វិភាគអន្តរជាតិ៖ អឺរ៉ុបប្ដេជ្ញាបំពាក់អាវុធឱ្យខ្លួនឯង តើដំណើរការដល់ណាហើយ?
(វ៉ាស៊ីនតោន)៖ ប្រឈមមុខជាមួយរុស្ស៉ីក្នុងសង្រ្គាមនៅអ៊ុយក្រែន និងគម្រោងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការកាត់បន្ថយការចូលរួមរបស់សហរដ្ឋអាមេរិក នៅក្នុងបក្សសម្ព័ន្ធយោធា NATO បានបង្ខំឱ្យបណ្ដាប្រទេសអឺរ៉ុបងាកទៅរកការពង្រឹងសមត្ថភាពយោធាការពារខ្លួនឯង ក្រោយផ្ដេកផ្ដួលពឹងផ្អែកលើទីក្រុងវ៉ាស៊ីនតោន ចាប់តាំងពីសម័យសង្រ្គាមត្រជាក់មក។ គណៈកម្មការអឺរ៉ុបបានបែងចែងកញ្ចប់ថវិកា ១៧១ពាន់លានដុល្លារ នៅក្រោមរូបភាពជាកម្ចីមានការប្រាក់ទាប ដើម្បីជំរុញលើកទឹកចិត្ត ដល់ការទិញសព្វាវុធរួមគ្នា និងបានបន្ធូរបន្ថយច្បាប់សារពើពន្ធសំដៅសម្រួលឱ្យរដ្ឋាភិបាលអឺរ៉ុបអាចបង្កើនការចំណាយលើកញ្ចប់ថវិកាយោធា។ ប៉ុន្តែក្រោយការតាំងចិត្តបំពាក់អាវុធឱ្យខ្លួនឯង តើអឺរ៉ុបមានភាពរីកច្រើនដល់ណាហើយក្នុងការពង្រឹងសមត្ថភាពយោធា?
* ការប្រមូល ការតាមដាន និងវិភាគលើព័ត៌មានស៊ើបការណ៍សម្ងាត់
ដើម្បីអាចត្រៀមលក្ខណៈឱ្យបានល្អប្រសើរសម្រាប់សង្រ្គាម ឬជម្លោះណាមួយ គេមិនអាចខ្វះបានឡើយព័ត៌មានស៊ើបការណ៍សម្ងាត់។ ការប្រមូល ការតាមដាន និងវិភាគលើព័ត៌មានស៊ើបការណ៍សម្ងាត់ក្នុងសម័យទំនើបជាទូទៅ ត្រូវបានធ្វើឡើងដោយយន្ដហោះស៊ើបការណ៍ខ្នាតតូច ខ្នាតធំ ដ្រូន និងប្រព័ន្ធផ្កាយរណបដែលអាចតាមដាន លើការប្រមូលផ្ដុំកម្លាំងទ័ព និងសកម្មភាពយោធាទាំងនៅពេលយប់ ពេលថ្ងៃ ទាំងនៅក្នុងអាកាសធាតុល្អ ឬអាក្រក់។ ការប្រមូល ការតាមដាន និងវិភាគលើព័ត៌មានស៊ើបការណ៍សម្ងាត់ភាគច្រើនលើសលុបរបស់ NATO ក្នុងពេលបច្ចុប្បន្នត្រូវបានផ្ដល់ដោយសហរដ្ឋអាមេរិក។ កាលពីខែមិថុនា ឆ្នាំ២០២៦ វ៉ាស៊ីនតោន បានជូនដំណឹង NATO អំពីការកាត់បន្ថយបរិក្ខារយោធាដែលត្រូវដាក់ពង្រាយទៅកាន់អឺរ៉ុបក្នុងករណីមានសង្រ្គាម ឬវិបត្តិណាមួយកើតឡើង។
ការកាត់បន្ថយបរិក្ខារយោធាទាំងនោះរួមមាន ដ្រូនស៊ើបការណ៍ និងយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រដែលអឺរ៉ុបមិនមាននោះទេ។ តាមការវាយតម្លៃពីវិទ្យាស្ថានអន្តរជាតិ សម្រាប់ការសិក្សាយុទ្ធសាស្ត្រ ការជំនួសផ្កាយរណប និងបរិក្ខារស៊ើបការណ៍សម្ងាត់ដែលសហរដ្ឋអាមេរិកកំពុងប្រើប្រាស់ដើម្បីគាំទ្រដល់ប្រតិបត្តិការរបស់ NATO នឹងតម្រូវឱ្យ អឺរ៉ុបចាយលុយ ៤,៨ពាន់លានដុល្លារ។ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បាននិយាយថារដ្ឋាភិបាលអឺរ៉ុបកំពុងពិចារណាលើការបង្កើតសហគមន៍ ឬសម្ព័ន្ធភាពចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់មួយដែលស្រដៀងគ្នាទៅនឹងសម្ព័ន្ធ Five Eyes ដឹកនាំដោយសហរដ្ឋអាមេរិក។ បញ្ហាមួយសម្រាប់អឺរ៉ុប នោះគឺពួកគេ មិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបាញ់បង្ហោះផ្កាយរណបឱ្យបានច្រើនដោយខ្លួនឯងនោះទេ។ បច្ចុប្បន្ន ការបាញ់បង្ហោះផ្កាយរណបរបស់អឺរ៉ុបធ្វើឡើងចេញពីដែនដី French Guiana ជាទឹកដីនៅឯនាយសមុទ្ររបស់បារាំងក្នុងតំបន់អាមេរិកខាងត្បូង តាមរយៈយានបាញ់បង្ហោះ Ariane និង Vega។ ប៉ុន្តែការបាញ់បង្ហោះផ្កាយរណបរបស់អឺរ៉ុប តាមរយៈយានទាំង២នេះមានតម្លៃថ្លៃជាងការប្រើប្រាស់ផ្កាយរណបរបស់សហរដ្ឋអាមេរិកដែលមានស្រាប់ទៅទៀត។ ក្នុងមួយឆ្នាំៗ អឺរ៉ុបអាចបាញ់បង្ហោះផ្កាយរណបធុនធ្ងន់ តួយ៉ាងដូចជាផ្កាយរណបយោធាក្នុងចំនួនតិចតួចប៉ុណ្ណោះ។
* អាវុធវាយប្រហាររយៈចម្ងាយឆ្ងាយ
ការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែនលើរោងចក្រថាមពល និងរោងចក្រអាវុធរបស់រុស្ស៉ី បានបង្ហាញពីសក្តានុពលនៃអាវុធវាយប្រហាររយៈចម្ងាយដែលអាចបង្ក ការខូចខាតធ្ងន់ធ្ងរខាងសម្ភារៈ និងខាងចិត្តសាស្ត្រដាក់សត្រូវរបស់ខ្លួន។ បណ្ដាប្រទេសអឺរ៉ុបមិនមានឃ្លាំងអាវុធវាយប្រហាររយៈចម្ងាយឆ្ងាយធំដូចជាសហរដ្ឋអាមេរិក ឬរុស្ស៉ី នោះទេ ដែលនេះធ្វើឱ្យមានការភ័យខ្លាចថាអឺរ៉ុបអាចនឹងចាញ់ប្រៀបខាងបរិមាណអាវុធ ក្នុងករណីជម្លោះ ឬសង្រ្គាមជាមួយរុស្ស៉ីផ្ទុះឡើងនៅថ្ងៃណាមួយ។ នេះហើយជាហេតុផល ដែលអឺរ៉ុបបង្ហាញការព្រួយបារម្ភចំពោះការសម្រេចចិត្តរបស់រដ្ឋបាលលោក ត្រាំ ក្នុងការលុបចោលគម្រោងដាក់ពង្រាយអាវុធវាយប្រហាររយៈចម្ងាយរបស់សហរដ្ឋអាមេរិកទៅកាន់ អាល្លឺម៉ង់ក្នុងឆ្នាំ២០២៦។ មីស៊ីលគ្រូស Taurus ឬមីស៊ីល Storm Shadow/SCALP ផលិតរួមគ្នាដោយបារាំង និងអង់គ្លេសអាចវាយប្រហារលើគោលដៅស្ថិតនៅចម្ងាយ ៥០០គីឡូម៉ែត្រ។ ប៉ុន្តែមីស៊ីសទាំងនេះដូចជា Storm Shadow បានថយចុះស្ដុក ដោយសារតែការបរិច្ចាគទៅឱ្យអ៊ុយក្រែន។
អឺរ៉ុបមានគម្រោងមួយ ឬគេស្គាល់ថា European Long-Range Strike Approach (ELSA) ដែលមានបំណងអភិវឌ្ឍអាវុធអាចវាយប្រហារលើគោលដៅនៅលើដីគោក ក្នុងរយៈចម្ងាយយ៉ាងហោច ២០០០គីឡូម៉ែត្រ។ មីស៊ីល Tomahawk របស់សហរដ្ឋអាមេរិកមានសមត្ថភាពវាយប្រហារលើគោលដៅស្ថិតក្នុងរយៈចម្ងាយនេះ ប៉ុន្តែការផ្គត់ផ្គង់ ត្រូវប្រឈមនឹងការខ្វះខាត ដោយសារតែសហរដ្ឋអាមេរិកបានប្រើប្រាស់មីស៊ីលដ៏ទំនើបប្រភេទនេះរាប់រយគ្រាប់ក្នុងសង្រ្គាមជាមួយអ៉ីរ៉ង់។ ELSA ដែលស្ថិតនៅក្រោមការដឹកនាំ ដោយបារាំង អាល្លឺម៉ង់ អ៉ីតាលី និងប៉ូឡូញ មិនទាន់ទទួលបានការបញ្ជាទិញជាសាធារណៈនៅឡើយទេ ខណៈមីស៊ីលនេះកំពុងស្ថិតក្រោមការអភិវឌ្ឍ។ ដោយសារតែ ការប្រគល់មីស៊ីលពីសហរដ្ឋអាមេរិកត្រូវចំណាយពេលយូរ តួកគី និងកូរ៉េខាងត្បូងបាន និងកំពុងក្លាយជាអ្នកផ្គត់ផ្គង់ជំនួសមួយសម្រាប់អឺរ៉ុប។ តែទោះជាបែបនេះក្ដី មិនទាន់មាន កិច្ចព្រមព្រៀងធំណាមួយត្រូវបានចុះហត្ថលេខានៅឡើយទេ ស្របពេលរដ្ឋាភិបាលអឺរ៉ុបហាក់ឱ្យសញ្ញាថាពួកគេចង់ផ្ដោតលើការទិញអាវុធពីក្រុមហ៊ុនផលិតអាវុធ នៅក្នុងស្រុកខ្លាំង ជាង។
ជម្រើសផ្សេងទៀត នោះគឺអ៊ុយក្រែនដែលមានសមត្ថភាពកាន់តែល្អប្រសើរឡើងក្នុងការផលិតអាវុធវាយប្រហាររយៈចម្ងាយឆ្ងាយដូចជាដ្រូនមានតម្លៃថោក។ ក៏ប៉ុន្តែ រដ្ឋាភិបាលរបស់ លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅតែមានការស្ទាក់ស្ទើរក្នុងការចែងរំលែកបច្ចេកវិទ្យាអាវុធជាមួយអឺរ៉ុប បើទោះជាអឺរ៉ុបបានផ្ដល់ការគាំទ្រ និងជំនួយយ៉ាងសម្បើមដល់ ទីក្រុងកៀវក្នុងសង្រ្គាមជាមួយរុស្ស៉ីក៏ដោយ។ ដ្បិតអ៊ុយក្រែនសង្ឃឹមថាអាចនឹងប្រើប្រាស់ការរីកចម្រើនវិស័យការពារជាតិរបស់ខ្លួនជាសន្លឹកបៀមួយក្នុងកិច្ចចរចាជាមួយអឺរ៉ុប ដើម្បីសមាជិកភាពសហភាពអឺរ៉ុប។
* ប្រព័ន្ធការពារដែនអាកាស
ប្រព័ន្ធការពារដែនអាកាសមានសមត្ថភាពចាប់សញ្ញានៃការវាយប្រហារពីសត្រូវដោយអាវុធដូចជាមីស៊ីល និងដ្រូន ហើយបាញ់ស្កាត់ទម្លាក់នៅលើអាកាស មុននឹងអាវុធទាំងនោះ ហោះទៅរកគោលដៅ។ ប្រទេសអឺរ៉ុបចំនួន៨ កំពុងធ្វើប្រតិបត្តិការប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot ផលិតដោយក្រុមហ៊ុនអាមេរិក Raytheon។ Patriot អាចបាញ់ចេញ គ្រាប់មីស៊ីល PAC-3 ដើម្បីកម្ទេចគោលដៅនៅរយៈចម្ងាយជិត។ ក៏មានផងដែរប្រព័ន្ធខែលប្រឆាំងមីស៊ីល US Aegis Ashore ចំនួន២គ្រឿង ដោយមួយគ្រឿងកំពុងធ្វើប្រតិបត្តិការ
នៅប៉ូឡូញ និងមួយគ្រឿងទៀតនៅរូម៉ានីដែលអាចបាញ់ចេញគ្រាប់មីស៊ីល SM-3 Block IIA ដើម្បីកម្ទេចគោលដៅដូចជាមីស៊ីលបាលិស្ទីគរយៈចម្ងាយឆ្ងាយនៅក្នុងលំហរអាកាស។
អាល្លឺម៉ង់ក៏បានទិញប្រព័ន្ធខែលប្រឆាំងមីស៊ីល Arrow 3 ពីអ៉ីស្រាអែលផងដែរ។ ការធ្វើប្រតិបត្តិការប្រព័ន្ធការពារដែនអាកាសចម្រុះមិនមែនជាបញ្ហាចោទសម្រាប់យោធា NATO នោះទេ។ ប៉ុន្តែប្រព័ន្ធការពារដែនអាកាសទាំងនេះរួមបញ្ចូលគ្នា មិនទាន់អាចបង្កើតជាប្រព័ន្ធការពារដែនអាកាសគ្រប់ជ្រុងជ្រោយមួយដើម្បីការពារអឺរ៉ុបនៅឡើយទេ។ កាលពីខែមិថុនា ឆ្នាំ២០២៥ ប្រមុខ NATO លោក Mark Rutte បាននិយាយថា NATO ចាំបាច់ត្រូវតែបង្កើនកញ្ចប់ថវិកា៤ដង ក្នុងការចំណាយលើការធ្វើសមាហរណកម្មប្រព័ន្ធការពារដែនអាកាស និងមីស៊ីល។ សព្វថ្ងៃ ស្ដុកមីស៊ីលរបស់អឺរ៉ុបស្ថិតនៅក្នុងកម្រិតទាប ហើយឧស្សាហកម្មអាវុធអឺរ៉ុបមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ដើម្បីផលិតអាវុធឱ្យបានឆាប់រហ័ស និងបង្កើនបរិមាណ បានទេ ខណៈក្រុមហ៊ុនអាមេរិកដូចជា Raytheon និង Lockheed Martin ទទួលបានការបញ្ជាទិញអាវុធពីប្រទេសជាច្រើនដែលនេះបានធ្វើឱ្យការផ្គត់ផ្គង់ ឬប្រគល់អាវុធអាចត្រូវ ចំណាយពេលច្រើនឆ្នាំ។ ត្រង់ចំណុចនេះជាថ្មីម្ដងទៀត រដ្ឋាភិបាលអឺរ៉ុបមានការខ្វែងគំនិតគ្នាថាតើពួកគេគួរតែប្រញាប់ទិញអាវុធដែលមានស្រាប់ពីសហរដ្ឋអាមេរិក ឬអ៉ីស្រាអែល ឬក៏រង់ចាំទិញអាវុធពីក្រុមហ៊ុនអឺរ៉ុប។
* ដ្រូន
សង្រ្គាមនៅអ៊ុយក្រែនបានបង្ហាញថាដ្រូនក្នុងចំនួនដ៏ច្រើន និងមានតម្លៃថោកមានសមត្ថភាពទម្លុះប្រព័ន្ធការពារដែនអាកាសទំនើបៗ និងអាចកម្ចេចប្រព័ន្ធអាវុធថ្លៃរាប់ពាន់លានដុល្លារ ហើយថែមទាំងអាចសម្លាប់កងទ័ពសត្រូវទៀតផង។ មេដឹកនាំយោធាអឺរ៉ុបភាគច្រើនមិនរំពឹងថាពួកគេចាំបាច់ត្រូវតែប្រយុទ្ធក្នុងសង្រ្គាមដ្រូនដែលកំពុងកើតឡើងនៅអ៊ុយក្រែនទេ។ ពួកគេ ក៏ជឿដែរថាយន្ដហោះចម្បាំង និងប្រព័ន្ធកាំភ្លើងធំរបស់រុស្ស៉ីមិនមែនជាដៃគូនៃប្រព័ន្ធអាវុធរបស់ពួកគេឡើយ។ ដូច្នេះទើបពួកគេនៅតែបន្តវិនិយោគលើការអភិវឌ្ឍប្រព័ន្ធអាវុធបញ្ជាផ្ទាល់ ដោយមនុស្សដូចជាយន្ដហោះចម្បាំង ខណៈពន្លឿនការធ្វើសមាហរណកម្មដ្រូនទៅក្នុងឃ្លាំងអាវុធរបស់ពួកគេ។ រដ្ឋាភិបាលអឺរ៉ុបមួយចំនួនបានកែប្រែច្បាប់ខ្លះពាក់ព័ន្ធនឹងការទិញអាវុធ ដើម្បីសម្រួលឱ្យក្រុមហ៊ុនផលិតអាវុធតូចៗដូចជាអាចផ្គត់ផ្គង់ដ្រូនបានលឿនរហ័សជាងក្រុមហ៊ុនធំៗ។ ក្រុមហ៊ុនរបស់អ៊ុយក្រែនដែលមានបទពិសោធន៍ និងជំនាញលើដ្រូន ក៏កំពុងធ្វើការ ជាមួយរដ្ឋាភិបាលអឺរ៉ុបដើម្បីអភិវឌ្ឍប្រព័ន្ធអាវុធថ្មីដែរ។ ជាឧទាហរណ៍ ក្រុមហ៊ុន Skyfall របស់អ៊ុយក្រែនបានផលិតដ្រូនប្រយុទ្ធ FPV រួមទាំងដ្រូនសម្រាប់បាញ់ទម្លាក់ដ្រូន FP-1 Sun ហើយដែលដ្រូនទាំង២ប្រភេទនេះត្រូវបានប្រើប្រាស់ជារៀងរាល់ថ្ងៃក្នុងសង្រ្គាមអ៊ុយក្រែន។
អាល្លឺម៉ង់បានអនុម័តលើការទិញដ្រូនប្រយុទ្ធក្នុងតម្លៃរាប់លានដុល្លារកាលដើមឆ្នាំ២០២៦។ ចំណែក អង់គ្លេសវិញក៏មានគម្រោងបម្រុងទុកថវិកា ៦,៧ពាន់លានដុល្លារផងដែរសម្រាប់ ទិញប្រព័ន្ធអាវុធគ្មានមនុស្សបើកគ្រប់ប្រភេទទាំងអស់៕






