ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះសកម្មភាពរបស់ក្រុមអ្នកសង្កេត ការណ៍អាស៊ាន (AOT) ប្រចាំប្រទេសថៃ នៅប្រាសាទខ្នារ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦
ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះសកម្មភាពរបស់ក្រុមអ្នកសង្កេត ការណ៍អាស៊ាន (AOT) ប្រចាំប្រទេសថៃ នៅប្រាសាទខ្នារ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះសកម្មភាពរបស់ក្រុមអ្នកសង្កេត ការណ៍អាស៊ាន (AOT) ប្រចាំប្រទេសថៃ នៅប្រាសាទខ្នារ
ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦
សំណួរទី១៖ តើកម្ពុជាមានជំហរដូចម្តេច ចំពោះសកម្មភាពរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំប្រទេសថៃ នៅប្រាសាទខ្នារ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦?
ចម្លើយ៖ កម្ពុជាបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង និងចាត់ទុកថា សកម្មភាពរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំប្រទេសថៃ ដែលអមដោយកងកម្លាំងប្រដាប់អាវុធថៃ បានឆ្លងចូលក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា និងបានបន្តធ្វើសកម្មភាពដាំកូនឈើ ដោយគ្មានការជូនដំណឹង ឬការសហការជាមួយភាគីកម្ពុជា គឺមិនស្របតាមលក្ខខណ្ឌយោង (TOR) និងគោលការណ៍ដែលភាគីទាំងអស់បានឯកភាពគ្នាឡើយ។ ហេតុនេះ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទបានផ្ញើលិខិតទៅអគ្គសេនាធិការកងទ័ពហ្វីលីពីន ដើម្បីស្នើឱ្យពិនិត្យករណីនេះឡើងវិញ។
សំណួរទី២៖ តើសកម្មភាពទាំងនេះផ្ទុយទៅនឹងគោលការណ៍សំខាន់អ្វីខ្លះ?
ចម្លើយ៖ កម្ពុជាយល់ថា សកម្មភាពទាំងនេះមិនស្របនឹងគោលការណ៍អព្យាក្រឹតភាព ការកសាងទំនុកចិត្ត និងការគោរពគ្នាទៅវិញទៅមក ដែលជាមូលដ្ឋានគ្រឹះនៃយន្តការក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នោះទេ។ កម្ពុជាយល់ថា សកម្មភាពដែលធ្វើឡើងលើសពីដែនសមត្ថកិច្ចដែលបានឯកភាពគ្នា អាចប៉ះពាល់ដល់ទំនុកចិត្តរវាងភាគីទាំងពីរ និងរាំងស្ទះដល់កិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។
សំណួរទី៣៖ តើកម្ពុជាចាត់វិធានការដូចម្តេច ចំពោះបញ្ហានេះ?
ចម្លើយ៖ កម្ពុជាបានស្នើឱ្យភាគីហ្វីលីពីន ក្នុងនាមជាអ្នកដឹកនាំក្រុម AOT ពិនិត្យឡើងវិញចំពោះសកម្មភាពដែលបានកើតឡើង និងធានាថា សមាជិកក្រុម AOT ទាំងអស់គោរពយ៉ាងម៉ឺងម៉ាត់តាមលក្ខខណ្ឌយោង (TOR) និងរក្សាអព្យាក្រឹតភាពក្នុងការបំពេញបេសកកម្ម។ ទន្ទឹមនឹងនេះ កម្ពុជាបានបញ្ជាក់ថា ខ្លួននៅតែគាំទ្រយន្តការ AOT និងបន្តសហការជាមួយកងទ័ពហ្វីលីពីន និងភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់ការកសាងទំនុកចិត្ត រក្សាសន្តិភាព និងដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី៕






