កិច្ចសម្ភាស៍ផ្តាច់មុខរវាងរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ចម និម្មល ជាមួយសារព័ត៌មាន Bloomberg ពាក់ព័ន្ធកិច្ចការពាណិជ្ជកម្មជាមួយអន្តរជាតិ (Video inside)
(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ចម និម្មល បានថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Bloomberg ថា កម្ពុជាក៏កំពុងពិភាក្សាជាមួយសហរដ្ឋអាមេរិក លើការសម្រួលពាណិជ្ជកម្ម និងនីតិវិធីគយ ដើម្បីត្រៀមខ្លួនសម្រាប់ការចាកចេញពីស្ថានភាពប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅឆ្នាំ២០២៩ ព្រមទាំងលើកឡើងពាក់ព័ន្ធកិច្ចការពាណិជ្ជកម្មជាមួយអន្តរជាតិ។
សំណួរ-ចម្លើយរបស់រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ចម និម្មល ជាមួយសារព័ត៌មាន Bloomberg (បកប្រែក្រៅផ្លូវការ)៖
សំណួរ៖ រីករាយណាស់ដែលបានសម្ភាសន៍លោកស្រី ជាពិសេសនៅថ្ងៃដែលយើងទើបដឹងថា កម្ពុជាក៏នឹងរងពន្ធ ១០% ក្រោមមាត្រា 301 ពាក់ព័ន្ធនឹងពលកម្មដោយបង្ខំផងដែរ។ អត្រានេះស្ថិតនៅកម្រិតទាបនៃចន្លោះពន្ធ ប៉ុន្តែនៅមានសមាសភាគពាក់ព័ន្ធនឹងសមត្ថភាពលើសតម្រូវការ ដែលមិនទាន់ត្រូវបានកំណត់។ តើកម្ពុជាកំពុងរំពឹងអ្វីនៅពេលនេះ? តើនៅទីបញ្ចប់ អត្រាពន្ធនឹងនៅត្រឹម ១៩% ដែរឬទេ?
ចម្លើយ៖ អរុណសួស្តី។ សូមអរគុណដែលបានអញ្ជើញខ្ញុំ និងសូមអរគុណដែលបានលើកយកប្រធានបទនេះមកពិភាក្សា។ ជាក់ស្តែង នៅពេលនេះ ខណៈយើងកំពុងរង់ចាំសេចក្តីសម្រេចពាក់ព័ន្ធនឹងមាត្រា 122 និង 301 ស្តីពីសមត្ថភាពលើសតម្រូវការ វាគឺជាលទ្ធផលនៃកិច្ចពិភាក្សាដែលកម្ពុជាបានធ្វើជាបន្តបន្ទាប់ជាមួយសហរដ្ឋអាមេរិក អំពីសមត្ថភាពពាណិជ្ជកម្មរបស់យើង។ ចំពោះបញ្ហាពលកម្មដោយបង្ខំ កម្ពុជាបានចាត់វិធានការបន្ថែម ដោយមានក្រសួងជាក់លាក់ចំនួនបីចូលរួមអនុវត្ត។ វិធានការទាំងនេះបង្ហាញយ៉ាងច្បាស់ថា យើងយកចិត្តទុកដាក់ខ្ពស់ក្នុងការទប់ស្កាត់ទំនិញដែលផលិតដោយប្រើពលកម្មដោយបង្ខំ មិនឱ្យនាំចូលមកក្នុងប្រទេសរបស់យើង។ ដូច្នេះ យើងដឹងថា កម្ពុជាមានលទ្ធភាពរក្សាអត្រាពន្ធឱ្យនៅក្រោម ១៩%។
សំណួរ៖ ដូច្នេះ តើយើងកំពុងរំពឹងអត្រា ១០% ១២% ឬអត្រាដែលជិត ១៨%?
ចម្លើយ៖ វានឹងស្ថិតនៅក្នុងចន្លោះនោះ។ លើសពីនេះ កម្ពុជាក៏កំពុងចរចាជាមួយសហរដ្ឋអាមេរិកអំពីប្រព័ន្ធកូតាផងដែរ រួមជាមួយដៃគូពាណិជ្ជកម្មមួយចំនួនទៀត ដូចជា បង់ក្លាដែស ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី។ ប្រព័ន្ធនេះផ្តោតជាពិសេសលើការនាំចូលវត្ថុធាតុដើមសម្រាប់ឧស្សាហកម្មកាត់ដេរពីសហរដ្ឋអាមេរិក មកកែច្នៃនៅកម្ពុជា ហើយបន្ទាប់មកនាំចូលត្រឡប់ទៅសហរដ្ឋអាមេរិកវិញ ដោយមិនជាប់កូតា និងមិនជាប់ពន្ធ។
សំណួរ៖ តើការរៀបចំបែបនេះសមស្របសម្រាប់វិស័យផលិតកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់របស់កម្ពុជាដែរឬទេ?
ចម្លើយ៖ សមស្របខ្លាំងណាស់។ ការធ្វើសមាហរណកម្មបញ្ឈរនៅក្នុងវិស័យកាត់ដេររបស់យើង មានសមត្ថភាពឆ្លើយតបបានល្អចំពោះវត្ថុធាតុដើមដែលនាំចូលមក។ នៅពេលយើងទទួលបានវត្ថុធាតុដើមដែលមានគុណភាពកាន់តែល្អ វានឹងនាំឱ្យផលិតផលសម្រេចមានគុណភាពល្អប្រសើរឡើង។ ការមានប្រភពផ្គត់ផ្គង់កាន់តែច្រើន គឺកាន់តែល្អ ហើយសមត្ថភាពរបស់យើងក្នុងការសម្របខ្លួន និងកាត់បន្ថយថ្លៃដើមចុងក្រោយនៃផលិតផល គឺជាអ្វីដែលអនុញ្ញាតឱ្យកម្ពុជាបន្តមានសមត្ថភាពប្រកួតប្រជែង។
សំណួរ៖ ខណៈការចរចាពន្ធគយទាំងនេះកំពុងបន្ត តើសហរដ្ឋអាមេរិកកំពុងស្នើសុំអ្វីផ្សេងទៀតពីកម្ពុជា?
ចម្លើយ៖ ភាគច្រើនគឺពាក់ព័ន្ធនឹងការសម្រួលពាណិជ្ជកម្ម និងនីតិវិធីគយ។ យើងកំពុងពិភាក្សាអំពីការទំនាក់ទំនងតាមប្រព័ន្ធអេឡិចត្រូនិក ការធ្វើទំនើបកម្មប្រព័ន្ធ ដើម្បីឱ្យភាពខុសគ្នានៃប្រព័ន្ធគយរបស់យើងអាចត្រូវបានយកមកពិចារណា និងអំពីរបៀបសម្រួលការយោគយល់គ្នាលើបញ្ហាផ្សេងៗ ដូចជា ស្តង់ដារូបនីយកម្ម ការផ្តល់អាជ្ញាបណ្ណ និងនីតិវិធីជាច្រើនក្នុងការផលិត។ សម្រាប់យើង កិច្ចពិភាក្សាទាំងនេះមានសារៈសំខាន់ ព្រោះវាស្របគ្នាជាមួយរបៀបវារៈដែលកម្ពុជាមានរួចហើយ ក្នុងការត្រៀមខ្លួនសម្រាប់ការចាកចេញពីស្ថានភាពប្រទេសអភិវឌ្ឍន៍តិចតួច ឬ LDC នៅឆ្នាំ២០២៩។
សំណួរ៖ កម្ពុជាក៏កំពុងពិភាក្សាជាមួយចិនផងដែរ។ ថ្មីៗនេះ កម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់មួយ ដើម្បីស្វែងរកការធានាថា កិច្ចព្រមព្រៀងពាណិជ្ជកម្មណាមួយដែលកម្ពុជាចុះជាមួយភាគីទីបី នឹងមិនធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ចិន។ តើរឿងនេះកើតឡើងដោយរបៀបណា? ហើយតើភាគីណាជាអ្នកផ្តួចផ្តើម?
ចម្លើយ៖ នេះគឺជាការយោគយល់គ្នាទៅវិញទៅមករវាងកម្ពុជា និងចិន ក្នុងនាមជាដៃគូដ៏ល្អរបស់គ្នា។
សំណួរ៖ តើចិនជាអ្នកស្នើសុំមែនទេ?
ចម្លើយ៖ ចាស វាត្រូវបានផ្តួចផ្តើមដោយចិន ហើយកម្ពុជាបានចូលរួមក្នុងដំណើរការនេះ។ អ្វីដែលសំខាន់ ហើយខ្ញុំរីករាយដែលអ្នកបានលើកបញ្ហានេះឡើង គឺខ្ញុំចង់បញ្ជាក់ថា កម្ពុជាតែងតែរក្សាខ្លួនជាដៃគូពាណិជ្ជកម្មដែលបើកចំហ និងអាចទុកចិត្តបាន។ អនុស្សរណៈយោគយល់ដែលយើងបានចុះហត្ថលេខាជាមួយចិន បង្ហាញថា យើងមានភាពបើកចំហ និងតម្លាភាព ហើយយើងយកចិត្តទុកដាក់យ៉ាងម៉ឺងម៉ាត់ចំពោះផលប្រយោជន៍របស់ដៃគូពាណិជ្ជកម្មរបស់យើង។ ក្នុងពេលជាមួយគ្នា យើងក៏ធានាថា អធិបតេយ្យភាពរបស់កម្ពុជាត្រូវបានយកមកពិចារណា ព្រមទាំងអធិបតេយ្យភាព និងផលប្រយោជន៍សេដ្ឋកិច្ចរបស់ដៃគូពាណិជ្ជកម្មទាំងអស់របស់យើងផងដែរ តាមរយៈការពិគ្រោះយោបល់ត្រឹមត្រូវ។
សំណួរ៖ ប៉ុន្តែតើវានឹងដំណើរការយ៉ាងដូចម្តេច? ការធានាថាកិច្ចព្រមព្រៀងណាមួយមិនធ្វើឱ្យប៉ះពាល់ដល់ចិន គឺមិនងាយទេ ខណៈដែលសហរដ្ឋអាមេរិកនៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា។ ប្រសិនបើកម្ពុជាត្រូវជ្រើសរើស តើអាចធ្វើអ្វីបានជាក់ស្តែង?
ចម្លើយ៖ ជាក់ស្តែង វាងាយស្រួលជាងអ្វីដែលអ្នកគិត។ នៅក្នុងដំណើរការផលិតកម្មប្រចាំថ្ងៃ យើងឃើញការចូលរួម និងផលប្រយោជន៍ពីភាគីទាំងពីរ។ ប្រសិនបើយើងពិនិត្យជាក់លាក់លើចិន និងសហរដ្ឋអាមេរិក ដែលជាទីផ្សារនាំចូល និងនាំចេញធំបំផុតរបស់កម្ពុជា យើងឃើញថា ប្រទេសទាំងពីរមានលក្ខណៈបំពេញបន្ថែមគ្នាទៅវិញទៅមក។ ដូច្នេះ ផលប្រយោជន៍របស់ភាគីមួយនឹងមិនរំលោភលើផលប្រយោជន៍របស់ភាគីមួយទៀតឡើយ។
កម្ពុជាអាចដើរតួនាទីជាវេទិកាមួយ ដែលអនុញ្ញាតឱ្យមានការកែច្នៃ និងការចល័តសកម្មភាពសេដ្ឋកិច្ច ជាពិសេសក្នុងវិស័យកាត់ដេរ ស្បែកជើង និងវាយនភណ្ឌ ឱ្យហូរចូល និងចេញទៅវិញទៅមក។ ខ្ញុំជឿថា វានឹងជួយបង្កើនសមាហរណកម្មទៅវិញទេ។ ដូច្នេះ វាមិនមែនជារឿងដែលខ្ញុំបារម្ភ ដូចការព្រួយបារម្ភដែលអ្នកបានលើកឡើងនោះទេ។
សំណួរ៖ ចុះការព្រួយបារម្ភពាក់ព័ន្ធនឹងជម្លោះព្រំដែនវិញ? ពាណិជ្ជកម្មមិនអាចឆ្លងកាត់ព្រំដែនគោកបាន ហើយមុនជម្លោះកើតឡើង កម្ពុជាបាននាំចូលវត្ថុធាតុដើមជាច្រើនពីថៃ។ តើវិស័យផលិតកម្មកម្ពុជាបានសម្របខ្លួនយ៉ាងដូចម្តេច?
ចម្លើយ៖ វិស័យផលិតកម្មបានសម្របខ្លួនបានល្អ។ ស្ថានភាពនេះបានបន្តអស់រយៈពេលមួយឆ្នាំហើយ។ ទោះបីព្រំដែនគោកត្រូវបានបិទជាឯកតោភាគីដោយភាគីថៃក៏ដោយ ការដឹកជញ្ជូនតាមកំពង់ផែសមុទ្រ និងអាកាសយានដ្ឋាននៅតែបន្តដំណើរការ។ ថៃតែងតែដើរតួនាទីជាច្រករបៀងបន្ថែម ឬ “Plus One Corridor” សម្រាប់កម្ពុជា។ ប៉ុន្តែក្នុងពេលជាមួយគ្នា កម្ពុជាក៏មានច្រករបៀងផ្សេងទៀតដែលយើងកំពុងអភិវឌ្ឍជាមួយវៀតណាម និងឡាវផងដែរ។ ដូច្នេះ ផ្លូវពាណិជ្ជកម្មបានរៀបចំឡើងវិញដោយខ្លួនឯង ហើយយើងក៏កំពុងធ្វើពិពិធកម្មទីផ្សារនាំចូលរបស់យើងផងដែរ។
យើងកំពុងឃើញនិន្នាការកើនឡើង ហើយវាត្រូវបានបញ្ជាក់តាមរយៈទិន្នន័យនាំចេញរបស់យើង ដែលនៅតែបន្តកើនឡើង។ វាអាចជារឿងគួរឱ្យភ្ញាក់ផ្អើលសម្រាប់សាធារណជន ប៉ុន្តែមិនមែនសម្រាប់យើងទេ។
សំណួរ៖ ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់ដើម្បីជំនួសទាំងស្រុងទេ មែនទេ? ទោះបីកម្ពុជានាំចូលវត្ថុធាតុដើមពីចិន ឬវៀតណាមក៏ដោយ កម្ពុជានៅតែពឹងផ្អែកយ៉ាងច្រើនលើវត្ថុធាតុដើមពីថៃ។
ចម្លើយ៖ ជាការពិត ប្រភពដែលនៅជិតជាងគេ តែងតែជាជម្រើសល្អបំផុត ដោយសារថ្លៃដឹកជញ្ជូន និងការចំណាយផ្នែកភស្តុភារ។ ប៉ុន្តែក្នុងពេលជាមួយគ្នា ការធ្វើពិពិធកម្មទីផ្សារនាំចូលបានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់យើង។ តាមរយៈការធ្វើបែបនេះ ដៃគូពាណិជ្ជកម្មផ្សេងៗជាច្រើនអាចចុះកិច្ចព្រមព្រៀងជាមួយគ្នា។ ដូច្នេះ យើងអាចស្វែងរកប្រភពផ្គត់ផ្គង់បានកាន់តែច្រើន។ អ្វីដែលសំខាន់ គឺឥឡូវនេះ យើងក៏កំពុងទិញវត្ថុធាតុដើមពីក្នុងស្រុកផងដែរ។ នេះគឺជាអ្វីដែលយើងកំពុងធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅ ហើយវាស្របទៅនឹងការធ្វើសមាហរណកម្មបញ្ឈរ ដែលខ្ញុំបានលើកឡើងមុននេះ។
សំណួរ៖ តើបញ្ហាប្រឈមរយៈពេលខ្លីទាំងនេះ កំពុងធ្វើឱ្យកម្ពុជាបង្វែរការយកចិត្តទុកដាក់ចេញពីកំណែទម្រង់រយៈពេលវែងដែលត្រូវអនុវត្តដែរឬទេ? ព្រោះកម្ពុជានឹងចាកចេញពីស្ថានភាពប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ ហើយកម្ពុជាត្រូវចាប់ផ្តើមផលិត និងនាំចេញផលិតផលដែលមានតម្លៃបន្ថែមខ្ពស់ជាងមុន។
ចម្លើយ៖ ជាក់ស្តែង ការចាកចេញពីស្ថានភាពប្រទេសអភិវឌ្ឍន៍តិចតួច មិនមែនជាទីបញ្ចប់នោះទេ ប៉ុន្តែវាគឺជាចំណុចសំខាន់មួយនៅក្នុងដំណើរអភិវឌ្ឍន៍។ សម្រាប់យើង វាបង្ហាញពីលទ្ធផលនៃការខិតខំប្រឹងប្រែងយ៉ាងខ្លាំង និងគោលនយោបាយដ៏ត្រឹមត្រូវដែលយើងបានអនុវត្តកន្លងមក ដើម្បីសម្រេចបាននូវចំណុចសំខាន់នេះ។ ដំណាក់កាលបន្ទាប់នៃកំណើនរបស់យើង គឺការពង្រឹងសមត្ថភាពក្នុងស្រុក និងការបង្កើនភាពប្រកួតប្រជែង ដើម្បីធ្វើសមាហរណកម្មជាមួយសេដ្ឋកិច្ចពិភពលោកឱ្យកាន់តែស៊ីជម្រៅ។
ជាការពិត សហគ្រាសធុនតូច និងមធ្យម ឬ SMEs ហាក់ដូចជាកំពុងប្រឈមនឹងការរង្គោះរង្គើ និងបញ្ហាប្រឈមក្នុងរយៈពេលខ្លី។ ប៉ុន្តែរាជរដ្ឋាភិបាលមានគោលនយោបាយឆ្លើយតបយ៉ាងរហ័ស ដើម្បីរៀបចំសម្របសម្រួលឡើងវិញ និងរក្សាភាពបត់បែន ឱ្យអាចឆ្លើយតបតាមតម្រូវការរបស់ពួកគេបាន។ លើសពីនេះ ដំណើរការពាណិជ្ជកម្ម និងការសម្រួលពាណិជ្ជកម្មជាច្រើន កំពុងត្រូវបានធ្វើទំនើបកម្ម និងកែលម្អនៅពេលនេះ ដើម្បីជួយឱ្យសហគ្រាសអាចបន្តដំណើរទៅមុខបាន។ ដូច្នេះ ការរង្គោះរង្គើតូចៗនៅទីនេះ ឬទីនោះ នឹងមិនអាចបំផ្លាញភាពធន់របស់យើងបានឡើយ៕ -FN-






