និងលំបាកបានងាយស្រួលជាងមុន។ ជំនួយនេះត្រូវបានរំពឹងថា នឹងបង្កើនប្រសិទ្ធភាពនៃការចុះសួរសុខទុក្ខតាមផ្ទះ ការឆ្លើយតបបន្ទាន់ និងការតាមដានអាហារូបត្ថម្ភនៅតំបន់ជនបទ។
អាជ្ញាធរមូលដ្ឋានក៏បានសហការជាមួយអង្គការមនុស្សធម៌ ដើម្បីធានាថា ជំនួយទៅដល់ប្រជាពលរដ្ឋដែលត្រូវការជំនួយខ្លាំងបំផុត។
លោក កង សុវណ្ណារ៉ូត (Mike) នាយកគ្រប់គ្រង Grab ប្រចាំប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា បានថ្លែងថា៖ «យើងប្តេជ្ញាឈរជាមួយសហគមន៍ក្នុងគ្រាលំបាក និងធានាថាគ្រួសារដែលត្រូវការជំនួយ ទទួលបានការគាំទ្រទាន់ពេលវេលា»។
គម្រោងនេះជាផ្នែកមួយនៃការឆ្លើយតបមនុស្សធម៌ទូលំទូលាយ ដែលកំពុងគាំទ្រប្រជាពលរដ្ឋប្រមាណ ១៤៥,០០០ នាក់ ដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែន ខណៈអង្គការពាក់ព័ន្ធបន្តផ្តល់អាទិភាពលើតម្រូវការសុខភាព និងអាហារូបត្ថម្ភបន្ទាន់។
ទោះបីមានការរីកចម្រើនក៏ដោយ ក៏នៅតែមានបញ្ហាប្រឈមក្នុងការធានាការចូលដំណើរការសេវាសុខាភិបាល និងអាហារូបត្ថម្ភយូរអង្វែងនៅតំបន់ដាច់ស្រយាល ដែលហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់សេវាកម្មនៅតែមានកម្រិត។
អង្គការមនុស្សធម៌បានអំពាវនាវឱ្យមានការគាំទ្របន្ត និងកិច្ចសហការខ្លាំងបន្ថែម ដើម្បីទប់ស្កាត់ការធ្លាក់ចុះនៃស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋងាយរងគ្រោះ៕
-Phnom Penh Post-
———————





