Grand News Asia Close

វិភាគអន្តរជាតិ៖​ ចំណុចសំខាន់ៗគួរដឹងពីកិច្ចប្រជុំកំពូលអាស៊ាន នៅគូឡាឡាំពួ

ដោយ៖ Morm Sokun ​​ | ថ្ងៃសុក្រ ទី២៤ ខែតុលា ឆ្នាំ២០២៥ ទស្សនៈ-Opinion ព័ត៌មានជាតិ 1082
វិភាគអន្តរជាតិ៖​ ចំណុចសំខាន់ៗគួរដឹងពីកិច្ចប្រជុំកំពូលអាស៊ាន នៅគូឡាឡាំពួ វិភាគអន្តរជាតិ៖​ ចំណុចសំខាន់ៗគួរដឹងពីកិច្ចប្រជុំកំពូលអាស៊ាន នៅគូឡាឡាំពួ

(តូក្យូ)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រោងនឹងធ្វើដំណើរទស្សនកិច្ចមកកាន់តំបន់អាស៊ីអាគ្នេយ៍ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានក្នុងទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដែលនឹងប្រព្រឹត្តទៅ ចាប់ពី ថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា ហើយនេះនឹងក្លាយជាការបង្ហាញវត្តមានជាលើកដំបូងបំផុតរបស់លោកចាប់តាំងពីឆ្នាំ២០១៧មក។ អំឡុងអាណត្តិទី១ លោក ត្រាំ បានចូលរួមកិច្ចប្រជុំកំពូលអាស៊ានតែមួយលើកគត់ គឺនៅឆ្នាំ២០១៧ និងសម្រេចមិនមកចូលរួមកិច្ចប្រជុំចន្លោះពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២០។

លោក ត្រាំបានទទួលស្គាល់កាលពីថ្ងៃចន្ទ ទី២០ ខែតុលាថារូបលោកនឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសម៉ាឡេស៊ី ក្រោមក្របខណ្ឌនៃដំណើរទស្សនកិច្ចរបស់លោកមកកាន់តំបន់អាស៊ី ក្នុងនោះរួមមានដំណើរទស្សនកិច្ច នៅជប៉ុន និងកូរ៉េខាងត្បូង។ វត្តមានរបស់លោក ត្រាំ បានធ្វើឱ្យកិច្ចប្រជុំកំពូលអាស៊ានក្នុងឆ្នាំនេះមានសារៈសំខាន់ជាខ្លាំង ក្នុងពេលដែលសេដ្ឋកិច្ចអាស៊ីកំពុងប្រឈមនឹងព្យុះភ្លៀងដែលបង្កឡើងដោយគោលនយោបាយ ពន្ធគយរបស់លោក។ កិច្ចប្រជុំកំពូលអាស៊ានមានរយៈពេល ៣ថ្ងៃនឹងពិភាក្សាគ្នាលើបញ្ហាជាច្រើនដូចជាសន្តិសុខតំបន់ និងជម្លោះនៅក្នុងតំបន់អាស៊ានដែលអាមេរិកអាចនឹងដើរតួនាទីយ៉ាងសំខាន់។ ខាងក្រោមនេះជា ចំណុចសំខាន់ៗគួរឱ្យដឹងពីកិច្ចប្រជុំកំពូលអាស៊ាននៅគូឡាឡាំពួ៖​

* ការនាំចេញរបស់អាស៊ានទៅកាន់សហរដ្ឋអាមេរិកកើនឡើងទ្វេដង ចាប់ពីតាំងវត្តមានលើកចុងក្រោយរបស់លោក ត្រាំ
លោក ត្រាំ ត្រូវបានរំពឹងថានឹងចូលរួមកិច្ចប្រជុំជាមួយបណ្ដាមេដឹកនាំអាស៊ាន នៅថ្ងៃអាទិត្យ ទី២៦ ខែតុលា ជាទីដែលសំណុំរឿងពាណិជ្ជកម្មនឹងស្ថិតនៅក្នុងចំណោមរបៀបវារៈកំពូល ស្របពេលការនាំចេញរបស់ អាស៊ានទៅកាន់សហរដ្ឋអាមេរិកបានកើនឡើងទ្វេដងក្នុងពេលមួយទសវត្សរ៍មកនេះ។ តាមទិន្នន័យរបស់អាស៊ាន ការនាំចេញទំនិញរបស់ប្លុកនេះទៅកាន់សហរដ្ឋអាមេរិកបានកើនឡើងពី ១៤២ពាន់លានដុល្លារក្នុង ឆ្នាំ២០១៧ ជាឆ្នាំដំបូងដែលលោក ត្រាំ ឡើងកាន់តំណែងនៅអាណត្តិទី១ ដល់ ៣១២ពាន់លានដុល្លារកាលពីឆ្នាំ២០២៤ ដែលនេះធ្វើឱ្យសហរដ្ឋអាមេរិកក្លាយជាគោលដៅនាំចេញទំនិញធំបំផុតរបស់អាស៊ាន ពោលគឺ វ៉ាដាច់ចិនដែលការនាំចេញទំនិញរបស់អាស៊ានមានទំហំ ២៩១ពាន់លានដុល្លារ។

បន្ថែមពីលើការនាំចេញទំនិញជាប្រចាំដូចជា សម្លៀកបំពាក់ និងចំណីអាហារ អាស៊ានបានក្លាយជាផ្នែកមួយដ៏សំខាន់នៃខ្សែច្រវ៉ាក់ផលិតរបស់សហរដ្ឋអាមេរិក។ ជាឧទាហរណ៍ នៅម៉ាឡេស៊ី ក្រុមហ៊ុនអាមេរិកដូចជា Micron Technology កំពុងធ្វើប្រតិបត្តិការរោងចក្រធំៗ ដែលនាំចេញបន្ទះឈីបគិតជាទឹកប្រាក់ ១០ពាន់លានដុល្លារទៅកាន់សហរដ្ឋអាមេរិកកាលពីឆ្នាំ២០២៤ ឬរ៉ាប់រង២០ភាគរយនៃការនាំចូលបន្ទះឈីបសរុប របស់អាមេរិក។

ការកើនឡើងការនាំចេញទៅកាន់សហរដ្ឋអាមេរិកនេះ មានន័យថាផលប៉ះពាល់ពីពន្ធគយថ្មីណាមួយគឺមានសារៈសំខាន់បំផុត ខណៈបណ្ដាប្រទេសអាស៊ានកំពុងប្រឈមនឹងពន្ធគយបដិការរបស់សហរដ្ឋអាមេរិកក្នុងអត្រា ចាប់ពី១០ ដល់៤០ភាគរយ។ ដោយចង់សំដៅលើកិច្ចប្រជុំកំពូលអាស៊ាន ក្រុមរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាននៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយកាលពីខែកញ្ញា បានបង្ហាញពីការព្រួយបារម្ភអំពីការកើនឡើង និន្នាការគាំពារនិយម និងការកើនឡើងការដាក់ចេញវិធានការពាណិជ្ជកម្មឯកតោភាគី ដែលបង្កហានិភ័យធ្ងន់ធ្ងរដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងស្ថិរភាពនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកល។

* ឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកកើនឡើងជាមួយវៀតណាម និងថៃ
ទន្ទឹមគ្នានឹងការកើនឡើងទំហំពាណិជ្ជកម្ម ឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកជាមួយអាស៊ានក៏បានកើនឡើង៣ដងផងដែរ ពី៥០ពាន់លានដុល្លារក្នុងឆ្នាំ២០១៧ ដល់១៦៩ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤។ នេះបើតាមទិន្នន័យពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។

និយាយពីឱនភាពពាណិជ្ជកម្ម វៀតណាម និងថៃមានឱនភាពពាណិជ្ជកម្មធំជាងគេជាមួយសហរដ្ឋអាមេរិក ដោយវៀតណាម មានឱនភាពពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក កើនឡើងពី ៣២ពាន់លានដុល្លារ ដល់១០៤ពាន់លានដុល្លារពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២៤ តាមពីក្រោយដោយថៃដែលមានឱនភាពពាណិជ្ជកម្មជាមួយអាមេរិក កើនឡើងពី ១១ពាន់លានដុល្លារដល់៣៥ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នា។ សហរដ្ឋអាមេរិកមានអតិរេកពាណិជ្ជកម្មជាមួយប្រទេសតែ២គត់ក្នុងចំណោមសមាជិកអាស៊ាន គឺសិង្ហបុរី និងឡាវ កាលពីឆ្នាំ២០២៤។

ទិន្នន័យផ្លូវការបានឱ្យដឹងថា «នៅបន្ទាប់ពីពន្ធគយបដិការចូលជាធរមានកាលពីខែសីហា ការនាំចេញវាយណភណ្ឌរបស់វៀតណាមទៅកាន់សហរដ្ឋអាមេរិកបានធ្លាក់ចុះ២០ភាគរយកាលពីខែកញ្ញា ធៀបទៅនឹង កាលពីខែសីហា រីឯការនាំចេញទូរស័ព្ទ និងគ្រឿងបន្លាស់ធ្លាក់ចុះ២៤ភាគរយ»។ បន្ថែមពីលើពន្ធគយបដិការ លោក ត្រាំ ក៏បានប្រកាសយកពន្ធគយលើផលិតផលជាក់លាក់មួយចំនួនដែរ ដូចជាថ្នាំពេទ្យ និងគ្រឿងសង្ហារិម។ លោក Suan Teck Kin ជាប្រធានស្រាវជ្រាវមកពីធនាគារ United Overseas Bank បាននិយាយថា «ផលប៉ះពាល់នៃពន្ធគយលើអាស៊ានមិនស្មើគ្នានោះទេ ហើយសិង្ហបុរី និងវៀតណាម ងាយរងគ្រោះជាងគេ»។ លោកបន្ថែមថាការនាំចេញថ្នាំពេទ្យរបស់សិង្ហបុរី និងការនាំចេញផលិតផលធ្វើពីឈើរបស់វៀតណាម ងាយរងគ្រោះដោយសារពន្ធគយកម្រិតខ្ពស់ខ្លាំងជាងគេ។

* អាស៊ានលេខមុខឡើងក្លាយជាមជ្ឈមណ្ឌលទិន្នន័យសកល
អំឡុងកិច្ចប្រជុំកំពូលនៅគូឡាឡាំពួ បណ្ដាប្រទេសជាសមាជិកអាស៊ានត្រូវបានរំពឹងថានឹងជំរុញឆ្ពោះទៅរកការសម្រេចបាននូវកិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចឌីជីថល ឬហៅកាត់ថា DEFA ជាសំណើកិច្ចព្រមព្រៀងមួយ ដែលនឹងធ្វើសុខដុមច្បាប់ពាណិជ្ជកម្មឌីជីថលនៅក្នុងតំបន់ និងធ្វើឱ្យលំហូរទិន្នន័យឆ្លងដែនមានលក្ខណៈស្ដង់ដារដែលនេះឆ្លុះបញ្ចាំងពីការកើនឡើងសេដ្ឋកិច្ចឌីជីថលក្នុងតំបន់។

ក្នុងបរិបទនៃការកើនឡើងសេដ្ឋកិច្ចឌីជីថល សហរដ្ឋអាមេរិក និងចិនបាន និងកំពុងបង្កើនការវិនិយោគរបស់ពួកគេលើគម្រោងមជ្ឈមណ្ឌលទិន្នន័យ ហើយនេះនឹងក្លាយជាឱកាសសម្រាប់បណ្ដាប្រទេសអាស៊ាន។

* ការចាយវាយរបស់ចិនលើវិស័យយោធាកើនឡើងជាលំដាប់
កាលពីដើមខែតុលាកន្លងទៅនេះ ចិន និងហ្វីលីពីនបានទម្លាក់កំហុសដាក់គ្នាទៅវិញទៅមកជុំវិញការប្រឈមមុខដាក់គ្នានៅតំបន់សមុទ្រចិនខាងត្បូង ហើយនេះបានគូសបញ្ជាក់ពីភាពតានតឹងនៅក្នុងតំបន់មួយដែល ទីក្រុងប៉េកាំង និងប្រទេសជាសមាជិកអាស៊ានមួយចំនួនកំពុងមានជម្លោះទឹកដីនឹងគ្នា ហើយដែលនឹងក្លាយជារបៀបវារៈដ៏សំខាន់មួយសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន។

តាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្ដុកខុល ចិនបានចំណាយលើវិស័យយោធាកើនឡើងពី ២២៣ពាន់លានដុល្លារក្នុងឆ្នាំ២០១៧ ដល់៣១៧ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ ពោលគឺកើនឡើង ៤២ភាគរយ។ កញ្ចប់ថវិកាយោធានេះថ្វីបើនៅទាបជាងសហរដ្ឋអាមេរិកដែលមានកញ្ចប់ថវិកាយោធា ៩៦៨ពាន់លានដុល្លារ តែល្បឿននៃកំណើនរបស់ចិនគឺលឿនជាងសហរដ្ឋអាមេរិកដែលមានកំណើន២០ភាគរយ។

សម្រាប់បណ្ដាប្រទេសអាស៊ានវិញ ហ្វីលីពីនមានកញ្ចប់ថវិកាយោធា ៦.១ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ ឥណ្ឌូណេស៊ី ១១.២ពាន់លានដុល្លារ និងថៃ ៥.៥ពាន់លានដុល្លារ។ លោក Takeshi Yuzawa ជាសាស្ត្រចារ្យម្នាក់មកពីសាកលវិទ្យាល័យ Hosei University ក្នុងប្រទេសជប៉ុនបានប្រាប់សារព័ត៌មាន Nikkei​ ថា «អាស៊ានចាំបាច់ត្រូវតែធ្វើពិពិធកម្មកិច្ចសហប្រតិបត្តិការទំនាក់ទំនងភូមិសាស្ត្រនយោបាយជាមួយ ប្រទេសខាងក្រៅតំបន់ ធ្វើដូច្នេះដើម្បីកុំឱ្យផ្ដេកផ្ដួលពឹងផ្អែកខ្លាំងពេកលើសហរដ្ឋអាមេរិក ឬចិន»។

* អាស៊ានកំពុងប្រឈមនឹងការគំរាមកំហែង ខណៈលោក ត្រាំចង់ស្វែងរកសន្តិភាព
ចេញក្រៅពីបញ្ហាតំបន់សមុទ្រចិនខាងត្បូង អាស៊ានកំពុងប្រឈមនឹងបញ្ហាប្រឈមជាច្រើនខាងភូមិសាស្ត្រនយោបាយ និងការគំរាមកំហែងទាំងខាងក្នុង និងពីខាងក្រៅ។ ការសិក្សាស្រាវជ្រាវមួយក្រោមមូលបទ State of Southeast Asia 2025 ធ្វើឡើងដោយវិទ្យាស្ថាន ISEAS-Yusof Ishak ក្នុងប្រទេសសិង្ហបុរី បានឱ្យដឹងថាបណ្ដាញឆបោកជាសកលស្ថិតនៅលេខរៀងទី២ នៃការព្រួយបារម្ភខ្លាំងបំផុតពាក់ព័ន្ធនឹងស្ថានការណ៍ភូមិសាស្ត្រនយោបាយសម្រាប់បណ្ដារដ្ឋាភិបាលក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានអត្រា ៤៨.១ភាគរយ និងបញ្ហាសមុទ្រចិនខាងត្បូងស្ថិតក្នុងអត្រា ៥១.៦ភាគរយ។

ក្រុមអ្នកឃ្លាំមើលនយោបាយបាននិយាយថាកត្តាសំខាន់មួយដែលជំរុញឱ្យលោក ត្រាំ ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន នោះគឺដើម្បីសម្ញែងពីជោគជ័យរបស់លោកក្នុងការស្វែងរកសន្តិភាពបញ្ចប់ជម្លោះរវាងកម្ពុជា និងថៃ។ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃទី១៤ ខែតុលាថាលោក ត្រាំ មានបំណងចង់ធ្វើជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាង កម្ពុជា និងថៃ។ «វានៅតែមានការសង្ស័យចំពោះការប្ដេជ្ញាចិត្តរបស់លោក ត្រាំ ចំពោះតំបន់អាស៊ីអាគ្នេយ៍ ក៏ព្រោះតែអ្វីដែលលោកចង់បានពិតប្រាកដ នោះគឺធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជា និងថៃ ហើយប្រើប្រាស់ពិធីនេះបង្ហាញទៅកាន់ពិភពលោកថារូបលោកបានជួយបិទបញ្ចប់សង្រ្គាមជាច្រើន»។ នេះជាការលើកឡើងរបស់លោក Ja Ian Chong ជាសាស្ត្រចារ្យរងម្នាក់មកពីសាកលវិទ្យាល័យ National University of Singapore។ លោក Chong បន្ថែមថាការសិក្សាស្រាវជ្រាវ ដែលត្រូវបានធ្វើឡើងចន្លោះពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ២០២៥ និងចេញផ្សាយកាលពីខែមេសាកន្លងទៅ បានបង្ហាញថាអ្នកដែលត្រូវបានសម្ភាសន៍ ៤៦.៩ភាគរយបាននិយាយថា «មេដឹកនាំថ្មីរបស់សហរដ្ឋអាមេរិក (លោក ត្រាំ) គឺជាការព្រួយបារម្ភមួយ ហើយបច្ចុប្បន្នគឺកន្លងទៅ ៩ខែទៅហើយចាប់តាំងពីការស្ទង់មតិត្រូវបានធ្វើឡើង ដូច្នេះវានឹងមានការសង្ស័យ និងបារម្ភកាន់តែច្រើនចំពោះសហរដ្ឋអាមេរិក៕
-Fresh News-

អត្ថបទទាក់ទង