Grand News Asia Close

កម្ពុជាបញ្ជាក់ជំហរនៅអង្គការសហប្រជាជាតិ៖ បូរណភាពទឹកដីមិនអាចក្លាយជាកម្មវត្ថុនៃសម្ពាធនយោ​បាយ​បានឡើយ

ដោយ៖ Morm Sokun ​​ | 2 ម៉ោងមុន ទស្សនៈ-Opinion 1023
កម្ពុជាបញ្ជាក់ជំហរនៅអង្គការសហប្រជាជាតិ៖ បូរណភាពទឹកដីមិនអាចក្លាយជាកម្មវត្ថុនៃសម្ពាធនយោ​បាយ​បានឡើយ កម្ពុជាបញ្ជាក់ជំហរនៅអង្គការសហប្រជាជាតិ៖ បូរណភាពទឹកដីមិនអាចក្លាយជាកម្មវត្ថុនៃសម្ពាធនយោ​បាយ​បានឡើយ

យោងតាមការថ្លែងរបស់ប្រមុខការទូតកម្ពុជាលោក ប្រាក់ សុខុន​ នៅទីក្រុងញូវយ៉ក នៅថ្ងៃទី២៦ ខែ​ឧស​ភា ឆ្នាំ២០២៦ នៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិដឹក​នាំ​ដោយ​លោក វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេសចិន ក្នុងនាមជាប្រធានប្តូរវេនក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រ​ជា​ជាតិ និងដោយមានវត្តមានលោក អាន់តូនីញ៉ូ ហ្គូតេរ៉េស អគ្គលេខាធិការអង្គការ​សហប្រជា​ជាតិ​នោះ មិន​​មែន​ជាការបញ្ជាក់ជំហរទូទៅអំពីសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែជាសារនយោបាយ និងច្បាប់​អន្តរ​ជាតិ​ដ៏​​ច្បាស់​​​លាស់របស់កម្ពុជា ទៅកាន់ប្រទេសថៃនិងសហគមន៍អន្តរជាតិថា ការគោរព​បូរណ​ភាព​ទឹកដី អធិប​តេយ្យ​ភាព និងការ​ដោះ​ស្រាយជម្លោះដោយសន្តិវិធី គឺជាគោលការណ៍​មូលដ្ឋាន​ដែល​មិន​អាចរំលោភ ឬ​បក​​ស្រាយ​តាម​​អំណាចនយោបាយរបស់ប្រទេសណាមួយបានឡើយ។

នៅក្នុងពេលដែលពិភពលោកកំពុងធ្លាក់ចូលទៅក្នុងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយកាន់តែខ្លាំង សណ្តាប់ធ្នាប់ពិភពលោកដែលកាន់តែមានភាពមិនប្រាកដប្រជា និងជម្លោះប្រដាប់អាវុធកំពុងបន្តផ្ទុះឡើង​នៅតាម​តំបន់ជាច្រើននោះ កម្ពុជាបានជ្រើសរើសផ្លូវដើរយ៉ាងច្បាស់មួយគឺ “ច្បាប់អន្តរជាតិ” ជាជាង “នយោ​​បាយ​ដោយ​​ប្រើ​កម្លាំង”។ នេះ​គឺ​ជា​ការបង្ហាញថា កម្ពុជាមិនទទួលយកវិធីសាស្ត្រគំរាមកំហែង ការ​ដាក់សម្ពាធ ឬការបង្ក​ភាពតាន​តឹង​ដើម្បីដោះស្រាយវិវាទឡើយ ពិសេសពាក់ព័ន្ធនឹងបញ្ហាព្រំដែន និង​អធិប​តេយ្យ​ភាពជាតិ​របស់​កម្ពុជា។គោលជំហររបស់កម្ពុជា ស្របទៅនឹងមាត្រា ២ នៃធម្មនុញ្ញ​អង្គ​ការសហ​ប្រជាជាតិ ដែលតម្រូវឱ្យរដ្ឋទាំងអស់គោរពអធិបតេយ្យភាព សមភាពរវាងរដ្ឋ និងហាមឃាត់ការគំរាម​កំហែង ឬការប្រើកម្លាំងប្រឆាំងនឹងបូរណភាពទឹកដីរបស់រដ្ឋដទៃ។

ក្នុងន័យនេះ កម្ពុជាកំពុងផ្អែកលើគោលការណ៍ស្នូលនៃច្បាប់អន្តរជាតិ រួមមាន «គោលការណ៍​មិន​ប្រើ​កម្លាំង ការដោះស្រាយវិវាទដោយសន្តិវិធី និងសមភាពអធិបតេយ្យរវាងរដ្ឋទាំងអស់» ដើម្បីបញ្ជាក់ថា វិវាទ​អន្តររដ្ឋណាមួយ មិនអាចដោះស្រាយតាមរយៈអំណាចយោធា ឬសម្ពាធនយោបាយបានឡើយ។

ការគូសបញ្ជាក់ថា «ជម្លោះត្រូវតែដោះស្រាយដាច់ខាតតាមរយៈការសន្ទនា ការទូត និងការគោរពច្បាប់​អន្តរ​ជាតិ» មានអត្ថន័យជ្រាលជ្រៅជាងសេចក្ដីថ្លែងការណ៍ការទូតធម្មតា។ វាជាការបដិសេធ​យ៉ាងដាច់​ខាតដោយប្រយោលចំពោះរាល់សកម្មភាពដែលព្យាយាមប្រើកម្លាំង ឬបង្កសម្ពាធនយោបាយដើម្បី​ទាម​ទារ​​ផល​ប្រយោជន៍លើវិវាទអន្តររដ្ឋ។ ក្នុងន័យនេះ កម្ពុជាកំពុងបញ្ជាក់ថា ច្បាប់អន្តរជាតិ និងធម្មនុញ្ញ​អង្គ​ការ​សហប្រជាជាតិ ត្រូវតែស្ថិតនៅលើអំណាចនយោបាយ និងការគាបសង្កត់ដោយកម្លាំងរបស់ភាគី​ណា​មួយ។

គោលជំហរនេះក៏មានទិសដៅច្បាស់លាស់ពាក់ព័ន្ធនឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃផងដែរ។ ការថ្លែង​អំណរ​គុណចំពោះសហគមន៍អន្តរជាតិ ដែលបានគាំទ្រការឈប់បាញ់ និងការដោះស្រាយ​ដោយ​សន្តិវិធី​នោះបាន បង្ហាញថា កម្ពុជាកំពុងធ្វើអន្តរជាតូបនីយកម្មគោលការណ៍សន្តិភាព និងពង្រឹងភាពស្រប​ច្បាប់​​នៃជំហររបស់ខ្លួននៅលើឆាកអន្តរជាតិ។ នេះជាសញ្ញាបង្ហាញថា កម្ពុជាចង់ឲ្យវិវាទត្រូវបានដោះស្រាយ​នៅ​ក្នុង​​ក្របខណ្ឌច្បាប់ និងយន្តការពហុភាគី មិនមែនតាមរយៈអារម្មណ៍ជាតិនិយម ឬសម្ពាធយោធានោះទេ។

ជាក់ស្ដែងណាស់ បទពិសោធន៍ប្រវត្តិសាស្ត្ររបស់កម្ពុជា គឺជាភស្តុតាងរស់មួយបញ្ជាក់ថា សង្គ្រាម និងការ​ប្រើ​កម្លាំង មិនដែលនាំមកនូវដំណោះស្រាយយូរអង្វែងឡើយ។ ផ្ទុយទៅវិញ ការគោរពច្បាប់អន្តរជាតិ និង​ការ​ប្រើប្រាស់យន្តការការទូត ទើបជាមាគ៌ាដែលអាចធានាបាននូវសន្តិភាព ស្ថិរភាព និងការរួមរស់​ដោយ​គោរព​គ្នាទៅវិញទៅមក។ ដូច្នេះ ការលើកឡើងរបស់កម្ពុជានៅវេទិកាអង្គការសហប្រជាជាតិមិនត្រឹមតែ​ជាការការពារផលប្រយោជន៍ជាតិប៉ុណ្ណោះទេ ប៉ុន្តែជាការការពារគោលការណ៍សកលដែលគ្រប់​រដ្ឋតូចធំ​ទាំង​​អស់ត្រូវតែគោរពដូចគ្នា។

នៅក្នុងពេលដែលសណ្តាប់ធ្នាប់ពិភពលោកកាន់តែមិនប្រាកដប្រជា កម្ពុជាកំពុងផ្ញើសារយ៉ាងមុតមាំថា សន្តិ​ភាព​​មិន​អាចកើតឡើងពីការគំរាមកំហែងបានទេ ហើយអធិបតេយ្យភាព និងបូរណភាព​ទឹកដី​របស់​កម្ពុជា ក៏មិនអាចក្លាយជាកម្មវត្ថុសម្រាប់ការចរចាដោយបង្ខំ ឬការប្រើកម្លាំងបានឡើយ។ ការប្រ​កាន់​ខ្ជាប់​នូវ​ធម្មនុញ្ញ​អង្គ​ការសហប្រជាជាតិ និងច្បាប់អន្តរជាតិ គឺជាជម្រើសយុទ្ធសាស្ត្ររបស់កម្ពុជា និងជាគោល​ជំហរ​ដែលបង្ហាញពីភាពចាស់ទុំខាងការទូត និងការទទួលខុសត្រូវក្នុងនាមជាសមាជិកមួយនៃសហគមន៍​អន្តរ​ជាតិ។

សរុបមក ការថ្លែងរបស់ប្រមុខការទូតកម្ពុជា នៅវេទិកាអង្គការសហប្រជាជាតិ គឺជាការបញ្ជាក់​យ៉ាងមុត​មាំថា កម្ពុជាមិនត្រឹមតែការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏កំពុង​ការ​ពារ​គោលការណ៍ជាសកលនៃសណ្តាប់ធ្នាប់អន្តរជាតិផងដែរ។ ក្នុងពិភពលោកដែលកម្លាំងនយោបាយ និង​ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយកំពុងព្យាយាមបង្វែរ “ច្បាប់” ឱ្យចុះចាញ់ “អំណាច” កម្ពុជា​បាន​ជ្រើស​​​រើសឈរយ៉ាងច្បាស់នៅខាងគោលការណ៍នៃយុត្តិធម៌ សន្តិភាព និងច្បាប់អន្តរជាតិ។

កម្ពុជាកំពុងផ្ញើសារទៅកាន់ពិភពលោកថា រដ្ឋតូចមិនមែនគ្មានសិទ្ធិទេ ហើយអធិបតេយ្យភាព​របស់​ប្រ​ទេស​​​ណាមួយ ក៏មិនអាចក្លាយជាវត្ថុសម្រាប់ការគំរាមកំហែង ឬការប្រើវិធីសាស្ត្របង្ខំដើម្បីសម្រេចមហិច្ឆ​តា​នយោ​បាយរបស់ភាគីណាបានឡើយ។ ជម្លោះព្រំដែន ឬវិវាទអន្តររដ្ឋណាមួយ ត្រូវតែស្ថិតក្រោមក្រប​ខណ្ឌ​នៃការសន្ទនា ការទូត និងច្បាប់អន្តរជាតិ មិនមែនស្ថិតក្រោមការបង្ខិតបង្ខំ ឬអំណាចយោធា​នោះ​ទេ។ នេះ​គឺជាគោលជំហរដែលបង្ហាញពីភាពចាស់ទុំខាងការទូត ភាពស្របច្បាប់ខាងអន្តរជាតិ និង​ឆន្ទៈ​ដ៏​រឹង​មាំ​របស់​កម្ពុជា ក្នុងការរក្សាសន្តិភាពដោយមិនលះបង់អធិបតេយ្យភាពជាតិ៕

ដោយ៖ ពិន វិជ័យ- អ្នកសិក្សាវិទ្យាសាស្ត្រនយោបាយ

អត្ថបទទាក់ទង