Grand News Asia Close

ព្រះមហាក្សត្រ៖ ក្រុមប្រឹក្សាធម្មនុញ្ញជាស្ថាប័នតុលាការធម្មនុញ្ញ បានបំពេញតួនាទីដ៏ល្អប្រពៃ និងសុក្រឹតបំផុត

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី៦ ខែតុលា ឆ្នាំ២០២៣ ទំព័ររូបថត ព័ត៌មានជាតិ 249

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលថា ក្រុមប្រឹក្សាធម្មនុញ្ញជាស្ថាប័នតុលាការធម្មនុញ្ញ បានបំពេញតួនាទីដ៏ល្អប្រពៃ និងសុក្រឹតបំផុត ជាអាជ្ញាកណ្ដាលក្នុងការទំនាក់ទំនងរវាងស្ថាប័នកំពូលៗរបស់ជាតិ ជាអាទិ៍រវាងនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ ជាពិសេសនៅពេលបោះឆ្នោតសកល និងអសកលម្ដងៗ ឱ្យមានដំណើរការយ៉ាងរលូន ក្រោមការដឹកនាំប្រកបដោយមគ្គុទ្ទេសភាពដ៏ប៉ិនប្រសប់ ឈ្លាសវៃ ទន់ភ្លន់ ត្រឹមត្រូវ-យុត្តិធម៌តែម៉ឹងម៉ាត់ និងមានទេពកោសល្យប្រកបដោយបរិយាបន្ន។ ព្រះរាជបន្ទូលរបស់ព្រះហាក្សត្រក្នុងព្រះរាជពិធីអបអរសាទរទិវារំលឹកខួប៣០ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ។

ព្រះមហាក្សត្របានកោតសរសើរដោយស្មោះអស់ពីហឫទ័យចំពោះប្រធាន និងសមាជិក សមាជិកា នៃក្រុមប្រឹក្សាធម្មនុញ្ញ គ្រប់អាណត្តិដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួន ក្នុងសតិសម្បជញ្ញៈ ដើម្បីគុណប្រយោជន៍នៃឯករាជ្យជាតិបូរណភាពទឹកដី អធិបតេយ្យភាព ស់ន្តិភាព សេចក្តីសុខ ជីវភាពសម្បូណ៍សប្បាយថ្កុំថ្កើងរុងរឿងរបស់ប្រជាជាតិខ្មែរ និងស្ថិរភាពសង្គម ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានមានព្រះរាជបន្ទូលថា ក្រុមប្រឹក្សាធម្មនុញ្ញជាស្ថាប័នតុលាការធម្មនុញ្ញ បានបំពេញតួនាទីដ៏ល្អប្រពៃ និងសុក្រឹតបំផុត ជាអាជ្ញាកណ្ដាលក្នុងការទំនាក់ទំនងរវាងស្ថាប័នកំពូលៗរបស់ជាតិ ជាអាទិ៍រវាងនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ ជាពិសេសនៅពេលបោះឆ្នោតសកល និងអសកលម្ដងៗ ឱ្យមានដំណើរការយ៉ាងរលូន ក្រោមការដឹកនាំប្រកបដោយមគ្គុទ្ទេសភាពដ៏ប៉ិនប្រសប់ ឈ្លាសវៃ ទន់ភ្លន់ ត្រឹមត្រូវ-យុត្តិធម៌តែម៉ឹងម៉ាត់ និងមានទេពកោសល្យប្រកបដោយបរិយាបន្នរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អតីតប្រធានរដ្ឋសភា បច្ចុប្បន្នជាប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត, សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ រក្សាបាននូវសាមគ្គីដ៏រឹងមាំ ធ្វើសហប្រតិបត្តិការគ្នាយ៉ាងជិតស្និទ្ធ ស្មោះត្រង់និងជឿជាក់គ្នាទៅវិញទៅមក មានសុខដុមភាព ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ រហូតទទួលបានជោគជ័យយ៉ាងធំធេងលើគ្រប់វិស័យ ឈានទៅទទួលបានការកោតសរសើរពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។

ព្រះមហាក្សត្រក៏បានសូមអរគុណ និងកោតសរសើរជាទីបំផុត ចំពោះសម្តេចវិបុល សេនាភក្តី សាយ ឈុំ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សហស្ថាបនិកដ៏អស្ចារ្យ ប៉ិនប្រសប់ និងឈ្លាសវៃ។ ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានធ្វើការផ្តួចផ្តើមឱ្យមានការរៀបចំសេចក្តីព្រាងរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ឡើងមក។ ក្រោយសេចក្តីព្រាងបានរៀបចំរួចរាល់ហើយ គណៈប្រតិភូជាន់ខ្ពស់មួយដែលមានការដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ មានឥស្សរជនមួយចំនួន ជាក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងខែសីហា ឆ្នាំ១៩៩៣ បានធ្វើដំណើរទៅព្រះរាជដំណាក់នៅទីក្រុងព្យុងយ៉ាង នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ដើម្បីឆ្លងព្រះរាជតម្រិះចុងក្រោយ អំពីព្រះករុណាព្រះវររាជបិតាជាតិខ្មែរ ” ព្រះករុណា ព្រះបរមរតនកោដ្ឋ” ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ពេលបានទទួលការប្រោសព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់បំផុតដែលឆ្លងរួចហើយនោះ ក៏បានយកសេចក្ដីព្រាងរដ្ឋធម្មនុញ្ញនេះ មកឆ្លងការអនុម័តរបស់សភាធម្មនុញ្ញ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ ទើបកើតចេញជារដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់ជាតិរហូតមកដល់បច្ចុប្បន្ន និងបន្តទៅមុខទៀត ដែលត្រូវបានគោរពនិងប្រតិបត្តិតាមច្បាប់កំពូលនេះរហូតមក ដែលយើងទាំងអស់គ្នាកំណត់យកថ្ងៃទី២៤ ខែកញ្ញា ជារៀងរាល់ឆ្នាំជាទិវាប្រកាសរដ្ឋធម្មនុញ្ញ។ សភាធម្មនុញ្ញបានត្រឡប់មកជារដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣មក។ សហស្ថាបនិកនេះ ជាឥស្សរជនកំពូលនៃជាតិយើង ដែលខ្ញុំបានរៀបរាប់ខាងលើនេះ។ ឥស្សរជនដទៃទៀតខ្លះ ក៏នៅមានជីវិតរស់នៅ ហើយឥស្សរជនខ្លះ ទៀតក៏បានចូលទិវង្គត និងទទួលមរណភាពរួចទៅហើយ។ ខ្ញុំសូមគោរពចំពោះព្រះវិញ្ញាណក្ខន្ធ និងវិញ្ញាណក្ខន្ធរបស់ឥស្សរជនទាំងនោះ សូមអញ្ជើញទៅកាន់សុគតិភពកុំបីខាន។

ព្រះមហាក្សត្រ សូមឆ្លៀតយកឱកាសដ៏ប្រពៃថ្លៃថ្លានេះដែរ ដើម្បីសម្តែងនូវការកោតសរសើរ និងដឹងគុណចំពោះបញ្ញវន្ត បញ្ញវន្តីផ្នែកច្បាប់ជាតិ និងអន្តរជាតិគ្រប់រូប ដែលបានខិតខំប្រឹងប្រែង ប្រកបដោយការលះបង់ខ្ពស់ ជួយរៀបចំតាក់តែងសេចក្តីព្រាងនៃរដ្ឋធម្មនុញ្ញជាតិនេះកាលពី៣០ឆ្នាំមុន។ ក្នុងចំណោមបញ្ញវន្ត បញ្ញវន្តីផ្នែកច្បាប់ជាតិ និងអន្តរជាតិទាំងនោះ មានខ្លះបានទទួលមរណភាពទៅកាន់លោកខាងមុខហើយ។ ខ្ញុំសូមអធិដ្ឋានបួងសួងសូមវិញ្ញាណក្ខន្ធនៃ មតកទាំងនោះ បានអញ្ជើញទៅកាន់សុគតិភពកុំបីខាន។ ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ គ្រប់ស្ថាប័នជាតិ នឹងបន្តបំពេញភារកិច្ចតាមតួនាទីរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីធានាដល់កិច្ចអភិវឌ្ឍន៍ប្រជាជាតិយើង ឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍជាតិឆ្នាំ២០៣០ និងឆ្នាំ២០៥០ ក្លាយជាប្រទេសរីកចម្រើនរឹងមាំប្រជារាស្ត្រខ្មែរមានជីវភាពធូរធារសម្បូណ៍រុងរឿង រស់ក្នុងសុខសន្តិភាព ស្ថិរភាពជានិច្ចនិរន្តរ៍តទៅ៕
ដោយ៖ពលជ័យ

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

អត្ថបទទាក់ទង