ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែន ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែន ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែន
ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦
សំណួរទី ១៖ តើ សម្តេចតេជោ ហ៊ុន សែន គឺជាដើមចមដែលនាំឱ្យមានការផ្ទុះជម្លោះជាមួយថៃមែនឬទេ?
ចម្លើយ៖ មិនមែនទេ។ ជម្លោះព្រំដែនកម្ពុជា-ថៃ គឺជាបញ្ហាប្រវត្តិសាស្ត្រដែលកើតមានជាយូរមកហើយ និងបានកើតឡើងជាច្រើនដំណាក់កាល តាំងពីមុន សម្តេចតេជោ ហ៊ុន សែន ចូលដឹកនាំប្រទេសទៅទៀត។ ជាក់ស្តែងសម្តេចតេជោ តែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ដោះស្រាយជម្លោះដោយសន្តិវិធី និងមិនជឿថា «សង្គ្រាមអាចបញ្ចប់ទៅវិញបានដោយសង្គ្រាមនោះឡើយ»។ គោលនយោបាយឈ្នះ-ឈ្នះ ដែលសម្តេចបានដាក់ចេញ គឺជាភស្តុតាងបង្ហាញយ៉ាងច្បាស់ពីការជ្រើសរើសមធ្យោបាយដោយសន្តិវិធី ដើម្បីបញ្ចប់សង្គ្រាម និងនាំមកនូវស្ថិរភាពពេញលេញសម្រាប់កម្ពុជា។
ឫសគល់នៃជម្លោះព្រំដែនកម្ពុជា-ថៃ គឺដោយសារតែមានការបកស្រាយខុសគ្នាលើបញ្ហាព្រំដែន ការប្រើប្រាស់ផែនទីខុសគ្នា និងការប៉ុនប៉ងបង្កើតអង្គហេតុនៅលើដីជាក់ស្តែងដោយភាគីថៃ។ លើសពីនេះ ការប៉ះទង្គិចនៅតាមព្រំដែនមិនមែនកើតឡើងដោយសារជម្លោះផ្ទាល់ខ្លួនរវាងអ្នកនយោបាយនៃប្រទេសទាំងពីរនោះទេ ប៉ុន្តែជារឿងដែលពាក់ព័ន្ធនឹងការរំលោភបំពានបូរណភាពទឹកដី និងអធិបតេយ្យភាព ដែលកម្ពុជាដាច់ខាតត្រូវតែប្រើសិទ្ធិការពារខ្លួន។
សំណួរទី ២៖ តើការចោទប្រកាន់របស់ក្រុមប្រឆាំងដែលថា រាជរដ្ឋាភិបាលបណ្តោយឱ្យថៃយកដីតាមចិត្ត ដោយមិនធ្វើអ្វីសោះ គឺជាការពិតដែរឬទេ?
ចម្លើយ៖ មិនពិតទេ។ រាជរដ្ឋាភិបាលបាននិងកំពុងប្រើប្រាស់គ្រប់យន្តការស្របច្បាប់ទាំងថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់អន្តរជាតិ ដើម្បីលើកឡើងអំពីស្ថានភាពនៅតាមព្រំដែន និងទាមទារឱ្យមានការគោរពអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់។ ថ្នាក់ដឹកនាំកម្ពុជាក៏បានលើកបញ្ហានេះជាបន្តបន្ទាប់នៅក្នុងវេទិកាអន្តរជាតិ និងក្នុងជំនួបជាមួយដៃគូអន្តរជាតិជាច្រើនផងដែរ។
អ្វីដែលក្រុមប្រឆាំងចង់ឃើញ គឺការឆ្លើយតបភ្លាមៗដោយប្រើកម្លាំង ហើយពួកគេចាត់ទុកការមិនប្រើអាវុធជាការបោះបង់ទឹកដី។ ប៉ុន្តែតាមការពិត ការការពារទឹកដីមិនមែនមានតែការបាញ់ប្រហារប៉ុណ្ណោះទេ។ ការរក្សាជំហរផ្លូវច្បាប់ការប្រមូលការគាំទ្រពីសហគមន៍អន្តរជាតិ និងការទាមទារឱ្យអនុវត្តកិច្ចព្រមព្រៀងដែលមានស្រាប់ ក៏ជាវិធីការពារផលប្រយោជន៍ជាតិដ៏សំខាន់ដូចគ្នា។ ដូច្នេះ ការដែលរាជរដ្ឋាភិបាលមិនជ្រើសរើសសង្គ្រាម មិនមែនមានន័យថាបណ្តោយឱ្យអ្នកដទៃយកដីតាមចិត្តនោះទេ ប៉ុន្តែជាការជ្រើសរើសវិធីសាស្ត្រដែលអាចការពារបានទាំងអធិបតេយ្យភាពជាតិសុវត្ថិភាពប្រជាពលរដ្ឋ និងជំហរផ្លូវច្បាប់របស់កម្ពុជានៅលើឆាកអន្តរជាតិ។
សំណួរទី ៣៖ តើអ្វីជាជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ?
ចម្លើយ៖ ជំហររបស់រាជរដ្ឋាភិបាលកម្ពុជា គឺការពារអធិបតេយ្យភាព បូរណភាពទឹកដី និងផលប្រយោជន៍ជាតិ ដោយប្រកាន់ខ្ជាប់នូវដំណោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា ផែនទី និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។ កម្ពុជាមិនទទួលស្គាល់ការកែប្រែខ្សែព្រំដែនដោយការប្រើប្រាស់កម្លាំងឡើយ ហើយកម្ពុជានៅតែបន្តជំរុញការងាររបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ក៏ដូចជាការប្រើប្រាស់យន្តការច្បាប់ និងការទូត ដើម្បីស្វែងរកដំណោះស្រាយយុត្តិធម៌ និងយូរអង្វែង៕





